Monday, December 9, 2013

បទអត្ថាធិប្បាយ​៖ ប្រឆាំង​ផ្កាប់​មុខ​ គឺ​ជាចរឹត​ របស់​បក្ស​សង្គ្រោះ​ជាតិ​

ដោយ ពង្ស សុក្រឹត្យ

ទោះ​បី​ជារាជរដ្ឋាភិបាល​បាន​ខិតខំ​ ប្រឹង​ប្រែង​កសាង​ប្រទេស​​ រហូត​ដល់​មាន​ការ​អភិវឌ្ឍ​ន៍​រីក​ចម្រើន​ និង​មាន​សិទ្ធិ​ស្មើ​មុខ​មាត់​ក្នុង​តំបន់ និង​លើ​ពិភព​លោក​ដូច​បណ្តាប្រទេស​ដ៏ទៃ​ ជាពិសេស​សិទ្ធិ​ស្មើ​មុខ​ក្នុង​បណ្តាប្រទេស​អាស៊ាន​ហើយ​ក៏​ដោយ​ ក៏​បក្ស​ប្រ​ឆាំង និង​​​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង តែង​តែ​រិៈរក​វិធី​ និង​ហេតុ​ផល​ផ្សេងៗ​ ដើម្បី​ទម្លាក់​កំហុស​មក​លើ​រាជ​រដ្ឋាភិបាល​​ជានិច្ច។​ ចរឹត​ « ប្រឆាំង​ផ្កាប់​មុខ »​​ បែប​នេះ​ គឺ​មិន​បាន​ចូល​រួម​ចំណែក​​ក្នុង​​ការ​អភិវឌ្ឍន៍​​ប្រទេស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គឺ​មាន​តែ​ការ​អូស​ទាញ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ ថយ​នូវ​ល្បឿន​អភិវឌ្ឍ​​​ និង​អូស​បន្លាយ​នូវ​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​រាជរដ្ឋាភិបាល​ ចំពោះ​ប្រជាពលរដ្ឋ​​តែ​ប៉ុណ្ណោះ ។​​
កាល​ពី​ដើម​សប្តាហ៍មុន​ ស្ថានទូត​អាល្លឺម៉ង់​បាន​​ប្រកាស​​ថាអាល្លឺម៉ងបាន​​សន្យា​ផ្ដល់​ជំនួយ​​​​​​​ចំនួន​​៦៤​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជាសម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំក្រោយ​ដែល​ធ្វើ​ឲ្យ​ជំនួយ​​​​​​​​ផ្លូវ​ការ​​របស់​អាល្លឺម៉ង់​​​ ដល់​ប្រទេស​កម្ពុជា​​កើន​ឡើង​​​​ច្រើន​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ​​​។​ ផ្ទុយ​ទៅវិញ​ មន្ត្រី​គណ​​​បក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ចរឹតប្រឆាំង​របស់​ខ្លួន​ជាថ្មី​ម្តង​ទៀត​ក្នុង​​ការ​រារាំង​ការ​សន្យា​​​ផ្ដល់ជំនួយរបស់​អាល្លឺម៉ង់​​​​កាលពី​ថ្ងៃ​ពុធ​ ដោយ​សុំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​មួយនេះ ​​ពន្យា​រ​ពេល​ការ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ជាមួយរាជ​​រដ្ឋាភិបាល អាណត្តិ​ទី​៥​ ​ ដែល​ដឹក​នាំ​ដោយ​សម្តេច​ ​ហ៊ុនសែន បើ​ទោះ​បី​​ជាកញ្ចប់​ជំនួយ​ថ្មី​របស់​អាល្លឺម៉ង់​នាឆ្នាំ​នេះ​ ភាគ​ច្រើន​ជា​កញ្ចប់​ថវិកា​​​ ដែល​នឹង​ចំណាយ​ទៅ​​លើ​វិស័យ​សុខា​ភិបាលនិង​អភិវឌ្ឍន៍​ជន​បទ ​ក៏​ដោយ​។
ម្យ៉ាងទៀត​ ធនាគារ​ពិភព​លោក​បាន​និយាយ​កាលពី​ខែ​មុន​ថាខ្លួន​ក៏​កំពុង​រៀបចំ​     ផែន​ការ​​​យុទ្ធ​សាស្ត្រ​រយៈ​ពេល​ពីរ​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​ ហើយ​ក៏ទំនង​ជា​មាន​កញ្ចប់​ជំនួយ​​​​ថែម​ទៀត​​​សម្រាប់​រាជ​​រដ្ឋាភិបាលអាណត្តិ​ថ្មី​នេះ​​​។
