Wednesday, January 8, 2014

គណ​បក្ស​​ប្រជាជន​​កម្ពុជា​​នឹង​ធ្វើ​​អ្វីៗ​​គ្រប់​យ៉ាង​​ដើម្បី​​ការ​ពារ​​រដ្ឋសភា និង​​ការ​ពារ រាជរដ្ឋា​ភិបាល​​ដែល​​កើត​​ចេញពី​ការ​បោះឆ្នោត

ទោះ​បីមាន​​កម្លាំង​​នយោបាយ និង​​មជ្ឈដ្ឋាន​​អគតិ​​មួយ​ចំនួន បាន​​ព្យាយាម​​ឥត​​ឈប់ឈរ​ក្នុង​​ការ​​បំភ្លៃ ប្រវត្តិ​សាស្ត្រ​​ពី​​ស​​ទៅ​ជា​​ខ្មៅ ពី​​ខ្មៅ​​ទៅ​​ជា​ស​ ថ្ងៃ៧មករា ជា​​ថ្ងៃ​រំដោះ​ប្រជាជន​ និង​ប្រទេស​​​ជាតិ​​ឱ្យ​​រួច​​​ផុត​​ពី​​សេច​ក្ដី​​ទុក្ខ​​សោក​​វេទនា ​និង​​ការ​​កាប់​​សំលាប់​​យ៉ាង​​ព្រៃ​​ផ្សៃ​​ក្នុង​​របប​ប្រលយ័​​​ពូជ​សាសន៍ ​​ប៉ុលពត​យ៉ាងណាក៍ដោយ រហូតមក​ដល់​ពេល​នេះ​ ស្មារតីថ្ងៃ៧ មករា នៅ​តែ​បាន​ស្ថិត​ស្ថេរ​​ជាប់​​ជានិច្ច​ក្នុង​ក្រអៅ​បេះដូង​ប្រជាជន​កម្ពុជា​ គ្រប់ៗ​រូប។គណបក្ស​ប្រជាជន​​ ដែល​​ទទួល​ការគាំទ្រ​​ពី​​ប្រជាជន ​គណ​បក្ស​​ប្រជាជន​​​​កម្ពុជា​​នឹង​ធ្វើ​អ្វីៗ​​គ្រប់យ៉ាង​​ដើម្បី​ការ​ពារ​ ​រដ្ឋសភា និង​​ការពារ រាជ​រដ្ឋា​ភិបាល​​ដែល​​កើត​​ចេញ​ពី​​ការ​បោះឆ្នោត ការ​ពារ​​រដ្ឋ​ធម្មនុញ្ញ ការ​ពារ​​លទ្ធិ​ប្រជា​ធិប​តេយ្យ ហើយ​​មិន​​អនុញ្ញាត ឲ្យ​កម្លាំង​​នយោបាយ​​ណា ឬមជ្ឈ​ដ្ឋាន​​អគតិ​​ណា​មក​​បំផ្លាញ​​ដំណើរ​ការ​រីក​​ចម្រើន​​របស់​​ជាតិ និង​​រាល់​​សមិទ្ធ​ផល​​ ដែល​ប្រជាជន​​សម្រេច​​បាន​​យ៉ាង​លំ​បាក​លំបិន​​បំផុត​​ក្នុង​​រយៈ​ពេល ៣៥​ឆ្នាំ​ កន្លង​​មក​នេះ​​បាន​​ឡើយ។ នេះ​ជា​ប្រសាសន៍​លើក​​ឡើង​របស់ ឯក​ឧត្ដម បណ្ឌិត​សភាចារ្យ សុខ អាន  ឧបនាយក​​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ និង​ជា​សមាជិក​គណៈ​កម្មា​ធិការ​​កណ្ដាល​គណ​បក្ស​ប្រជាជន​​កម្ពុជា ក្នុង​ពិធី​​មិទ្ទិញ​​អប​អរ​សាទរ ​រំលឹក​​ខួប​​លើក​​ទី​៣៥ ​នៃ​​ទិវា​ជ័យ​ជំនះ​​៧​មករា នៅ​ខេត្តតាកែវនាព្រឹក​ថ្ងៃ​ទី០៨​មករា​ឆ្នាំ​២០១៤​ ដោយមា​​នប្រជាជន សិស្សានុសិស្ស កងកំលាំងប្រដាប់អាវុធ និងមហាជន​​ចូល​រួម​​ជាង​១​ម៉ឺន​នាក់។

