Tuesday, January 21, 2014

ទស្សនៈ របាយ​ការណ៏ ERA៖ កម្ពុជា​បាត់​បង់​យ៉ាង​ឆាប់​រហ័សនូវ​អ្នក​បោះ​ឆ្នោត​មិន​សប្បាយ​ចិត្ត

អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបានបង្កើត «សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត» Electoral Reform Alliance (ERA) បានចំណាយពេលយ៉ាងច្រើននៅដើមពាក់កណ្តាលឆ្នាំមុន ដោយ អះអាងថាដំណើរការនិងលទ្ធផលចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺមានកំហុសឆ្គង ហើយ ថា បញ្ហានេះធ្វើឲ្យខាតបង់ដល់បក្សប្រឆាំង។ ដូច្នេះវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ថានេះគឺជា​ប្រធាន​បទ​ចម្បងមួយនៅក្នុងរបាយការណ៍ ERA ដែលបានចេញផ្សាយនៅដើមខែ ធ្នូ ឆ្នាំទៅម៉ិញ។

បញ្ហាលើការទំនុកចិត្តបានលេចចេញឡើង ពីព្រោះការអះអាងទាំងនេះមានការខុសគ្នា ពីមួយទៅមួយយ៉ាងខ្លាំង​ ។

ការសែត Cambodia Daily នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៣ បានចុះផ្សាយបទសម្ភាសន៍ មួយជាមួយលោកស្រី Laura Thornton នាយិកាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ National Democratic Institute (NDI) ប្រចាំប្រទេសកម្ពុជា ដែលទុកខ្លួនជាអង្គការមិនមែនរដ្ឋាភិបាល (វិទ្យាស្ថាននេះ ទទួលថវិកាសឹងតែ ទាំង​ស្រុងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក) ដែលមានប្រវត្តិគាំទ្រ កំលាំងអ្នកអភិរក្សនិយម ដោយ​មិនខ្វល់​ខ្វាយចំពោះឥរិយាបថពួកគេចំពោះលទ្ធិប្រជាធិបតេយ្យ។ NDI ហាក់ដូចជាអង្គការដឹកនាំពីលើ ERA ។

គោលបំណងនៃបទសម្ភាសន៍នេះ គឺដើម្បីផ្សព្វផ្សាយលទ្ធផលអង្កេតមួយដែល លោកស្រី Thornton និយាយថាបានធ្វើដោយ «មជ្ឈមណ្ឌលសំរាប់ការសិក្សាឈានមុខ» (Center for Advanced Studies​)*។ លោកស្រី Thornton និយាយថាការសង្កេតនេះបានរកឃើញថា “២៩,៥% នៃ​ប្រជា​ពល​រដ្ឋមានបំណងបោះឆ្នោតនៅថ្ងៃបោះឆ្នោត ប៉ុន្តែមិនអាចបោះឆ្នោតបាន។”

