Monday, January 20, 2014

បទ​​វិចារណ​កថាៈ តើ​ដី​កាកោះ​​របស់​តុលាការ​ជា​ចំណាត់​ការ​តាម​ច្បាប់ ឬ​ជា​រឿង​នយោបាយ​?

នៅ ​ថ្ងៃ​ទី​ ១៤ ខែ​មករា ឆ្នាំ​២០១៤ កន្លង​មក​នេះ មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​បាន​​​​ចូល​ទៅ​កាន់​​តុលាការ​តាម​ការ​ កោះ​ហៅ​របស់​​ព្រះ​រាជ​អាជ្ញា​នៃ​​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ចោទ​សួរ​ពី​ករណី «ការ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្ដិ​សុខ​សង្គម ។ »
មតិ​ជាតិ ​និង​អន្ដរ​ជាតិ មាន​ការ​ភ្ញាក់​ផ្អើល​​នូវ​ភាព​ក្លា​ហាន​របស់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ​ ​​ដែល​ហ៊ាន​ដើរ​ចូល​ទៅ​កាន់​សវនាការ ​ក្នុង​ខណៈ​ខ្លួន​ធ្លាប់​ជា​ទណ្ឌិត​នោះ។ ព្រោះ​ថា​ ក្នុង​ខ្លឹម​សារ​ដីកា​កោះ​​នោះ គេ​យល់​ថា វា​ជា​រឿង​ធ្ងន់​ធ្ងរ​ដែល​​អាច​ឈាន​​​ដល់​ការ​ឃាត់​ខ្លួន​នៃ​សាមី​ជន​នោះ​បាន​។ ទន្ទឹម​នឹង​នេះ នរណា​ក៏​គេ​យល់ដែរ​​ថា មេ​ដឹកនាំ​បក្ស​ប្រឆាំង​បាន​បង្ក​​ចលាចល ​​អសន្ដិ​សុខ វឹក​វរ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ទាំង​មូល ដោយ​សារ​មេ​ដឹកនាំ​​បក្ស​ប្រឆាំង​ បាន​បង្ហាញ​ទាំង​សម្ដី និង​កាយវិការ ​​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា នៅ​ពី​ក្រោយ​ពួក​នោះ មាន​ជន​ដៃ​ដល់ និង​​​ក្រុម​អនា​ធិ​ប​តេយ្យ​។ គេ​យល់​ទៀត​ថា ​​អំពើ​ញុះញង់​ពី​មេ​​ដឹកនាំ​បក្ស​ប្រឆាំង​ ធ្វើ​ឲ្យ​ក្រុម​​អនាធិបតេយ្យ​បង្ក​សកម្ម​ភាព​កុបកម្ម​ទាំង​កម្រោល​ វាយ​​កម្ទេច​​សម្បត្តិ​ឯក​ជន ​មន្ទីរ​ពេទ្យ​ឯកជន ​សម្បត្តិ​រោង​ចក្រ និង​វាយនភ័ណ​ជាច្រើន ដែល​គេ​ប៉ាន់​ប្រមាណ​មើល​ទៅ​ឃើញ​ថា ការ​​ខូច​ខាត​នោះ មាន​កម្រិត​​ប្រមាណ ៣០០​លាន​ដុល្លារ។
​ ដូច​បាន​រៀប​រាប់​ខាង​លើ រាជ​រដ្ឋាភិ​បាលយល់​​ឃើញ​​ថា ក្រុម​បក្ស​ប្រឆាំង​មិន​ត្រឹម​តែ​ស្រែក​ប្រកូក​​ប្រកាស​ក្ដែង​ៗរៀង​រាល់​ ថ្ងៃ​ ថាមិន​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​សកល​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នោះ​ទេ ​ព្រោះ​​ពួក​គេ​​បាន​ធ្វើ​ចលនា​​កេណ្ឌ​ប្រជាជន​ធ្វើ​បាតុកម្ម​អស់​រយៈ​ពេល​ ជិត​កន្លះឆ្នាំ​ ព្រោះ​​ពួក​គេ​​​សំអាងថា ​កម្ពុជា​កំពុង​​ដើរ​​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​។ ប៉ុន្តែ​បក្ស​ប្រឆាំង​ភ្លេចគិត​​ថា ​លទ្ធិ​​ប្រជាធិបតេយ្យ​ ពលរដ្ឋ​គ្រប់​ៗ​​រូប គឺ​​មានសិទ្ធិ​​សេរី​ភាព ​​សិទ្ធិ​ក្នុង​ការ​ការ​ពារ​ខ្លួន សិទ្ធិ​ក្នុង​ការ​ប្រកប​របរ​ដោយ​សេរី​ ជា​ពិសេស​ គឺ​សិទ្ធិ​ក្នុង​ការ​​​រស់​នៅ​ក្នុង​​ភាព​សុខដុម​ក្នុង​រង្វង់​គ្រួ​សារ​នោះ ​ក៏​ពិត​មែន តែ​​គេ​ក៏​​មិន​អាច​ប្រើ​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​ទៅ​រំលោភ​បំពាន​​​ សិទ្ធិ​សេរី​ភាព​​​អ្នក​ដទៃបាន​ដែរ​។
