Wednesday, January 8, 2014

ប​ទ​អត្ថាធិប្បាយ៖ ភាព​អត់​ធ្មត់​ពិត​ជា​មាន​ព្រំ​ដែន

ប​ទ​អត្ថាធិប្បាយ                      
ពង្ស សុក្រឹត្យ
ភាព​អត់​ធ្មត់​ពិត​ជា​មាន​ព្រំ​ដែន

​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ ​សមត្ថ​កិច្ចបាន​ធ្វើ​ការ​បោស​សំអាត​ក្រុម​អនាធិបតេយ្យ​ ដែល​​ប្រើ​អំពើ​​ហិង្សា​​យ៉ាង​ឃោរឃៅ​គ្មាន​ព្រំ​ដែន​ ដើរ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ផ្ទះ​សម្បែង​ប្រជាជន និង​ហាង​អ្នក​ប្រកប​អាជីវកម្ម​មួយចំនួន រួម​ទាំង​រោង​ចក្រ​ជាច្រើន​កន្លែង​​ទៀត​ផង​។

​វិធាន​ការ​​ក្តៅ​នេះ គឺ​ជា​ការ​អនុ​វត្តច្បាប់​របស់​ប្រទេស​ ដែល​បង្ហាញ​​ពី​ភាព​អត់​ធ្មត់យ៉ាង​ក្រៃ​លែង​ ​​​របស់​រាជ​រដ្ឋាភិបាល និង​កងកម្លាំងមាន​​សមត្ថកិច្ច ដែល​ខំអត់​ធ្មត់​អស់​រយៈ​ពេល​ ៥​ខែ​កន្លង​មក​ហើយ​​។ ​​គណបក្ស​ប្រឆាំង បាន​ឡាំ​ប៉ា​ ​ចចេស​​ពុំ​​​ទទួលស្គាល់​​​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ ២០១៣ កន្លង​ទៅ​ បើ​ទោះ​បី​​ជា​ ស្ថាប័ន​ជាតិ​ ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​បាន​សម្រេច​ជាផ្លូវ​ការ​​ រីឯអ្នក​សង្កេត​ការ​ណ៍​​អន្តរជាតិ​ បាន​អះអាង​ថា​ ការ​បោះ​ឆ្នោត​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​​​គ្មាន​អំពើ​ហិង្សា​ ស្ថិត​​ក្នុង​បរិយាកាស​​សន្តិភាព​ មាន​ភាព​​សេរី​ និង​យុត្តិធម៌​ អាច​ទទួល​យក​បាន​ ហើយ​ទន្ទឹម​នឹង​នោះ​ ​បក្ស​ប្រឆាំងក៏​​​​ទទួល​បាន​អាសនៈ​កើនឡើង​យ៉ាងច្រើន​​រហូត​ដល់​ ៥៥ អាសនៈ​​ ហើយ​​ក្តី​ ក៏​បក្ស​ប្រឆាំង​នេះ​ មិន​ទទួល​ស្គាល់​នូវ​ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​ តាម​រយៈ​សន្លឹក​ឆ្នោត​ ដដែល​។