នេះគឺជាតួលេខគួរឲ្យភ្ញាក់ផ្អើលមួយដោយមិននិយាយពីការឆ្គាំឆ្គងផង។ តួលេខនេះ មាន ន័យថា ប្រជាជនចំនួន ២,៨៦ លាននាក់ (២៩,៥% នៃអ្នកបោះឆ្នោតបានចុះបញ្ជីចំនួន ៩,៦៨ លាននាក់ ហើយចំនួននេះអាចច្រើនជាងនេះទៅទៀត។ ប្រសិនបើបញ្ចូលប្រជាជនដែលបាន គិតថាពួកគេបានចុះឈ្មោះរួចហើយ ពួកគេពុំបានចុះឈ្មោះឡើយ) បានបង្ហាញខ្លួននៅកន្លែង បោះឆ្នោត (“មានបំណងបោះឆ្នោត”) នៅថ្ងៃទី ២៨ ខែ កក្កដា ប៉ុន្តែត្រូវបានបដិសេធ។ វាក៏មានន័យ ដូចគ្នាដែរថា ក្រុមអ្នកសង្កេតការណ៍អង្គការ NGO និងបក្សប្រឆាំង CNRP នៅស្ថានីយ៍បោះឆ្នោត មិនបានកត់សំគាល់អ្នកបោះឆ្នោតជិត ១ ភាគ ៣ ត្រូវបានគេបដិ​សេធ​មិនឱ្យបោះឆ្នោត។ វាគ្មាន អ្វីគួរឲ្យភ្ញាក់ផ្អើលទេថា “ការអង្កេត” នេះហាក់ដូចជាមិនត្រូវបានចេញផ្សាយ ជាសាធារណៈ ទោះបីអ្នកនិពន្ធរបាយការណ៍ ERA នៅតែសប្បាយចិត្តដក​ស្រង់របាយ​ការណ៍គ្មានឈ្មោះរបស់ អង្គការ​ CAS ជាការគាំទ្រចំពោះការអះអាងរបស់ខ្លួន។
តួលេខខុសគ្នាស្រឡះមួយមកពី Theary C. Seng ដែលជាប្រធានស្ថាបនិក​អង្គការ​ពល​រដ្ឋ​កម្ពុជា។ គេហទំព័ររបស់អង្គការនេះ រៀបរាប់ថា អង្គការនេះ “មិនប្រកាន់គណបក្ស” ទោះបី Theary Seng បានអួតអាងជាសាធារណៈអំពីការធ្វើយុទ្ធនាការឲ្យ សម រង្ស៊ី តាំងពីឆ្នាំ ១៩៩៨ មក (អត្ថបទ “Cambodia’s tipping point “ចុះផ្សាយក្នុងការសែត Phnom Penh Post  ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៣)។ Theary Seng និយាយ ថា “១៥ % នៃអ្នកបោះឆ្នោត ប្រមាណ ១,២ ទៅ ១,៣ លាននាក់ នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៩,៦ លាននាក់” មិនអាច បោះឆ្នោត ប្រហែលពាក់កណ្តាលនៃតួលេខដែលបានលើកឡើងនៅក្នុងរបាយការណ៍ CAS ។

Theary Seng បានដកស្រង់ប្រភពនេះពីឯកសារសរសេរដោយវិទ្យាស្ថាន  NDI ។ តាម​ពិត​ឯកសារនេះ ដែលមានឈ្មោះពេញថាជា “របាយការណ៍ស្តីពីសវនកម្មបញ្ជីឈ្មោះអ្នកបោះ ឆ្នោតនៅកម្ពុជាឆ្នាំ ២០១៣” (Report on the Voter Registry Audit (VRA) in Cambodia 2013) មិនបាននិយាយអ្វីទាល់តែសោះអំពីថាតើហេតុអ្វីបានជាចំនួនអ្នកបោះឆ្នោតដែលបានចុះឈ្មោះ មិនអាចបោះឆ្នោតបាន វាមិនបាននិយាយទាល់តែសោះចាប់តាំងពីឯកសារនេះត្រូវបានរៀបចំ ឡើងនៅក្នុងខែ មីនា ឆ្នាំ ២០១៣ គឺនៅ​មុនការបោះឆ្នោត។ ហើយមិនបាននិយាយអ្វីនៅក្នុង ឯកសារនោះ ដែលអាចឱ្យខ្ញុំរក​ឃើញថាតួលេខ​របស់​ Theary Seng មានភាពត្រឹមត្រូវ ទោះបីការគិតលេខដ៏ឆ្គាំឆ្គងរបស់នាង ជាការត្រឹម​ត្រូវក៏ដោយ​ទៅ​ចុះ (១,២ ទៅ ១,៣ លាននាក់ គឺ ១២,៥% ទៅ ១៣,៥% នៃ អ្នកបោះឆ្នោត ៩,៦ លាន នាក់ មិន​មែន ១៥%ទេ)។

របាយការណ៍ NDI និយាយថា VRA មិនអាចរកឈ្មោះប្រជាជនចំនួន ១០.៨% ដែល បាននិយាយថា ពួកគាត់បានចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ បន្ទាប់ពីការស៊ើបអង្កេតស៊ីជម្រៅ បន្ថែមទៀត តួលេខ​នេះ បានធ្លាក់មកត្រឹម ៨,៨%។ របាយការណ៍សវនកម្មរបស់ NDI ដែលបាន​សរសេ​រ​មុន​ការ​កែ​តម្រូវបាននិយាយថា គម្លាតនៃភាពលំអៀងកំហុសពី ២,០% ទៅ ៣,៥%។ ដូច្នេះ ២% ក្នុងចំណោម ១០,៨% គឺមានភាពលំអៀង ១៨,៥%។

