Friday, December 20, 2013

បទអត្ថា​ធិប្បាយ៖ តើត្រូវ​ប្ដូរ​រដ្ឋាភិបាល​អភិវឌ្ឍន៍ ទៅ​នឹង​រដ្ឋា​ភិបាល​មួយ​ដែល​រយីក​រយាក​ឬទេ?

រត្ន័ សណា្ដប់

          ចាប់តាំងពីថ្ងៃកំណើតទី២នៃរដ្ឋធម្មនុញ្ញ (ថ្ងៃទី២៤ កញ្ញា ១៩៩៣) ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ឆ្លង   កាត់ការ​​​បោះឆ្នោតសកលចំនួន៤លើក​មកហើយ គឺនៅឆ្នាំ ១៩៩៨, ២០០៣, ២០០៨ និងចុងក្រោយនេះ នៅថ្ងៃទី២៨ កក្កដា ២០១៣​។ តាមរយៈការបោះឆ្នោតជាច្រើនលើកមកនេះ ដោយ​​រួមទាំងការបោះឆ្នោត ដែលរៀបចំដោយ អ.​ស.​ប នាឆ្នាំ១៩៩៣ ផងនោះ កម្ពុជា​បាន​ក្រេប​ជញ្ជក់​លទ្ធិប្រជាធិបតេយ្យ ដែល ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្ដែងឆន្ទៈ ដោយ​បាន​ធ្វើ​សេច​ក្ដី​សម្រេចជ្រើសតំណាងរបស់ខ្លួនដើម្បី ដឹកនាំប្រទេសតាមរយៈរដ្ឋសភា និងរាជរដ្ឋាភិបាល។
     រយៈពេល២០ឆ្នាំ ​កន្លងមកនេះ​ កម្ពុជាបាន​ឆ្លងកាត់ពីតំណាក់កាល ប្រទេស​មួយ​ស្ងាត់​ជ្រងំ​​​មាន​តែ​​បាត​ដៃទទេ​ រហូត​ដល់​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ទទួលបាននូវទំនុកទុកចិត្ដពីបណ្ដាប្រទេសអ្នក ​ផ្ដល់​ជំនួយ​ អ្នក​វិនិ​យោគទុន សហគ្រាស ក្រុមហ៊ុនធំៗនានា ទាំងក្នុងស្រុក-ក្រៅស្រុក បាន​នាំ​គ្នា​ចូល​មករក​ស៊ីយ៉ាង​គគ្រឹកគគ្រេង។ ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​យ៉ាង​សន្ធឹក​សន្ធាប់។ ផលិត​ផល​នាំ​ចេញ​ក៏​បាន​កើន​ជា​លំដាប់។ ​កម្ពុជា​ត្រូវបានអន្ដរជាតិវាយតម្លៃថា មានកំណើនសេ​ដ្ឋកិច្ចខ្ពស់​។ នេះមិនមែនជា​រឿង​សាមញ្ញ ដែល​ត្រូវ​លេងសើចនោះ​ទេ។
កាលពីសប្ដាហ៍កន្លងទៅ អាស៊ាន​​ និងសម្ព័ន្ធមិត្ដដែលជាមហាអំណាច​បានអញ្ជើ​​ញ​ សម្ដេច​តេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋាភិបាលកម្ពុជាអាណត្ដិថ្មី ​ ​រួបរួមពង្រឹងកិច្ចសហការ នយោបាយ​ និងសេដ្ឋកិច្ច​ បន្ដទៀត​។ កិច្ចប្រជុំកំពូលជាផ្លូវការណ៍បានប្រព្រឹត្ដទៅពីថ្ងៃទី១២​ ដល់ថ្ងៃ ទី១៧ ​ខែធ្នូ ឆ្នាំ២០១៣​ ។ កិច្ចប្រជុំកំពូលគឺ ​អាស៊ាន-ជប៉ុន​ និងកិច្ចប្រជុំកំពូលទន្លេមេគង្គ​ជប៉ុន​លើក​ទី៥​។ បន្ថែម លើនេះទៀត សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រម​ទាំង​គណ:​ប្រតិភូ​ជាន់ខ្ពស់កម្ពុជាបានធ្វើទស្សនៈកិច្ច ផ្លូវការជាច្រើនកន្លែងទៀត ដែល​រៀប​ចំទ្បើង​ដោយ​រាជ​រដ្ឋា​ភិបាល​ជប៉ុន។ នយោបាយពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្ដិការ​ ​ភាពជាដៃគួ​យុទ្ធសាស្រ្ដ​ នយោ​បាយ​ និងសេដ្ឋកិច្ច ដែលជាគោលដៅ​ចំបងរបស់រាជ រដ្ឋាភិបាល គឺឆ្ពោះទៅរកភាពអភិវឌ្ឍន៍ និង​សុខ​មាល​ភាពប្រជាជន។ នាយករដ្ឋមន្រ្ដីជប៉ុនបានវាយតម្លៃ ខ្ពស់ និងកោតសរសើរ​​ ចំពោះ​វឌ្ឍន​ភាព​​ថ្មីៗ​ដែលកម្ពុជាសម្រេចបាន។ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានចុះកិច្ច ព្រម​ព្រៀង​ចំនួន៤ លើ​វិស័យ​អភិវឌ្ឍន៍​ ​​ និងវិស័យពង្រឹងយុទ្ធសាស្រ្ដ​យោធា​កម្ពុជា​-ជប៉ុន ផងដែរ។
