Tuesday, January 28, 2014

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ទាត់​ចោល​របាយការណ៍​រួម​របស់ ERA ស្តីពី​ដំណើរ​ការ​រៀប​ចំការ​បោះ​ឆ្នោតនៅ​កម្ពុជា

រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​បកស្រាយ​បំ​ភ្លឺ ចំ​ពោះ​របាយការណ៍​រួម​របស់​សម្ព័ន្ធ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​ ERA ស្តីពី​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដោយ​បាន​ហៅ​របាយការណ៍​រួម​នោះ​ថា បាន​ធ្វើ​ឡើង បំ​ភ្លៃ​ការ​ពិត ​ភូត​កុហក់​សាធារណ​មតិជាតិ​‑ អន្តរជាតិ និង​ដើម្បី​តែ​គាប់​ចិត្ត​អ្នក​នយោបាយគណបក្ស​ប្រឆាំងតែ​ប៉ុណ្ណោះ។​

នៅ​ក្នុង​ឱកាសនេះ​ ក៏មាន​ការ​ផ្សព្វ​ផ្សាយ​ សៀវ​ភៅ​ដែល​ផលិត​ដោយ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​ ជា​ភាសាខ្មែរ និង​អង់​គ្លេស បកស្រាយ​បំ​ភ្លឺ ចំ​ពោះ​របាយការណ៍​របស់​សម្ព័ន្ធ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​ ជូន​ដល់​អ្នក​ចូល​រួម​ស្តាប់​បទ​បឋកថា ហើយ​សៀវ​ភៅ​នេះ ក៏មាន​បង្ហោះ​ក្នុង​គេហទំ​ព័ររបស់​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ដែល​មាន​អសយដ្ឋាន www.pressocm.gov.kh  ផង​ដែរ។

មានប្រសាសន៍ទៅ​កាន់​​អ្នក​ចូល​រួម​ស្តាប់​ មក​ពី​តំ​ណាង​គ្រប់​ក្រសួង​      មន្ទីរ ស្ថាប័ន ​រដ្ឋសភា ព្រឹទ្ធសភា  ​ក្រុម​​យុវជន និង​តំ​ណាង​មក​ពី​ស្ថានីយ៍​វិទ្យុ​ ទូ​រទស្សន៍ អ្នក​សារព័ត៌មាន សរុប​​ប្រមាណ១៥០០នាក់​ ​  ​ ​​ ឯកឧត្តម​ឧប​នាយក​​​រដ្ឋមន្ត្រី​ សុខ អាន​ បាន​ធ្វើ​ការ​បកស្រាយ ពន្យល់​​យ៉ាង​ពិស្តារជុំ​វិញស្ថានការណ៍​នយោបាយ​ពិត​នៅ​កម្ពុជា​ និងអំពី​ដំ​ណើរការ​រៀប​ចំការ​​បោះ​ឆ្នោតដែល​បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹម​ត្រូវ​ យុត្តិធម៌​ និង​តម្លាភាព​នាពេល​កន្លង​មក​ តប​ទៅ​នឹង​​របាយការណ៍​បំ​ភ្លើសរបស់ ERA ដែល​រួម​មាន​៖

១.  របាយការណ៍រួម ស្តីពីការរៀបចំការបោះឆ្នោត​ឆ្នាំ២០១៣ នៅកម្ពុជា របស់​សម្ព័ន្ធកំណែទម្រង់​​​ការ​បោះ​ឆ្នោត (ហៅកាត់ថា របាយការណ៍​​​រួមរបស់ ERA) បានចោទថា គ.ជ.ប ធ្វើការពុំមានតម្លាភាព ប៉ុន្តែតាមពិត គ.ជ.ប ធ្លាប់បានរៀប​ចំការបោះឆ្នោតចំនួន១១លើករួចមកហើយ ដែលធ្លាប់បានទទួ​ល​​​ការកោត​សរសើរពី​អ្នកសង្កេតការបោះឆ្នោតអន្តរជាតិ ​ថា «ការបោះឆ្នោត​នៅ​កម្ពុជា ​ជា​​អច្ឆរិយៈ​នៅ​តាម​​​ដង​​ទន្លេ​មេគង្គ»។

