ដោយៈលី គាំ
ប៉ុន្មានខែកន្លងមកនេះ
គណបក្សប្រឆាំងបានខិតខំប្រឹងប្រែងកៀងគរប្រជាពលរដ្ឋរាប់ម៉ឺននាក់ទូទាំងប្រទេស
ធ្វើបាតកម្មតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងតែមួយគត់គឺទម្លាក់រាជរដ្ឋាភិបាល
និងដេញនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញពីតំណែង។
ទង្វើរបស់បក្សប្រឆាំងដែលជ្រើសរើសយក
«បដិវត្តន៍ផ្កាម្លិះ» ឬភាសាសាមញ្ញហៅថា«អំណាចប្រជាជន»
ដើម្បីសម្រេចនូវគោលបំណងដ៏ខុសច្បាប់មួយ គឺខុសរដ្ឋធម្មនុញ្ញព្រះរាជា-ណាចក្រកម្ពុជា
ដែលប្រសូត្រចេញពីឆន្ទៈរបស់ក្រុមទាំងឡាយដែលស្ថិតនៅក្នុងជម្លោះកម្ពុជា
និងការរួមចំណែកយ៉ាងប្រឹងប្រែងបំផុតរបស់អង្គការសហប្រជាជាតិ និងមហាអំណាចទាំង៥
កាលពីឆ្នាំ១៩៩៣។
ខ្លឹមសារមាត្រា៩៨នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា
«រដ្ឋសភាអាចទម្លាក់ស-មាជិកគណៈរដ្ឋមន្រ្តី
ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោសតាមសម្លេងឆ្នោតពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល»។មាត្រានេះបានចែងបន្តទៀតថា«ញត្តិបន្ទោ-
សរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភាដោយ តំណាងរាស្រ្តចំនួនសាមសិបនាក់ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន»។
ថ្មីៗនេះ
កាលពីសប្តាហ៍កន្លងទៅ លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
បានជួបសវនាការជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណា-ចក្រកម្ពុជា ដែលមានរយៈពេលប្រមាណ៣ម៉ោងកន្លះនោះ
បានរៀនសូត្រយ៉ាងច្បាស់អំពីព្រឹត្តិការណ៍នយោបាយដែលបានកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា
ចាប់តាំងពីការបោះឆ្នោតសកល ថ្ងៃទី២៨ខែកក្កដាឆ្នាំទៅមិញ រហូតឈានដល់ព្រឹត្តការណ៍ថ្មីៗនេះ
គឺការប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងពួកកុបកម្មអនាធិបតេយ្យ។
បន្ទាប់ពីបានយល់ច្បាស់នូវបញ្ហានេះ
លោក សុរិយា ស៊ូប៊ែឌី បានសួរទៅ សម្តេចតេជោ ថា ឲ្យគាត់
(លោក សុរិយា ស៊ូប៊ែឌី)ធ្វើអ្វី?។ យោងតាមប្រសាសន៍របស់
សម្តេចតេជោ នៅខេត្តក្រចេះ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៤
សម្ដេចតេជោ បានមានប្រសាសន៍ថា «ឲ្យប្រាប់គណ- បក្សប្រឆាំងឲ្យចូលសភាទៅ»។
ជាការពិតណាស់ អ្នកដឹកនាំប្រទេសជាច្រើនលើពិភពលោកដែលជាមិត្តរបស់កម្ពុជា
មានការអន្ទះសារយ៉ាងខ្លាំង
ដោយបានឃើញប្រទេសកម្ពុជាដែលគេខិតខំប្រឹងប្រែងជួយ តាំងពីជាង ២០ឆ្នាំមកហើយនោះបានជួបប្រទះ
នឹងវិបត្តិនយោបាយបច្ចុប្បន្ន អ្នកដឹកនាំទាំងនោះបានស្នើដល់គណបក្សជាប់ឆ្នោតទាំងពីរ
ត្រូវជជែក ពិភាក្សា ចរចាគ្នា
ដើម្បីដោះស្រាយបញ្ហាជាប្រយោជន៍ដល់ប្រជាជាតិទាំងមូល។
ទន្ទឹមនឹងនេះ
គេនៅចាំបានថា កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣
ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
មេដឹកនាំកំពូលរបស់គណបក្សទាំងពីរ
បានជួបជុំគ្នាជាលើកទី១ គណបក្សទាំងពីរបានឯកភាពគ្នាគោរព
និងអនុវត្តដោយហ្មត់ចត់តាមព្រះរាជសាររបស់ព្រះករុណាជាម្ចាស់
អំពាវនាវចំពោះជនរួមជាតិទាំងមូល ដែលជាក្រុមបាតុករ និងក្រុមសមត្ថកិច្ច
សូមបញ្ឈប់ការប្រើអំពើហិង្សារតាមរូបភាពណាក៏ដោយ....
ដែលបណ្ដាលឲ្យបងប្អូនទាំងអស់ទទួលរងរបួស ឬបាត់បង់ជីវិត
និងបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល…។ល។
ជាសរុប
ដោយយោងទៅតាមរបបលទ្ធិប្រជាធិបតេយ្យ និងដោយឈរលើគោលជំហរផលប្រយោជន៍ជាតិ
ដើម្បីសុខមាលភាពប្រជាពលរដ្ឋទូទាំងប្រទេស មេដឹកនាំបក្សប្រឆាំងគួរទទួលយកថា
ខ្លួនជាអ្នកចាញ់ឆ្នោត ត្រូវផ្ដល់កិត្តិយសដល់គណបក្សឈ្នះឆ្នោតដែលបានអំពាវនាវហើយ
អំពាវនាវទៀតឲ្យបក្សប្រឆាំងឲ្យចូលមកដោះស្រាយបញ្ហាប្រទេសជាតិទាំងមូលរួមគ្នាដូចជាការស្នើធ្វើការកែទម្រង់ស្ថាប័នជាតិមួយចំនួនជាដើម។
ការលើកកម្ពស់
និងការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋប្រមាណ២,៩លាននាក់ ដែលគេបានបោះឆ្នោតឲ្យខ្លួននោះ
រហូតដល់ខ្លួនបានទទួល៥៥អាសនៈគឺត្រូវនាំគ្នាចូលធ្វើការក្នុងសភា ដែលជាជម្រើសតែមួយគត់
ប្រសើរជាជាងការកៀងគរប្រជាពលរដ្ឋមកធ្វើបាតុកម្ម ដែលឲ្យពួកគាត់ខាតបង់នូវពេលវេលា
បាត់បង់នូវជីវភាពប្រចាំថ្ងៃ រំខានដល់ការរស់នៅ រំខានដល់ការរកទទួលទាន
និងរំខានដល់ការអភិវឌ្ឍប្រទេសជាតិទៀតផងជាពិសេសញ៉ាំងឲ្យប្រទេសបាត់បង់ស្ថេរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពឋិតថេរដ៏យូរអង្វែង។