Monday, January 6, 2014

ទស្សនៈ របាយ​ការណ៍​អង្គការ ERA៖ តើ​ប្រព័ន្ធ​បោះ​ឆ្នោត​​សមា​មាត្រ​របស់​កម្ពុជា​អយុ​ត្តិ​ធម៌​មែន​ទេ?

ទស្សនៈ

របាយការណ៍អង្គការ ERA
តើប្រព័ន្ធបោះឆ្នោត​សមាមាត្ររបស់កម្ពុជាអយុត្តិធម៌មែនទេ?

          នៅក្នុងអត្ថបទមុន ខ្ញុំបានលើកឡើងនូវហេតុផលមួយចំនួនដែលថារបាយការណ៍ថ្មីៗនេះ របស់ «សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត» ERA គួរឱ្យមានការសង្ស័យយ៉ាងខ្លាំង ដោយ ERA បានទទួលឥទ្ធិ​ពល​របស់​ភ្នាក់ងាររដ្ឋាភិបាល បរទេសនានា និងមិនអើពើគោរពនីតិវិធីប្រជាធិបតេយ្យដូចជាការបោះឆ្នោត​ជា​ដើម​។ ក្នុងអត្ថបទនេះ និងអត្ថបទបន្តទៀត ខ្ញុំនឹងពិនិត្យទៅលើការ​តវ៉ា​ក្នុង​​​របាយការណ៍ ហើយខ្ញុំ​នឹងបង្ហាញអំពី «ដំណោះស្រាយ» ផងដែរ​។

          ប៉ុន្តែ បញ្ហាដែល​លើក​ឡើងទាំងនេះ ក៏គួរតែត្រូវបានពិចារណា លើ​អ្វី​ដែល​ពួក​គេមាន​ជា​រួម។ បញ្ហា​មួយគឺថា ការរិះគន់តិចតួចហាក់​ដូច​ជាថ្មី ទោះបីជាមានការប៉ុនប៉ង​ក្នុងប្រព័ន្ធ​ព័ត៌មាន​ដើម្បី​បង្ហាញ​ថារបាយការណ៍នេះថ្មីស្រឡាងក៏​ដោយ​​។ បញ្ហាទាំងអស់នោះធ្លាប់បាន គេឮ​ពីមុន​រួច​ហើយ ហើយ​ភាគ​ច្រើនត្រូវបានឆ្លើយតបទោវិញដោយរដ្ឋាភិបាល ឬគណបក្សកាន់អំណាច​ផង​ដែរ។

          បញ្ហា​ទីពីរគឺ​ថា ភាគច្រើននៃការតវ៉ា ឬការរិះគន់ បាន​បង្ហាញ​អំពី​ចេតនា​ដើម្បី​បង្ហាញ​ថារដ្ឋាភិបាល​ស្ថិត​​ក្នុងសភាពអាក្រក់បំផុត។ ខ្ញុំ​សុំ​លើកយកឧទាហរណ៍មួយ៖ របាយការណ៍បាន​ចំណាយ​បី​ទំព័រ​លើ​៦០ទំព័ររបស់ខ្លួន រិះគន់ប្រព័ន្ធផ្សព្វផ្សាយ (ជាពិសេសទូរទស្សន៍) ថាមានភាពលំអៀងខ្លាំង​មក​លើ​គណបក្សប្រជាជន។ គេ​មិនឃើញ​មាន​កន្លែង​ណាដែល​របាយការណ៍​នេះបង្ហាញ​ថា ប្រព័ន្ធផ្សព្វផ្សាយ​ រួម​ទាំងរយៈ​ពេល​មិន​គិត​ថ្លៃ​ ដែលត្រូវបាន​ផ្តល់ដោយ​ទូរទស្សន៍​​រដ្ឋ​ចំពោះ​គណបក្ស​ទាំងអស់ ដើម្បីបង្ហាញ​អំពីគោលនយោបាយរបស់ពួកគេនោះទេ ម្យ៉ាង​ទៀតក៏​របាយការណ៍នេះ​ក៏មិនបានបង្ហាញ​​ពីចំនួនធំនៃ​សារព័ត៌មានខ្មែរ ដែលភាគ​ច្រើន​ គឺ​រិះ​គន់រដ្ឋាភិបាល តែ​គាំទ្រ​គណបក្ស​ប្រឆាំង។