២.  របាយការណ៍រួមរបស់ ERA នេះ លើកឡើងថា បណ្តាញ​​​ផ្សព្វផ្សាយ​​ព័ត៌មានមិនមាន​​តុល្យ​ភាព​​។ ផ្ទុយទៅវិញ ​របាយការណ៍នេះ​ពុំបាន​រំលេ​ច​​ឡើង​អំពី Facebook ឬYouTube ដែលមានចរិតបំភ្លៃ បំផ្លើស ធ្វើ​វិទ្ធង្សនា និងបង្កចលាចល​ដល់​សង្គម​នោះទេ។ ដោយឡែក CNRP ​​បានផ្សព្វផ្សាយ​ជារៀងរាល់ថ្ងៃតាមវិទ្យុ​សំបុក​ឃ្មុំ វិទ្យុមហា​នគរ វិទ្យុសំឡេងស្រ្ដី វិទ្យុសំឡេង​ប្រជាធិបតេយ្យ ​ VOA និង RFA ព្រមទាំង ភ្នំពេញ​ប៉ុស្ដិ៍ ខេមបូឌា​ដេលី មនសិការខ្មែរ និងនគរធំ ជាដើម។ សារព័ត៌មានទាំងនេះភាគច្រើន​ផ្សព្វផ្សាយ​​ព័ត៌មាន​អវិជ្ជ​មាន មួល​បង្កាច់​​​​រាជរដ្ឋាភិបាល​ និង CPP ។ ក្នុងអំឡុងពេល១ខែ នៃយុទ្ធនាការបោះឆ្នោត គ.ជ.ប បានបែង​ចែកពេល​វេលា​​ស្មើៗគ្នាដល់គណបក្សនយោបាយ តាមបណ្ដា​ញវិទ្យុនិងទូរទស្សន៍​រដ្ឋ។

៣.  របាយការណ៍រួមរបស់ ERA នេះបានទទួលស្គាល់ថា នៅ​កម្ពុជា មាន​លិខិត​បទដ្ឋានគតិយុត្ត​គ្រប់គ្រាន់​ដើម្បី​​ធានា​នូវ​តម្លា​ភាពនិង​​អព្យា​ក្រឹតភាពរបស់​មន្ត្រីរាជការ​ និងកម្លាំងប្រដាប់​អាវុធក្នុងសកម្មភាព​នយោបាយ ប៉ុន្តែ​មិនត្រូវបាន​អនុវត្ត ព្រោះពួកគេ​នៅតែចូលរួម​ក្នុង​សកម្ម​ភាព​របស់​គណបក្ស​​នយោ​បា​យ​​ដដែល។ ការលើកឡើង​នេះគឺផ្ទុយនឹងគោលការណ៍​ច្បាប់ នីតិវិធី​ផ្ទៃ​ក្នុង​របស់ គ.ជ.ប ក៏ដូចជា​​​លិខិតូបករណ៍នានា​ពាក់ព័ន្ធ​​នឹង​​សិទ្ធិ​មនុ​ស្ស​ ហើយសូម្បីតែ ​លោក ស៊ូរីយា ស៊ូប៊ែរឌី ក៏យល់​ឃើញ​​ថា មន្ត្រី​មានសិទ្ធិ​សេរីភាព ក្នុងការចូលរួម​សកម្មភាពនយោបាយក្រៅម៉ោងបំពេញការងារ។

៤.  របាយការណ៍រួមរបស់ ERA នេះ បានបង្ហាញថា អង្គការ​ NDI បាន​ធ្វើ​សវនកម្ម​​​​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយចោទ គ.ជ.ប ថា បានធ្វើឱ្យបាត់ឈ្មោះ១,០៤លាននាក់ ចំណែកឯ COMFREL ថា បាត់​ឈ្មោះ​ ១,២៥​លាន​នាក់។ នៅខែតុលាឆ្នាំ២០១៣នេះ ក្នុងការធ្វើបច្ចុប្បន្នភាព​បញ្ជីឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​​ អ្នក​ទៅចុះឈ្មោះបោះ​ឆ្នោតពិតប្រាកដបានតែ ១៨៧.១១១នាក់ រួមទាំងលោក សម រង្ស៊ី និង​យុវជន​គ្រប់​អាយុ​១៨ឆ្នាំផង​។ ប្រសិនបើពិតដូចការរក​ឃើញ​របស់ NDI និង COMFREL និង​ដូច​ CNRP បាន​ចោទថា​ មនុស្សជាង​១លាននាក់ ត្រូវបាន គ.ជ.ប ​លុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ តើពួកគា​ត់​​នៅឯណា​? ហេតុអ្វី​បានជាអង្គការទាំងពីរ និង CNRP មិនប្រមូល​មនុស្ស​ទាំងអស់នោះ មកចុះឈ្មោះនៅខែតុលា ឆ្នាំ២០១៣​នេះ?