អស់​រយៈ​ពេល​ជាង​កន្លះ​ខែ ​កន្លង​មក​នេះ លោក​ សម​ រង្ស៊ី និង​ កឹម សុខា​ ​​បានធ្វើ​​ឲ្យ​ប្រជា​ពលរដ្ឋ​​នៅ​​​ទូទាំង​​ប្រទេស​​​​ ​ពិសេស​​ប្រជាពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំ​ពេញ ទទួល​រង​នូវ​ការ​ភ័យ​ខ្លាច អំពី​អស្ថេរភាព​​សង្គម​​ ដែល​បង្ក​ឡើង​ដោយ​​​ចលនា​បាតុ​កម្ម​របស់​ពួក​គេ​ និង​បាន​ធ្វើ​ឲ្យ​​ស្ថាន​ការណ៍​នយោ​បាយ​​របស់​ប្រទេស​ កាន់​​តែ​មាន​ភាព​ផុយ​ស្រួយ​ ធ្ងន់​ធ្ងរ​ទៅៗ​ ដែល​មិន​គួរ​អត់​ធ្មត់បាន​តទៅ​ទៀត​ ប្រសិន​បើ រាជ​រដ្ឋាភិបាល​ មិន​ចាត់​វិធាន​ការណ៍​ច្បាប់​ទេ​នោះ​។ ​មេ​បក្ស​ប្រឆាំង​បាន​បង្ក​នូវ​​​សកម្មភាព​ញុះញង់​ បំផុស​បំផុល​​​ប្រជាពលរដ្ឋ អ្នក​​ស្រែ​​ចម្ការ​​ កម្មករ​ ឲ្យ​​ប្រើ​អំពើ​ហិង្សា​ ប្រៀប​បាន​នឹង​ជ្រូក​ពុល​ ឈាន​ដល់​ការ​បំផ្លិច​បំផ្លាញ​ សម្បត្តិ​រោង​ចក្រ​ សម្បត្តិ​ឯក​ជន​ និង​ខ្ទប់​ដង្ហើម​ផ្លូវ​ជាតិ​ធំៗ​ ។ល។

​ដោយមាន​​​​ការ​គាំទ្រ​ពី​អង្គការ​​មិនមែន​រដ្ឋាភិបាល​​បរទេស​ ​និង​ពី​សង្គម​ស៊ី​វិល​ក្នុង​​ប្រទេស​​​មួយ​ចំនួន ជាពិសេស​ក្រុម​មេ​សហជីព​មួយ​ចំនួន​តូច​ ដែល​មាន​និន្នាកាប្រឆាំងរដ្ឋាភិបាល​ មេដឹក​នាំ​បក្ស​ជំទាស់​ កាន់​តែ​មាន​មោទនភាព​ចំពោះ​ទង្វើ​បំពាន​ច្បាប់របស់​ខ្លួន ហើយ​ហ៊ាន​​ញុះ​ញង់​កម្មករ​​ ដល់​​​មុខរោង​ចក្រ​​ និង​ដល់​ក្នុង​បរិវេណ​​​រោង​ចក្រ​​មួយចំនួន​ បង្ខំ​ឲ្យ​កម្មករ​ឈប់​ធ្វើ​ការ​ ដើម្បី​ចេញ​មក​ធ្វើ​​បាតុកម្ម​ ជាមួយ​គណបក្ស​ខ្លួន​​​​​ យ៉ាង​ងងើល​។​

​រឿង​ដែល​ធ្ងន់​ធ្ងរ​ជាងនេះ​ទៅទៀត​នោះ​ គឺ​បក្ស​ប្រឆាំង​បាន​អុជ​អាល​ក្រុម​កម្មករ​ កម្មការិនី​រោង​ចក្រ​ឲ្យ​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​ហិង្សា​ បះបោរ​ទាម​ទារ​ប្រាក់​ខែ​គោល​ឲ្យ​ឡើង​ខ្ពស់​ ទោះ​បី​ជា​រាជរដ្ឋាភិបាល​​​បានខិតខំ​​សម្រុះសម្រួល​ធ្វើ​ការ​ចេចារ​គ្នា​ ទាំង​តំណាង​និយោជិក​ និង​និយោជក​ ជាមួយ​រាជ​រដ្ឋាភិបាល​​សម្រេច​បាន​ដល់​ការ​តម្លើង​ប្រាក់​ខែ​ឲ្យ​បាន​សម​រម្យ​​ហើយ​ក៏​ដោយ​។ ថ្មីៗនេះ វិនិយោគិន​ បាន​ប្តឹង​តវ៉ា​ដល់​រាជ​រដ្ឋាភិបាល​ថា​ បើ​កូដ​កម្មនៅ​តែ​បន្ត​ ពួក​គេនឹង​​​ដក​រោង​ចក្រ​របស់​ពួកគេ ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​វិញ ​។ នេះ​ហើយ​ ជាការ​ញុះ​ញង់​ បំផ្លាញ​សេដ្ឋ​កិច្ច​​របស់​ប្រទេស​ និង​បំផ្លាញ​ជី​វភាព​​បងប្អូន​កម្មករ និង​ក្រុម​គ្រួសារ​របស់ពួក​​គេ​ ក្នុង​ខណៈ​ដែល​ពួកគេ​បាត់​បង់​នូវ​មុខ​របរ​នេះ ។​​

