Sunday, December 8, 2013

សុន្ទរក​ថា​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន តំណាង​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​

ចេញផ្សាយថ្ងៃ: ( ០៨ - ធ្នូ - ២០១៣ )
នៅខេត្តកែប ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៣
                                                                                              
-    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង​រៀបចំពិធីបុណ្យសមុទ្រ
-    ឯកឧត្តម Galip Gur ប្រធានក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក
-    ឯកឧត្តមប្រធានគណៈប្រតិភូមកពីក្រសួងទេសចរណ៍​នៃប្រទេស CLMV និងប្រទេសមហាអនុតំបន់មេគង្គ )GMS(
-    ឯកឧត្តម កែន​ សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប
-    ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
-     ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ជាទីមេត្រី!

នារាត្រីដ៏ត្រកាលនេះ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយក្រៃលែង ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ ក្នុងឱកាសបើកពិធីបុណ្យសមុទ្រដ៏មហោឡារិកនាពេលនេះ។

ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូក្លឹបឆ្នេរសមុទ្រស្អាត​​បំផុតលើ​ពិភពលោក និងគណៈប្រតិភូមកពីក្រសួងទេសចរណ៍​នៃប្រទេស CLMV និងប្រទេស​​មហាអនុតំបន់មេគង្គ ដែលបានឆ្លៀត​ឱកាសដ៏មមាញឹក ចូលរួមក្នុងពិធីបុណ្យ​​​​​​​​​​​​​​សមុទ្រ បន្ទាប់​ពីមហា​​សន្និបាតលើកទី៩នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃ​ប្រទេស CLMV និងកិច្ចប្រជុំក្រុមការងារទេសចរណ៍នៃប្រទេស​មហាអនុតំបន់មេគង្គ​ ជាពិសេសសន្និសីទ​​អន្តរជាតិស្តីពី សមុទ្រខៀវស្រងាត់ ទីក្រុងបៃតង (Blue Sea, Green City) ដែល​បាន​​ប្រ​ព្រឹត្ត​​ ទៅនៅរមណីយដ្ឋានឋានសួគ៌បូកគោកាលពីម្សិលម៉ិញនិងព្រឹកនេះ។ នេះគឺជាការផ្តល់កិត្តិយសយ៉ាង​ធំ​ធេ​ង និងការលើកទឹកចិត្តយ៉ាងខ្លាំង ដល់កម្ពុជាដែលជាម្ចាស់ផ្ទះ និងញ៉ាំងឱ្យ​អង្គពិធីទាំងមូ​ល​កាន់តែមា​នភាពអធិក​អធមថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ កម្ពុជាបានរៀបចំសន្និសីទអន្តររដ្ឋាភិបាលលើកទី៣ស្តីពីអង្គរ នៅខេត្តសៀមរាប ប្រកបដោយភាពជោគជ័យ។ សន្និសីទនេះ បានប្រារព្ធឡើងជាលើកដំបូងបង្អស់នៅទីក្រុងតូក្យូ ក្នុងខែតុលា ឆ្នាំ១៩៩៣ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុន ឆ្លើយតប​នឹងព្រះរាជបំណងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលពេលនោះព្រះអង្គទ្រង់បានគង់ជាព្រះប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា និងលើកទី២ បានប្រារព្ធធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងប៉ារីស ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសបាំង។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាច្រើន តាមរយៈការដាក់ចេញនូវផែនការនិងយុទ្ធសាស្រ្តសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាព​រស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលជាក់ស្តែងអត្រាភាពក្រីក្របានថយចុះពី១០០% ក្នុងឆ្នាំ១៩៧៩ មកត្រឹម១៩%នាពេលថ្មីៗនេះ។ ជាមធ្យម អត្រា​ភាព ​​ក្រីក្រ​ធ្លាក់ចុះយ៉ាងហោចណាស់១% ជារៀងរាល់ឆ្នាំ។