វិ​សមភាពក្នុងចំណោមបណ្តាខេត្ត

          ផ្នែកមួយនៃរបាយការណ៍ ERA ប្រហែលជាថ្មី គឺការរិះគន់ពីវិសមភាព ក្នុងការបែងចែក​អាសនៈ​តាម​បណ្តាខេត្ត។ របាយការណ៍នេះរិះ​គន់​ថា សមាជិកមួយរូបនៃ​រដ្ឋសភា​ «នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ តំណាងឱ្យអ្នកបោះឆ្នោត​ ២៦០.០៣៤នាក់ ខណៈដែលខេត្ត​កែប​តំណាង​រាស្ត្រ​មួយ​រូបតំណាងឱ្យអ្នកបោះឆ្នោត ៤២.៨៣៨​នាក់។ នៅ​ខេត្តឧត្តរមានជ័យ សមាជិករដ្ឋសភាមួយរូប តំណាងឱ្យអ្នកបោះឆ្នោត ២៣៥.៨៩៧នាក់ ប្រៀបធៀបជាមួយខេត្ត ក្រចះដែលតំណាងឱ្យ ១២១.២៩៤នាក់ » ។

          ស្តាប់ទៅដូចជាថា គណបក្សកាន់អំណាចបានរៀបចំអ្វីទុកជាមុន ហើយ ERA នឹងមិននិយាយអ្វីដែលអាចប្រាប់អ្នកអាន​ថាជាការពិតអំពីទស្សនៈនេះទេ។ ឧទាហរណ៍ ERA នឹងមិនបង្ហាញថា ប្រព័ន្ធបច្ចុប្បន្ននៃតំណាងដោយខេត្ត ត្រូវបានអនុវត្តន៍ជាធរមានចាប់តាំង ពីឆ្នាំ១៩៩៣ នៅពេលដែល​ប្រព័ន្ធ​នេះ​មិន​បានបង្កើតឡើងដោយគណបក្សប្រជាជនផងនោះ ប៉ុន្តែដោយ UNTAC ដែលមិនមាននរណាម្នាក់ លើកលែងតែខ្មែរក្រហមដែលធ្លាប់បានចោទប្រកាន់ថា ព្យាយាមគាំទ្រគណបក្សប្រជាជន

          ក្រៅពីបញ្ហាដែលថានរណាបានបង្កើតប្រព័ន្ធនេះ តើប្រព័ន្ធនេះពិតជាអយុត្តិធម៌មែនឬ?​ចម្លើយចំពោះសំណួរនេះ គឺ​ត្រូវ​ផ្អែកលើការពិចារណាមួយចំនួន។

          ប្រព័ន្ធបោះឆ្នោតតែមួយគត់ ដែលអាចចាត់ទុកសន្លឹកឆ្នោតរបស់អ្នកបោះ​​ឆ្នោតទាំងអស់​មាន​​តម្លៃ​​ស្មើៗ​គ្នា ហើយនៅតែអាចមានតំណាងសមាមាត្រនោះ នឹងជាប្រព័ន្ធ​មួយ​ដែល​ចាត់​ទុក​ប្រទេស មួយទាំងមូលជាប្រព័ន្ធ​បោះឆ្នោតតែមួយ។ ដូច្នេះ ចំនួន​អាសនៈនៅ​​រដ្ឋសភា​សម្រាប់​គណបក្សនីមួយៗ នឹងត្រូវបានកំណត់ដោយភាគរយរបស់ខ្លួននៃការបោះឆ្នោតជាតិ។ ប្រព័ន្ធ​បែប​នេះ មិនទាន់មានប្រជាប្រិយភាពជាទូទៅនោះទេ។ ហេតុផលគឺថា តំណាងរាស្ត្រ​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត មិនបានតំណាងទីតាំងជាក់លាក់ណាមួយ ឬផ្នែកណាមួយនៃចំនួនប្រជាជន ដូច្នេះ​អ្នក​បោះឆ្នោត មិនមានអ្នកតំណាងជាក់លាក់ ឬ​ក៏​ចរិត​របស់អ្នកតំណាងនោះ អាច​ឱ្យ​ពួក​គេទទួល​យកបាន ឬមិនបាន។ ម្យ៉ាង​ទៀត​ក៏​មិនមានតំណាងជាក់លាក់ដែលពួកគេអាចស្នើសុំជំនួយ ឬតវ៉ាអំពីការ គ្រប់គ្រងរបស់រដ្ឋាភិបាល ឬតម្រូវការសម្រាប់ផ្នែកខ្លះនៃច្បាប់។ រី​ឯ​អ្នក​ដែល​រស់​ក្នុង​តំបន់​​ដែលមាន​ប្រជាជនតិចមានអារម្មណ៍ថាខ្លួនមិនមានតំណាង។