​ជា​ការ​ពិត​ណាស់ ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ហូរចូល​មក​កម្ពុជា ​​តាំង​​ពី​​ឆ្នាំ​១៩៩១ រាជ​រដ្ឋាភិបាល​បាន​ និង​កំពុង​​ពង្រឹង​​ខឿន​លទ្ធិ​ប្រជាធិបតេយ្យ​ ​ខឿន​កំណើន​សេដ្ឋ​កិច្ច​ជាតិ និង​​ខឿន​សុខដុម​នីយកម្ម​​របស់​ប្រជាពលរដ្ឋ​ជា​ទូទៅ​។ល។​ តែ​ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ ដែល​រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​តាម​អំពើ​​ចិត្ត និង​ធ្វើ​តាម​បំណង​របស់ពួក​​គេ​​បំពាន​លើ​គោល​ការណ៍​​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ រហូត​ឈាន​ដល់​វិនាសកម្ម​ដែលគេ​ពុំ​បាន​នឹក​ស្មាន​ឡើយ គឺ​ព្រឹត្តិការណ៍​​ប៉ះ​ទង្គិច​រវាង​កង​កម្លាំង​សមត្ថកិច្ច នឹងពួក​កុបករ​ដែល​ជា​​ក្រុម​អនាធិប​តេយ្យ​​ថ្ងៃ​ទី២ ទី៣ មករា ឆ្នាំ​២០១៤ កន្លងមក​ថ្មី​ៗ​នេះ​។ ​
តើ​​ព្រឹត្តិការណ៍​​នេះ ​​ជា​​ព្រឹត្តិការណ៍​​​បែប​​អនា​ធិបតេយ្យ ដែល​បង្ក​នូវ​ភាព​វឹក​វរ​ក្នុង​សង្គម​​ដែល​​​ជា​បច្ច័យ​​ធ្វើ​ឲ្យ​កម្លាំង​សមត្ថ​កិច្ច ​ប្រើ​ប្រាស់​​វិធាន​ការ​​ទប់​ស្កាត់ដើម្បី​​មិន​ឲ្យ​ព្រឹត្តិការណ៍​នេះ​អាច​រីករាល​​ដាល​​ដល់​ការ​បង្ក​​​អំពើ​​ហិង្សា ក្រេវក្រោត ឃោរ​ឃៅ​ ចលាចល​ក្នុង​សង្គម ក្នុង​ប្រទេស​ឬទេ? តើ​រាជរដ្ឋាភិបាល​អាច​អនុញ្ញាត​​ឲ្យ​ព្រឹត្តិការណ៍​នេះ ​​ញ៉ាំង​ដល់​ការ​ធ្វើ​អត្តឃាតប្រទេស​ខ្លួន​ឯង​ ក្នុង​ក្រសែ​ភ្នែក​នៃប្រទេស​នានា​ក្នុង​សកល​លោក​ដែរ​ ឬ​អី? 
​ក្នុងបរិការ​នេះ​ហើយ ​រូប​ខ្ញុំ​បច្ចុប្បន្នដែល​ជានិស្សិត​ឆ្នាំ​ទី​៣​ សិក្សា​​វិជ្ជា​ច្បាប់ ​នៅ​ពេល​ដែល​បាន​អាន​អត្ថបទ (Online) ជាភាសា​អង់​គ្លេសរបស់​វិទ្យុ​អាស៊ី​សេរី (Radio Free Asia) ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី១៤​ ខែ​មករា​ ​​សប្ដាហ៍​មុន​នេះ ដែល​មាន​ចំណង​ជើង​​ថា «​ Cambodia Opposition Leaders Slam Summons as “ Politically Motivated ” ​ជា​ភាសា​ខ្មែរ​ថា មេដឹកនាំ​ក្រុម​បក្ស​ប្រឆាំង​កម្ពុជា ​បាន​ទះ​កំផ្លៀង​​ដី​កាកោះ​ ថា​ជា​រឿង​នយោបាយ » ។
​​​​​ជាសរុប​ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប ដែល​បាន​ឆ្លង​កាត់​នូវ​ជីវិត​របស់​ខ្លួន​ធ្លាប់​ជា​​​ទណ្ឌិតនោះ គួរ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​​ថា តើ​​ករណី​កោះ​ខ្លួនឲ្យ​ចូល​​សវនការ​នៅ​តុលាការ​ជា​រឿង​នយោបាយ ឬ​ក៏​ជា​ករណី​របស់​តុលាការ​កម្ពុជា ដែល​កំពុង​កសាង​សំណុំ​រឿង​ដោយ​ឈរ​លើ​មូល​ដ្ឋាន​​​ច្បាប់​របស់​ប្រទេស​ ឬយ៉ាង​ណា? ព្រោះ​ថា ជា​គោល​ការណ៍​​ច្បាប់ ដែល​គេ​អនុវត្ត​លើ​ពិភព​លោក “បុគ្គល​គ្រប់​រូប​ឋិត​នៅក្នុង​​ភាព​គ្មាន​ទោស (Innocent) រហូត​ដល់​តុលាការ​​វិនិច្ឆ័យ​ថា ជន​នោះ​ជាប់​ទោស (Until found guilty) ” ក្រោយ​ពេល​ប្រកាស​សាលក្រម។

អំពី​អ្នក​និពន្ធៈ ដួង កោសល្ល បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់