Tuesday, January 28, 2014

បទអត្ថាធិប្បាយ៖ គណ​បក្សប្រឆាំង​មាន​ជំ​នាញ​បង្វែរសាច់​រឿង​

សង្គមកម្ពុជាធ្លាប់បានទទួលរងនូវព្យុះវិនាសកម្មដ៏ខ្លោចផ្សារ​ និងគួឲ្យរន្ធត់តក់ស្លុតនៅចន្លោះឆ្នាំ១៩៧៥
ដល់ ឆ្នាំ១៩៧៩។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារ​ទឹក​ចិត្តស្នេហាជាតិដ៏ស្រួចស្រាល់ បានជំរុញឲ្យ​វីរៈបុរសរបស់កម្ពុជាដ៏អង់អាចក្លាហាន គឺ​សម្តេច​តេជោ ហ៊ុន សែន ហ៊ានបូជា និងពលីគ្រប់បែប​យ៉ាង​ដើម្បី​តស៊ូ​ប្រយុទ្ធ​​ប្រឆាំងនឹង​ព្យុះដ៏កំណាចនេះ ដើម្បីរំ​ដោះជាតិ និងប្រជាជនដែលជាទីស្រលាញ់ និង​​ទទួល​បាន​ជ័យជំនះ​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

          ដូច្នេះ ព្យុះ​ដ៏កំណាចនោះ​ត្រូវបានរសាត់ចេញពីទឹកដីសុវណ្ណភូមិដែលធ្លាប់មានប្រជាប្រិយ​ភាពនៅ​លើ​ឆាកអន្តរជាតិមួយនេះ ដោយបន្សល់ទុកគ្មានអ្វីក្រៅតែពីគំនរផេះ និងកាកសំណល់សង្រ្គាមតែប៉ុណ្ណោះ​។

ចាប់តាំងពីពេលនោះមក ការអភិវឌ្ឍន៍ក៏បានដុះ​ពន្លកឡើងសារជាថ្មីម្តងទៀតដោយ​ចាប់​ផ្តើម​ចេញ​ពី​ចំ​នុច​សូន្យ។​ ទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានថែទាំយ៉ាងយកចិត្តទុកដាក់ប្រកបដោយ​មនសិការ និងការ​ទទួលខុស​ត្រូវខ្ពស់ចំពោះដំណាំអភិវឌ្ឍន៍នេះ ដោយការដាក់ជី ស្រោចទឹក និងពូនជ្រុំជាប្រចាំ ពោល​គឺរាជ​រដ្ឋា‑​ភិបាល​ខិតខំពង្រឹងទំនាក់ទំនងអន្តរជាតិដោយបើកចំហរ និងកៀងគរការវិយោគ​មកលើទឹកដី​សុវណ្ណ​ភូមិ​ដ៏សំបូរបែបមួយនេះ។

ជាលទ្ធផល ការខិតខំប្រឹងប្រែងនេះ មិនធ្វើឲ្យជាតិ និងប្រជាជនរបស់​សម្តេចខក​ចិត្ត​ឡើយ ពោល​គឺ​រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ហើយ​មាន​លំហូរ​នៃ​វិនិយោគិនបរទេសជាច្រើនចូលមកកាន់កម្ពុជា ដែលជាកាសដ៏មាន​តម្លៃសម្រាប់ប្រជាជន​កម្ពុជា​ក្នុង​ការទទួល​បានការងារធ្វើ។
 
ទោះបីជាយ៉ាងនេះក្តីឱកាសដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជានេះ ត្រូវបានអ្នក​​នយោបាយ​ប្រឆាំង​ និង​អ្នក​ស្នេហា​ជាតិដែល​មាន​តែនៅ​លើ​បបូរមាត់​ ព្យាយាម​បំផ្លិចបំផ្លាញតាមរយៈការញុះញង់​ឲ្យកម្មករធ្វើបាតុកម្ម​ទាមទារតម្លើងប្រាក់ខែយ៉ាង​គំ​ហ៊ុក។ ប៉ុន្តែធាតុពិត ការ​ប្រឆាំង​ទាំង​អស់​នោះ​ គឺជា​យុទ្ធសាស្រ្តរកស៊ីរបស់ក្រុម​ឈ្មួញ​នយោបាយទុច្ចរិត តែប៉ុណ្ណោះ ដែល​ពួក​គេធ្វើ​ឡើងដើម្បីទាញយកផល​ចំណេញ​សំខាន់​ពីរយ៉ាងគឺ