មុន​ឆ្លង​ឆ្នាំ​២០១៣​ ឈាន​ដល់​​​២០១៤ គណបក្ស​ឈ្នះ​ឆ្នោត​ CPP បាន​ធ្វើ​ការ​អំពាវនាវ​ ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​មាន​ការ​​ជួបប្រជុំគ្នា​​ ដោះ​ស្រាយ​បញ្ហា​នយោបាយ​​ជាមួយ​គ្នា​ ប៉ុន្តែ​​ត្រូវ​បា​ន​គណបក្ស​សង្គ្រោះ​ជាតិ​​បដិសេធ​ ដោយ​លើក​​ហេតុ​ផល​​​របៀប​ខ្វះ​សុច្ឆន្ទៈ​ក្នុង​ការ​ចរចា​។ ​នេះ​ជាល្បិច​កល​​ដើម្បី​ទាក់​ទាញ​ប្រជា​ប្រិយ​​ភាព​​នយោ​បាយ​របស់​ខ្លួន​ពី​កម្មករ និង​ប្រជាពលរដ្ឋ​​​។​​ នរណា​ក៏​គេ​ដឹងដែរ​​ថា​ ការ​ពន្យារ​ពេល​ចរចា​​​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នោះ ​ គឺ​ដើម្បី​ប្រមូល​​កម្លាំង​បាតុករ​ ឲ្យ​មាន​ទឹក​ចិត្ត​​ពុះ​កញ្ជ្រោលកាន់​តែ​ខ្លាំង​​ ​ព្រោះ​​បើ​​ពួក​គេ​យល់​ព្រម​ចូល​ចរចា​ គឺ​​អាច​នឹង​មាន​ដំណោះ​ស្រាយ​នយោ​បាយ​ ដូច្នេះ​កម្លាំង​បាតុកម្ម​ នឹង​អាច​ថយ​ចុះ។​​

ការ​ពិត​​​​ លោក​ សម រង្ស៊ី​​ និង​ កឹម សុខា​ ប្រើ​យុទ្ធសាស្ត្រ​យក​​កម្លាំង​កម្មករ និង​ប្រជាជន​អ្នក​គាំទ្រ​​​ដើម្បី​ផ្តួល​រំ​លំ​រដ្ឋាភិបាល​ក្នុង​មហិច្ឆតា​ ចង់​​កាន់​កាប់​អំណាច​តាម​របៀប​​ ការ​ធ្វើ​​បដិវត្ត​ប្រជាជន​ ។​

ក្នុង​​សេចក្តី​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង គេ​តែង​ប្រើ​ប្រាស់​​​ពាក្យ​ « អហិង្សា » ​​ជានិច្ច​ ប៉ុន្តែ​រាល់​​ទង្វើ​ និង​សម្តី​ របស់​ពួក​គេ​ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ និង​តាម​ផ្លូវ​ថ្នល់​ក្តី​ គេ​ស្រែក​បំពងដោយ​កំហឹង​ ជេរ​ប្រមាថ​ ប្រមុខ​រាជ​រដ្ឋាភិបាល​ ទាម​ទារ​ឲ្យ​នាយក​រដ្ឋ​មន្ដ្រី​​ចុះ​ចេញ​ពី​តំណែង​ ទាម​ទារ​ឲ្យ​មាន​ការ​បោះ ឆ្នោត​សារ​ជាថ្មី​ ។ល។​

