នៅក្រោយពេលជួបចរចាគ្នាម្តងៗរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្រ្គោះជាតិ គេតែងតែកត់សម្គាល់ឃើញថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
ជានិច្ចកាលបានបង្ហាញមុខតាមរយៈបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ( Facebook ) ដែលបានលើកឡើងថា
«យើងមិនចូលប្រជុំសភាដាច់ខាត ដរាបណា ការៀបចំការបោះឆ្នោតត្រឹមត្រូវឡើងវិញ មិនទាន់បានដោះស្រាយនោះ»។
ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង
ត្រូវបានអ្នកវិភាគឯករាជ្យមួយចំនួនវិភាគថា វាគ្រាន់តែជាការដោះសារ
ឬគ្រាន់តែជាការដោះបំណុលសន្យារបស់ខ្លួនតែប៉ុណ្ណោះ។
ចាប់តាំងពីចុងខែកុម្ភៈ
រហូតមកដល់ដើមខែមីនាឆ្នាំ២០១៤នេះ ទោះបីតំណាងក្រុមបច្ចេកទេសនៃគណៈកម្មការចម្រុះរបស់គណបក្សទាំងពីរបានដំណើរការចរចា
មានការឯកភាពគ្នាជាបន្តបន្ទាប់ និងមានការខ្វែងគំនិតគ្នាមួយចំនួនក្តី ក៏ក្រុមបច្ចេកទេសនៃគណបក្សទាំងពីរ
នឹងនៅតែបន្តជួបចរចា នាថ្ងៃច័ន្ទទី១៧ ខែមីនា ឆ្នាំ២០១៤ ខាងមុខក្តី ប៉ុន្តែបែរជាថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ
ជាពិសេស លោក សម រង្ស៊ី ជារើយៗតែងតែបោះពាក្យសម្តីតាមរយៈសារព័ត៌មាននានាជាញ៉ឹកញាប់
មានជាអាទិ៍៖
កាលពីថ្ងៃទី១៨ ខែកុម្ភៈ
និងថ្ងៃទី០៣ និង ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤ សម
រង្ស៊ី បានលើកឡើងថា « ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនព្រមព្រៀងនៅសប្តាហ៍ខាងមុខចំពោះសំណើររបស់គណបក្សសង្រ្គោះជាតិឲ្យប្រើរូបមន្តពីរភាគបីរបស់រដ្ឋសភា
ដើម្បីតែងតាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេនោះ
នឹងមិនមានកិច្ចប្រជុំគណៈកម្មាធិការគណបក្សចម្រុះក្នុងអនាគតទៀតទេ .....ប្រសិនបើគ្មានចម្លើយតបវិជ្ជមានទេមិនចាំបាច់បន្តពិភាក្សាទៀតទេ
...យើងឈប់ចរចា...។ល។»។
ការលើកឡើងរបស់លោក
សម រង្ស៊ី មួយម៉ាត់ណាក៏គម្រាមឈប់ចរចា មួយម៉ាត់ណាក៏ព្រមានយកការមិនចូលប្រជុំសភាមកធ្វើចំណាប់ខ្មាំងលើគណបក្សប្រជាជនកម្ពុជា
និងមកលើរាជរដ្ឋាភិបាលដែរ។
គេនៅចាំបានថា
កាលឆ្នាំ២០០៤ លោក សម រង្ស៊ី បានយល់ព្រមលើកដៃអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញពី២ភាគ៣
មក ៥០បូក១ ដោយខ្លួនឯង ប៉ុន្តែបច្ចុប្បន្ននេះ
បែរជាលោក សម រង្ស៊ី ទាមទារចង់ធ្វើវិសោធកម្មពី៥០បូក១
មក២ភាគ៣ វិញ។ នេះ គឺជាចេតនាបង្កការរាំងស្ទះផ្នែកនយោបាយជាថ្មីបង្កឡើងដោយគណបក្សប្រឆាំង
និងមានបំណងរុញស្ថានការណ៍នយោបាយដែលកំពុងល្អប្រសើរ
ឱ្យវិលទៅរកវិបត្តិដូចពីអតីកាល។
កាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០១៤
គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ថា«គោលជំហរគណបក្សសង្រ្គោះជាតិ
ទាមទារឲ្យស្ថាប័នគ.ជ.បជាស្ថាប័នធម្មនុញ្ញ និងការជ្រើសតាំងសមាសភាព គ.ជ.ប ត្រូវអនុម័តដោយសម្លេង ពីរភាគបី
នៃសមាជិកសភាទាំងមូល...។ល។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នោះ
គណបក្សប្រជាជនក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយបញ្ជាក់ជំហរថា ជំនួបរបស់គណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្រ្គោះជាតិនៅវិមានព្រឹទ្ធសភា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤
មិនអាចឈានដល់ការធ្វើសេចក្តីប្រកាសរួមឡើយ។គណៈកម្មការចម្រុះដើម្បីសិក្សា
និងរៀបចំក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត ខាងគណបក្សប្រជាជនកម្ពុជា
បានឯកភាពឲ្យដាក់ប្រធានបទ«កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត»ទៅក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត
តែមិនឯកភាព ការចែងអំពីស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ
ហើយអនុម័តសមាសភាព ស្ថាប័ននេះដោយសម្លេងពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូលទេ។ គណបក្សប្រជាជនកម្ពុជា
មានការសោកស្តាយ ដោយគណបក្សសង្រ្គោះជាតិនៅតែយកបញ្ហានេះមកធ្វើជាលក្ខខ័ណ្ឌ ដែលអាចបង្កការរាំងស្ទះដល់ដំណើរការកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។
គណបក្សប្រជាជន នៅតែប្រកាន់ជំហរបន្តការចរចា តាមស្មារតីនៃកិច្ចប្រជុំនាថ្ងៃទី១០ខែមីនាឆ្នាំ២០១៤។
ការទាមទាររបស់គណបក្សសង្រ្គោះជាតិត្រូវឱ្យស្ថាប័នគ.ជ.ប
ជាស្ថាប័នធម្មនុញ្ញ
គឺមានតម្លៃស្មើនឹងការទាត់ចោលស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ
ដែលបានធ្វើការប្រកបដោយសុក្រិតភាពនាពេលកន្លងមក
ក្នុងការដោះស្រាយពាក្យបណ្តឹង
និងភាពមិនប្រក្រតីនានាពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនាពេលកន្លងមកដោយផ្អែកលើគោលការណ៍ច្បាប់នោះ
។
ម៉្យាងទៀត
ការទាមទាររបស់មេដឹកនាំគណបក្សប្រឆាំងចង់ប្តូរពីរូបមន្ត៥០ភាគរយបូក១
មក២ភាគ៣វិញនោះ សង្គមកម្ពុជា
នឹងអាចប្រឈមជាមួយវិបត្តិដែលនឹងកើតមានជាថ្មី
ហើយច្បាប់សំខាន់ៗជាច្រើនដែលត្រូវការអនុម័តអាចនឹងជាប់គាំង
ដោយការបដិសេធពីតំណាងរាស្ត្រគណបក្សប្រឆាំងជាក់ជាពុំខានឡើយ៕
អត្ថបទដោយ៖
លី គាំ