ទី១.​ ផលចំណេញផ្នែកនយោបាយ៖ ក្រុមឈ្មួញនយោបាយទាំងនោះបានញុះញង់​ឲ្យកម្មករធ្វើ​បាតុ​កម្ម​​ទាមទារតម្លើងប្រាក់ខែ ក្នុងចេតនាបង្វែរបញ្ហានេះទៅជារឿងនយោបាយទៅវិញ។ ក្នុងបញ្ហានយោបាយ ពោល​គឺអស់លោកដែលជាឈ្មួញនយោបាយទាំងនោះ បានទៅដឹកនាំក្រុមបាតុករ ហើយបានស្រែក​ទាមទារ​ឲ្យ​មានការបោះឆ្នោតឡើងវិញ ហើយថែមទាំងទាមទារឲ្យសម្តេចនាយករដ្ឋមន្ត្រីចុះចេញពីតំណែងទៀតផង។

ម្យ៉ាងទៀត ក្រុមឈ្មួញនយោបាយទាំងនោះក៏បានទៅអុកឡុកនៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ច​ពិសេ​ស ថែម​​ទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ និងបានគម្រាមកំហែងឲ្យកម្មករធ្វើបាតុកម្ម ជាពិសេស​អស់​លោកទាំងនោះក៏បានញុះញង់កម្មករឲ្យធ្វើបាតុកម្មប្រើអំពើហិង្សា បង្កអសន្តិសុខជាតិ និងធ្វើឲ្យសង្គម​បាត់​បង់សណ្តាប់ធ្នាប់សាធារណៈ ហើយនិងបានទៅតវ៉ានៅតាមស្ថាប័នជាតិសំខាន់ៗ ក្នុងចេតនា​ប៉ុនប៉ងផ្តួល​រំលំ​រដ្ឋាភិបាលស្របច្បាប់ ដែលបានឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងមានសម្លេង​គាំទ្រ​ចំនួន៦៨ អាសនៈនៅក្នុងរដ្ឋសភា។ នេះជាចេតនាទុច្ចរិតយ៉ាង​ពិត​ប្រាកដ ពិសេសដែលច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា​មិនអាច​លើកលែងឲ្យបាន ដោយហេតុថា អំពើទាំងអស់នេះត្រូវបានបំពេញគ្រប់​លក្ខខណ្ឌនៃធាតុផ្សំ​បទ​ល្មើស​ដែល​មាន​ស្ថានទម្ងន់ទោសដូចដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ទី២. ផលចំណេញផ្នែកហិរញ្ញវត្ថុ៖រាល់ពាណិជ្ជករ ឈ្មួញ ឬអាជីវករក្តី តែងធ្វើជំនួញ​ហើយចង់​បាន​ចំណេញ ដែលនេះជាគោលដៅសំខាន់របស់អ្នកសេដ្ឋកិច្ច។ ជាការពិត នេះ​មិនមែនជារឿងចៃដន្យ​ទេដែល​ក្រុម​ឈ្មួញ​នយោ​បាយ​ទាំងនោះ គឺសុទ្ធសឹងតែជាអ្នកបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច ហេតុដូច្នេះ ការធ្វើ​ជំនួញ​​របស់គេមិនងាយនឹងថ្លោះធ្លោយឡើយ។ មិនថ្លោះធ្លោយនៅត្រង់ថា ពួកគេបានទទួល​ចំណូល​ថវិកា​តាមរយៈការប្រើពាក្យថា មូលនិធិសង្រ្គោះជាតិ ហើយទទួលផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិន​ចាំ​បាច់ប្រើធនធានផ្ទាល់ខ្លួនក្នុងការវិនិយោគទៅលើមុខរបររកស៊ីរបស់ពួកគេឡើយ ហើយនេះ​ក៏ជា​ឱកាស​សម្រាប់​ពួកគេក្នុងការដូរម៉ូតរថយន្ត​ទំនើបៗនិងទាន់សម័យទៅតាម​ទំនោរសម្ភារៈនិយម​របស់​ពួកគេ។​​​ពួកគេក៏មានជីវភាពធូធារទៅតាមចំណូលនោះដែរ។ ផ្ទុយទៅវិញ អ្នកដែលត្រូវ​ខាតបង់ថ​វិកា​​នោះ គឺ​ជា​សកម្មជនដែលគាំទ្រពួកក្រុមឈ្មួញទាំងនោះតែប៉ុណ្ណោះ​។ ដោយហេតុថា សកម្មជន​ទាំងនោះគ្មាន​បាន​ទទួល​​​ផលប្រយោជន៍អ្វីបន្តិចសោះ។