          ប្រព័ន្ធមួយទៀត គឺប្រព័ន្ធដែលស្រដៀងទៅនឹងប្រព័ន្ធ​សម្រាប់​បោះឆ្នោតជ្រើសរើស​តំណាង​សភាជាន់ទាបរបស់អាមេរិក ដែលខណ្ឌមានទំហំ​ប្រហាក់ប្រហែលគ្នាតាមដែល អាចធ្វើទៅបាន ហើយខណ្ឌនីមួយៗជ្រើសរើសតំណាងមួយរូប​​។ ប្រព័ន្ធបែបនេះអាច​ផ្តល់​ភាព​ស្មើ​គ្នាចំពោះ​អ្នកបោះឆ្នោតទាំងអស់ និងអនុញ្ញាតឱ្យអ្នកបោះឆ្នោតទាំងអស់មានអ្នកតំណាង មួយ​រូប​ជាក់លាក់ ប៉ុន្តែមិនអាចធ្វើ​ឲ្យ​ស​មាមាត្របានទេ។ តាមទ្រឹស្តី គណបក្សមួយ​អាច​មាន​លទ្ធ​​ភាព​​ឈ្នះ ៥០,១% នៅក្នុងខណ្ឌនីមួយៗ។ ដូច្នេះ គណបក្សនោះនឹងមានតំណាង​ទាំង​អស់​នៅ​ក្នុងសភា​ ចំណែក​ប្រជាជនចំនួន ៤៩,៩% ទៀត មិនមានតំណាង​សោះ​តែ​ម្ដង។ លទ្ធភាព​ដែល​មិន​គួរ​ចង់​បានមួយទៀត ​មិនសូវស្រប​តាមទ្រឹស្តីនោះ ​គឺ​​លទ្ធផល​ជាក់​ស្តែងនៃការ​បោះឆ្នោត​ឆ្នាំ​២០១២ ក្នុងសហរដ្ឋអាមេរិក គឺថាគណបក្ស​ដែលទទួល​បាន​ចំនួន​សំលេង​ច្រើន បែរជាមាន​តំណាង​​តិចជាង​គណបក្ស​មួយ​ដែលទទួល​បាន​សំលេង​តិច​ជាង​ទៅ​វិញ។

          ប្រព័ន្ធបោះឆ្នោតនៅ​កម្ពុជាស្ថិត​នៅចន្លោះរវាងប្រព័ន្ធហួស​ហេតុ​​ទាំងពីរ។ ​ដូច្នេះ វា​មាន​គុណ​សម្បត្តិខ្លះ និងគុណវិបត្តិខ្លះនៃប្រព័ន្ធនិមួយៗ។ ប្រព័ន្ធ​នេះផ្តល់ជា​ប្រយោជន៍​ដល់​អ្នក សរសេររបាយការណ៍ ERA ពីព្រោះវាអាចឱ្យអ្នកសរសរទាំងនោះមិនអើពើនឹងគុណសម្បត្តិ ដោយផ្តោតទៅលើតែ​គុណវិបត្តិ ហើយចង់​ឱ្យ​​ឃើញ​ថាទាំងនេះគឺជាកំហុសរបស់រដ្ឋាភិបាល

          របាយការណ៍ ERA បានពិចារណាអំពីវិសមភាពរវាងខេត្តនីមួយៗ នៃ​ចំនួនប្រជាជន។ ក្នុង​ពេលនេះ ខ្ញុំបាន​ផ្គត់​ផ្គង់​ពី​ចំនួនសំលេងដែលបានកត់ត្រាក្នុងការបោះឆ្នោតថ្ងៃទី ២៨ ខែ កក្កដា ជា​​មធ្យោ​បាយ​មួយក្នុង​ការបង្ហាញអំពីគោលការណ៍ពាក់ព័ន្ធ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​។

