Wednesday, December 11, 2013

ឯកឧត្តម ខៀវ កាញារីទ្ធប្រកាសបញ្ឈប់បញ្ជូនអ្នកយកព័ត៌មានទៅយកព័ត៌មានការជួបជុំរបស់ CNRP ក្រោយផ្ទុះហិង្សា

AKP ភ្នំពេញថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៣ –
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រកាសឈប់បញ្ជូនអ្នកយកព័ត៌មាន ក្រសួង ក៏ដូចជា
អ្នកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាទៅយកព័ត៌មានរាល់ការជួបជុំនានារបស់គណបក្សសង្រ្គោះជាតិ(CNRP) លើកលែងតែមានការធានាសុវត្ថិភាពត្រឹមត្រូវពីថ្នាក់ដឹកនាំរបស់គណបក្ស នេះ។
ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើង បន្ទាប់ពីក្រុមសន្តិសុខរបស់គណបក្សសង្រ្គោះជាតិ
បានឡោមព័ទ្ធព្រួតគ្នាវាយទាត់ធាក់និងគប់ដបទឹកសុទ្ធដាក់ទាំងបំពានលើលោក សេង ចាន់ អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ខណៈអ្នកព័ត៌មានរូបនេះចុះទៅយកព័ត៌មានស្តីពីការជួបជុំរបស់
គណបក្សសង្រ្គោះជាតិ នៅលើទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងសារជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា«ទាមទារ ឲ្យគេផ្សាយពីខ្លួន ដល់ទូរទស្សន៍ជាតិចុះយកព័ត៌មាន បែរជាឲ្យសន្តិសុខរបស់ខ្លួនដេញវាយអ្នកយក ព័ត៌មានដូចឆ្កែឆ្មា ។ ឥឡូវនេះ សូមកុំបន្ទោសគេរឿងមិនផ្សាយ ។ មិនទាន់កាន់អំណាចផង ឬកដូចឆ្កែ បានជិះឡាន» ។
ក្នុងសារបន្តទៀតឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា «ដើម្បីសន្តិសុខរបស់មន្ត្រីព័ត៌មានរបស់យើង
ក្រសួងនឹងមិនបញ្ជូនអ្នកយកព័ត៌មានទៅរាល់ការជួបជុំនានារបស់គណបក្សសង្គ្រោះជាតិ ទៀតទេ
លើកលែងតែមានការធានាត្រឹមត្រូវពីថ្នាក់ដឹកនាំរបសគណបក្សនេះ»។
ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ បានថ្លែងថា ក្រុមសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ
បានវាយអ្នកថតទូរទស្សន៍ជាតិឈ្មោះ សេង ចាន់ នៅទីលានប្រជាធិបតេយ្យចំថ្ងៃបុណ្យសិទ្ធិមនុស្ស។
តើយុត្តិធម៌ទេ ទង្វើដ៏កម្រោលរបស់កូនចៅ របស់លោកសូមបញ្ឈប់ការរើសអើងទៀត៕ ដោយជ័យ ភូមិពល