៥.    របាយការណ៍រួមរបស់ ERA នេះ ក៏បាន​ចោទថា ប្រជាពល​រដ្ឋ​​ចំនួនជាង ៥០% បាន​បាត់​ឈ្មោះ ឬឈ្មោះគាត់ត្រូវ​បាន​អ្នកដទៃបោះឆ្នោតរួចហើយ នៅការិយាល័យមួយ​ស្ថិតនៅ​សាលា​​​​​​រៀនវត្តសន្សំកុសល សង្កាត់បឹងទំពន់។ តាម​ការ​អះ​អាង​​​របស់​​ប្រធាន CEC ​​ថា នៅថ្ងៃ​បោះ​ឆ្នោត មាន​​​សកម្មជន​របស់ CNRP មួយក្រុម​​​ជិត ១០០នាក់ ក្នុងនោះ​មានតែ៤-៥នាក់​មាន​​ទីលំ​​នៅ​ក្នុ​ង​សង្កាត់នេះ បានបង្កភាពចលាចលថា បាត់ឈ្មោះ គ្មានឈ្មោះ ទឹកខ្មៅអាច​លាង​ជ្រះ ស្រែកថា​ «លេខ​៧ៗ»​។​ក្រុមនេះបានគំរាម​មន្រ្តី​ការិយា​ល័យ​​បោះឆ្នោត​​ថា «ចេញពីការិយាល័យនឹង​សម្លា​ប់​​ចោ​ល​» ជាដើម​។ តាម​ការ​ពិត​ នៅមណ្ឌលនេះ​ពុំមាន​អ្វី កើត ឡើងទេ លើកលែងតែ​ករណីលោកស្រីម្នាក់ដែល​អះអាង​ថា ឈ្មោះ​​គាត់​ត្រូវ​បាន​គេបោះរួច។ ក្នុងខែ​តុលា កន្លងមកនេះ នៅសង្កាត់បឹងទំពន់ មានអ្នកចុះឈ្មោះថ្មី ត្រឹមតែប្រមាណ២០០នាក់​ប៉ុណ្ណោះ។ ទិន្នន័យ​នេះ គឺជាភស្តុ​តាង​បញ្ជាក់​ថា របាយការ​ណ៍​​រួមនេះ​បានប្រឌិ​ត​​តួ​លេខ ដើ​ម្បី​​​ភូតកុហក ដោយ​​ប្រើពាក្យ​ស្រាវជ្រាវ​ជា​ខែលប៉ុណ្ណោះ។

៦.  របាយការណ៍រួមរបស់ ERA នេះ បានលើកអំពី​ឈ្មោះ​ស្ទួ​ន ដែល​​​អាចលួច​បន្លំសន្លឹកឆ្នោត ដូចជា៖ ​អ្នក​មិនមានសិទ្ធិបោះឆ្នោតបាន​បោះ​ឆ្នោ​ត ​អ្នក​មានឈ្មោះ​ស្ទួន​បោះឆ្នោតបានច្រើនជាងមួយដង និងមន្ត្រីការិយាល័យ​បោះឆ្នោតអាច​ញាត់សន្លឹកឆ្នោតចូលហិបឆ្នោត។ តាមនីតិវិធីនៃការលុប​ឈ្មោះ​​ ទាល់តែមានការ​ស្នើសុំពីសាមីខ្លួន ឬ​អ្នកទីបីដោយមាន​ភស្តុតាង​ច្បាស់​លាស់ ទើប គ.ជ.ប អាចលុបឈ្មោះចេញ​ពី​បញ្ជី​​បោះ​ឆ្នោតបាន។ តាមច្បាប់​បោះឆ្នោត គណប​ក្ស​​នយោបាយ​​​មានសិទ្ធិប្ដឹងស្នើសុំបញ្ចូល​ឈ្មោះ​ដែល​បាត់​ ឬលុបឈ្មោះស្ទួន​ ប៉ុន្តែនៅឆ្នាំ២០​១​២ ហេតុអ្វីបានជា​គណបក្សប្រឆាំង​​​មិនចូលរួម​អនុវត្ត​សិទ្ធិ​របស់ខ្លួន?

