Monday, January 6, 2014

ឯកឧត្តម ​កែវ រ៉េមី ៖ គណ​បក្ស​​សង្គ្រោះ​​ជាតិ និង ជន​ទី​៣ ជា​អ្ន​ក​​បង្ក​រ​ឲ្យ​​ភាព​​អាណា​ធិប​តេយ្យ និង​អំពើ​​ហិង្សា​​ដែល​​បាន​កើត​​ឡើង​

ឯកឧត្តម​ កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​និង ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និងប្រតិកម្ម​រហ័ស បាន​មាន​ប្រសាសន៍​ដោយ​វាយ​តម្លៃថា គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជន​ទី៣ គឺ​ជា​អ្នក​បង្ករ​ឲ្យ​មាន​អំពើ​អាណាធិបតេយ្យ និង​អំពើ​ហិង្សា​បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច​ ដែល​មាន​ភារកិច្ច​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈជូន​ប្រជាពលរដ្ឋ​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​នា​ល្ងាច​ថ្ងៃទី៤ ខែមករា ឆ្នាំ​២០១៤ ក្រោយ​ពេល​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ជន​អាណាធិបតេយ្យ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្លូវ​ជាតិ​លេខ​៤ កាល​ពី​ថ្ងៃទី២-៣ ខែ​មករា និង​នៅ​ផ្លូវ​វេងស្រេង​តំបន់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ខ័ណ្ឌ​ពោធិ៍សែន​ជ័យ និង​ការ​ចុះ​អនុវត្ត​តាម​សេចក្តី​ប្រកាស​ឲ្យ​បិទ​ការ​ជួប​ជុំ​គ្នា​នៅទីលាន​ប្រជាធិបតេយ្យ​នា​ព្រឹក​ថ្ងៃទី​៤ ខែមករា  ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសា​សន៍ថា គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​អ្នក​ញុះញង់​ឲ្យ​មាន​បាតុកម្មហិង្សា​កើតឡើង​។ យើង​មាន​ភស្តុតាង នៅពេលដែល​ពួក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ បាន​យក​បាយទៅ​ផ្គត់​ផ្គង់​ដល់​ពួក​អនាធិបតេយ្យនៅ​កន្លែង​ធ្វើបាតុកម្ម។ ​យើង​បានឃើញ​បានដឹង ហើយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទៀតសោត​ គឺមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង ​ក៏បាន​ញុះញង់​កម្មករ​តាម​រយៈ​ការស្រែក​ឲ្យកម្មករ​កុំ​ទទួលយក​ប្រសិន​មិន​ទទួលបាន​ប្រាក់ខែ​គោល ១៦០ដុល្លារ​អាមេ​រិក​ទេនោះ (​នេះ​ក៏​ជាការ​ញុះញង់​ឲ្យ​កម្មករ ធ្វើបាតុកម្ម​)​។ ដូចនេះ​អ្នកទទួលខុសត្រូវ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និងជន​ទី​៣ ​ដែល​បង្កការ​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ហិង្សា​ឈានទៅ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ការ​បាត់បង់​អាយុជីវិត​កម្មករ​។

ឯកឧត្តម​ កែវ រ៉េមី បាន​មាន​ប្រសាសន៍បញ្ជាក់​ថា ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ធ្វើ​បរិ​យា​កាស​​ល្អ និងអំពាវនាវ​អូសទាញ​វិនិយោគ ដើម្បី​ឲ្យ​គេមក​វិនិយោគមក​បណ្តាក់ទុន​បង្កើត​រោង​ចក្រ​ផ្តល់​ការងារ​ឲ្យ​កម្មករ​ធ្វើ តែ​ជំហរ​របស់​ពួក​ប្រឆាំង​ គឺ​បំផ្លាញ​ខ្ទេចបំផ្លាញ​ខ្ទី​។ ​