សុន្ទរក​ថារំលឹកខួបលើកទី៣៥ឆ្នាំថ្ងៃរំដោះ៧មករា១៩៧៩ របស់​សម្ដេចពញា​​ចក្រី​ ​ហេងសំរិនប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និងជា​ប្រធាន​រដ្ឋសភា​អាណត្តិទី៥ ដែលត្រូបាន​អាន​ដោយ​ឯកឧត្ដម​ ស្រី បេន អភិ​បាល​ខេត្ត​តាកែវ ​មាន​ខ្លឹមសារ​ថា​ ​​ ជ័យ​ជំនះ ​៧ មករា​ បាន​​សង្គ្រោះ​​ប្រជា​ជន​​កម្ពុជា​​ឲ្យ​​រស់​រាន​​មាន​​ជីវិត​​ឡើង​​វិញ​​ បាន​​ទាន់​ ពេល​វេលា​។ ជ័យជំនះ ៧ មករា បាន​​​បញ្ចប់​​​ដំណាក់​​កាល​​ដ៏​​ខ្មៅ​​ងងឹត​​​បំផុត​​​របស់​​កម្ពុជា និង​​បើក​​ឡើង​​នូវ​​សករាជ​​ថ្មី ដែល​​ប្រជាជន​​ដណ្តើម​​បាន មក​វិញ​​នូវ​​សិទ្ធិ សេរីភាព កិត្តិយស និង​​សេច​ក្តី​​ថ្លៃថ្នូរ​ ហើយ​​ឈាន​​ទៅ​​ធ្វើ​ជា​​ម្ចាស់​​លើ​​ជោគ​វាសនា​​របស់​ខ្លួន​​ពិត​ប្រាកដ។ ជ័យជំនះ ៧ មករា បាន​ផ្តល់​ឱកាស​​ដល់​​ការ​ប្រមូល​ផ្តុំ​​មក​វិញ​​នូវ​​សក្ដា​នុពល​​ទាំង​ឡាយ ​​របស់​​ជាតិ​ ដើម្បី​ស្តារ និង​កសាង​មាតុ​ភូមិ​​ជា​ថ្មី​​ឡើង​វិញ។ ប្រជាជន​​យើង​​ចង​ចាំ​ជា​និច្ច​​ថា “​ថ្ងៃជ័យ​ជំនះ​  ៧ មករា ជា​​ថ្ងៃ​កំណើត​​ទី ២ របស់​ខ្លួន បើ​​គ្មាន​​ជ័យជំនះ​​ថ្ងៃ​ ៧ មករា ក៏​​យើង​​មិន​អាច​​មាន​​អ្វីៗ​​ដូច​​ថ្ងៃ​​នេះ​ដែរ”។

ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន  មានប្រសាសន៍ថា ការ​ប្រារព្វ​ពិធី​រំលឹក​អនុស្សា​វរីយ៍​៧មករា គឺ​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ចង​ចាំ​ និង​រួម​ចំណែក​ទប់​ស្កាត់​របប​ប្រលយ័​ពូជ​សាសន៍​ប៉ុលពត​នេះ​កុំ​ឲ្យ​វិល​ ត្រឡប់​មក​វិញ​នៅ​កម្ពុជា​​។  ជា​សាក្សី​យ៉ាង​ច្បាស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​​បាន​បង្កើត​ឱ្យ​​មាន​អង្គ ជំនុំ​ជំរះ​វិសាមញ្ញា​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ដើម្បី​រួម​ ចំណែក​​លប់​បំបាត់​និទណ្ឌ​ភាព​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ និង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ និង​កូន​ចៅ​​ខ្មែរ​​ទាំង​​អស់​​បាន​​យល់​​ដឹង​​ពី​​ប្រវត្តិ​សាស្រ្ត​ដឹក​ នាំដោយ​របប​ឃោរឃៅ​ព្រៃ​ផ្សៃ​ប៉ុល​ពត​។ សមិទ្ធិផល​ដ៍ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​រំដោះ​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​ឱ្យ​រួច​ផុត​​ពី​ការ​កាប់​សំលាប់​ និង​ធ្វើ​ឱ្យ​ជាតិ​រស់​ឡើង​វិញ​បាន​រំដោះ​ប្រទេស​ឱ្យ​ចាក​ផុត​ពី​សង្រ្គាម​ ស៊ី​វិល​រក្សា​បាន​សុខ​សន្តិភាព​ស្ថេរ​ភាព​នយោបាយ​ និង​អភិវឌ្ឍន៍​ និង​បាន​បន្ត​ការ​កសាង​សមិទ្ធិផល​ជា​ច្រើន​ទូទាំង​ប្រទេស។ ឆ្លង​តាម​ ​ដំណើរ​​វិវត្តន៍​​ជា​វិជ្ជ​មាន​​ដ៏​​ធំធេង​​នៃ​​សភាពការណ៍​​កម្ពុជា​​មក​ ទល់​​ពេល​​នេះ បាន​​បង្ហាញ​​យ៉ាង​​ច្បាស់​​ថា ជា​មួយ​នឹង​​ការ​ដឹក​នាំ​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា ប្រទេស​​កម្ពុជា​​បាន នឹង​​កំពុង​តែ​​ឈាន​​ទៅ​​មុខ​​តាម​​ទិស​ដៅ​ដ៏​​ត្រឹម​ត្រូវ​​ពិតប្រាកដ​។ ប៉ុន្តែ​​ទោះ​បី​ជា​សច្ចធម៌​​បាន​​បង្ហាញ​​យ៉ាង​​ច្បាស់​​ក្រឡែត​​យ៉ាង​​នេះ ​​ហើយ​ក្តី ក៏​រយៈពេល ​៣៥ឆ្នាំ ​កន្លង​​មក​​នេះ មាន​​កម្លាំង​​នយោបាយ​ និង​​មជ្ឈ​ដ្ឋាន​​អគតិ​​មួយ​ចំនួន បាន​​ព្យា​យាម​​ឥត​​ឈប់​ឈរ​​ក្នុង​ការ​​បំភ្លៃ ប្រវត្តិ​សាស្ត្រ​ ​ពី​​ស​ទៅជា​ខ្មៅ ពី​ខ្មៅ​ទៅ​ជាស សំ​ដៅ​​វាយ​ប្រហារ​​លើ​​ការ​ដឹក​នាំ​​របស់​​គណបក្ស​​ប្រជា​ជន​​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​​សម្រេច​​នូវ​​យុទ្ធ​សាស្ត្រ​​នៃ​​មហិច្ឆតា​​ដណ្តើម​​អំណាច ​រ​បស់​ខ្លួន​។​
ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន  បានលោកឡើងថា​គណ​បក្ស​ប្រឆាំង​តែង​តែ​រក​ល្បិច​កល​ភូត​ភរ​បោក​ប្រជាជន​ មតិ​​ជាតិ ​និង​​​អន្តរ​ជាតិ​ដោយបាន​​ចោទ​គ.ជ.