មេ​បក្ស​ប្រឆាំង​ ​បាន​សង្ឃឹ​ម​​យ៉ាង​​ខ្លាំង​​ថា​ តាម​រយៈ​ការ​បំ​ផុស​បំផុល​ ជា​ចលនា​បះ​បោរ​ គ្រប់​ទិស​ទី​ ពេញ​រាជ​ធានី​ភ្នំ​ពេញ​ និង​គ្រប់​ខេត្ត​រប​ស់​ពួក​គេ​​នោះ​នឹង​ក្លាយ​ជា​ « អំណាច​ប្រជាជន​ » ទូទាំង​ប្រទេស​ ហើយ​គេ​នឹង​អាច​​​​ផ្តួល​រដ្ឋាភិបាល​បាន​​។

 ផ្ទុយ​ទៅ​វិញ​ អ្វី​ដែល​មេបក្ស​ប្រឆាំង​ភ្លេច​គិត​នោះ​ គឺ​ថា​ តើ​គណបក្ស​ឈ្នះ​ឆ្នោត​  តើ​សម្លេង​ភាគច្រើន​​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ តើរាជរដ្ឋាភិបាល​ តើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​នៃ​​ប្រទេសមួយ​​ ដែល​​កំពុង​​ក្រេប​ជញ្ជក់​នូវ​របបប្រជាធិបតេយ្យ​នោះ​ តើ​គេ​អនុញ្ញាត​ឲ្យ​ក្រុម​ភាគតិច​​លួច​ប្លន់​យក​អំណាច​តាម​បែប​អនា​ធិប​តេយ្យ​​ដោយ​ងាយ​ស្រួល​បាន​ឬទេ​?​

ការ​ដែល​រាជរដ្ឋាភិបាល​ទុក​ឱកាស​ឲ្យ​ក្រុម​ប្រឆាំង​ស្រែក​ក្អេង​ក្អាង​ ដោយ​សំអាង​ថា​មាន​បរទេស​​​នៅ​​ពី​ក្រោយ​​អស់​រយៈ​ពេល​​៥​ខែ​​​មកហើយ​នោះ​ ដោយ​សារ​តែ​ការ​ឈរ​លើ​មូល​ដ្ឋាន​       លទ្ធិ​ប្រជា​​ធិបតេយ្យ​ តែ​ក្រុម​ប្រឆាំង​បែ​រ​ជា​យល់​ខុស​​ប្រាសចាក​​ពី​ក្រម​សីលធម៌​នៃ​ការ​រស់​នៅ រំលោភ​​ច្បាប់ និង​សិទ្ធិ​សេរី​ភាព​របស់​អ្នក​ដទៃ ប្រើ​អំពើ​ហិង្សា​ច្រឡោង​ខាម បង្ក​អសន្ដិ​សុខ​ដល់​សង្គម​ជាតិទៅ​វិញ។

មក​ដល់​ថ្ងៃ​​នេះ​ ស្ថាន​ភាព​នៅ​រាជ​ធានី​ភ្នំ​ពេញ និង​តាម​បណ្តា​ខេត្ត​នានា​​ ជាពិសេស​ តាម​បណ្តា​រោង​ចក្រ​​កាត់​ដេរ​​ទាំងអស់​​បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ ​បន្ទាប់​ពី​​រាជរដ្ឋាភិបាល​​បាន​ចាត់​វិធាន​ការណ៍​ស្រប​ច្បាប់​ ទៅ​លើ​​​ក្រុម​បង្ក​អនា​ធិបតេយ្យទាំង​នោះ​បាន​ដោយ​ជោគជ័យ​​​​។

ភាព​ស្ងប់​ស្ងាត់​ ក្នុង​បរិយា​កាស​សន្តិភាព​ គឺ​ពិត​ជា​ចំណង​ដៃ​នៃ​ការ​ជូន​ពរ​របស់​រាជ​រដ្ឋា​ភិ​បាល​ ជូន​ដល់​ប្រជាជន​កម្ពុជា​ នា​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ ២០១៤​ ​​ប្រាកដ​មែន​៕​