តើ​អ្នកគ្មានសិទ្ធិបោះឆ្នោត អាចបោះឆ្នោតបានដោយ​ប្រើ​ប្រាស់​​ឈ្មោះ​អ្នកដទៃ និង​អ្នកលួចញាត់​សន្លឹកឆ្នោត​​ក្នុង​ហិបឆ្នោត បានយ៉ា​ង​​ដូចម្តេច បើមន្រ្តីការិយាល័យបោះឆ្នោតមានចំនួន៦នាក់ តំណាងគណប​ក្ស និងអ្នក​សង្កេតការណ៍ COMFREL មាន៧នាក់ ក្នុងនោះមាន CPP តែ២នាក់ នៅការិយា​ល័​យ​​បោះឆ្នោត? ចំណែកមេដឹកនាំ CNRP តែងចោទ គ.ជ.ប ថា ជាចោរ​លួច​​សន្លឹក​ឆ្នោត ដូច្នេះមានន័យថា មេដឹកនាំ​ទាំងនេះកំពុងតែចោទតំណាងរបស់ខ្លួន និង​ COMFREL ថា អ្នកទាំងអស់នោះសុទ្ធសឹ​ង​​តែជាចោរ​ ទើបអាច​លួច​សន្លឹក​​ឆ្នោតបាន។

៧.  អំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត (ប័ណ្ណខៀវ)៖ ប្រជា​ពលរដ្ឋ​​តែង​តែ​បាត់ឯកសារ​បញ្ជា​ក់​​​អត្ត​សញ្ញា​ណ។ ការចេញប័ណ្ណខៀវនេះ គឺដើម្បី​ធា​នា​​ដល់​សិទ្ធិ​​ពលរដ្ឋ ​ដែល​​មាន​សិទ្ធិ​​បោះ​ឆ្នោត។ ប័ណ្ណ​ខៀវត្រូវបានចែក​​​សម្រាប់​បោះឆ្នោត​ឆ្នាំ២០១៣ ចំនួន ១.៨៦០.៤៩១​សន្លឹក ក្នុងនោះចំនួ​ន ២៧២.៤៤​៧​​ សន្លឹក ចេញមុនពេល​​បោះឆ្នោត។ ​របាយការណ៍​រួមរបស់ ERA លើកឡើងថា តួលេខ​​ប័ណ្ណ​ខៀវចេញ​ចុងក្រោយ មាន​ប្រហែល​នឹង​សំឡេងឆ្នោតដែល​​​ CPP ឈ្នះ CNRP ដើម្បីធ្វើ​ឱ្យ​អ្នក​អាន​យល់​ច្រឡំ​​ថា​ គ.ជ.ប ធ្វើ​ប័ណ្ណ​ខៀវ​មុន​ពេល​បោះ​ឆ្នោ​ត ឱ្យ​អ្នក​គាំទ្រ ​CPP​ ទើប​បាន​ជា CPP ​ឈ្នះប្រហែល​២៨ម៉ឺន​សម្លេង​។ ដើម្បីទាញការសន្និដ្ឋានទៅរកការលួចបន្លំសន្លឹកឆ្នោត​ឱ្យ​កាន់តែមានទម្ងន់ របាយការណ៍​នេះ​បានប្រឌិតករណីឈ្មោះ ចាន់ សាន់ ដែលផ្ទុយពីការពិតទាំងស្រុង។