ប ថា​ លួច​សន្លឹក​ឆ្នោត​ និង​លុប​ឈ្មោះ​ប្រជាជន​ក្នុង​បញ្ជីឈ្មោះ​​បោះ​ឆ្នោត ​និង​បាន​ចោទ​ការ​បោះ​ឆ្នោត ​ថាមិន​​មាន​ភាព​ប្រ​ក្រ​តី​​ ទង្វើ​ទាំង​​នេះ​គឺ​ដើម្បី​ញុះ​ញង់​ឱ្យ​ប្រជាជន​ធ្វើបាតុកម្ម។ ​តាម​ពិត​គ.ជ.ប បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ ទន្ទឹម​និង​នេះ​មាន​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​បាន​វាយ​តម្លៃថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ត្រឹម​ត្រូវ​យុត្តិ​ធម៌​ តម្លាភាព​ លទ្ធិ​ប្រជាធិប្ប​តេយ្យ សេរីពហុបក្ស។  ពួក​គេ​​នៅតែ​​តាំង​ខ្លួន​​ជា​ស​ត្រូវ​​នឹង​​ជ័យជំនះ ៧ មករា ដែល​​បាន​​ផ្តល់​​កំណើត​​ថ្មី​​ដល់​​ប្រជាជន​​កម្ពុជា ដោយ​ឃោសនា​​​មួល​បង្កាច់​​ការ​ពិត បំភ័ន្ត​មតិ​​ប្រជាជន មិន​​គោរព រដ្ឋ​ធម្មនុញ្ញ និង​មិនច្បាប់​​ ហើយ​​ឃុប​ឃិត​​គ្នា​​រិះ​រក​​គ្រប់​​វិធី ដើម្បី​​បដិ​សេធន៍ ​​រាល់​​សមិទ្ធផល​​ដែល​​គណបក្សប្រជាជន​​កម្ពុជា​​បាន​សម្រេច​​ជូន​​ជាតិ បង្ក​​អស្ថិរ​ភាព​​នយោបាយ អស្ថិរ​ភាព​​សេដ្ឋកិច្ច និង​​សង្គម។

ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន  មានប្រសាសន៍បញ្ជាក់ថា​ប្រជាជន​​កម្ពុជា​​នឹង​មិន​​អនុញ្ញាត​ឲ្យ​​អ្នកនយោបាយ និង​មជ្ឈ​ដ្ឋាន​​ទាំង​នោះ​​សម្រេច​​នូវ​​មហិច្ឆតា​​ឥត​​ព្រំដែន​​របស់ពួក​គេ ​​បាន​ឡើយ។គណ​បក្ស​ប្រឆាំង បាន​​ជំរុញ​​ការ​​ធ្វើ​​បាតុ​​កម្ម​​តាម​​ដង​ផ្លូវ ដោយ​​មិន​​គោរព​​ច្បាប់ បន្ត​លើក​ឡើង​​ដដែល​ៗ នូវ​​​ការ​​ទាម​ទារ​​នានា​​របស់​​ខ្លួន ដែល​​គ្មាន​​មូល​ដ្ឋាន​​ពិតប្រាកដ ផ្ទុយ​​ពី​​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ​ ច្បាប់​​​​របស់​​កម្ពុជា និង​​ផ្ទុយ​​ពី​​គោល​ការណ៍​​នៃ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​បែប​​ ហើយ​​ព្យាយាម​បញ្ចុះ​បញ្ចូល​​ឲ្យ​​សហគមន៍​​អន្តរជាតិ បញ្ឈប់​​ការ​​ផ្តល់​​ជំនួយ​​មក​​ឲ្យ​​កម្ពុជា និង​​កុំ​​បន្ត​​ធ្វើ​​សហ​ប្រតិ​បត្តិការ​ជា​មួយ​​រាជ​រដ្ឋាភិបាល​​កម្ពុជា