Wednesday, December 11, 2013

បទអត្ថាធិប្បាយ៖ ទិវា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ឆ្នាំ​២០១៣ នេះ ត្រូវ​គេ​ជាន់​ឈ្លី

រត្ន័ សណ្ដាប់

         ឆ្នាំនេះ​ជាខួបលើកទី៦៥ ​នៃទិវាប្រកាស​សិទ្ធិមនុស្សអន្ដរជាតិ។​​ ​ប្រទេស​នានា​នៅក្នុង​ពិភព លោក គេ​បាននាំ​គ្នាប្រារព្ធ​ធ្វើ​ទិវា​នេះ តាម​របៀប​រៀងៗខ្លួន អប​អរ​សាទរ​នូវ​សមិទ្ធ​ផល​អ្វី​ដែល​ប្រទេស​គេ​ទទួល​បាន​ក្នុង​ការ​អនុវត្ត​តាម​​គោលការណ៍អន្ដរជាតិ​នេះ។

          ដោយ​ឡែក​នៅកម្ពុជា រាជរដ្ឋាភិបាល​បានយក​ទិវានេះ ​ប្រារព្ធជាទិវា​ជាតិ និង​​អន្ដរ​ជាតិ​​សម្រាប់ លើកកំពស់ការរស់នៅ​​ប្រជាជន​ដែល​មាន​ពិការ​ភាព។ ជន​ពិការ​រាប់​ពាន់​នាក់ និង​អង្គការ​សង្គម​ស៊ីវិល អង្គការក្រៅ​​រដ្ឋាភិបាល​រាប់រយ​​នាក់ទៀត បាន​ចូល​រួម​អបអរ​សាទរ​ជា​មួយនិង​រាជរដ្ឋាភិបាល​។ សមេ្ដចតេ ជោ ហ៊ុន សែន បានថ្លែងថា យើងបានស្គាល់ច្បាស់ណាស់ នូវរសជាតិជីវិតរស់នៅដោយគ្មានសិទ្ធិ សេរីភាព​ ពី   សម័យសង្រ្គាម​ និងពីសម័យប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ។ ការក្រោក ឈររបស់យើង នា ពេលនោះត្រូវបានបញ្ចាប់យុគ្គសម័យ ខ្មៅងងឹត​​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយនំាមកសិទ្ធិ សេរីភាព សិទ្ធិជាម្ចាស់ នា ថ្ងៃទី៧ មករា ១៩៧៩

            ដោយទ្បែក​ក្រុមបក្ខពួក​ប្រឆាំង រួម​ជាមួយ​គូកសង្គម​ស៊ីវិល​ក្នុង​ស្រុក អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស ដែល​បាន​ទទួលជំនួយយ៉ាង​ក្រាស់​ក្រែល​ពី​រដ្ឋាភិលបា​ល​បរទេស​​បានយក​ទិវា​នេះមក​ជាន់​ឈ្លី យ៉ាងងងើល។ ពួក​គេ​ទាំង​នោះបាន​ខិត​ខំប្រឹង​ប្រែង​យ៉ាង​ចចេស បន្ដ​ការ​ស្រែក​ឡាំប៉ា​របស់​ខ្លួន​យ៉ាង​ស្រគៀ​ត្រចៀក គៀង​គរ​ប្រជាជន​ក្រីក្រ អ្នក​ស្រែ​ចំការ តាំង​ពី​ជន​បទ ចុងកាត់​ម៉ាត់​ញក ឲ្យ​គាំទ្រ​មហិច្ឆតា​នយោបាយ​ចាញ់​ឆ្នោត​របស់​ខ្លួន។
ពួក​គេ​ទាំង​នោះ បានប្រមូល​ទាំង​ព្រះ​សង្ឃ​រាប់​រយ​អង្គ​ផងដែរ​ នាំ​គ្នាដើរ និង​និមន្ដ​តាម​ផ្លូវ​រាប់​សិប​គីឡូ​មក​កាន់រាជ​ធានី​ភ្នំពេញ ត្រកង់​គ្នា​នៅ​មុខ​រដ្ឋសភា​ជាតិ នៅ​ទី​លានប្រជាធិបតេយ្យរាប់ និងនៅវត្ដភ្នំ ដែល សរុបប្រមាណពីរ- បីពាន់នាក់ ។

រឿង​ដែល​គួរ​ឲ្យ​ចម្លែក គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺពួកនេះបាន​យក​ទិវា​ដ៏មហា​ឱឡា​រិក​នៃ​សិទ្ធិ មនុស្ស​អន្ដរជាតិ​ មក​ធ្វើជា​ឈ្នាន់​នយោបាយ​របស់​ខ្លួន ដោយពួក​នេះ​នៅតែ​ទទូច​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​អ្នក​ដឹកនាំ​ ដែលសកម្ម​ភាព​នេះ ​គេ​ចាត់​ទុកស្មើ​នឹង “ ​ចល​នា​បះ​បោរ​ ធ្វើ​រដ្ឋ​ប្រហារ ” ​។

