Friday, December 20, 2013

សម្តេច​​តេជោៈ​​គ្មាន​​ការ​​ចុះ​​ចេញ​​ពី​​តំណែង​​ហើយ​​ក៏​គ្មាន​​ការ​​បោះ​ឆ្នោត ឡើង​​វិញ ដែរ

ភ្នំពេញ៖  ព្រឹកថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០១៣ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​បាន​​អះអាង​​ថា​គ្មាន​​ការ​បោះ​​ឆ្នោត​​ឡើង​​វិញ​​ហើយ​​ក៏គ្មាន​​ការ​ចុះ​ចេញ​​ពីតំណែង​​ជា​​នាយក​​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជា​​ណា​​ចក្រ​​កម្ពុជា​​ផង​​ដែរ។ សម្តេច​​តេជោ​​​បាន​​ស្នើ​​ឲ្យក្រុម​​ប្រឆាំង​​ពិនិត្យ​​មើល រដ្ឋធម្មនុញ្ញ និង​ច្បាប់​​ឡើង​វិញ។

សម្តេច​តេជោ​បានថ្លែង​ដូច្នេះ​បន្ទាប់​ពីចូល​រួម​ប្រជុំ​សភា​ដើម្បី​កែ​សម្រួល​សមាស​ភាព​រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣នេះ។

​ សម្តេច​​​នាយក​​​រដ្ឋមន្ត្រី​​​មាន​ប្រសាសន៍​ថា «ខ្ញុំ ​គ្រាន់តែ​សូម​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​ ជ្រា​ប​ថា នៅ​កម្ពុ​ជា​មាន​រដ្ឋធម្មនុញ្ញ​មួយ​ដែល​បាន​កំណត់ ហើយ​ដែល​ខុសពី​ប្រទេស​ដទៃ» ។ ប្រទេស​ដទៃ​គឺ​អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​​ប្រកាស​​រំលាយ​​សភា ប៉ុន្តែ​នៅ​កម្ពុជា​មាត្រា​ទី ៧៨ នៃ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា សភា​មាន​នីតិកាល​៥​ឆ្នាំ សភា​មិនអាច​រំលាយ​មុន​អាណត្តិ​បានទេ​លើកលែងតែ​រាជរដ្ឋាភិបាល​ត្រូវ​រំលាយ ២​ដង​ក្នុង​រយៈពេល​១២ខែ ។ ដូច្នេះ​នៅ​ទី​នេះ នាយករដ្ឋមន្ត្រី​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា ព្រះមហាក្សត្រ​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា សភា​ខ្លួនឯង​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា ដូច្នេះ​តើ​អ្នក​ណាមួយ​ដែល​មាន​សិទ្ធិ​រំលាយ​សភា​ដើម្បី​ធ្វើការ​បោះឆ្នោត​ ឡើងវិញ ។ សូមអ្នក​ទាម​ទារ​ទាំង​ឡាយ​​មើល​​ច្បាប់​​ឲ្យ​​បាន​​ច្បាស់ ។«ដូច្នេះ​នៅទី​នេះ នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ រដ្ឋសភាខ្លួនឯង ក៏មិន​អាច​រំលាយ​រដ្ឋសភា​បាន​ដូច្នេះ​​ តើ​នរណា​មាន​សិទ្ធិ​រំលាយ​សភា​ដើម្បី​ធ្វើការ​បោះ​ឆ្នោត​ឡើងវិញ? សូម​អ្នក​ទាម​ទារ​ទាំង​ឡាយ​មើល​ច្បាប់​ឲ្យ​បាន​ច្បាស់»។

