Tuesday, December 31, 2013

ទស្សនៈ តើសម្ព័ន្ធកំណែទម្រង់បោះឆ្នោតជាអ្វី?

ទស្សនៈ

តើសម្ព័ន្ធកំណែទម្រង់បោះឆ្នោតជាអ្វី?

បន្ទាប់​ពីការ​ប្រឹង​ប្រែង​របស់​ខ្លួន​អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍មក នៅខែធ្នូ ២០១៣ នេះ មាន​អង្គការ​ថ្មី​មួយ បាន​ចេញផ្សាយ​នូវ​របាយការណ៍ស្ដី​ពីការ​បោះឆ្នោត​សាកល ថ្ងៃទី ២៨ កក្កដា ឆ្នាំ​២០១៣។ អង្គការ​ថ្មីនេះ ឈ្មោះ​ថា “​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោតដែលហៅកាត់ថា ERA” ។ អង្គការ​នេះ ហាក់​ដូច​ជា​មាន​អាថ៌កំបាំង​ ជា​អង្គការ​ស្រមោល ព្រោះ​ក្រុមនេះពុំមាន​គេហរ​ទំព័រ​ផ្ទាល់​ទេ។ ព្រោះ​ថា ក្រៅ​ពី​របាយការណ៍​នេះ ខ្ញុំ​មិន​អាច​ស្រាវ​ជ្រាវ​រក​ឃើញពី​ប្រវត្តិ​របស់​​អង្គ​ការនេះ​ឡើយ។

ក្រៅ​ពីនេះ គេ​បាន​ឃើញ​នៅ​លើ​ក្រប​របាយការណ៍​របស់​​ ERA មាន​បង្ហាញ​រូប​អត្ត សញ្ញាណ​របស់​អង្គការ​ NGO ចំនួន ២០ ។ ក្នុង​ចំណោម​នោះ មាន​អង្គការ​ចំនួន ៨ ត្រូវ​គេ​ហៅថា “​អង្គការ​រួម​វិភាគ​ទាន” រីឯ​អង្គការ​ចំនួន ១២​ទៀត ហៅថា “អង្គការ​គាំទ្រ​​ពីក្រោយ”។ បញ្ហានេះ បាន​ធ្វើ​ឲ្យ​យើងឆ្ងល់​ ពីព្រោះមាន​ចម្លើយ​តិច​តួចពេក​។

“អង្គ​ការ​ចូល​រួម​វិភាគ​ទាន” និង អង្គ​ការ​គាំទ្រ​ពីក្រោយ” ជាអង្គ​ការ​ទាំង ២០​ ដែល ពាក់​ព័ន្ធ​ជាមួយនឹង​អង្គការថ្មី ERA មានពាក់​ព័ន្ធ​តឹ្រ​ម​តែ​ធ្វើ​របាយការណ៍​ប៉ុណ្ណោះឬ? បើ​ក្រុម ទាំង​ពីរ ដែល​ជា​សមាជិក ERA មាន​ការ​ទទួលខុស​ត្រូវរួម​គ្នា​ចំពោះរបាយការណ៍របស់ ERA សួរថា តើ​មាន​សកម្មភាព​ផ្សេ​ងទៀត​ឬ​ទេ? តើ “អង្គការចូលរួមវិភាគទាន” មានភារកិច្ច​ទទួល ខុស​ត្រូវ​រួមគ្នា​យ៉ាង​ដូច​ម្ដេច ទៅ​នឹង​ “អង្គ​ការគាំទ្រ​ពីក្រោយ​នោះ ឬយ៉ាងណា?”

ម៉្យាងទៀត ប្រសិនបើ “អង្គ​ការរួមវិភាគទាន” និង “អង្គ​ការ​គាំទ្រ​ពីក្រោយ” សំដៅទំនាក់ ទំនង​ តែ​លើ​របាយការណ៍នោះ គឺ​មិនបង្ហាញថា ERA ជាអង្គការពិតប្រាកដទេឬអ្វី?  ប៉ុន្តែ​គ្រាន់តែ​ជា​ឈ្មោះ​ប្រឌិតឡើងដើម្បីបង្ហាញថា របាយការណ៍នេះរៀបចំឡើងដោយអង្គការមួយធំដុំ មាន​អំណាច​ជាង អង្គការ NGOs ដទៃទៀត​ប៉ុណ្ណោះ តើ​ពិត​មែន​ទេ?