៨.  របាយការណ៍រួមនេះ ​ក៏បានលើកឡើងផងដែរ​អំពី​​ចំនួនប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​​​ប្រហែល ៩.៤៤២.៨០២នាក់ ដែលតួលេខ​នេះ គ្រាន់តែជាការ​ព្យាករណ៍នៅឆ្នាំ២០០៨ ធៀបនឹង​ចំនួន​ប្រជា​ពលរដ្ឋ​​​ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​បោះ​ឆ្នោត ៩.៦៧៥.​៤៥៣​​នាក់។ ការចុះបញ្ជី​ឈ្មោះ​អ្ន​ក​បោះ​ឆ្នោត​​​ធ្វើ​ដោយដៃ ដែលអាចមិនបានត្រឹមត្រូវ ១០០% ទេ។ តួលេខខុសគ្នា​អាច​​បណ្ដាល​​មកពី​​​​​មូលហេតុ៖ ទីមួយ គឺ​ប្រជាពល​រដ្ឋផ្លាស់ទីលំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយទៀត​ ហើយ​ភាគច្រើន​​​ពុំបានលុបឈ្មោះ​នៅកន្លែង​ចាស់​ទេ។ ទីពីរ គឺឃុំ-សង្កា​ត់​ភាគច្រើនពុំ​ប្រើប្រាស់​​កុំព្យូទ័រឬពុំមាន​អ៊ីនធឺណិត ដែលពិបាកផ្ទៀងផ្ទាត់ ថាតើអ្នកស្នើសុំ​ចុះ​​ឈ្មោះ​ធ្លាប់​បាន​ចុះ​ឈ្មោះ​រួចហើយឬនៅ។ អាជ្ញាធរ​ឃុំ-សង្កាត់ពុំមាន​សំអាងផ្លូវច្បាប់ដើម្បី​ស្នើ​សុំ​ គ.ជ.ប លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ទេ បើគ្មានសំណើពីសាមីខ្លួន ឬអ្នកទីបីប្តឹងសុំលុប។

៩.   របាយការណ៍រួមរបស់ ERA បានចោទថាមានការិយាល័យ​ ​​ចំនួន៧៧ នៃ​ការិយាល័យ​ ​១៥.០៧៥ មាន​សន្លឹក​ឆ្នោត​មិន​​បាន​ការចន្លោះ​ពី​១០០ ទៅ ៥០០​សន្លឹក។ តាមតួលេខពី គ.ជ.ប នៅ​​ទូ​ទាំង​ប្រទេស ការិយាល័យដែលមានសន្លឹកឆ្នោតមិនបានការច្រើន​ជាង​​គេ គឺការិយាល័យ​លេខ០៣២៦ នៅខេត្តសៀមរាប ដែលមាន​សន្លឹកឆ្នោត​មិនបានការចំនួន១៣៧សន្លឹក។

១០.  របាយការណ៍រួមរបស់ ERA បាន​លើក​ឡើង​​ដែរថា ក្នុង​ខេត្តសៀម​រាបនិងបន្ទាយមានជ័យ នៅ​ឆ្នាំ២០​១​២ មាន២៤​​ការិយា​ល័យ ​លុប​ឈ្មោះ​អ្នក​​បោះ​ឆ្នោតពី​បញ្ជី​បោះឆ្នោត​​លើសពី ៥០​%​​។ តាមពិត​ នៅការិយាល័យមួយចំនួនក្នុងខេត្តទាំងពីរ មានការលុបឈ្មោះមែន​ប៉ុន្តែអ្នកសរសេររបាយការណ៍រួមនេះ​ពុំបានស្រាវជ្រាវទេ គ្រាន់តែចោទថាមានភាពមិនប្រក្រតីប៉ុណ្ណោះ។ តាមពិត កងកម្លាំង​ប្រដាប់អាវុធ​ដែល​ត្រូវបានផ្លាស់ទីកន្លែងតាម​ព្រំដែន ត្រូវបានលុបឈ្មោះ​ចេញ​ពីការិយាល័យចាស់ រួចទៅចុះឈ្មោះ​នៅ​ការិយាល័យ​ថ្មីតែប៉ុណ្ណោះ។

