Tuesday, December 31, 2013

បទអត្ថាធិប្បាយ៖ ច្បាប់ និងសេចក្តី​ថ្លៃ​ថ្នូរគ្មានដក់ក្នុងខួរក្បាលមេបក្សប្រឆាំង​ទេ

អត្ថបទ៖ តែ​ វួច​ណយ​

        អស់រយៈពេល​ប្រមាណ​៣ ខែកន្លងផុត​ទៅ​ហើយ  ក្រោយពីការប្រកាសលទ្ធផល​នៃការ​បោះឆ្នោត​សំរាប់អាណត្តិទី៥ គណ​បក្សប្រឆាំង​បាន​បង្កើត​បញ្ហា​កាន់​តែ​ធំ​ៗឡើង​ បន្ទាប់​ពី​បក្ស​របស់​​ខ្លួន​បាន​ចាញ់​ឆ្នោត​កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣ទៅ​នេះ​។

        សភាពការណ៍​នយោ​បាយ​នៅកម្ពុជា ជារឿងមួយដោយឡែកពីសភាពការណ៍នៃ​បណ្តា​ប្រទេស​ផ្សេងៗលើសកលលោក។ កូនខ្មែរ​បាន ឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ ខ្មែរបែកបាក់គ្នា បាត់បង់​ទឹកដី ប្រជាជនរស់នៅទាំងភ័យខ្លាច ពុំមានលំនឹង​ក្នុង​ដំណើរជីវិតជាច្រើនសតវត្សរ៍មកហើយ។

ទើបតែជាងពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកក្តិបណ្ឌិតរបស់ ថ្នាក់​ដឹកនាំកំពូលៗ​មាន សម្តេចតេជោ ហ៊ុន សែន ជាដើម ទើបសង្គម​ខ្មែរបានងើប​ផុត​ពីគ្រោះ​មហន្ត​រាយប្រល័យពូជសាសន៍ដ៏សែនជូរចត់ បាន​ និងកំពុងរស់ក្នុង​សន្តិ​ភាព អភិវឌ្ឍន៍ មាន​មុខ​មានមាត់ និង​សិទ្ធិសេរីភាពស្មើនឹងសហគមន៍អន្តរជាតិ។

      គួរឱ្យសោកស្តាយមេបក្សសង្រ្គោះជាតិ មានមហិច្ឆតានយោបាយ ដោយពុំគោរព​សុឆន្ទៈ​​របស់ប្រជាពលរដ្ឋខ្មែរ​ ដែលចង់បានសន្តិភាព​។ តាមការពិតមេ​គណ​បក្សនយោបាយ​សង្រ្គោះ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធផលបោះឆ្នោត តាំងពីមុនពេលបោះឆ្នោត​ ក៏​ប៉ុន្តែ​គណបក្ស​នយោបាយ​នេះ ចូលបាន​​រួមចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតជា​មួយ​គណបក្ស​នយោបាយទាំង៨ ក្នុងគោល​ដៅ​​សន្សំលេស​នយោបាយ​ បើទោះបីគណបក្សនយោបាយនេះ បានទទួល ៥៥ កៅអីនៅរដ្ឋ​សភា​​ជាតិ ដែល​មានគណៈ​កម្ម​ការ​​រៀបចំការបោះឆ្នោត ធ្វើជាអាជ្ញាកណ្តាលប្រកួតលើ​សង្វៀន​ប្រជាធិបតេយ្យ​ពហុបក្សយ៉ាងណា​ក៏​ដោយ។

      ថ្ងៃ២៨ កក្កដា ២០១៣ ជាថ្ងៃប្រវត្តិសាស្រ្តដែល​ប្រជាជនកម្ពុជា​បានលះបង់ពេលវេលាពេញ​មួយ​ថ្ងៃ​​ចូល​រួម​បោះឆ្នោត ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត អាចទុកចិត្តអាចការពារ​ផលប្រយោជន៍​​ខ្លួន​បាន ហើយជាពិសេស គឺយកប្រយោជន៍ជាតិជាធំ។ ប៉ុន្តែទីបំផុតគណបក្ស​ សង្រ្គោះ​ជាតិនេះ​ស្រាប់​តែ “ឡាំប៉ា”​ ធ្វើពហិការមិនចូលរួមប្រជុំសភា តាមការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ និងមិនបានធ្វើ​ការ​​បំរើ​សុឆន្ទៈរាស្រ្ត​ តាមអ្វីដែល​គណបក្ស​នេះ​បានសន្យា មិនតែ​ប៉ុណ្ណោះថែមទាំងស្រែកក្តែងៗ ដៀលត្មះថា​ជា “សភាមិនគ្រប់ទឹក”​ ។