រហូតមកទល់ពេលនេះ អ្នករិះគន់ គ.ជ.ប ដែលទាំងអស់គ្នាឯកភាពគ្នាថា មានភាពមិន ប្រក្រតីអំពីការចុះឈ្មោះអ្នកបោះឆ្នោត ចំនួនប្រជាជនកម្ពុជាដែលត្រូវបានដកហូតសិទ្ធិបោះ ឆ្នោតបាន​ថយចុះពី ២៨,៥% មកនៅ ១៥% (ឬ ១៣%) រួចមកនៅត្រឹម ៨,៨%។ ប៉ុន្តែអាចនៅ មានការថយ​ចុះ​ទៀត។

អ្នកនិពន្ធរបាយការណ៍ ERA មិនបានផ្តល់តួលេខជាក់លាក់ទេ ប៉ុន្តែបានបង្ហាញតារាង​មួយ “អ្នកបោះឆ្នោតដែលមានអត្តសញ្ញាណដែលមិនមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត” ដែល​បង្ហាញ​ទំហំមួយ៖ ភាគរយស្ថានីយ៍បោះឆ្នោត ដែលនៅក្នុងនោះគ្មាននិយាយ មាននិយាយ តិចតួច មាននិយាយខ្លះ ឬមាននិយាយច្រើនអំពីឈ្មោះដែលមិននៅក្នុងបញ្ជី (រូបទី ៩)។ តារាងនេះផ្អែក​លើការសិក្សាមួយធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិកម្ពុជា (Transparency International Cambodia- TIC) ហើយយោងទៅតាមអ្នកនិពន្ធរបាយការណ៍ ERA “បានផ្តល់ព័ត៌ មានប្រកប​ដោយអន្ថន័យស្ថិតិដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត...ដោយមាន កម្រិតត្រឹមត្រូវខ្ពស់”។

យោងទៅតាមតារាងនេះ នៅក្នុងការិយាល័យបោះឆ្នោតចំនួន ៤០% មិនមានករណីណា មួយ ​អ្នកមានសិទ្ធបោះឆ្នោតដែលមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឡើយ។ លើស​ពីនេះទៀត ក៏មិនមានស្ថានីយបោះឆ្នោតណា ដែលមានករណីបែបនេះ (ច្រើនជាង ៥០ ស្ថានីយ) បាន​កើត​មាននោះទេ។ ៥២% នៃស្ថានីយបោះឆ្នោត មាន ១ ទៅ ១០ ករណី ហើយ ក្នុង ៨% មាន ១១ ទៅ ៥០ ករណី។ ដូច្នេះ “កម្រិតខ្ពស់នៃភាពត្រឹមត្រូវ” នៃការអង្កេតនេះអនុញ្ញាតឲ្យ យើង​គណ​នា​តួលេខអប្បបរិមា និងអតិបរិមាថ្នាក់ជាតិនៃសំរាប់ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលបាន​រក​ឈ្មោះ មិនឃើញ​នៅ​ថ្ងៃបោះឆ្នោត។ ដោយសារមានស្ថានីយបោះឆ្នោត ១៩.០០៩ ចំនួនអប្បបរិមាគឺ ស្មើនឹង (១៩.០០៩x៥២%)+[១៩.០០៩x(៨%x១១)] ចំណែកឯចំនួនអតិបរិមា គឺស្មើនឹង [១៩.០០៩x(៥២%x១០)]+[១៩.០០៩x(៨%x៥០)]។ តួលេខទាំងនេះគឺ អប្បបរិមា មាន ២៦.៦១៣ ហើយអតិបរិមាមាន ១៧៤.៨៨៣ ត្រូវជា ០,២៧% និង ១,៨% នៃ​ចំនួន​អ្នក​បោះឆ្នោតដែលបាន ចុះឈ្មោះ។ ចំណុចកណ្តាលនៃចំនួនអប្បបរិមា និងអតិបរិមា គឺតិច​ជាង ១០១.០០០ បន្តិចស្មើ នឹង ១,០% នៃចំនួនអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោត គឺតិចជាង ១ ភាគ ៨ នៃតួលេខ សវនកម្ម VRA ក្នុងរបាយការណ៍ NDI ។