          ក្នុងខេត្តកែប ជាខេត្តដែល​មានចំនួនប្រជាជនតិចជាងគេបង្អស់ មាន​សំលេងឆ្នោង​ចំនួន​ ១៩.៦២៤ សំលេង ហើយ​សំលេងសរុបទូទាំងប្រទេស​គឺ ៦.៦២៧.១៥៩។ ដូច្នេះ ប្រសិន​បើ​ខេត្ត​កែបត្រូវបាន យកជាស្តង់ដារ ហើយរាល់សំលេង១៩.៦២៤ មានសិទ្ធិចាត់ទុកជាតំណាងមួយនោះ រដ្ឋសភានឹង​ត្រូវការយ៉ាងតិចបំផុត សមាជិក ៣៣៨​រូប។
          ប៉ុន្តែ ខេត្តប៉ៃលិន មានអ្នកបោះឆ្នោត ២៦.៩១៧ ដែលមានន័យថាវាគួរមាន ១,៣៧ តំណាងនៅក្នុងរដ្ឋសភាដែលមានសមាជិក៣៣៨ ដូច្នេះ ខេត្ត​ប៉ៃ​លិន​នឹងអាចត្រូវមានតំណាង ខ្វះ​ឬ​​​លើសពី​សមាមាត្រ​។ ដើម្បីរើស​តំណាងឱ្យអ្នកបោះឆ្នោតខេត្តកែប និងប៉ៃលិនបាន​ស្មើគ្នាខេត្ត​កែបនឹងត្រូវការមានអ្នកតំណាង២០រូប ហើយប៉ៃលិន២៧រូប។ មាន​ន័យថា អ្នក​បោះឆ្នោត​នៃ​ខេត្ត​កែប និង​ប៉ៃលិនអាចត្រូវបានផ្តល់តំណាងស្មើគ្នា បាន​តែ​តាម​រយៈ​អត្រាជាតិ​មួយ​នៃ​តំណាង​មួយ​រូប​ក្នុងអ្នក​បោះ​ឆ្នោត ១.០០០នាក់។ ការអនុវត្តអត្រានោះ តម្រូវ​ឱ្យ​រដ្ឋសភាមួយមានសមាជិក ៦.៦២៧រូប។ ហើយ​វា​កាន់តែអាក្រក់ទៅ​ទៀត នៅ​ពេល​ដែល​ចំនួ​ន​មិន​សម​ស្រប​ក្នុង​ខេត្ត​ផ្សេងៗ​ទៀតត្រូវបានយកមក​គណនា​។

          មធ្យោបាយមួយទៀតនៃការដោះស្រាយភាពមិនស្មើគ្នារវាងខេត្តនិងខេត្ត ដោយមិនមាន ការពង្រីកចំនួន​សមាជិក​រដ្ឋសភានឹងអាចជាការរួមបញ្ចូលគ្នានូវខេត្តពីរ ឬច្រើនឱ្យទៅជាមណ្ឌលបោះឆ្នោតតែមួយ ឧទាហរណ៍ខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ជ្រើសរើសតំណាងតែមួយ​រូប​ប៉ុណ្ណោះសម្រាប់​ខេត្ត​បី​។ នេះនឹងផ្លាស់ប្តូរអ្វីៗចំពោះបញ្ហានៃមណ្ឌល​បោះឆ្នោតតែមួយ ដោយ​បណ្តាល​ឱ្យ​មាន​ការ​រារាំងខេត្តតូចៗមិនឱ្យមានតំណាងមូលដ្ឋាន។

          របាយការណ៍ ERA មិនបានគាំទ្រការពង្រីកទំហំ​រដ្ឋសភា ឬក៏​ការច្របាច់បញ្ចូលគ្នានូវ ខេត្ត​​ផ្សេងៗ ឱ្យទៅជាមណ្ឌលបោះឆ្នោតតែមួយនោះទេ។ អ្វីដែលរបាយការណ៍នេះ​លើក​ឡើង​ គឺ​រិះ​គន់ការជ្រើសរើសដែលមិនអាចចៀសវាងបានរវាងតំណាងឱ្យ​មូលដ្ឋាន និង​វិសម​ភាព​ក្នុង​ចំណោម​អ្នកបោះឆ្នោត​ ព្រោះ​ថា​ការធ្វើឱ្យប្រសើរឡើងនូវបញ្ហាមួយ នឹងធ្វើឱ្យបញ្ហា​មួយ​ទៀត​កាន់​​តែ​អាក្រក់ ហើយនាំ​ឱ្យ​ទ្វេរ​គ្រោះ​នេះ ដែល​មិនអាច​ផ្តាច់ចេញពី​ការ​បោះឆ្នោតជ្រើស​រើស​​តំណាង​រាស្ត្រ​នោះ​ គឺជា​កំហុសរបស់​រដ្ឋាភិបាល ទោះ​ជា​តាម​វិធី​ណា​ក៏ដោយ​។