១១. ​​របាយការណ៍​រួម​រប​ស់ ERA បានយកការស្រាវជ្រា​​វ​​ពី​អង្គការ ដែ​ល​​ដាក់​ឈ្មោះថាជា «អង្គការ​ឯករាជ្យ» និង «ភ្នាក់ងារ​ឯករាជ្យ​» ។ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ឱ្យ​ដឹង​ថា ​ប្រធាន​អង្គការមួយដែល​បាន​រួម​ចំណែក​ក្នុងការ​ចងក្រង​​​របាយការណ៍​រួម​របស់​ ERA នេះ ក៏​ធ្លាប់បានជួប​ប្រជុំនាពេលថ្មីៗនេះ ជាមួយលោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​ផ្តល់​យោបល់​ថា​ធ្វើយ៉ាង​ដូច​ម្តេច​ដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាល តាមរបៀប​អំណាច​ប្រជាជន ឬបដិវត្តពណ៌​។ តើសកម្មភាព​បែប​នេះ អាច​​ចាត់ទុកថា​ជាអង្គការ​​ឯករាជ្យ​បាន​ដែរ​ឬទេ?

១២.  រាជរដ្ឋាភិបាលទទួលស្គាល់ថា ទោះបីជាមានការប្រសើរឡើងនូវដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ប៉ុន្តែការខ្វះចន្លោះ​នៅ​តែ​មាន ក្នុងពេលបោះ​ឆ្នោត​ម្តងៗ។ ប៉ុន្តែការខ្វះខាតនេះ មិន​ប៉ះពាល់​​ដល់​​លទ្ធផ​ល​នៃ​ការបោះឆ្នោត​នោះ​ទេ។ នៅក្នុងសកលលោក គ្មានប្រព័ន្ធបោះឆ្នោតណាមួយ​ដែលល្អឥត​ខ្ចោះ១០០%​នោះ​ទេ ហើយការកែ​ទម្រង់​​ការ​បោះឆ្នោត​ក៏មិនមែនមានន័យថា ប្រព័ន្ធ​បោះឆ្នោតមាន​កំហុសឆ្គងនោះដែរ។ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្ត​ក្នុងការ​កែទម្រង់ការបោះឆ្នោត ​និងបានស្នើរដ្ឋា​ភិបាល​​​​ជប៉ុន​​ជួយ​​ឧបត្ថម្ភក្នុងការ​ធ្វើកំណែទម្រង់​នេះ។​ ជា​លទ្ធផល ប្រទេស​ជប៉ុន​បាន​ឯកភាពជួយកម្ពុជាក្នុង​ការធ្វើ​​កំណែទម្រង់នៃ​ដំណើរការរៀបចំ​ការបោះ​ឆ្នោតនេះ។

១៣.   បទ​ពិសោធន៍កាលពី​៣៥ឆ្នាំមុន គឺ​ជា​មេរៀន​ដ៏ជូរចត់ដែលប្រទេស​មួយចំនួនបានគាំទ្រ​របប​កម្ពុជា​​​​ប្រជា​ធិបតេយ្យ។ បច្ចុប្បន្នដូច​គ្នានេះ​ដែរ សាធារណជននិង​​​ប្រទេស​មួយ​ចំនួន ដែលបានយល់ដឹង​អំពី​សភាពការណ៍​ និង​អំពី​ដំណើរការ​បោះ​ឆ្នោត​នៅកម្ពុជា ​តាមរយៈ​ របាយការណ៍រួមនេះ បាន​គាំទ្រនិងជឿ​ CNRP ដើម្បី​​ចោទ​ប្រព័ន្ធ​រៀបចំ​ការ​បោះ​ឆ្នោ​ត​នៅកម្ពុជា​ រាជរដ្ឋា​ភិបាល  និងយន្តការសម្រាប់​ការអនុវត្ត​ការ​បោះឆ្នោត ​ថាគ្មាន​យុត្តិធ​ម៌ និង​តម្លាភាព​។

១៤. នៅថ្ងៃ​ទី២​៩​ ខែកក្កដា ឆ្នាំ២០១៣ COMFREL បានប្រកាសថា CPP ទទួលបាន ៦៧​អាសនៈ និង CNRP ទទួលបាន​៥៦អាសនៈ។ COMFREL លែងបន្តផ្សព្វ​ផ្សាយ​តួ​លេខ​​នេះ​​ទៀត ដើម្បីការពារ​ការ​ប្រឌិតលទ្ធផលបោះ​ឆ្នោតរបស់សម្ព័ន្ធមិត្តខ្លួន។ ចំណែកឯ​លោក កឹម សុខា ម្តងបានប្រកាស​ថា CNRP ​ឈ្នះ​ ​៧៦អាសនៈ ហើយ​ម្តង​ទៀត​​ថា ឈ្នះ ​៦៣អាសនៈ​។ លោក កឹម​ សុខា​ ម្តង​ថា​អង្គការ​ និង​ម្តង​ថាស្ថា​នទូត​បាន​ប្រាប់​លោក។ សំណួរ​សួរថា៖ តើ​អង្គការ​ណា និងទូតណា សូមលោក កឹម សុខា ​លើកយកមកប្រាប់ជាសាធារណៈ។