ក្នុង​​បំណង​​ធ្វើឲ្យ ស្ថាន​ភាព​​ទូទៅ​​កាន់​តែ​​លំបាក​​ស្មុគ​ស្មាញ​​ឡើង​ ជា​ពិសេស​​ប៉ុន​ប៉ង​​រាំង​ស្ទះ​​ដល់​​ការ​​ប្រព្រឹត្ត​ទៅ​​នៃ​​ស្ថាប័ន​​ ប្រជាធិបតេយ្យ​ របស់​រដ្ឋ ប៉ុនប៉ង​បង្ក​ការ​លំ​បាក​​ដល់​​ស្ថាន​ភាព​​សេដ្ឋកិច្ច​ សណ្ដាប់​ធ្នាប់​​សង្គម ​និង​​ទំនាក់​ទំនង​​អន្តរ​ជាតិ​​របស់​កម្ពុជា ដើម្បី​ដាក់​​សម្ពាធ​​លើ​​រាជ​រដ្ឋា​ភិបាល​​ដែល​​ដឹក​នាំ​​ដោយ​​គណបក្ស​​ ប្រជាជន​កម្ពុជា​។ ចុង​ក្រោយ​​នេះ គេ​ចង់​​ បង្ខំ​​ឲ្យ​​សម្តេច​​តេ​​ជោ ហ៊ុន សែន ចុះ​​ចេញ​ពី​តំណែង​​ជា​​នាយក​រដ្ឋ​មន្ត្រី​​នៃ​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​​ទាម​ទារឲ្យ​មាន​​ការ​បោះ​ឆ្នោត​​ជា​ថ្មី​​ឡើង​វិញ ដែល​​ទង្វើ​​បែប​នេះ​​គឺ​ជា​​ការ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​​ថែម​ទៀត​​លើ​​រដ្ឋ ​ធម្មនុញ្ញ គោល​ការណ៍​​នៃ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​បែប​​តំណាង និង​​ឆន្ទៈ​​របស់​ប្រជា​ពល​រដ្ឋ​​កម្ពុជា​​ភាគ​ច្រើន​​លើស​លប់​។


ឯកឧត្ដមបណ្ឌិតសភាចារ្យ ខ អាន  មានប្រសាសន៍​បញ្ជាក់​ពីជំហរគណបក្សប្រជាជន​​ថា គណបក្ស ​​ប្រជាជន​​កម្ពុជា​នៅ​តែ​​រក្សា​​ជំហរ​​នយោបាយ​​ ប្រកាន់ខ្ជាប់​​នូវ​​សុ​ឆន្ទៈ​​ដ៏​​ពិត​ប្រាកដ និង​​ស្មោះសរ​​ក្នុង​​ការ​​ជួប​​ចរចា​គ្រប់​​កម្រិត​​ជា​មួយ​​គណបក្ស​​ សង្គ្រោះ​​ជាតិ សំដៅ​ដោះស្រាយ​​បញ្ហា​​ដែល​​មិន​​ទាន់​​បាន​​ស្រុះ​ស្រួល​ជា​មួយ​គ្នា ដើម្បី​ឲ្យ​​គណបក្ស​​ទាំង​ពីរ​​បាន​​រួម​​គ្នា​​បម្រើ​​ផលប្រយោជន៍របស់​ ប្រទេស​ជាតិ និង​ប្រជាជន​។ ក្នុង​ឱ​កាស​នោះ​ដែរ​ឯកឧត្ដម បណ្ឌិត​សភា​ចារ្យ សុខ អាន និង​លោក​ជំទាវ បាន​ផ្ដល់​រង្វាន់​រួម​មាន​​​ម៉ូតូ ម៉ាស៊ីន​បូម​ទឹក កង់​ ​និង​ថវិការ​ជូន​ដល់​ជយ័លាភី​​កីឡាករ កីឡាការិនី​​ប៉េតង់ ​និង​បេក្ខជន បេក្ខនារី សូត្រ​កំណាព្យ និង​​អ្នក​និពន្ធ​កំណាព្យ​ផង​ដែរ​។