តាមរយៈយុទ្ធសាស្ត្រសំខាន់ៗទាំងនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់ ដែល​​​កំណើន​នេះអាស្រ័យជាចម្បងលើវិស័យជាអាទិភាពមួយ​ចំនួន ជាអាទិ៍ វិស័យកសិកម្ម ទេសចរណ៍ កាត់​ដេរ និងសំណង់​ ដែលក្នុងនោះវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុក​ដាក់​ជា​វិស័យ​អាទិ​ភាព​​ ក្នុង​​ការជំរុញ​​កំណើន​សេដ្ឋកិច្ច​ជាតិ​ ហើយ​បាន​ចាត់​ទុក​វិស័យ​​​នេះជាមាសបៃតង។ ការអភិវឌ្ឍ​វិស័យទេសចរណ៍ ជាមួយនឹងសម្បត្តិធម្មជាតិនិងវប្បធម៌ដ៏សម្បូរបែប កម្ពុជារក្សាបានកំណើនភ្ញៀវទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់ ពីចំនួនប្រមាណ១១៨.០០០នាក់ ក្នុងឆ្នាំ១៩៩៣ ដល់ចំនួន៣,៥៨លាននាក់ក្នុងឆ្នាំ២០១២។ ហើយក្នុងរយៈពេល១០​ខែដំបូងក្នុងឆ្នាំ២០១៣ យើង​ទទួល​បាន​ភ្ញៀវទេសចរអន្តរជាតិជាង,លាននាក់ ក្នុងអត្រា​កំណើន១៨,ធៀប​នឹងរយៈពេល​ដូចគ្នាក្នុងឆ្នាំ២០១២។ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ​​ប្រ​មាណ ,លាននាក់ នៅឆ្នាំ២០១៥ និង​ប្រមាណលាននាក់ នៅឆ្នាំ២០២០។

តាងនាមរាជរដ្ឋាភិបាល និងក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាខេត្តកែប និងគណៈកម្មការ​អន្តរក្រសួង ដែលបានខិតខំរួមសហការគ្នា រៀបចំពិធីបុណ្យសមុទ្រនេះឡើងបានយ៉ាងល្អប្រសើរ និងជាពិសេស សូមកោតសរសើរចំពោះក្រសួងទេសចរណ៍ ដែលបានខិតខំអនុវត្តភារកិច្ចរប​ស់​ខ្លួនប្រកប​​ដោយ​​ការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រអភិវ​ឌ្ឍ ​ទេសចរណ៍ ពិសេស​​ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងការតភ្ជាប់តំបន់ប៉ូលទេសចរណ៍ សំខាន់ៗនៅទូទាំងប្រទេស។ ជាក់ស្តែង តំបន់ទេសចរណ៍សៀមរាបអង្គរ ​ត្រូវបានតភ្ជាប់មកតំបន់ឆ្នេរភូមិភាគនិរតី ដែលជាជំហាននៃការរីកចម្រើនថ្មីមួយទៀត។ ការហោះហើរ​តភ្ជាប់អង្គរជាមួយតំបន់ឆ្នេរដែលត្រូវបានសម្រេចកាលពីឆ្នាំ២០១១ ដោយមានក្រុមហ៊ុនអាកាសចរជាតិ (Cambodia Angkor Air)​ ជាប្រតិបត្តិករក្នុងការតភ្ជាប់ បានផ្តល់ជម្រើសនិងភាពងាយស្រួលជូនភ្ញៀវទស្សនាតំបន់វប្បធម៌ និងតំបន់ឆ្នេរ​សមុទ្រ​ព្រមគ្នា។ ការតភ្ជាប់នេះ ក៏បានផ្ដល់ភាព​ងាយ​ស្រួល​ដល់ភ្ញៀវទេសចរ​ដែលចូលមកកាន់កម្ពុជា​តាមរយៈនាវាទេសចរណ៍ផងដែរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ការអនុញ្ញាតរបស់រាជរដ្ឋាភិបាល  ឱ្យ​មានការរៀបចំពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំនៅខេត្តតំបន់ឆ្នេរទាំងបួន គឺខេត្ត​​ព្រះសីហនុ កែប កោះកុង និងកំពត ដោយធ្វើការឆ្លាស់វេនគ្នា​សបញ្ជាក់ឱ្យ​ឃើញពីកា​រ​គាំទ្រ​របស់រាជ​រដ្ឋាភិបាល ក្នុងការជំរុញកិច្ចអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាទាំង​ទីក្រុង និងលើផ្ទៃសមុទ្រ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ជាប៉ូលសេដ្ឋកិច្ចក្នុងការទាក់ទាញវិនិ-យោ​គសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ តំបន់ឆ្នេរកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ និងកំពុងមានការវិវត្ត ប្រែប្រួលមុខមាត់ថ្មី ស័ក្តិសមជា តារារះនាទិស​និរតី  និងជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក។