១៥.   នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅទីលាន​ប្រជា​ធិបតេយ្យ លោក កឹម សុខា បានថ្លែង​ភូត​កុហកបាតុករ ដោយប្រឌិតរឿងថា «ម្សិល​មិញ​នេះគាត់​ (សម្ដេច​តេជោ ហ៊ុន សែន) ប្រុងចុះហើយ ប៉ុន្តែ​ឥឡូវគេ (វៀតណាម) កោះហៅ​ភ្លាម​តែម្ដង...។ ខ្ញុំ​ខ្លាច​គេ (វៀត​ណាម) យក​ទៅ​​ដាក់ថ្នាំ ស្រាប់តែ​មក​វិញ​លែងចុះ...។» ជាធម្មតា ទស្សនកិច្ច​របស់ថ្នាក់​ដឹកនាំ​កំពូល​ទៅក្រៅប្រទេស ត្រូវរៀបចំ​យ៉ាងហោច​​ណាស់​ក៏ ២-៣ខែមុន មិនមែនដូចលោក កឹម សុខា និយាយនោះទេ។ នេះគឺជាសម្ដីភូតកុហក​​បាតុករ​ដែលមិន​យល់​អំពី​កិច្ច​ការរដ្ឋ។

១៦.  នៅគ្រប់វេទិកាCNRP តែងញុះញង់ឱ្យ​ផ្តួលរំលំរាជ​​រដ្ឋា​ភិបាល និងទាម​ទារ​​សម្តេច​នាយក​រដ្ឋមន្រ្តី​​​ចុះចេញពីតំណែង។ សម្តេច​តេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បាន​ប្រកាស​ម្តង​ហើ​យ​​​ម្តងទៀត​ថា សម្តេច​​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ តាម​រដ្ឋធម្មនុញ្ញ​ ហើយ​ចុះ​ទៅ​វិញ​ក៏តាម​​រដ្ឋធម្មនុញ្ញ​ដែរ។ បញ្ហារបស់ CNRP ​គឺការសន្យា​ជាមួយ​នឹង​ក្រុម​​បាតុករ​​និងអ្នកគាំទ្ររបស់ខ្លួន ​​ធំធេងពេក តាម​​រយៈការ​ភូតភរ កុហក និង​ប្រឌិត​​រឿង ដូច្នេះ​ឥឡូវពិបាកបែរក្រោយវិញ ហាក់បីដូច​ជា​​បានឡើង​​ជណ្តើរ​ខ្ពស់ពេក ហើយ​ឥឡូវនេះ ពួកខ្លួន​​គ្មាន​​ជណ្តើរ​ចុះ​មកវិញ​។​

១៧. យុទ្ធវិធីរបស់ CNRP គឺ៖
-        បោកបញ្ឆោតប្រជាពលរដ្ឋឱ្យជឿថា គ.ជ.ប ពិតជាបាន​លួចបន្លំ​សន្លឹក​ឆ្នោ​ត​​ដើម្បីឱ្យCPPឈ្នះ​មែន។
-        បន្តបញ្ឆេះកំហឹង និងពង្វក់ ដែលជាយុទ្ធវិធីក្នុងការរក្សាកម្លាំង ដោយ​ប្រើប្រាស់សង្រ្គាម ចិត្តសាស្រ្ត​ផ្សេងៗ។
-        ទាក់ទាញប្រជាពលរដ្ឋដែលគាំទ្រ CPP ឱ្យងាកទៅ​គាំទ្រ​ CNRP ​វិញ​។
-        ​ព្យាយាមបញ្ចូលមនោគមវិជ្ជា ភូត​កុហក បំភ្លៃ បំផ្លើស និង​ប្រឌិត​រឿងអំពីការ​លួចបន្លំ​សន្លឹក​ឆ្នោត និង​បញ្ហាផ្សេងៗទៀត ដើម្បីធ្វើឱ្យយុវជនភាន់​ច្រឡំ និងធ្វើ​ការសម្រេច​ចិត្ត​ខុស។ ​