      ថ្នាក់​ដឹក​នាំ​គណបក្សនយោបាយទាំងពីរ គណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ បាន​ជួប​ចរចា​គ្នាម្តងជាពីរដង ដើម្បីព្យាយាមរកចំណុចរួម និងឯកភាពគ្នា បាន​សន្យាគោរព​សេចក្តី​ថ្លែង​ការណ៍​រួម​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ថា នឹង​បន្ត​ការ​ច​រចាទៅថ្ងៃមុខទៀត ប៉ុន្តែផ្ទុយ​ទៅ​វិញ គណបក្ស​សង្រ្គោះ​ជាតិ​ប្តេជ្ញា​​ឈប់ចរចាជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជាទៀត ហើយបន្ត​ធ្វើបាតុកម្មរៀងរាល់ថ្ងៃ ប្រមូល​ផ្តុំ​ជា​សាធារណៈរៀងរាល់ថ្ងៃអាទិត្យ និងដង្ហែក្បួន បិទផ្លូវ។  ម្តង​ទាមទារនេះ ម្តងទាមទារនោះ ពុំមាន​គោលដៅ​ច្បាស់លាស់ ដែលធ្វើឲ្យមានភាពរញ៉េរញ៉ៃ ខូច​សណ្តាប់ធ្នាប់សង្គម ហើយនាំឲ្យប៉ះពាល់​ដល់កិត្តិយស​មុខមាត់ប្រទេសជាតិ។

      នៅពេលថ្មីៗនេះ គណបក្ស​ប្រឆាំង​បាន​ទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីដំណែង និង​ទាមទារឲ្យ​បោះឆ្នោត​ឡើងវិញ។ បើមេគណបក្សទាំងនេះ មិនស្គាល់ច្បាប់រដ្ឋធម្មនុញ្ញ​ប្រទេស​ខ្លួនឯងផង​​​សួរថា តើមេបក្សដ៏ល្ងីល្ងើទាំងនេះ​អាចដឹកនាំប្រទេសជាតិបាន ឬទេ? មេបក្ស​សង្រ្គោះ​ជាតិ​ត្រូវគោរព​ច្បាប់របស់កម្ពុជាក្នុងនាមជា​ប្រទេស​នីតិរដ្ឋ។ ប្រទេស​នីមួយ​ៗ​លើសកលលោក គេមានច្បាប់សម្រាប់ប្រទេសរបស់គេ ហេតុនេះហើយ​នយោបាយ​របស់​កម្ពុជា​​ត្រូវ​កម្ពុជាដោះ​ស្រាយតាមបែបបទលំនាំរបស់កម្ពុជា មិនអាចធ្វើត្រាប់ ឬចម្លង​តាម​​ប្រទេសណា​មួយ​ឡើយ​។
      មេដឹកនាំគណបក្សសង្រ្គោះជាតិត្រូវយល់ឲ្យច្បាស់ថា “ខ្មែរ គឺមិន​បំពេញ​ចិត្ត​បរទេសទេ ខ្មែរ​ត្រូវធ្វើអ្វីៗ ដើម្បីខ្មែរ មិនមែនធ្វើអ្វីៗ ដើម្បីបរទេសឡើយ​ ។

      មេបក្សសង្រ្គោះជាតិមានសិទ្ធិ អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់ពេល គ្រប់ទីកន្លែង គ្រប់​កាលៈ​ទេសៈ​ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះ មិនអាចប៉ះពាល់ និងរំលោភលើសិទ្ធិ​អ្នកដទៃឡើយ។
      ម៉្យាង​វិញ​ទៀត​ សូម​បងប្អូនចូលរួម​ធ្វើ​បាតុកម្ម​​គួរពិចារ​ណា​ឡើងវិញ បងប្អូនមកពីជនបទ​ត្រូវ​ធ្វើដំណើរវែងឆ្ងាយ វេចបាយ ទឹក ដេកហាលភ្លៀង ហាលខ្យល់ រងារ មូស សត្វល្អិតខាំទិច ខ្វះអនាម័យ ប៉ះពាល់សុខភាព ហើយ​រដូវនេះជារដូវប្រមូលកសិផល ដូច្នេះ សូម​​បង​ប្អូនបាតុករ​ទាំង​ឡាយ កុំជឿ​ពាក្យ​សន្យា​សំដី​បោក​​ប្រាស់​របស់ពួកមេបក្សសង្រ្គោះជាតិទាំង​នេះ​អី​ ពី​ព្រោះ​ មេបក្ស​​សង្រ្គោះជាតិ គេដេកស្រួល ស៊ីឆ្ងាញ់ ដើម្បីសន្សំកម្លាំងសែ្រក​ក្តែង​ៗ បង្កភាព​​ចលាចល​សង្គម​ និង​រុញ​​ឲ្យ​បាតុករ​តស៊ូមតិ ដើម្បីតែបំ​រើ​អំណាចរបស់ពួក​គេគេតែប៉ុណ្ណោះ​។

អត្ថបទ៖ តែ វួចណយ