ឯកឧត្តម​  កែវ រ៉េមី បាន​មានប្រសាសន៍ថា​​ ទីបំផុត​គាត់ (គណបក្ស​សង្គ្រោះ​ជាតិ​) ​ទទួលបាន​នូវ​អ្វីដែល​គាត់​ចង់បាន ហើយ​គាត់​ប្តូរ​ប្រធានបទ​ភ្លាម គឺ​ប្តឹងទៅ​តុលាការ ICC គឺ​ចូល​ប្លង់​របស់គាត់ ​(​សមរង្សី​) ​ហើយ​។ ​ឯកឧត្តម កែវ រ៉េមី បាន​មានប្រសាសន៍​ទៀតថា​ ​ការប៉ះទង្គិច​មិនមែនជា​ការបង្ក្រាប​ទេ ប្រសិនជា​ការបង្ក្រាប ​គឺ​តែមួយ​ភ្លែត​គឺ​ចប់​ទាំងអស់អត់​មាន​បាតុ​ករ គ្មាន​រឿង​បាតុកម្ម​ស្អី​ទាំងអស់ បំបែក​អស់រលីង​តែម្តង ព្រោះ​យើង​មាន​កម្លាំង​នៅក្នុង​ដៃ តែ​បញ្ហា​នេះ​វា​អត់​មាន​ទាក់ទង​រឿង​បង្ក្រាប​ទេ គឺជា​រឿង​ប៉ះទង្គិចក្នុង​ផ្នែក​មួយ​ដែល​គេ​ចាំបាច់​ត្រូវ​តែ​ការពារ​ជាពិសេស ​ទប់ទល់​ពួក​អនាធិបតេយ្យ​មិនអាច​អនុញ្ញាតឲ្យ​ពួកនេះ​បន្ត​អញ្ចឹង​បាន​​ទៀត​ទេ បើ​ទុក​បែបនេះ​តើ​សង្គម​ខ្មែរ​ទៅជា​យ៉ាងណា គឺ​ស្លាប់​​តែម្តង​។ ឯកឧត្តម​ថា​ ដូចនេះ​ត្រូវតែផ្អាក​ការធ្វើ​បាតុកម្ម ផ្អាក ​គឺ​មានន័យថា ​ឈប់​មួយរយៈ​ចាំ​ដល់​ស្ថេរភាព​វិល​មក​ប្រក្រតី​វិញ។ ​ចំពោះ​ជន​ដែល​បាត់បង់​អាយុជីវិត​សម​ត្ថ​កិច្ច​នឹង​ធ្វើការ​ស៊ើបអង្កេត ព្រោះ​វា​អាចមាន​ក្រុម​ប្រដាប់អាវុធ​ផ្សេងទៀត ព្រោះថា​ កន្លងមក​ក៏មាន​ក្រុម​ប្រដាប់អាវុធ​ដែល​ធ្លាប់​ប្រកាស​មក​ពី​ក្រៅ​ប្រទេស​ដែរ​។

ឯកឧត្តម​ កែវ រ៉េមី ក៏បានបង្ហើប​​ឲ្យ​ដឹងអំពី​យុទ្ធ​សាស្ត្រ និង​យុទ្ធវិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​របៀបវារៈ​របស់ខ្លួន​យ៉ាង​ច្បាស់​​លាស់ ដោយមាន​ទីប្រឹក្សា​នៅ​ចាំ​ផ្តល់យោបល់ និងគូរវាស​ឲ្យ​ដើរ។ ជាងនេះទៀត​ក្រុម​អនាធិបតេយ្យ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា សុទ្ធតែ​ត្រូវបាន​ហ្វឹកហាត់​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ព្រោះថា​នៅពេល​បាតុកម្ម​ហឹ​ង្សា​នោះ ​ពួកនេះ​មាន​យុទ្ធវិធី​ក្នុងការ​គប់​ដុំថ្ម​ទៅលើ​ប៉ូលិស ដោយ​មាន​ជួរ​ខាងមុខ​និង​ខាង​ក្រោយ​ពេល​ជួរមុខ​គប់​រួច គេថយ​មក​ក្រោយ រួច​ជួរ​ខាងក្រោយ​ឡើង​គប់​បន្ត បន្ទាប់មក​គេ​ភៀស​ខ្លួន​ទៅ​កាន់​ផ្ទះ​ប្រជាពលរដ្ឋ។ គេ​មាន​របៀប​គប់​ដប​សាំង​ទៅលើ​ប៉ូលិស ដូចនេះ​ពួកគេ​មានការ​ហ្វឹក​ហ្វឺន​យ៉ាង​ស្ទាត់ជំនាញ​ពី​បរទេស​ទៀតផង។

ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​ដោយ​​ធ្វើការ​អំពាវនាវ ទៅដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់ កុំ​ចូល​រួម​ធ្វើ​បាតុកម្ម ដោយ​ងាក​មក​ប្រកប​របរ​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ឡើង​វិញ។ ជាមួយ​គ្នា​នេះ សូម​កម្មករ កម្មការិនី ទាំង​អស់​វិល​ត្រឡប់​ចូល​ធ្វើ​ការ​ងារ​ជា​ប្រក្រតី​ឡើង​វិញ។

ឯកឧត្ដម កែវ រ៉េមី ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់ថា គណបក្សប្រជា​ជន​យល់​ឃើញថា ដំណោះ​ស្រាយ​ប្រសើរ​បំផុត គឺ​ការចរចា មិនមែន​ទាក់ទង​ទៅនឹងរឿង​បាតុកម្ម​នោះទេ ការ​ចរចា​មាន​សារសំខាន់​ណាស់ គឺ​វិលត្រឡប់​មក​រក​តុចរចា ដែល​នេះជារឿង​មួយ​ល្អបំផុត ហើយ​គណ​បក្ស​ប្រជា​ជន​បើកទ្វារ​ចំហ​ជានិច្ច​រាល់ការងារ​ណា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​ជជែក​វែកញែក​ជាមួយ​គ្នា ដើម្បី​ឈាន​ទៅ​រក​ការអភិវឌ្ឍ​ប្រទេស​ជាតិ៕