១៨.  នាខែកញ្ញា ក្នុងពេលចរចារវាងថ្នាក់ដឹកនាំកំពូលនៃ CPP និង CNRP លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ឈប់ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត  ទទួល​ស្គាល់លទ្ធផលថា CPP ៦៨អាសនៈ និង CNRP ៥៥អាសនៈ និងទទួលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប៉ុន្តែទាមទារយកតំណែងប្រធានរដ្ឋសភា និងតុល្យភាពនៃប្រធានគណៈកម្មការរដ្ឋសភា ។

លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវទទួលខុសត្រូវយ៉ាងធំធេង ចំពោះការដែល​នាំឱ្យក្រុម​បាតុករអនាធិបតេយ្យប្រព្រឹត្តនូវអំពើហិង្សាកន្លងមក តាមរយៈការទាមទារមិនសមស្របតាមស្មារតី​និង​ខ្លឹមសារ​នៃរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបេតយ្យ ដែលទាមទារឱ្យសម្តេចតេជោ​នាយករដ្ឋមន្រ្តីចុះចេញពីតំណែង និង​រៀប​ចំការបោះឆ្នោតឡើងវិញ ជាពិសេស ការទទួលខុសត្រូវ​ទាំងស្រុង​និងមិនអាចប្រកែកបាននូវព្រឹត្តិការណ៍នៅថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤។ បន្ទាប់ពីក្បាល​ម៉ាស៊ីន​បាតុកម្ម ជាពិសេស​នៅទីលានប្រជាធិប​តេយ្យ ត្រូវបានរំសាយមក រោងចក្រត្រូវបានបើកទ្វារវិញ ហើយកម្មករ​បានចូលធ្វើការជាធម្មតា។

ប្រទេសនីមួយៗមានប្រវត្តិសាស្ត្រ ​មនុស្ស និងវប្បធម៌។ ដោយ​ផ្អែក​​លើកត្តាទាំងនេះ រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតូបករណ៍​គតិយុត្ត​គ្រប់ប្រភេទ ត្រូវបានត្រូវបានតាក់តែងឡើង ដើម្បីធានានូវ​ដំណើរការ​ដោយ​រលូននៃរដ្ឋាភិបាល។ លើសពីនេះទៀត ពលរដ្ឋ​គ្រប់​រូប​មានសិទ្ធិ​និង​ការទទួលខុសត្រូវ ដែលកំណត់​ដោយ​រដ្ឋធម្មនុញ្ញ។ ម្នាក់ៗ ត្រូវតែ​គោរព​នីតិរដ្ឋ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបែរជាប្រព្រឹត្ត​នូវ​ទង្វើផ្ទុយ​ពី​នេះ​ទៅ​វិញ តាមរយៈការបង្កឱ្យមានភាពអាណាធិបតេយ្យ និងអំពើ​ហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ឯកជន​​និង​សាធារណៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ដោយសារ​ការ​កៀរគរហ្វូងមនុស្សឱ្យចូលរួមធ្វើ​បាតុកម្ម​ឥតឈប់ឈរ​នៅសួនប្រជាធិបតេយ្យ និងនៅតាមដងផ្លូវ​នានា។ សំណួរ​​​សួរ​ថា ហេតុអ្វីបានជាប្រទេស ​ និងអង្គការមិនមែន​រដ្ឋា​ភិបាល​​​​បរទេស​មួយចំនួន គាំទ្រ​ដល់​ឥរិយាបថ​បែបនេះ និងបង្គាប់​បញ្ជា​​ឱ្យ​ធ្វើ​ការផ្លាស់ប្តូរទៅរកវិធីដែល «មិនស្របទៅនឹងនីតិរដ្ឋ» សម្រាប់​ការដឹកនាំ​ប្រទេសនៅកម្ពុជាទៅវិញ។ តើនេះ​ដោយ​សារ​តែ​កម្ពុជាមិនមែនជាប្រទេសរបស់ពួកគេផ្ទាល់ឬ?