មានការអង្កេតមួយផ្សេងទៀត ដូចរបាយការណ៏ ERA បានធ្វើការកត់សំគាល់ថា៖ “គណៈ កម្មាធិការអង្គការ NGO ស្តីពីអនុសញ្ញាលុបបំបាត់រាល់ទំរង់រើសអើងប្រឆាំងនឹងស្រ្តី (NGO-CEDAW) បានដាក់​ពង្រាយ​អ្នកសង្កេតការណ៍បោះឆ្នោតចំនួន ៧៣០ រូបទៅកាន់ស្ថានីយ បោះឆ្នោតចំនួន ៦៥៦ នៅទូទាំងប្រទេសបានកត់ត្រាការរកឃើញស្រដៀងគ្នានេះដែរ។ មាន សរុប ១.៧៧២ ករណី នៃអ្នកដែលមានសិទ្ធិបោះឆ្នោតត្រូវបាន​រាយការណ៍ថាមិនអាចរក ឈ្មោះ របស់ខ្លួនឃើញនៅក្នុងបញ្ជីបោះឆ្នោត​” គឺជាមធ្យមមាន ២,៧ ករណីក្នុងស្ថានីយបោះឆ្នោត នីមួយៗ។ ដោយយកតួលេខនោះ​មក​គិតជា​មួយ​ស្ថានីយ៍បោះឆ្នោតចំនួន ១៩.០០៩ នោះចេញជា តួលេខសរុប ចំនួន ៥១.៣២៤ ឬ ច្រើនជាងពាក់កណ្តាលនៃចំនួន ១% នៃអ្នកដែលបានចុះឈ្មោះ បោះឆ្នោត។

ប៉ុន្តែ មិនមានការចាំបាច់អ្វីពឹងលើការអង្កេតទាំងនេះទេ ព្រោះថា​ អង្គការ COMFREL មានអ្នកសង្កេតការណ៍នៅគ្រប់ស្ថានីយបោះឆ្នោតទាំងអស់ហើយ។ របាយការណ៍ ERA បានប្រាប់ យើង​នូវអ្វីដែល​ពួក​គេបានឃើញ៖ “អ្នកតាមដានរបស់អង្គការ COMFREL នៅថ្ងៃបោះឆ្នោត បាន សង្កេតឃើញ​យ៉ាងតិច ៩.០៥២ ករណីនៃពលរដ្ឋដែលមិនអាចបោះឆ្នោតបាន ដោយសារពួក គាត់រកឈ្មោះរបស់​ខ្លួន​មិនឃើញនៅក្នុងបញ្ជីបោះឆ្នោត។” ពោលគឺ  អ្នកសង្កេតការណ៍ COMFREL បានរកឃើញ ៩.០៥២ ករណីបែបនេះនៅទូទាំងប្រទេស។ ពាក្យថា “យ៉ាងតិច” មានន័យថា អាចមានច្រើនជាងនេះ ប៉ុន្តែអ្នកសង្កេតការណ៍ COMFREL ដែលបានឃើញ តែមិនបានកត់ សំគាល់នូវពលរដ្ឋដែល​រក​ឈ្មោះ​ពួកគាត់មិនឃើញនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត មានន័យ ថាពួកគេមិនបានបំពេញ​កា​រ​ងាររបស់ខ្លួន។

នេះយើងមានរួចហើយ៖ “អ្នកតាមដាន” តែងតាំងដោយខ្លួនឯង មើលការបោះឆ្នោតនៅ កម្ពុជា បានឯកភាពគ្នាថាចំនួនអ្នកមានសិទ្ធិបោះឆ្នោត ដែលឈ្មោះរបស់ពួកគេមិនមាននៅក្នុង បញ្ជីបោះឆ្នោត គឺមានជិត ៣ លាននាក់ ហើយនិង ១,២ ទៅ ១,៣ លាននាក់ ហើយនិងជាង ១.០៤៥ លាន បួនម៉ឺនប្រាំពាន់នាក់ (៨,៨% នៃ អ្នកចុះឈ្មោះបោះឆ្នោត ៩,៦៨ លាននាក់) ហើយ និង ១០១.០០០ នាក់ ហើយនិង ៥១.០០០ នាក់ និង ៩.០០០ នាក់។ តើប្រជាជនកម្ពុជាមិន សំណាងទេឬ ដែលមានអ្នកជំនាញការបែបនេះប្រាប់រដ្ឋាភិបាល និង គ.ជ.ប. អំពីថាតើត្រូវរៀបចំ ដំណើរការបោះឆ្នោតរបៀបណានោះ!

*របាយការណ៍ ERA ហៅខ្លួនឯងដូចឈ្មោះរបាយការណ៍នេះ ប៉ុន្តែគេហទំព័ររបស់អង្គការ នេះមានឈ្មោះថា Center for Advanced Study (CAS) ទៅវិញ៕

ដោយ  Allen Myers