Sunday, December 8, 2013

សុន្ទរក​ថា​​ស្វាគមន៍​ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងជាប្រធាន​គណៈ​កម្មការ​អន្តរ​ស្ថាប័ន ក្នុងឱកាស​ពិធី​បើក​ពិធី​បុណ្យ​សមុទ្រ

នៅខេត្តកែប ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣

សូមគោរព
-          ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីកាគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-         ឯកឧត្តម កែន​ សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប
-         ឯកឧត្តម Galip Gur ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក
-         ឯកឧត្តមប្រធានគណៈប្រតិភូមកពីក្រសួងទេសចរណ៍ប្រទេស ឡាវ ភូមា និងវៀតណាម
(CLMV )និងមហាអនុតំបន់ទន្លេមេគង្គ និង (GMS)
-         ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
-         ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់ ជាទីមេត្រី!

          ជាបឋម ក្នុងនាមក្រសួងទេសចរណ៍ និងគណៈកម្មការ​អន្តរស្ថាប័ន​ដើម្បី​រៀប​ចំពិធី​បុណ្យ​សមុទ្រ  ខ្ញុំបាទ​សូម​​គោរពសំដែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សភា​​ចារ្យ សុខ អាន ឧប​​នាយក រ​​ដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា​​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធី​បើក​ពិធីបុណ្យសមុទ្រ ដែល​បាន​នឹង​កំពុង​រៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦-៨ ខែធ្នូ ឆ្នាំ២០១៣ នៅលើទឹកដីនៃខេត្ត​កែប ដែលជា​ខេត្ត​មួយ​ប្រកបដោយសក្តានុពលទេសចរណ៍តំបន់ឆ្នេរដ៏ទាក់ទាញរបស់កម្ពុជា។

          ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះវត្តមាន របស់ឯកឧត្តម Galip Gur ប្រធានក្លឹបឆ្នេរសមុទ្រ​ដែលស្អាត​បំផុត​លើសកលលោក និងលោកជំទាវ គណៈ​ប្រតិភូ​ក្លឹប​ឆ្នេរ​សមុទ្រ​ដែលស្អាត​បំផុត​លើ​សាក​លលោក ដែលអញ្ជើញ​មកពីឆ្នេរសមុទ្រជាសមាជិកក្លឹបពីគ្រប់ទិសទីនៃសកលលោក និង​គណៈ​ប្រតិភូ​ទេសចរណ៍ CLMV និង GMS ឯកអគ្គរាជទូត ​ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ផ្នែកឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមយ៉ាង​ច្រើនកុះករ​ក្នុង​ពិធី​នេះ ប្រកប​ដោយ​​សេចក្តីសប្បាយរីករាយ។

-       ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-       ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី!

ពិធីបុណ្យសមុទ្រឆ្នាំ២០១៣ នេះ ប្រារព្ធធ្វើឡើង ដោយផ្សារភ្ជាប់​ជាមួយនឹង​កិច្ចប្រជុំ​មហា​សន្និបាត​​លើកទី​៩​នៃក្លឹបឆ្នេរសមុទ្រដែលស្អាត​បំផុត​លើសាកលលោក​ សន្និសីទអន្តរជាតិ​ក្រោម​ប្រធាន​បទ "សមុទ្រខៀវស្រងាត់ ទីក្រុងបៃតង" កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីទេសចរណ៍ កម្ពុជា-ឡាវ-មីយ៉ាន់​ម៉ា-វៀតណាមលើកទី ២ និងកិច្ចប្រជុំក្រុម ការងារទេសចរណ៍មហា​អនុ​តំបន់​មេគ្គង​លើក​ទី​៣២ ដែលពិធីបើកមហាសន្និបាតបានប្រារព្ធទៅដោយមហាឡារឹក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រ​កម្ពុជា    នៅលើ​រមនីយ​ដ្ឋាន​ឋានសួគ៌បូកគោ កាលពីព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៣​ ម្សិល​មិញនេះ។​
ឆ្លៀតឳកាសនេះ ខ្ញុំសូមអបអរសាទរចំពោះឆ្នេរសមុទ្រថ្មីពីរទៀត ដែលត្រូវ​បាន​មហា​សន្និបាត​​អនុម័ត​ និង​ប្រកាសជាផ្លូវការជាសមាជិកពេញសិទ្ធិរបស់ក្លឹបៈ
ទី១.គឺឆ្នេរ សាការូន (Sakarun) របស់ប្រទេស ក្រូអាតស៊ី និង
ទី២.គឺឆ្នេរ ម៉ាតស៊ូស៊ីម៉ា​ (Matsushima) របស់ប្រទេសជប៉ុន​
ដែល​ធ្វើអោយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក មកដល់បច្ជុប្បន្ន​មានសមា​ជិក​ពេញសិទ្ធិ​ចំនួន​៣៦​មកពីប្រទេស២៥ និងអបអរ​សាទរឆ្នេរ​ថ្មីពីរ​ទៀត​ដែល​ត្រូវ​បាន​មហា​សន្និបាត​អនុម័ត និង ទទួលស្គាល់ជា​បេក្ខភាព​ថ្មីគឺ
ទី១.គឺឆ្នេរ តូយ៉ាមា (Toyama) របស់ប្រទេសជប៉ុន
ទី២.គឺឆ្នេរ ណេហ្គឺ អាល់ហូស៊ីម៉ា (Nekour Al Hoceima) របស់ប្រទេសម៉ូរ៉ូកូ