ការ​​បែង​ចែក​អាសនៈឡើង​វិញ​

ការ​តវ៉ាប​ន្ទាប់បន្សំ​របស់ ERA គឺ​ថា ការ​បែង​ចែក​អាសនៈឡើង​វិញ​​នៅតាម​ខេត្ត​មួយ​ចំនួន គឺ​មិនរៀប​ចំ​​ធ្វើ​កន្លង​មក​អស់​រយៈ​ពេល «​មួយ​ទសវត្ស​» មក​ហើយ។ នេះ​វា​ជា​ការ​ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្ដែវា​​មិន​មែន​ជា​រឿង​សំខាន់នោះ​​ទេ។ វាហាក់​ដូច​ជា​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ប៉ុណ្ណោះ ពីព្រោះ​អ្នក​និពន្ធ​​ត្រូវ​បានគេ​​តម្រូវ​ឲ្យ​លើក​ពី​បញ្ហា​​ឡើង​​នេះ ​ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​សារៈ​សំខាន់​នោះ​ឡើយ។​​

របាយការណ៍នេះ ​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា ​ការ​បែង​ចែក​អាសនៈ​​របស់​​ NDI។ (វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ជា​ភ្នាក់​ងារ​មួយ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​អាមេរិកាំង ដែល​កាល​ណោះ​​ការ​បែង​ចែក​អាសនៈនៅ​សហរដ្ឋ​អាមេរិក​កើ​តឡើង​តែ​ម្ដង​គត់ ក្នុង​មួយ​ទសវត្ស ​ការ​ពិត​​​ NDI មិន​ដែល​ជំទាស់​សោះ) ។

របាយការណ៍​នេះ គឺ​មាន​បំណង​ចង់​បង្ហាញ​​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​បែង​ចែក​អាសនៈ ព្រោះ​ថា​​អំណោយ​ផល​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ ក៏ប៉ុន្ដែ​ខេត្ត​ចំនួន ១៤ បើ​មាន​ការ​បែង​ចែក​ឡើង​វិញ​នោះ មិន​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ចំនួន​អាសនៈ​នោះ​ទេ។ ខេត្ត​ចំនួន ៥ ​អាច​នឹង​កើន​ចំនួន​អាសនៈ (សៀម​រាប ២ អាសនៈ និង​ថែម​ ១​អាសនៈ ដល់​ខេត្ត​បាត់​ដំបង កំពង់​ស្ពឺ ឧត្តមាន​ជ័យ និង​ព្រះ​វិហារ)។ ខេត្តក្រុង​ ៥ទៀត នឹង​បាត់​បង់អាសនៈ ខេត្តកំពង់​ចាម បាត់​បង់​​២អាសនៈ និង​ខេត្ត-​ក្រុង​ ៤​ទៀត បាត់​បង់​ ១អាសនៈ គឺ កំពត កណ្ដាល ភ្នំពេញ ព្រៃវែង បាត់ដំ​​បង ។ តើ​ការ​បែង​ចែក​អាសនៈ​ឡើង​វិញនោះ​ អាច​នឹង​ធ្វើ​ឲ្យ​ចេញ​លទ្ធ​ផល​ខុស​គ្នា​ឬ​ទេ?
សន្លឹក​ឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សសង្រ្គោះ​ជាតិ អាច​នឹង​ទទួល​ជិត​ប្រហាក់​ប្រហែល​គ្នា​ នៅ​ខេត្ត​កំពង់​ចាម និង​ខេត្ត​សៀមរាប ដោយសារ​​អាចនឹង​​កាត់​បន្ថយ​អាសនៈ​​ខេត្ត​កំពង់​ចាម ចំនួន ២ បាន​ន័យថា គណបក្ស​ទាំ​ង​ពីរ​ នឹង​បាត់​បង់​អាសនៈ​ ១​ រៀង​ៗខ្លួន ហើយ​ការ​ដែល​បង្កើន​អាសនៈ ២ ​នៅខេត្ត​សៀម​រាប​នោះ នឹង​បន្ថែម​ ១អាសនៈ​ដល់​គណបក្ស​ទាំងពីរ។

