Monday, January 20, 2014

សម្ដេច​​តេជោ​​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើ​​ប្រាស់​​ភូមិ​​កុមារ SOS​ ក្រចេះ

នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ​ឆ្នាំ២០១៤ ​​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​ ភូមិ​កុមារ SOS ក្រចេះ ស្ថិត​នៅក្នុង​សង្កាត់​អូរឫស្សី ​ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​ជា​សមិទ្ធផល​ទី៩ នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ជាមួយ​អង្គការ​ភូមិ​កុមារ​ SOS ​អន្តរ​ជាតិ។

ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទូទៅ ដែលបាន​បរិច្ចាគ​ធនធាន​ឧបត្ថម្ភ​ដល់​អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ និង​ក្នុង​នាម​រាជ​រដ្ឋាភិ​បាល​កម្ពុជា សម្តេច​តេជោ​បាន​ឯកភាព​ផ្ដល់​ទីតាំង​សម្រាប់​កសាងភូមិ​កុមារ SOS ចំនួន​២ កន្លែង​ទៀត នៅ​ខេត្តកំពត និង​ខេត្តព្រៃវែង។ សម្រាប់​គម្រោង​នៅ​ខេត្តកំពត ដែល​ជា​គម្រោង​ទី១០ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បាន​ត្រៀម​ទីតាំង ដែល​មាន​ផ្ទៃដី​ទំហំ ៣ហិកតា ក្នុងភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់នា​ដើម​ឆ្នាំ​២០១៤​នេះ។

ដោយ​ឡែក​សម្រាប់​ ភូមិ​កុមារ SOS ក្រចេះ ដែល​​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ដោយ​សម្តេច​តេជោ ត្រូវ​​បាន​សាងសង់​លើ​ទីតាំង​ដី​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនី​តិសម្បទា ដែល​មាន​ទំហំ​១០ ២៣០ ម៉ែត្រក្រឡា​ស្ថិត​នៅក្នុង​សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ ខេត្តក្រចេះ។  ភូមិ​កុមារ SOS ក្រចេះ ​បាន​ចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃទី ២៥ មករា ឆ្នាំ ២០១២ និង​បាន​បញ្ចប់​គម្រោង​សាងសង់​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ ២០១៣។ ភូមិ​កុមារ SOS ក្រចេះ​មាន​ អាគារ​ចំនួន​១៨ ក្នុងនោះ​មានផ្ទះ​គ្រួសារ​ចំនួន​១២ ផ្ទះ​សហគមន៍​១ ផ្ទះ​ភ្ញៀវ​ស្នាក់នៅ​១ ផ្ទះ​បុគ្គលិក​១​អាគារ​ការិយាល័យ១ ផ្ទះ​មេភូមិ​១ និង​សាលា​មត្តេយ្យ​ចំនួន​១។ ភូមិ​នេះ​អាច​ទទួល​កុមារ​ស្នាក់​នៅ​បាន ​១៣០នាក់ និង​អាច​ទទួល​សិស្ស​ចូលរៀន​សាលា​មត្តេយ្យ​សិក្សា​ចំនួន​ ១២០​នាក់។

ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ និង​យុវនីតិ​សម្បទា​បាន​ឲ្យ​ដឹង​ថា តម្លៃ​លើ​ការសាងសង់ និង​បំពាក់​សម្ភារ​សម្រាប់​ភូមិ​កុមារ SOS ក្រចេះ ចំណាយថវិកា​សរុប​ជាង ១ ៣៣៣ ៤៨៤ ដុល្លារ​អាមេរិក​ ជា​ថវិកា​របស់​អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ ដែល​ជា​ថវិកា​ឧបត្ថម្ភ​ដោយ លោក ស្ទី​ហ្វិ​ន (Mr.Stefam) និង​លោកស្រី គ្រីស្ទី​ន បេង​សុន​(Mrs.Kristin Bengtsson) ជនជាតិ​ស៊ុយអែត។

សូម​បញ្ជាក់​ថា អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ ​ជា​អង្គការ​មនុស្សធម៌​អន្តរជាតិ មួយ​ដែល​បម្រើ​ឲ្យ​វិស័យ​សុខុមាលភាព​កុមារ មាន​ទីស្នាក់ការ​នៅ​ប្រទេស​អូទ្រីស និង​បាន​បង្កើត​ឡើង​ដោយ​លោក​បណ្ឌិត ហ័​រ​ម៉ាន ម៉ៃ​ន័​រ នៅ​ឆ្នាំ ១៩៤៩ ដោយ​បាន​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ចំនួន​១៣៣ នៅ​លើ​សកលលោក។ សមិទ្ធផល​ធំៗ​ដែល​អង្គការ​នេះ​បានរួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា រួមមាន​ការបង្កើត​ភូមិ​កុមារ​កម្មវិធី​ផ្ទះ សម្រាប់​ផ្តល់​សេវា​សង្គមកិច្ច​ផ្ទះ​សម្រាប់​យុវជន មត្តេយ្យសាលា សាលារៀន​ហ័​រ​ម៉ាន​ម៉ៃ​ន័​រ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ និង​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​ជាដើម។

ក្នុង​រយៈពេល​ជាង ១០ឆ្នាំ គិតពី​ឆ្នាំ​១៩៩៩ មកដល់ពេលនេះ អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ​បាន​អនុវត្តន៍​គម្រោង​ចំនួន៩ នៅ៥ រាជធានី​-​ខេត្ត គឺ​គម្រោង​ទី​១ គឺ​ភូមិ​កុមារ SOS ភ្នំពេញ​ថ្មី ទី​២​ភូមិ​កុមារ SOS អង្គរ​សៀមរាប ទី​៣​សាលារៀន SOS​ហ័​រ​ម៉ាន​ម៉ៃ​ន័​រ​សៀមរាប ទី​៤ ភូមិ​កុមារ SOS បាត់ដំបង ទី​៥ សាលារៀន SOS​ហ័​រ​ម៉ាន​ម៉ៃ​ន័​រ​បាត់ដំបង ទី​៦ សាលារៀន SOS ហ័​រ​ម៉ាន​ម៉ៃ​ន័​រ បាត់ដំបង​,​ទី​៧.​ភូមិ​កុមារ SOS​រតនគិរី ទី​៨​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ថ្នាក់ជាតិ​ភ្នំពេញ និង​គម្រោង​ទី​៩ ភូមិ​កុមារ SOS ក្រចេះ ​ដែល​បាន​ដាក់​សម្ពោធ​នា​ថ្ងៃនេះ។ សរុប​គម្រោង​ទាំង ៩ គឺ​បានផ្តល់​ការងារ​ដល់​អ្នកគ្រប់គ្រង បុគ្គលិក អ្នក​ម្តាយ​ថែ​ទាំង​កុមារ លោក គ្រូ អ្នកគ្រូ​ចំនួន ៣៤៥នាក់ ដែល​ផ្តល់​សេវា​កំពុង​ស្នាក់នៅ ៧០៤​នាក់ និង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​បាន​ចូល​សិក្សា ចំនួន​ ១.៥៩៩​នាក់ ដោយ​បាន​ចំណាយ​ថវិកា​សរុប​ជាង​ ១២លានដុល្លារ​អាមេរិក។ លើស​ពី​នេះ​ទៀត អង្គការ​បាន​ចំណាយ​សម្រាប់​ប្រតិបត្តិការទាំង​ភូមិ និង​ទាំង​សាលារៀន ប្រមាណ ២ លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ៕