ទន្ទឹមនឹងនេះ យើងសូមអបអររសាទរចំពោះកិច្ចប្រជុំថា្នក់រដ្ឋមន្ត្រីទេសចរណ៍ CLMV ដែល​បាន​​​ឯកភាព​ខ្ពស់​​ក្នុង​ការ​ជំរុញ​យុទ្ធនាឃោសនាផ្សព្វផ្សាយរូមគ្នា “ប្រទេសបួន គោលដៅតែមួយ (Four Countries, One Destination)” នឹង​ជំរុញ​សម្រេច​ផែនការ​ទាក់​ទាញ​ទេសចរណ៍​អន្តរ​ជាតិ​អោយ​បាន ២៥​លាននាក់ នៅឆ្នាំ ២០២០(ដែលក្នុងនោះទេសចរណ៍ផ្ទៃក្នុងប្រទេស​​ CLMV មាន​ចំនួន ៤លាននាក់) ដោយជំរុញការតភ្ជាប់ និងការ​សម្រួល​ការ​ធ្វើដំណើរ និងដឹក​ជញ្ជួន​ទេសចរណ៍​អោយ​បាន​កាន់តែប្រសើរឡើង។​ ហើយក៏សូមអបអរសាទរផងដែរ ចំពោះ​កិច្ច​​ប្រជុំក្រុម​ការ​ងារ​ទេសចរណ៍ GMS ដែលបានឯកភាពគ្នាខ្ពស់ជំរុញការអនុវត្តយុទ្ធសាស្រ្ត​អភិវឌ្ឍ​ទេស​ចរណ៍​​ នៅក្នុង​តំបន់ (២០១១-២០១៥) ដោយផ្តោតលើការងារផ្សព្វផ្សាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការ​កាត់​បន្ថយ​​​ភាពក្រីក្ររតាមរយៈវិស័យទេសចរណ៏។​

-       ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-       ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី!
          ការរៀបចំពិធីបុណ្យសមុទ្រនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់​តំបន់​ឆ្នេរ​សមុទ្រកម្ពុជា ដែលមិន​ត្រឹម​តែចូល​រួម​ចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពីសក្តា​នុពល​ទេសចរណ៍​នៃតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា (ខេត្តកំពត ខេត្ត​កែប ខេត្តព្រះសីហនុ និងខេត្តកោះកុង) ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រ​នយោ​​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​យកចិត្ត​ទុកដាក់​អភិវឌ្ឍតំបន់ឆ្នេរប្រកបដោយនិរន្តភាព និងការ​ទទួល​​​ខុសត្រូវខ្ពស់ ជាពិសេសការការពារ និងអភិរក្ស​ធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្ត​រួមមួយ​ច្បាស់​លាស់​ក្នុងការរក្សា​តុល្យភាព​រវាង​ផល​ប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និងវប្បធម៌​។ ព្រមជាមួយ​នេះ ពិធី​បុណ្យ​សមុទ្រ គឺជាឱកាសដ៏ល្អប្រសើរដើម្បីផ្សព្វផ្សាយ​ចលនាប្រលងប្រណាំង "ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ" និង”ចលនាប្រលងប្រណាំងឆ្នេរស្អាត” លើក​កម្ពស់​គុណភាព​សេវាកម្ម​ទេស​ចរណ៍ ជំរុញដល់ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការអប់រំ​ប្រជា​ពលរដ្ឋ​ឲ្យ​យល់​ដឹងពីសារៈប្រយោជន៍​នៃ​​ឆ្នេរ​សមុទ្រកម្ពុជា។
         
     នៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ គណៈកម្មការអន្តរស្ថាប័នបានរៀបចំឲ្យមានជា​សកម្មភាព​សំខាន់​ៗ​​ចំនួន ដូច​ខាងក្រោមៈ
          ១-  ការបង្ហាញក្បួនព្យុះហយាត្រា (ដែលក្នុងនោះ អ្វីដែលជាទីមោទនៈភាពរបស់កម្ពុជា  គឺការ​​បង្ហាញពី មធ្យោបាយធ្វើ​ដំណើរបៃតង ដូចជា រថយន្តអគ្គីសនី​របស់ក្រុមហ៊ុន​ហេងអភិវឌ្ឍន៍  ទោចក្រ​យាន អគ្គីសនី រឺម៉កអគ្គីសនី និងមនុស្សយន្តចាប់សំរាម (ដែលសិក្សាស្រាវជ្រាវ និង​ផលិត​ឡើងដោយ ក្រុមនិស្សិត និងសាស្រ្តា​ចារ្យ​នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាក​ល​វិទ្យាល័យ​ន័រតុន ក្រោមការ ជួយឧបត្ថម្ភជាថវិកា​ពីក្រុមហ៊ុន Cambodia Beer)។

          ២- សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរ មានដូចជាកីឡាបាល់ទះលើឆ្នេរខ្សាច់ រត់​ប្រណាំង-ជិះកង់- ហែលទឹក (Tri-Athlon) ប្រណាំងម៉ូតូលើទឹក ការបង្ហាញក្បាច់គុនល្បុក្តតោ ប្រដាល់​បុរាណខ្មែរ  ពិសេសឆ្នាំនេះមានការចូលរួមពីប្រភេទកីឡាលើអាកាស (Aero show)។

          ៣- មហោស្រពម្ហូបអាហារ ស្រា និងភេសជ្ជៈ និងការតាំងពិព័រណ៍ការប្រកួតរូបភាព សមិទ្ធផល​ផលិត​ផល ​​​​​​និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ។

          ៤- ការប្រគុំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរ។

          ៥- ពិធីដាំដើមឈើគុជ៍មិត្តភាព  “ទេសចរម្នាក់ ដើមឈើមួយដើម”

          ប្រការគួរកត់សំគាល់ និងជាទីមោទនៈសំរាប់ពិធីបុណ្យសមុទ្យឆ្នាំនេះ គឺមានការ​ចូល​រួមជា​ច្រើន​ពីផ្នែក​សាធារណៈ និងឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ហើយបុណ្យ​សមុទ្រ​នេះ​ប្រព្រឹត្ត​ទៅ​ស្របគ្នាជាមួយ​នឹងការ​តាំង​​​ពិព័រណ៍ផលិតផលរបស់ក្រសួងពាណិជ្ជកម្មផងដែរ។


          ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រធានស្ថាប័ន យើងខ្ញុំសូមកោតសរសើរ និងថ្លែងអំណរ​គុណ​ចំពោះ​ឯក​ឧត្តម​អភិបាល និងគណៈអភិបាល និងបងប្អូនប្រជាពលរដ្ឋខេត្ត​កែប ដែល​បាន​ខិតខំប្រឹងប្រែងសហការ ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា​ ផ្នែក​ឯកជន ធ្វើការរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្តសំខាន់ៗនៅខេត្តកែបបានល្អប្រសើរ ព្រមទាំងបាន​បំផុស​​ចលនាចូលរួមយ៉ាងសកម្ម និង​ផុលផុស​ក្នុងការ​ថែ​រក្សា ការពារបរិស្ថាន អនាម័យ សំរាម និងសណ្តាប់​ធ្នាប់​នៅតាមទី​សាធារណៈ ទីក្រុង និងតាមតំបន់​ឆ្នេរ​ខេត្ត​កែប ដែលធ្វើឲ្យខេត្តកែបប្រែមុខមាត់ថ្មី និងសក្តិ​សម​ជាគោលដៅទេសចរណ៍សំរាក​លំហែ​កំសាន្ត​ប្រកប​​ដោយ​ភាពទាក់ទាញ​ និងស្រស់បំព្រង។
         
     ខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម អភិបាល និងគណៈអភិបាល និង​ប្រជា​ពល​រដ្ឋ​ខេត្ត​កំពត ដែលបាន​ខិត​ខំ​រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថែរក្សាអនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អ​ស្អាត ដើម្បីចូលរួមរៀបចំ​អប​អរ​សាទរ​កិច្ច​ប្រជុំ​នានា​នៅក្នុងខេត្ត ហើយ​ដែល​សកម្មភាព​ទាំង​នេះ​ពិត​ជាបានចូលរួមគាំទ្រដល់​ការរៀបចំពិធី​បុណ្យ​​​សមុទ្រនៅ​ខេត្ត​កែប​នេះផងដែរ។


          ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបាន​ជួយ​ស្ថាបនាផ្លូវជាតិពីខេត្តកំពតមកកាន់ខេត្តកែបបានល្អប្រសើរ និងសូម​អរ​គុណដល់​ធនា​គារ​​អភិវឌ្ឍន៍អាស៊ី (ADB) ដែលបាន​ជួយ​សិក្សារៀប​ចំ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​​នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេ​ស​នៅ​ខេត្ត កែប និងខេត្តកំពត ដែល​នឹងធ្វើ​ឲ្យតំបន់​ឆ្នេរ​សមុទ្រកម្ពុជាកាន់តែមានភាពទាក់ទាញទាំងផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ និងផ្នែកបរិស្ថាន។

-       ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-       ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី!

          ជាការពិតណាស់ ប្រសិនបើយើងចង់បាន​ការអភិវឌ្ឍតំបន់​ឆ្នេរមួយ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវ​ខ្ពស់ យើង​មិនអាចកាត់ផ្តាច់ទំនាក់ទំនងដ៏ស្អិតរមួតរវាងឆ្នេរសមុទ្រ និងទីក្រុង​ជាប់ឆ្នេរ​ឡើយ​។ ឆ្នេរសមុទ្រ​ល្អស្អាត ខៀវស្រងាត់​ សំបូរ​ដោយជីវៈចំរុះ និងទីក្រុង​ដែលមាន​សេវាកម្ម​ទេស​ចរណ៍ល្អ និងមានសន្តិសុខ សណ្តាប់ធ្នាប់​ អនាម័យ​ បរិស្ថានល្អ ពិតជា​នឹង​ចូល​រួម​ចំណែក​យ៉ាងសំខាន់ដល់ការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរបានល្អ​ប្រសើរ។ ទីក្រុងមានការ​អភិវឌ្ឍ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ នឹងមិនបង្កផលប៉ះពាល់មកលើតំបន់​ឆ្នេរ​​សមុទ្រឡើយ។ ដូចនេះ​​ដើម្បីធានាថា ការអភិវឌ្ឍទីក្រុងមិនបង្កផលអវិជ្ជមានមកតំបន់ឆ្នេរ ចាំបាច់ណាស់​ត្រូវ​តែ​អភិវឌ្ឍ​ទីក្រុងនោះឲ្យ​ក្លាយ​ជាទីក្រុងបៃតងដោយគោរពតាមគោលការណ៍ និង​ស្តង់​ដា​ទីក្រុង​ស្អាត។ ទីក្រុង​បៃតង (Eco City/ Green City) មិនត្រឹម​តែអាច​កាត់​បន្ថយ​ផលប៉ះ​ពាល់​មក​លើតំបន់​ឆ្នេរប៉ុណ្ណោះទេ តែថែម ទាំង​ជួយ​ទាក់​ទាញ​​​ទេសចរឲ្យមកកំសាន្ត​តំបន់ឆ្នេរថែមទៀតផង ព្រោះថាទីក្រុងបៃតងគឺជាច្រកចូល​ (Gateway) របស់ឆ្នេរ​សមុទ្រ។ ផ្ទុយទៅវិញ បើការ​អភិវឌ្ឍ​ទីក្រុង​មិន​គោរពតាមគោលការណ៍ និងស្តង់ដា​ទីក្រុងស្អាត​នោះទេ តំបន់ឆ្នេរ​អាចនឹងទទួលរងផល​ប៉ះ​ពាល់ ហើយអាចរងផលប៉ះពាល់ដល់ភាពទាក់ទាញទេសចរណ៍។

          ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមបណ្តាឆ្នេរសមុទ្រ និងកោះនានា គឺ​ជាឧត្តម​ភាពប្រកួតប្រជែង (Competitive Advantage) ក្នុងការអភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា។ សក្តានុពល ទាំង​នេះ​បាន​ធ្វើឲ្យ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​កំពុង​ទទួល​ស្វាគមន៍​កំណើន​នៃការ​មក​ដល់ទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែង​នៅឆ្នាំ២០១២ កន្លងទៅ ចំនួនទេស​ចរ​អន្តរ​ជាតិ​ដែល​មកទស្សនាតំបន់ឆ្នេរមានចំនួន ៨០.៦៥៨នាក់ កើនឡើង៤៥.៣% និង​ទេស​ចរ​ក្នុង​ស្រុកចំនួន .៨២៧.៩២៧នាក់ កើនឡើង ៨% ធៀបនឹងឆ្នាំ២០១១។ សម្រាប់​រយៈ​ពេល១០ខែ ដើមឆ្នាំ២០១៣ នេះ​ ចំនួនទេសចរអន្តរជាតិមកទស្សនតំបន់ឆ្នេរមានចំនួន ៤១៨.៨៣៩នាក់ កើនឡើង៨៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១២។ តាមការព្យាករណ៍​ នៅឆ្នាំ២០១៥ តំបន់ឆ្នេរ​សមុទ្រ​​កម្ពុជាអាច​​នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់  និង​នៅឆ្នាំ​២០២០ ប្រមាណ ២លាននាក់។ ការរីក​ចម្រើននៃវិស័យទេសចរណ៍ ពិតជាបាន​ចូល​រួម​ចំណែ​ក​យ៉ាង​ខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ ពិសេស ចូលរួម​ដល់​​ការ​សម្រេច​នូវ​គោល​ដៅអភិវឌ្ឍន៍​សហ​ស្ស​វត្ស​របស់អង្គការសហប្រជាជាតិ ក៏ដូចជាយុទ្ធសាស្រ្តចតុកោណ​ដំណាក់​កាល​ទីបី​របស់​រាជ​រដ្ឋាភិបាលអាណត្តិទី៥ ដើម្បី “កំណើនការងារ ប្រសិទ្ធភាព​ និងសមធម៌”
    
     ក្នុងឳកាសនៃការប្រារព្ធពិធីបុណ្យសមុទ្រដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមថ្លែងអំណរគុណ និងអប​អរ​សាទរ​ចំពោះ​សន្និសីទ​អន្តរជាតិស្តីពី “សមុទ្រខៀវស្រងាត់ ទីក្រុងបៃតង”​ដែល​បាន​ដាក់​ចេញ​នូវ​សេចក្តី​ថ្លែងការណ៏បូកគោស្តី​ពីការអភិវឌ្ឍទីក្រុងតំបន់ឆ្នេរប្រកបដោយនិរន្តរភាព (Bokor Declaration on Sustainable Development of Coastal City) កាលពីព្រឹកថ្ងៃនេះ ដែល​សេច​ក្តីថ្លែង​ការណ៍​នេះនឹងក្លាយជាធាតុចូល (Input) សំខាន់ៗ សម្រាប់​​​ជា​ឯកសារ​យោងក្នុង​ការរៀប​ចំផែន​ការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយនិរន្តរភាព និងការ​ទទួល​ខុស​ត្រូវខ្ពស់។ ជាមួយនេះផងដែរ ក្នុងនាមគណៈប្រតិបត្តិសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រ ខ្ញុំសូម​ថ្លែង​​​អំណរ​គុណចំពោះអង្គការភាពជាដៃគូពិភពលោកសម្រាប់ការអភិវឌ្ឍទេសចរណ៍ (Global Partnership for Sustainable Tourism) ដែលបានចុះហត្ថលេខាជាដៃគូរបស់ក្លឹប ក្នុងក្រប​ខណ្ឌ​នៃកម្មវិធីបរិស្ថានរបស់ អង្គការសហប្រជាជាតិ​ (United Nation Environmental program-UNEP)   

-       ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-       ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី!