ពាក់​ព័ន្ធ​ដល់​ការដែល​លោក​សមរង្ស៊ី​និង​លោក​កឹម សុខា មេដឹក​នាំគណ​បក្ស​ប្រឆាំង​ដឹក​នាំការ​ធ្វើបាតុកម្ម​ទាមទា​រ​ឲ្យ​សម្តេច​តេជោ​ហ៊ុន ​សែន ចុះចេញ​ពីតំណែង​តំណែង​ជានាយ​ក​រដ្ឋមន្រ្តី​ដែល​គាំទ្រ​ដោយ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ភាក​ច្រើន​សម្តេច​តេជោ​បាន​បញ្ជាក់​តបថា​តើសម្តេចមានកំហុសអ្វី?ហើយការ​ចុះចេញ​របស់​សម្តេច​មិនមែន​ជាការ​ចង់របស់​អ្នកគាំទ្រ​របស់​សម្តេច​និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​ថា ខ្ញុំ​ក៏​ដឹង​ដែរ​ថា អ្នកណា​ជា​អ្នក​ឲ្យ​សរសេរ​អំពី «​ហ៊ុន សែន អើយ​​ចាក​​ចេញ​ទៅ​»​នោះ ខ្ញុំ​ដឹង​មិន​មែន​​អ្នក​ធ្វើ​បាតុកម្ម​​ធម្មតា​​ទេ ប៉ុន្តែ​​គឺជា​​មេដឹក​នាំ​​នយោបាយ ។ ខ្ញុំ ឡើង​​តាម​​រដ្ឋធម្មនុញ្ញ ខ្ញុំ​ចុះ​ក៏​ចុះ​តាម​​រដ្ឋ​ធម្មនុញ្ញ​​ដែរ ។ សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ថា «ខ្ញុំ ​សូម បញ្ជាក់​​ឲ្យ​ហើយ​​គ្មាន​​ការ​បោះ​ឆ្នោត​ឡើង​វិញ​​ព្រោះ​​គ្មាន​​អ្នក​​រំលាយ​​សភា ហើយ​ក៏​គ្មាន​​យន្តការ​​ណា កំណត់​​អំពី​​ការបោះ​ឆ្នោត​​មុន​​អាណត្តិ​​នោះ​​ដែរ ។ ក្រៅ​ពី​​ចែង​​ក្នុង​​រដ្ឋធម្មនុញ្ញ​​ក៏​នៅ​​មាន​ចែង​​ក្នុង​ច្បាប់ បោះឆ្នោត ដែល​បាន​ចង​ជាប់​ជា​ចំណង​គឺ​នៅ​រៀងរាល់ ៥ ឆ្នាំ​ម្តង​នា​​សប្តាហ៍​ទី ៤ ខែកក្កដា​ត្រូវ​ធ្វើការ បោះឆ្នោត​។​ សម្តេច​តេ​ជោ មានប្រសាសន៍បញ្ជាក់ថា ការ​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី ? បើសិនជា ​សភា​ទម្លាក់​ខ្ញុំ​វា​ជា​រឿង​មួយ ក៏ប៉ុន្តែ​ការ​ចុះ​ចេញពី​តំណែង​របស់ខ្ញុំ​មិនមែ​ន​ជា​ការ​ចង់​បាន​របស់​ អ្នកគាំទ្រ​គណបក្ស​ប្រជាជន និង​អ្នកគាំទ្រ​ខ្ញុំ​នោះ​ទេ ។ សម្តេចតេជោបានបន្តថាពិត​ណាស់​អ្នក​ដែល​​មិន​គាំទ្រ ខ្ញុំ​មិនមែន​ត្រឹមតែ​ថ្ងៃនេះ​ទេ ប៉ុន្តែ​តាំងពី​ជំនាន់​ក្រោយ​រំដោះ ប៉ុល ពត ភ្លាម​ក៏​គេ​ចង់​ឲ្យ​ខ្ញុំ​ចាក​ចេញពី តំណែង​រួច​ទៅ​ហើយ​៕​

ទាក់ទងនិងការធ្វើបាតុកម្មបិទផ្លូវដែលបង្ករឡើងដោយគណបក្សសង្គ្រោះជាតិសម្ដេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​បាន​ថ្លែង​ ថា ការ​បិទ​ផ្លូវ​មិន​ត្រឹម​តែ​ប៉ះពាល់​រាជ​រដ្ឋាភិបាល​ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ តែ​ប៉ះពាល់​ដល់​ប្រជាជន​​ ហើយ​វា​ជា​ទង្វើ​ខុសច្បាប់។
សម្ដេច ​តេជោ​បានមានប្រសាសន៍​ថា ខ្ញុំ​សូម​ស្នើ​ថា បញ្ហា​ទាំង​នេះ​រាជ​រដ្ឋាភិបាល​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​តាម​ផ្លូវ​ ច្បាប់​ ហើយ​វា​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​នេះ​ទេ​។ សូម​ប្រជាពលរដ្ឋ​ចៀស​ឲ្យ​ឆ្ងាយ​អំពី​ទង្វើ​អំពាវនាវ​ឲ្យ​មាន​ការ​បិទ​ផ្លូវ​ ។ ការ​បិទ​ផ្លូវ​គឺ​ជា​ការ​បិទ​ឈាម​ខ្លួន​ឯង។ សម្ដេចមានប្រសាសន៍បន្ត​ទៀត​ថា ខ្ញុំ​សូម​បញ្ជាក់​អំពី​បញ្ហា​នេះ​ រាជ​រដ្ឋាភិបាល​មាន​ការ​អត់​ធ្មត់​​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​នឹង​មិន​យល់​ព្រម​​​ណា​មួយ​​អំពី​បញ្ហា​ទាក់​ទិន​ទៅ ​នឹង​​ទង្វើ​ខុស​ច្បាប់ បង្ក​អស្ថេរភាព​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ​។ យើង​មិន​អាច​ទទួល​យក​បាន​នូវ​ទង្វើ​ណា​ក៏​ដោយ​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បំផ្លាញ​សន្តិសុខ​របស់​ជាតិ​ ហើយ​​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាត​ដៃ​ទី​៣។

សូមពញ្ជាក់ថានៅក្រោយការប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​របស់​គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត ដែល​បង្ហាញថា គណបក្ស​​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន ៦៨ ហើយ​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ទទួល​បា​ន​ចំនួន ៥៥ អាសនៈ​។ តែ​គណបក្ស​​ប្រឆាំង​នេះ​បាន​ដឹកនាំ​​ឲ្យ​មាន​ការ​ធ្វើ​បាតុ​កម្ម​​ជា​ ញឹកញាប់ ដោយ​បាន​បង្ក​ឲ្យ​កើតមាន​អំពើ​ហិង្សា។ ហើយ​នៅពេល​ប៉ុន្មាន​ថ្ងៃនេះ​បាតុកម្ម​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ ការអនុញ្ញាត​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​​ទាំង​ការ​ដង្ហែ​ក្បួន ដែល​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ល្មើស រយៈពេល​នៃ​ការ​ធ្វើ​សកម្មភាព​ផង​ដែរ ។