ខ្ញុំមានសុទិដ្ឋិនិយមថា ការរៀបចំពិធីបុណ្យសមុទ្រលើកទី២នេះ ពិតជារួមចំណែកដ៏សំខាន់​ក្នុងការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងផ្តល់ផលប្រយោជន៍ជាច្រើន​ដល់ការផ្សព្វ​ផ្សាយ​អំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងជួយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់​ភាគីពាក់ព័ន្ធនានា ក្នុងការអភិរក្សនិងថែរក្សាធនធាន​ធម្មជាតិនិង​វប្បធម៌នៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃយើង ក៏ដូចជាការលើកកម្ពស់​សមត្ថភាពនិងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍ និងការយល់ដឹង​ជាសាធារណៈ សំដៅជំរុញ​ការលើកទឹកចិត្តថែមទៀតក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្ររបស់យើង។

ឆ្លៀត​​ក្នុង​ឱកាសនេះ ខ្ញុំសូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្អូនៗយុវជនរបស់​សហភាពសហព័ន្ធយុវជន​កម្ពុជា​ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​​បញ្ជ្រាប​ការ​យល់ដឹង​ឱ្យ​កាន់តែច្បាស់ថែមទៀតអំពីការសម្អាត​ឆ្នេរ និង​ការធ្វើ​អនាម័យក្នុង​ខេត្តកែប និងខេត្តកំពត ទាំងមុននិង​ក្នុងអំឡុងពិធី​បុណ្យ​សមុទ្រ​នេះ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ដែលបាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្ម និងបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគ ជាពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ (Cambodia - Kingdom of Wonder) ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី” និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ។ ខ្ញុំសូមអំពាវនាវផង​ដែរ​​ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធុរជន និងបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុក​ដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍនិងថែរក្សាតំបន់ឆ្នេរ ធ្វើយ៉ាងណាធានាឱ្យបាន​នូវការអភិវឌ្ឍបៃតងនៅតំបន់នេះប្រក​បដោយចីរភាព និង​ចូលរួម​ប្រឡងប្រណាំងឆ្នេរស្អាត​។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ដែល បានផ្តល់ជំនឿចិត្តលើឆ្នេរសមុទ្រកម្ពុជា និង​បានដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបនេះកាលពីឆ្នាំ២០១១។

ខ្ញុំសូមជូនសព្វសាធុការពរជ័យឱ្យ​ពិធីបុណ្យសមុទ្រនេះ ក្លាយទៅជាការលើកកម្ពស់ថែមទៀតនូវស្មារតីសាមគ្គី​​ភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែក ដើម្បីគោលដៅរួមរបស់យើងគឺសេចក្តីថ្កុំថ្កើង រុងរឿង សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍកម្ពុជា និងតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុង​ឆ្នាំ២០១៣ និងបណ្ដាឆ្នាំខាងមុខនេះ ប្រកបដោយនិរន្តរភាព។

នៅទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបើកពិធីបុណ្យសមុទ្រ នៅពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាដែលជាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់សូមជួប​ប្រ​ទះ​តែនឹង​សេចក្ដី​សុខ ជ័យ​ជំនះ​គ្រប់ភារកិច្ច​ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ខ្ញុំសូមប្រកាសបើកពិធីបុណ្យសមុទ្រលើកទី២ ឆ្នាំ២០១៣ នៅខេត្តកែប ចាប់ពីពេលនេះ​តទៅ។
       សូមអរគុណ!