គួរកត់សំគាល់ថា ប្រទេសកម្ពុជាជាប្រទេសដែលគោរពនូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយប្រទេសកម្ពុជាមានប្រព័ន្ធច្បាប់មួយដ៏រឹងមាំ ដើម្បីធានាបាននូវយុត្តិធម៌សង្គម។ ការធានាបាននូវ​យុត្តិ​ធម៌សង្គមពោល គឺតាមរយៈយន្តការតុលាការ។ តុលាការ គឺជាស្ថាប័នអំណាចឯករាជ្យមួយក្នុង​ចំណោម​ស្ថាប័ន​អំណាចទាំងបីរបស់រដ្ឋមានជាអាទិ៍៖ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រត្តិបត្តិ និងស្ថាប័នតុលាការ។

ទោះបី​ជាយ៉ាងណាក៏ដោយ ស្ថាប័នដែលមានតួនាទីធានាការអនុវត្តច្បាប់មួយនេះ ត្រូវបានក្លាយជា​ចំណាប់ខ្មាំង​របស់​ក្រុមឈ្មួញនយោបាយទុច្ចរិតបច្ចុប្បន្ន។ ដោយហេតុថា បើទោះបីជាតុលាការបានរកឃើញ ឬបានប្រកាស​អំពីពិរុទ្ធភាព​ទៅលើជនល្មើសទាំងនោះក៏ដោយ គឺពួកក្រុមឈ្មួញនយោបាយទាំងនោះ​បាន​ស្រែកថា ការចោទ​ប្រកាន់ ឬការអនុវត្តបណ្តឹងអាជ្ញាររបស់តំណាង​អយ្យការត្រូវបានស្ថិតនៅក្រោមហេតុ​ផល​ នយោបាយទៅវិញ។

សរុបសេចក្តីមក ការយកយន្តការតុលាការមកធ្វើជាចំណាប់ខ្មាំងរបស់ក្រុមឈ្មួញនយោបាយទាំងនោះ គឺជាទង្វើមួយដែលត្រូវបានបណ្តារនិស្សិត ឬបញ្ញាវ័ន្តដែលមានជំនាញវិជ្ជាជីវៈ​ខាងផ្នែកវិទ្យាសាស្រ្ត​សង្គម​មើល​ឃើញថា វា​ជាវិធីសាស្រ្តក្នុងការដោះសារដែលមិនមានការទទួលខុសត្រូវ​ចំពោះអំពើដែលផ្ទុកលទ្ធភាព​នៃបទ​ល្មើស​របស់ពួកគេតែប៉ុណ្ណោះ។​ ជាពិសេសបញ្ហានេះ គឺជាឧបសគ្គមួយយ៉ាងធំក្នុងដំណើរការ​អភិវឌ្ឍន៍​លទ្ធិ​ប្រជាធិបតេយ្យ និង នីតិរដ្ឋនៅកម្ពុជា។

ដោយ៖ សៀន វិបុត្រ