សំណួរមួយទៀត គឺថា​តើ​​ ERA ជាអង្គការខ្មែរ ឬជាអង្គការបរទេស? ព្រោះ​ថា អង្គការ​ទាំង​ ២០ ស្ទើរ​តែ​ទាំង​អស់​ជា​អង្គការខ្មែរ​ តែ​តួនាទី​សំខាន់​របស់​ពួក​គេ​ហាក់​ដូច​ជា​ក្រុម​មួយ​ ដែល​បង្កើតឡើង និង​ផ្តល់ថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកឈ្មោះ “វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ក្នុង​ចំណោម “អង្គការរួមវិភាគ​ទាន​” ចំនួន ៧ ដែល​បាន​​ចុះក្នុងរបាយ​ការណ៍​​នេះ ​មាន​អង្គការ​ចំនួន​ពីរ​មិន​បាន​បញ្ជាក់ ពីថវិការបស់​ខ្លួន​ចំណាយ​សម្រាប់​ “កម្មវិធីបោះឆ្នោត” នោះ​ទេ អង្គការ​ចំនួនពីរ​បាន​បញ្ជាក់​ថា​ខ្លួនបាន ទទួលថវិកាពី NDI និង USAID អង្គការមួយ​ទៀត​បានទទួល ថវិកាពីសហភាពអឺរ៉ុប អង្គការ​មួយ​ទៀតបាន ទទួលថវិកាពីសហភាពអឺរ៉ុប និង​មូល​និធិ​​របស់​មហាសេដ្ឋីឈ្មួញ​រូបិយប័ណ្ណឈ្មោះ George Soros រីឯកម្មវិធី កែប្រែពិភពលោកក្នុងនាម​ George Soros ហើយអង្គការមួយ​ទៀត​ទទួល​ថវិកា​ពី​អង្គការ NGOs មួយចំនួន ដែលប្រភពនេះខ្ញុំមិនបាន តាមដានទេ។
ដូច្នេះ វាទំនងថា “អង្គការរួមវិភាគ​ទាន” របស់ ERA ដូចជា​មិនបានចូលរួមវិភាគ​ទានច្រើន ជាងរដ្ឋាភិ​បាល​សហរដ្ឋអាមេរិក និងបណ្តារដ្ឋាភិបាលនៅអឺរ៉ុបនោះទេ។ ចំណែក “ការបោះពុម្ព​របាយ​ការណ៍​នោះ គឺ​ USAID ជាអ្នកឧបត្ថម្ភ នេះបើ​យោង​តាមក្របខាងមុខ ហើយត្រឹមតែ​ការជួយ​បោះពុម្ព​ប៉ុណ្ណោះទេ។
ទ្ធិពលគ្របដណ្តប់របស់ទីភ្នាក់ងារបរទេស ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនូវការរៀបចំឡើង ឲ្យមានការចេញផ្សារបាយការណ៍របស់ ERA ។ ជាក់ស្តែង អត្ថបទមួយដែលផ្សាយបំផ្លើសនៅ ក្នុងកាសែត Cambodia Daily ចុះថ្ងៃទី ២៩ ខែតុលា បានផ្អែកទាំងស្រុងលើការអត្ថាធិប្បាយ និងការ ដកស្រង់សំដីពីរបាយការណ៍នេះ ដោយ​អ្នកស្រី Laura Thornton នាយិកា NDI នៅក្នុងស្រុក។
របាយការណ៍នេះ “នឹងផ្តោតលើការមិនសប្បាយចិត្តមួយចំនួនលើលទ្ធផលបោះឆ្នោត ហើយ ពិតជាបង្កើតឲ្យមានការទាមទារនៅថ្នាក់មូលដ្ឋានឲ្យមានការកែទម្រង់” នេះជាការនិយាយ របស់អ្នកស្រី Thornton នៅក្នុង Daily ។ អ្នកស្រីបានបន្តថា “តាមទស្សនៈរបស់យើង យើងកំពុង និយាយអំពីការផ្លាស់ប្តូរទាំងស្រុងមួយ គឺការសរសេរច្បាប់បោះឆ្នោតឡើងវិញ និងការផ្លាស់ប្តូរ គ.ជ.ប (គណៈកម្មា​ធិ​ការជាតិរៀបចំការបោះឆ្នោត)។
