Wednesday, January 22, 2014

សម្តេច​​តេជោ​ស្វាគមន៍​​ចំពោះ​​​ការ​​សាក​​ល្បង​​បង្កើត​​ចលនា​​ភូមិ​ថ្មី​​នៅ​​កម្ពុជា

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ បាន​ចាត់​ទុក​ចលនា​ភូមិ​ថ្មី​ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​ក្នុង​សា​ធា​រណ​រដ្ឋ​កូរ៉េ​ ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃរបស់​ប្រជាជន​កូរ៉េ ព្រោះ​ចលនា​ភូមិ​ថ្មី​បាន​គ្រប​ដណ្តប់​លើ​​គ្រប់​វិស័យ ដែល​អាច​ជា​ចលនា​ធ្វើ​ឲ្យ​ប្រជាជន​មាន ម្ចាស់ការ​លើ​ខ្លួនឯង។ ។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​នៅ​វិមាន​សន្តិភាព លោក​សា​ស្ត្រា​ចារ្យ Choi oe Chool មានប្រសាសន៍ថា គោលបំណង​របស់លោក មកកាន់​កម្ពុជា​នា​ពេល​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​ជួយ​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍​ចលនា​ភូមិថ្មី ដោយលោក​បាន​សម្តែ​ង​​ក្តី​​សង្ឃឹមថា បទពិសោធន៍ ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទាំង​ជោគជ័យ និង​បរាជ័យ ដែល​កូរ៉េ​ធ្លាប់​​បាន​ទទួល​មក អាច​ផ្តល់​ឲ្យ​កម្ពុជា ដើម្បី​ទទួលយក និង​ប្រែក្លាយ​ជំរុញ​ការអភិវឌ្ឍន៍​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ​ភាពល្អប្រសើរ​នោះ។

ឯកឧត្តម​ជំនួយការ​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ​លោក​សាស្ត្រាចារ្យ Choi oe Chool អ្នកជំនាញ ជាន់ខ្ពស់​ផ្នែក អភិវឌ្ឍន៍​ចលនា​ភូមិ​ថ្មី នៃ​សាធារណរដ្ឋ​កូរ៉េ បាន លើកឡើង​នូវ​សំណើ​ចំនួន ៣ចំណុច​ពាក់ព័ន្ធ​នឹង​ការជំរុញ​ការអភិវឌ្ឍន៍​ចលនា​ភូមិ​ថ្មី​នេះ​គឺ​ទី​១-​ស្នើសុំ ​ឲ្យ​មានការ​រៀបចំ​គម្រោង​​រួមគ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​សាកលវិទ្យាល័យ​ដើម្បី បណ្តុះបណ្តាល​អ្នក​ជំនាញ​​ការ​លើ​វិស័យ​ចលនា​ភូមិ​ថ្មី​នេះ ទី​២-​រៀបចំ​វេទិកា​ដើម្បី​ធ្វើ​បទ បង្ហាញ​ពាក់ព័ន្ធ​នឹង​ចលនា​​ភូមិ​ថ្មី និង​ទី ៣-​រៀបចំ ​ធ្វើ​គម្រោង​សាកល្បង​នៅ​ភូមិ ២ ឬ ៣ នៅក្នុង កម្ពុជា​នោះ។ លោក​​សាស្ត្រាចារ្យ​បាន​សម្ដែង​នូវ​ការ​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន កត់​សម្គាល់​ឃើញ​នូវ​ការអភិវឌ្ឍន៍​របស់​កម្ពុជា និង​បាន​សិក្សា​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​កម្ពុជា ដែល​ប្រហាក់ប្រហែល​ជាមួយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​សាធារណរដ្ឋ​កូរ៉េ​នោះ។

ទាក់​ទង​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ចលនា​ភូមិ​ថ្មី​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មានតម្លៃ របស់​ប្រជាជន​កូរ៉េ ហើយ​សម្តេច​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ជាមួយ​ចលនា​ភូមិ​ថ្មី​នេះ ព្រោះ​ចលនា​ភូមិ​ថ្មី​បាន​គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ ដែល​អាច​ជា​ចលនា​ធ្វើ​ឲ្យ​ប្រជាជន​មាន ម្ចាស់ការ​លើ​ខ្លួនឯង។ សម្តេច​តេ​ជោ​បាន​ណែនាំ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដឹក​នាំ​គម្រោង​នេះ សហការ​ជាមួយ​លោក​សាស្ត្រាចារ្យ Choi oe Chool ដែលជា ​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​ចលនា​ភូមិ​ថ្មី​នេះ។ សម្តេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា ចំពោះ​ភូមិ​ដែល​ត្រូវ​សាកល្បង​នោះ គប្បី​ជ្រើស​រើស​យក​ភូមិ​ដែល​នៅ​តំបន់​ខុសៗ​គ្នា ដូចជា​ភូមិ​នៅ​តាម​មាត់ទន្លេ តំបន់ ឦ​សាន្ត​ឬ​តំបន់​ដទៃទៀត។ ពាក់ព័ន្ធ​នឹង​បទ​បង្ហាញ​វិញ សម្តេច​តេជោ​បាន​ថ្លែង​​ថា គប្បី​ធ្វើ​នៅ ក្នុងប្រទេស​កម្ពុជា ជា​ការ​ល្អ​ព្រោះ​អាច​ធ្វើ​ការ​ចំណាយ​តិច និង​អាច​មាន​អ្នកចូលរួម និង​អ្នក អនុវត្តន៍​បាន​ច្រើនជាង៕