          ប្រជាជនកម្ពុជាទាំងមូល ក៏ដូចជាប្រជាជននៅតំបន់ឆ្នេរសមុទ្រ សូមសំដែង​នូវអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​បំផុត​​ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះ​រាជាណាចក្រកម្ពុជា ដែល​បាន​ចាត់ទុកតំបន់ឆ្នេរសមុទ្រកម្ពុជាជាប៉ូលសេដ្ឋកិច្ច​​មួយ​ដ៏សំខាន់​របស់​ប្រទេស​ជាតិ ហើយដែល សម្តេចតេជោ តែង​​​បានដាស់តឿន និងក្រើនរំលឹកឲ្យយកចិត្តទុក​ដាក់​ធ្វើការ​អភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុស​ត្រូវ​​ខ្ពស់ ដោយធានារក្សាការពារ​ និង​អភិរក្ស​ជីវៈចំរុះ និងបរិស្ថាននៃតំបន់ឆ្នេរសមុទ្រនេះ ឲ្យក្លាយជាគោលដៅ​ទេសចរណ៍​សំរាក​លំហែ​កំសាន្ត​មួយប្រកបដោយ​ភាព​ទាក់​ទាញ​សំរាប់​យើងទាំងអស់គ្នានៅពេលបច្ចុប្បន្ន និង​សំរាប់​កូន​ចៅ​យើងទៅអនាគត។ ប្រជាជនកម្ពុជាទាំងមូល ក៏ដូចជាប្រជាជននៅតំបន់ឆ្នេរសមុទ្រ សូម​គោរព​​ជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី សូមប្រកបតែនឹងសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិ​ឆ្ពោះ​​ទៅ​​កាន់​ភាព សំបូររុងរឿង និង​សុភ​មង្គល​ដល់​ប្រជាជន។

          មុននឹងបញ្ចប់ តាងនាមគណៈកម្មការអន្តរស្ថាប័នដើម្បីរៀបចំពិធីបុណ្យសមុទ្រ ​​ខ្ញុំក៏​សូម​ថ្លែង​អំណរ​គុណ​ចំពោះផ្នែកឯកជន ដែលបានឧបត្ថម្ភក្នុងពិធីនេះដូចជា​ ក្រុមហ៊ុនស្រាបៀរកម្ពុជា​ ក្រុមហ៊ុន​ស្រាបៀរអង្គរ ធានា​គារ​កាណាឌីយ៉ា សណ្ធាគារសុខា ក្រុមហ៊ុនអាត់ហ្វូដ (ATTWOOD) ក្រុមហ៊ុន​ទេសចរណ៍ម៉ាឡេស៊ី អាកាសយាន​ដ្ឋានកម្ពុជា សមាគមម៉ូតូធំ ក្រុមហ៊ុន Reddot ក្រុមហ៊ុន Cambo ក្រុមហ៊ុន Outdoor ក្រុមហ៊ុន​ហង្សមាស សណ្ឋាគារអាល់មិន និងក្រុមហ៊ុន​ស្រា​ក្រហម​សាតូ (Chateaux) និងភោជនីយដ្ឋានផ្សេង ព្រមទាំងអ្នកឧបត្ថម្ភ ផ្សេងៗទៀត (សូម​អធ្យា​ស្រ័យដែលមិនអាចរៀបរាប់អស់បាន) កីឡាករ-កីឡាការនី សិល្បករ-សិល្បការនី ដែលបាន​ចូលរួមយ៉ាងសកម្មក្នុងការ​រៀបចំ​ពិធីបុណ្យ​សមុទ្រឆ្នាំនេះ និងរួមចំណែកធ្វើឲ្យក្រុងកែប​ រីកមុខ​មាត់​ថ្មី សក្តិសមជាគោលដៅទេសចរណ៍សំរាកលំហែដ៏ល្អមួយនាទិសនីរតី។

          យើងខ្ញុំ ក្នុងនាមគណៈកម្មការអន្តរស្ថាប័នរៀបចំពិធីបុណ្យសមុទ្រនេះ ក៏សូមអភ័យ​ទោស​ចំពោះ​ការ​ខ្វះខាតមួយចំនួនដែលអាចកើនមានឡើងនៅក្នុង​ពិធីនេះ។
                                        
          ជាទីបញ្ចប់ ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហា​សេនាបតីតេជោនាយក​រដ្ឋមន្រ្តី​នៃ​​ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមជួប ប្រទះតែពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!