វាហាក់ដូចជាមិនមានអ្វីកើតឡើងចំពោះអ្នកស្រី Thornton និង កាសែត Cambodia Daily ថា មានអ្វីមិនសមស្របចំពោះអង្គការ ដែលគ្មានការបោះឆ្នោតជ្រើសតាំងទទួលថវិកា និងការ ណែនាំពីទីភ្នាក់ងារបរទេស ដែលប៉ុនប៉ង “បង្កើតឲ្យមានការទាមទារថ្នាក់មូលដ្ឋាន” ឲ្យមានផ្លាស់​ប្តូរ​នីតិ​វិធី​បោះឆ្នោត និងសរសេរច្បាប់បោះឆ្នោតរបស់ប្រទេសឡើងវិញ។ ពិតណាស់ បើពិនិត្យ​លើ ឥរិយាបថនេះ វាជាការគួរ ឲ្យភ្ញាក់ផ្អើលដែលថា ERA មើលឃើញ​ពីតំរូវការ​សំរាប់ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត។ ប្រហែលជា NDI មិនទាន់បានពន្យល់ដល់ “អ្នករួមចំណែក” នៅក្នុងស្រុក នូវអ្វី ដែលខ្លួនបានពន្យល់ដល់ពួកស្តាំនិយម ដែលខ្លួនបានផ្តល់ថវិកា និងលើកទឹកចិត្ត​ឲ្យមានរដ្ឋប្រហារ ប្រឆាំងនឹងប្រធានាធិបតីជាប់ ឆ្នោតនៅប្រទេស Venezuela ក្នុងឆ្នាំ ២០០២ នៅឡើយទេ។
ពាក្យសំំដីខាងលើផ្តល់នូវបរិបទខ្លះដល់របាយការណ៍របស់ ERA ដែលអំពាវនាវម្តង ហើយម្តងទៀត ឲ្យមានការគ្រប់គ្រងលើទិដ្ឋភាពផ្សេងៗនៃការបោះឆ្នោតនៅកម្ពុជា ដោយអង្គការ “ឯករាជ្យ” ឬ “មិនលំអៀង” ឧទាហរណ៍ដូចជា “កំណែទម្រង់ត្រូវផ្តោតសំខាន់លើការបង្កើតគណៈ កម្មាធិការគ្រប់គ្រងការបោះឆ្នោតឯករាជ្យ មិនប្រកាន់គណបក្ស មានតម្លាភាព និងមានគណនេយ្យ ភាពពិត​ប្រា​កដ​មួយ។” “រដ្ឋាភិបាលគួរតែពិចារណាបង្កើតអាជ្ញាធរផ្សព្វផ្សាយឯករាជ្យមិនលំអៀង ខាងនយោ​បាយ​...។”​ “អ្នក សង្កេតការណ៍ឯករាជ្យបានផ្តល់អនុសាសន៍ដូចខាងក្រោម...”
អ្វីដែលបង្ហាញច្បាស់ក្នុងរបាយការណ៍នេះ គឺពាក្យដោយ “ឯករាជ្យ” អង្គការមិនមែនរដ្ឋា ភិបាល ទាំងនេះចង់សំដៅលើខ្លួនឯង និងសម្ព័ន្ធមិត្តបរទេសរបស់ខ្លួន ពោលគឺ “របាយការណ៍ នេះបានចងក្រងដោយផ្អែកលើការស្រាវជ្រាវដែលធ្វើឡើងដោយអង្គការឯករាជ្យផ្សេងៗ [ហៅថា “អង្គការរួមវិភាគទាន] ...”  “...ការផ្សព្វផ្សាយឯករាជ្យរបស់ស្ថានីយ៏វិទ្យុសំឡេងសហរដ្ឋអាមរិក (VOA) និង វិទ្យុអាស៊ីសេរី (RFA) ...”  “គ្មានអង្គការ NGOs ឯករាជ្យ ណាមួយត្រូវបានអនុញ្ញាត ធ្វើជាសាក្សី” ក្នុងការស៊ើបអង្កេតផ្ទៃក្នុង​របស់ គ.ជ.ប.។”  “កំណែទម្រង់បន្ថែមទៀតត្រូវធ្វើលើ រចនាសម្ព័ន្ធ ដំណើការ និងសមាជិកភាព គ.ជ.ប. រួមមាន ការបង្កើតគណៈកម្មាធិការជ្រើសរើស ឯករាជ្យមួយ ដែលមានតំណាងមក​ពី​វិស័យ​ផ្សេងៗ ​(ដូចជា ក្រុម បណ្ឌិតសភា អង្គការមិនមែន រដ្ឋាភិបាល [គួរឲ្យភ្ញាក់ផ្អើល!] អង្គការច្បាប់... ។ល។)