ទង្វើ ​បែប​ប្រឆាំង​ផ្កាប់មុខ​ របស់​បក្ស​ប្រឆាំង​នៅកម្ពុជា​​ គឺ​ខុស​ស្រឡះ​ពី​បក្ស​ប្រឆាំង​នៅ​បណ្តា​ប្រទេស​​នានា​ ដែល​បក្សប្រឆាំង​​របស់​គេ​ជំទាស់​តែ​លើ​បញ្ហា​ការជម្រុញ​ឲ្យ​មាន​ការ​រីក​ ចម្រើន​នៃ​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​​ និង​សិទ្ធិ​មនុស្ស​នៅក្នុង​សង្គម​តែ​ប៉ុណ្ណោះ​ គឺ​គេ​មិន​ដែល​​ជំទាស់​​ ឬ​រារាំង​ការ​ផ្តល់​ជំនួយ​ផ្សេងៗ​ ដើម្បី​ជួយ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​គេ​ឡើយ​។​
ប៉ុន្តែ​ ទោះ​បី​ជា​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​៥៥​រូប ​របស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ពហិការ​​​មិន​ចូល​​រដ្ឋសភា ​ព្យាយាម​បញ្ចុះ​បញ្ចូល​ អន្តរជាតិ​ និង​ញុះញង់​ប្រជាពលរដ្ឋ​​ឲ្យ​តវ៉ា​ ម្តង​ហើយ​​ម្តងទៀត​ យ៉ាង​ណា​ក៏​ដោយ​ ក៏អ្នក​វិភាគ​នយោបាយ​ភាគច្រើន​ និយាយថា ទង្វើ​របស់​គណបក្ស​សង្គ្រោះជាតិ​ នឹង​រឹត​តែ​ផ្តល់​នូវ​ផលប្រយោជន៍​ កាន់​តែ​ច្រើន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ពីព្រោះ​បក្ស​ប្រឆាំង​​មិនអាច​ជំទាស់​ទៅនឹង​​ដំណើរការ​នានា​ឲ្យ​មាន​ប្រសិទ្ធិភាព​​បាន​ទេ នៅពេល​​ដែល​ខ្លួន​មាន​សិទ្ធិមិនទាន់​​ស្រប​ច្បាប់​ជាតំណាង​​រាស្ត្រ​ ​ដោយសារ​តែ​ខ្លួន​ នៅក្រៅ​រដ្ឋសភា​។​
          ជាក់​ស្តែង​ សូម្បី​តែធនាគារ​​អភិវឌ្ឍអាស៊ី ដែល​ជាដៃ​គូរ​ផ្ដល់​ជំនួយ​ដ៏ធំនាពេល​បច្ចុប្បន្ន​របស់​​កម្ពុជា​​ ក៏នៅ​តែ​អះអាង​ថា​ នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​​​ជាមួយរាជរដ្ឋាភិបាលនៅឡើយ​ដែរ​។ ​អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ របស់​ធនាគារ​​អភិវឌ្ឍអាស៊ី​ លោក​ភីធើព្រីមបលបាន​បញ្ជាក់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​គោល ​​​ការណ៏​​របស់​ធនាគារ​នេះ​មិន​​អនុញ្ញាត​ឲ្យ​ខ្លួន​ជាប់​ពាក់​ព័ន្ធ​​នៅ​​ ក្នុង​​កិច្ច​​ការ​​​នយោបាយ​របស់​ប្រទេស​​ជា​សមាជិក​ណាមួយ​ឡើយ​។ លោកព្រីម​បលបាន​បន្ថែម​ថាធនាគារ​អភិវឌ្ឍន៍​អាស៊ីនឹង​ផ្ដល់​ជំនួយ​ចំនួន​៥២៥​លាន​ដុល្លារ​ សម្រាប់​គម្រោង​ថ្នាក់​ជាតិ​និង​ក្នុង​តំបន់​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៥​។​ លោក​បាន​បន្ត​​​​​​​​ថាតាម​រយៈ​ក្រុម​ការ​ងារ​​​​ដោះស្រាយ​​​បញ្ហា​ថ្នាក់​​ក្រោម​ឥឡូវ​នេះ​ម្ចាស់ ​​​ជំនួយ ​កំពុង​​ចូល​រួម​ជា​មួយរាជ​​រដ្ឋាភិបាល​​នៅ​ក្នុង​ផែន​ការ​​អភិវឌ្ឍន៍​​ យុទ្ធសាស្ត្រ​​ថ្នាក់​​ជាតិ​​លើក​​ក្រោយ​របស់​ខ្លួន។​

សរុប​សេច​ក្តី​មក​ ទោះ​បី​ជាគណបក្ស​សង្គ្រោះ​ជាតិ​ ប្រឹង​ស្វះស្វែង​រក​ការ​​គាំទ្រ​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ម្តង​ហើយម្តងទៀត​តាមរយៈ​ការធ្វើ​បាតុកម្ម​យ៉ាងណា​ ក៏​មិនអាច​សម្រេច​នូវ​មហិច្ឆតា​របស់​មេដឹក​នាំ​ខ្លួន​ ដែល​ចង់​មក​ដឹក​នាំ​ប្រទេស​តាម​របៀប​រដ្ឋ​ប្រហារ​ប្រជាជន​បាន​ដែរ​។​ ការដឹក​នាំ​ដែល​ស្រប​ច្បាប់​ គឺ​មាន​តែការ​ដឹកនាំ​តាម​បែបលទ្ធិប្រជាធិបតេយ្យ​ តាមរយៈការ​ផ្លាស់​ប្តូរ​អំណាច​ដោយ​ការ​បោះ​ឆ្នោត ​ដោយ​ទៀង​ទាត់ ​រៀង​រាល់​៥ឆ្នាំ​ម្តង​​​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​តែប៉ុណ្ណោះ​៕​