ទាំង​នៅ​ក្នុង​ស្រុក និង​ប្រទេស​ដែល​គាំទ្រ​កម្ពុជា​ជា​ច្រើនក្នុងពិភពលោក គេ​ដឹង​ណាស់​ថា រាជ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​រុញ​រា ដឹកនាំ​ប្រទេស​ចាប់​តាំង​ពី​បាត​ដៃ​ទទេ​ បន្ទាប់​ពី​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩១ ដែល​ជា​ឆ្នាំចុះហត្ថលេខាកិច្ច​ព្រមព្រៀង​ដើម្បី​សន្ដិ​ភាព បង្កើត​នូវ កំណើត​ទី​ពីរ​នៃ​រដ្ឋធម្មនុញ្ញកម្ពុជា​ ដែល​បាន​ទ្បាយ​ព្រះហត្ដលេខា​ដោ​យព្រះវីរក្សត្រ ​ព្រះ​បរម​រតនកោដ្ឋិ ព្រះ​បាទនរោត្ដម សីហនុតមកព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី ជាទីគោរពសក្ការ: ​​ក៏ បានបន្ដ នូវមរតក ដ៏ថ្លៃថ្លានេះយ៉ាងភ្ជាប់ខ្ជួនបំផុត។
          បច្ចុប្បន្នការអនុវត្ដសិទ្ធិសេរីភាពនេះ ត្រូវបានគេមើល​ឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់ៗរូប កំពុង ទទួលបានសិទ្ធិសេរីភាពគ្រប់យ៉ាង និងសិទ្ធិបញ្ចេញមតិពេញបរិបូណ៍ តាមរយះការ​អនុវត្តលទ្ធិ ប្រជាធិបតេយ្យ សេរីពហុ​បក្ស។ ការវិវត្ដនេះឆ្លងកាត់ដំណាក់កាលបោះឆ្នោត​សកលថ្មី មួយទៀត គឺថ្ងៃ ទី២៨ កក្ដដា​ ដែលការបោះឆ្នោត​នេះ បានប្រព្រឹត្ដ​ទៅជាទៀងទាត់​រៀងរាល់​៥ឆ្នាំ​ម្ដង អស់រយះពេល ២០ឆ្នាំមកហើយ។

       ការបោះឆ្នោតទាំង៥លើកនេះ ក៏ត្រូវបាន​អ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ​​ ចាត់ទុកថា​​ជា ដំណើរការ បោះឆ្នោត​ដែលប្រព្រឹត្ដទៅ​​ដោយ​ សេរី ត្រឹមត្រូវ យុត្ដិធម៌​ និងក្នុងបរិយាកាស​អហិង្សា សុវត្ថិភាព គ្មានការគំរាមគំហែង។​ ផ្អែកតាមលទ្ធផល​នៃការបោះឆ្នោតអាណត្ដិទី៥នេះ​ រាជរដ្ឋាភិបាល​ក៏បាន ប្រសូត្រ ទ្បើង ស្រប​តាមរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូលរបស់ជាតិ។ ផ្ទុយទៅវិញ ក្រុមប្រឆាំងដែលចាញ់ឆ្នោត នោះបានយក ទិវាសិទ្ធិមនុស្សអន្ដរជាតិបំភ្លៃ ឲ្យទៅជាទិវាប្រឆាំងទៅ និងរាជរដ្ឋាភិបាលប្រឆាំង ដោយចេញមុខ ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។     ​ 

          ជាការពិតណាស់ រាល់សកម្មភាពទាំងទ្បាយរបស់ក្រុមប្រឆាំងដែលកំពុងបង្កទ្បើង ​ គឺជាការជាន់ ឈ្លី រំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលចង់រស់នៅក្នុង ភាពស្ងាប់ស្ងាត់សុខសាន្ដក្នុងនាម ជាពលរដ្ឋ ដែល​ត្រូវបានច្បាប់​ការពារផងដែរ។ ក្រុមប្រឆាំងបានយកទិវា​អន្ដរ​ជាតិនេះ អូសទាញប្រជាពលរដ្ឋ ឲ្យមក ធ្វើបាតុកម្មបំរើ ​មនោគមន៍​វិជ្ជា ​ក្រុមខ្លួន​ បក្ខពួក ខ្លួនដោយមិនគិតពីការខាតបង់ពេលវេលា និងការនឿយ ហត់របស់ម្ចាស់ឆ្នោតដែលគាំទ្រខ្លួន។ ជាពិសេសទៅទៀត​ពួកនេះ បាននិងកំពុងរំលោភសិទ្ធិ​សិទ្ធិម្ចាស់ ឆ្នោតដែលបានបោះគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលពួកគេចង់រ​ស់​នៅក្នុង​ភាព​សុខ​សាន្ដ។ តើនេះ មិនមែនជាការរំលោភ លើសិទ្ធិអ្នកដ៏ទៃទេឬអី?​ ឬមួយ​សិទ្ធិនេះ​ជា​សិទិ្ធ​ផ្ដាច់មុខរបស់ខ្លួន?

សរុបសេចក្ដី ក្រុមប្រឆាំងនៅកម្ពុជាភ្លេចខ្លួនថា គេកំពុងជាន់ឈ្លី សេចក្ដីប្រកាសសកល ស្ដីពី​សិទ្ធិ មនុស្សអន្ដរជាតិ ដែលមាត្រាទី២៩ចែងថា “…ក្នុងការ​អនុវត្ដសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្លិតក្នុងការកំណត់ទាំងទ្បាយណា​ដែលច្បាប់​បាន​កំណត់​ ក្នុងគោលបំណង ឲ្យការទទួលស្គាល់​ និង ការគោរពដល់សិទ្ធិ​ និងសេរីភាពទាំង ទ្បាយរបស់អ្នកដ៏ទៃ​ និងដើម្បីឆ្លើយទៅ និងការតម្រូវយ៉ាងត្រឹមត្រូវ នៃសីលធម៌ និងសណ្ដាប់ធ្នាប់​ និង​សុខមាភាព​ ជាទូទៅ​នៅក្នុង សង្គមប្រជាធិបតេយ្យ

កំណត់អ្នកនិពន្វ ៖ អតីតអនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា

បុរាណវិទូ ៖​      សាស្រ្ដាចារ្យ និងជាអ្នកនិពន្វសៀវភៅប្រវត្ដិ ទង់ជាតិ ភ្លេងជាតិ នគររាជ និងប្រវត្ដិ ប្រដាល់ក្បាច់ខ្មែរ