រៀងរាល់អាណត្ដិ​ រាជរដ្ឋាភិបាលបានធ្វើសហប្រតិបត្ដិការ​ជាមួយប្រទេសអភិវឌ្ឍន៍ធំៗ ជា​ច្រើន​ទៀត ដើម្បីជំរុញបន្ដកំណើនសេដ្ឋកិច្ចជាតិតាមរយៈ​ ក្នុង​នោះ​ការ​អភិ​វឌ្ឍ​ធនធាន​មនុស្ស​ឲ្យ​ស្រប​តាម​ចក្ខុវិស័យ សហគមន៍អាស៊ានតែមួយនាចុងឆ្នាំ២០១៥ ខាងមុខនេះ។ នេះពិត​ជាបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាជរដ្ឋាភិបាល កម្ពុជា ​ក្រោមការដឹកនាំ​របស់ សម្ដេច​តេជោហ៊ុន សែន ​បាន​កសាង​រចនា​សម្ព័ន្ធយ៉ាងរឹងមាំដែលជាគ្រឹះ ជំរុញ​ការអភិវឌ្ឍន៍ជាតិ និងធានាបាន​ទំនុកចិត្ដរបស់​មហាជន និងបណ្ដាប្រទេសលើពិភពលោក ​ បាន​ចាក់ស្រេះ​​ និងមានជម្រៅយ៉ាងជ្រៅ ដែល​ពិបាក​នឹង​យក​ក្រុម​ប្រឆាំង​គ្មានសណ្ដាប់​ធ្នាប់មកជំនូសបាន។
​បក្សប្រឆាំងនៅតែជចេស ចង់បានអំណាចក្រៅច្បាប់។ ពួកនេះនៅតែស្រមើស្រមៃចង់បាន អំណាច ហើយបានយកលេស គ្មានឈប់ គ្មានឈរថា ​ការបោះឆ្នោត​​​មិន​ប្រក្រតី មាន​ការ​លួច​បន្លំ​សន្លឹក ឆ្នោត​ ហើយថែមទាំងបានប្រកាស​យ៉ាងខែងរែងថា សុំប្ដូរសម្ដេច​តេជោ ហ៊ុន សែន​ និង​សូម​ឲ្យ​មានការ បោះឆ្នោតជាថ្មី ពួកនេះនៅតែបន្ដ​ការយល់សប្ដិ​​ ចង់ធ្វើ នាយករដ្ឋមន្រ្ដី ។
ការដើរបំផុសបំផុល ​ញុះញង់ប្រជាជន ឲ្យវង្វេង ​មិនដឹងខុស​ មិនដឹងត្រូវ​ មិនដឹងស មិនដឹង​ខ្មៅឲ្យ បែរ​មកប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងលទ្ធផលការបោះឆ្នោត គឺជា​ការ​ផ្ទុយ​ស្រឡះ​​នឹងច្បាប់ រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
នៅថ្ងៃសុក្រ​ ថ្ងៃទី២០ ធ្នូ នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាមហោទ្បារិកថា រដ្ឋ​ធម្មនុញ្ញ មិន​អនុញ្ញាតឲ្យមានការរំលាយសភា ឬរដ្ឋាភិបាលដោយខុសច្បាប់បានទ្បើយសម្ដេច​តេជោ មាន ប្រសាសន៍បន្ថែមទៀតថា រាជ​រដ្ឋា​ភិបាល​មិន​អនុញ្ញាត​ឲ្យមាន​សកម្មភាព​ណា​បង្ក​អស្ថេរ​ភាព ដល់សន្ដិសុខ ជាតិបានទ្បើយ
ជា​សរុប​ ការ​ចចេស​រឹង​រូស​របស់​បក្ស​ប្រឆាំង ដែល​ចង់​រុះ​រើ បំផ្លាញ និង​រំលំ​រដ្ឋាភិបាល​អភិវឌ្ឍន៍ ប្ដូរ​ទៅ​ជា​រដ្ឋាភិបាល​រយីក​រយាក​របស់​ខ្លួន តាម​រយៈ​បដិវត្ដន៍ផ្កាម្លិះដែលក្រុមប្រឆាំ​ង ពុំមាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង ប្រទេស​ទាល់តែសោះនោះ​ គឺបានន័យថា ដឹកនាំប្រទេស​ឲ្យធ្លាក់​ក្នុង​គ្រោះ​មហ​ន្ដរាយ ព្រោះដោយសារ តែភាព​រយីករយាក ដូចខ្លួននោះឯង។
កំណត់អ្នកនិពន្ធ​៖ អតីត អនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា

បុរាណវិទូ ៖ សាស្រ្ដាចារ្យ និងជាអ្នកនិពន្ធសៀវភៅ ប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ និង ប្រវត្ដិ ប្រដាល់ក្បាច់ខ្មែរ