នៅ​ឧត្តមានជ័យ និង​ព្រះវិហារ ការ​បែងចែក​អាសនៈ​របស់​ ERA ទៅលើ​ខេត្ត​ទាំង​ពីរនេះ អាច​បង្កើន​អាសនៈ ពី ១ ទៅ ២ អាសនៈ ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កើន​អាសនៈ ១អាសនៈ ក្នុង​ខេត្ត​ទាំង​ពីរនោះ កាល​ពី​​សម័យ​បោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ២០១៣​កន្លង​ទៅ​។ នៅ​កំពង់ស្ពឺ ខេត្ត​ដែល​គណបក្ស​ទាំង​ពីរ បាន​ទទួល​អាសនៈបីៗ នោះ តែ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទទួល​សម្លេង​ច្រើន​ជាង ដូច​នេះ នឹងអាច​ទទួល​ ១​អាសនៈ​បន្ថែម។ រីឯ​ខេត្ត​បាត់​ដំបងវិញ អាសនៈ​បន្ថែម​ចំនួន ១​ អាច​បាន​ដល់​គណបក្ស​សង្រ្គោះ​ជាតិ។ មក​ដល់​ពេល​នេះ ការ​បូក​ចុះ​ឡើង​ គឺ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ។

នៅក្នុង​ចំណោម​ខេត្ត ៤​ទៀត ដែល​ខេត្ត​នីមួយៗ នឹង​បាត់បង់​អាសនៈ​ទៅ​តាម​ការ​បែង​ចែក​​ឡើងវិញ​របស់​វិទ្យាស្ថាន​ NDI ដូច​ជា​នៅ​ក្នុង​ខេត្ត​កំពតដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ដែល​គណបក្ស​មួយ​​ៗ ទទួល​ ៣អាសនៈ ដូច​នេះ អាសនៈ​ដែល​បាត់​នោះ នឹង​ត្រូវ​បាន​ទទួល​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​សារ​គណបក្ស​នេះ ទទួល​សម្លេង​ឆ្នោត​តិច​ជាង​គណបក្ស​ប្រជាជន​ ២២.០០០សម្លេង​។ នៅ​ខេត្ត​ព្រៃ​វែង គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ បាន ៦អាសនៈ រីឯ​គណបក្ស​ប្រជាជន​បានទទួល ៥​អាសនៈ ដូច​នេះនឹង​ញ៉ាំង​ឲ្យ​គណបក្ស​សង្រ្គោះ​​ជាតិ​បាត់​បង់​មួយ​អាសនៈ​ ប្រសិន​បើ​ការ​បែងចែក​ជា​សមាមាត្រ​នៅ​ខេត្ត​នោះ ចុះ​មក​នៅ​ត្រឹម​ ១០​អាសនៈ។ នៅ​កន្លែង​ដទៃ​ទៀត នៅ​ខេត្ត​កណ្ដាល​ និង​រាជធានី​ភ្នំពេញ ដែល​មាន​ការ​កាត់​បន្ថយចំនួយមួយ​អាសនៈនោះ នឹង​បាន​អំណោយ​ផល​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​ក៏​ដូច​គ្នា​ដែរ គឺ​ពុំ​មាន​ការ​ប្រែ​ប្រួល​ចំនួនតំណាងរាស្ដ្រ​ដែល​ជាប់​ឆ្នោតនោះ ប្រសិន​បើ​គេ​អនុវត្ត​តាម​ការ​បែងចែក​អាសនៈ​ឡើង​វិញ របស់វិទ្យា​ស្ថាន NDI

ដូច្នេះ​ហើយ​ វាជាក់ច្បាស់​ណាស់ ការ​យឺត​យ៉ាវ​ក្នុង​ការ​បែង​ចែក​អាសនៈ​ឡើង​វិញ នឹង​មិន​បានញ៉ាំងឱ្យ​​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោតផ្លាស់​ប្ដូរ​​នោះទេ។ លើ​ស​ពីនេះ​​ទៀត អ្វី​ដែលប្រត្យក្ស​​ និង​សំខាន់​នោះ គឺ​​តាម​ទស្សនៈ​វិស័យ​របស់​​ ERA ដែល​ថា​​អ្វី​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នោះ គឺ​បាន​មក​ពី​​ផែន​ការ​សម្ងាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គ្មាននរណាម្នាក់​អាចប្រមាណ​ទុក​ជា​មុន​ថា ការ​​បែង​ចែក​អាសនៈ​ឡើង​វិញ​នេះ អាច​ចំណេញ​ដល់​គណបក្ស​ប្រជាជន​ ឬ​ក៏​ដល់​គណបក្ស​ប្រឆាំង​នោះ​​ឡើយ។

By Allen Myers