ទំនុកចិត្តរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលថាកម្ពុជាជាទីតាំងល្អប្រសើរ ប្រសិន​បើ ពួកគេនៅទទួលខុសត្រូវគ្រប់គ្រង គឺត្រូវបានប្រៀបធៀបដោយ​សមហេតុផលជាមួយ​ការ​មិនជឿ​ទុក​ចិត្តរបស់ ខ្លួនចំពោះអ្នកជាប់ឆ្នោតកាន់មុខតំណែង (ទីបំផុតគ្មានប្រធានអង្គការ NGOs ណា ម្នាក់ ត្រូវបានជ្រើសរើសដោយការបោះឆ្នោតពីសាធារណជននោះទេ)។ ដូច្នេះ  អ្នកនិពន្ធរបស់ អង្គការ NGOs ពិតជាប្រមាថ មើលងាយដល់ក្រុមប្រឹក្សាឃុំ ពីព្រោះក្រុមប្រឹក្សា​នេះត្រូវបាន ជ្រើសរើស​តាមរយៈការ​បោះឆ្នោត។ ពួក NGOs នេះ តែងតែលើកឡើងអំពីក្រុមប្រឹក្សាឃុំ ភ្ជាប់ ជាមួយការរិះគន់ថា ដោយជ្រើសរើស​តាមរយៈការ បោះឆ្នោតក្រុមប្រឹក្សាឃុំគឺ “មាននិន្នាការ ប្រកាន់គណបក្ស” ដូច្នេះអាចនឹងមាន​ការលំអៀង “គណៈកម្មា-ធិការមូលដ្ឋានមួយមិនលំអៀង មានវិជ្ជាជីវៈដោយជ្រើស​រើសគ្មានការបោះឆ្នោត គួរត្រូវបានជ្រើសតាំង ឬបង្កើតឡើងឲ្យចុះបញ្ជី ឈ្មោះអ្នកបោះឆ្នោត ដោយលុបចោលការទទួលខុសត្រូវនេះពីក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោត និងប្រកាន់គណបក្ស។”
ជាការពិតណាស់ សមាសភាពលំអៀង គឺជាលទ្ធផលធម្មតាចេញពីការបោះឆ្នោតសំរាប់ ស្ថាប័ន នៅ​ក្នុងប្រទេសដែលមានសិទ្ធិស្របច្បាប់ក្នុងការបង្កើតគណបក្សនយោបាយ ពោលគឺ ប្រជាជនបោះ​ឆ្នោតជ្រើសរើសសមាជិកបក្សរបស់ខ្លួន។ មើលទៅ ERA នឹងឈានទៅកាន់ប្រភព នៃបញ្ហានេះ ហើយគាំទ្រការដកហូតអំណាចពីរដ្ឋសភាក្នុងការអនុម័តច្បាប់ ព្រោះពិតណាស់ សមាជិកសភា គឺមកពីគណបក្សនយោបាយ។ បន្ទាប់មក អំណាចរដ្ឋសភាអាចនឹងផ្ទេរទៅឲ្យ ស្ថាប័នជាតិមួយដែលមិនលំអៀង មានវិជ្ជាជីវៈ គ្មានការបោះឆ្នោតជ្រើសរើស ហើយជ្រើសតាំង ដោយអង្គការរួមវិភាគទាន” និងអង្គការគាំទ្រពីក្រោយ” របស់ ERA ចេញពីក្នុងចំណោម ប្រធានប្រតិបត្តិរបស់ខ្លួនផ្ទាល់៕
[ខ្ញុំមានបំណងសរសេរអត្ថបទមួយទៀតនិយាយអំពីការតវ៉ា និងអនុសាសន៍ជាក់លាក់មួយ ចំនួនទៀតនៅក្នុងរបាយការណ៍របស់ ERA]

By Allen Myers