Wednesday, March 12, 2014

ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ សុខ អាន ​៖​ សមោស​រ​តន្ត្រី​​សប្បុ​រសធម៌​នឹង​អាច​​ជួយ​បន្ធូរ​បន្ថយ​អារម្មណ៍​​តាន​តឹង​​របស់​ប្រជាជន​​​ជប៉ុន​​ដែល​​រង​​គ្រោះ​​ដោយ​​រញ្ជួយ​​ដី និង​​រលក​យក្ស​ស៊ូ​ណា​មិ

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ ក្នុង​នាម​រាជរដ្ឋាភិបាលកម្ពុជា បាន​សម្តែង​នូវ​មនោ​សញ្ចេតនា​សោក​ស្តាយ និង​ចូល​រួម​មរណៈទុក្ខជា​ថ្មី​ម្តង​ទៀត​ចំពោះ​ប្រជាពលរដ្ឋ​ជប៉ុន ពិសេស​ពលរដ្ឋ​នៅតំបន់ ​Tohoku ប្រទេស​ជប៉ុន បានទទួលរងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការរញ្ជួយដី និង​រលក​យក្សស៊ូណាមីដែលមិនធ្លាប់មានកាល​ពី​ ៣ឆ្នាំ​មុន​។

ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុងពិធីសម្តែង​សិល្បៈសប្បុរសធម៌ នៅ​សណ្ឋាគារស៊ូហ្វី​តែល ភូគីត្រា រាជធានីភ្នំពេញ ដើម្បីជួយ​ដល់​តំបន់ Tohoku ប្រទេស​ជប៉ុន ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅព្រះ​រាជាណចក្រ​កម្ពុជា និង​​មូល​និធិ​ផ្កាឈូក ​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា យើងទាំងអស់គ្នា​នៅ​ចងចាំ​យ៉ាងច្បាស់អំពី​គ្រោះមហន្តរាយ​​ដ៏ធំនេះ​ ហើយ​យើងពិតជា​មាន​ការតក់ស្លុតនិង​រន្ធត់​យ៉ាង​ខ្លាំងចំពោះ​​ទំហំនៃការខូចខាតនិងការបាត់បង់​ជីវិតមនុស្ស​រហូត​ជិតដល់ ២០.០០០នាក់​។ ឆ្លៀត​​ឱកាសនេះខ្ញុំក៏សូមកោតសរសើរ​​ចំពោះមូល​និធិផ្កាឈូក និង​​​ស្ថាន​ទូត​ជប៉ុនប្រចាំ​ព្រះរាជាណា​ចក្រកម្ពុជា​ ក្នុងការ​​រៀបចំពិធី​រំឮកខួបលើកទីបីនៃ​គ្រោះធម្មជាតិ​ដ៏ធ្ងន់ធ្ងរ​នេះ ដែល​អនុញ្ញាតឱ្យ​យើង​ទាំងអស់​​មានឱកាស​ម្តងទៀត ដើម្បី​​គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ព្រម​ទាំង​បញ្ជូន​សារចូលរួម​មរណៈទុក្ខ​ទៅកាន់ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ជាពិសេស​ទៅកាន់​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុងសោកនា​ដ​កម្មនេះ​។ ក្នុង​នាម​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាថ្មីម្ដងទៀតខ្ញុំ​សូម​សម្ដែងនូវក្ដីអាណិតអាសូរ និង​សោកស្តាយ​ចំពោះអ្នកដែល​បាន​បាត់បង់​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​ មិត្តភ្ងា សហការី ក៏ដូចជា​បាត់បង់​ផ្ទះ​សំបែង ទ្រព្យសម្បត្តិ និង​របរអាជីវកម្ម​ដោយសារមហន្តរាយ​ថ្ងៃទី១១ ខែមីនាឆ្នាំ២០១១ នៅតំបន់​ Tohoku។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​តែង​តែ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលរងគ្រោះពីខ្យល់​ព្យុះទីហ្វុង Ketsanaដែល​បាន​បណ្តាលឱ្យបាត់​បង់​ជីវិត​មនុស្ស​ ខូចខាត​​​ទ្រព្យ​សម្បិត្តនិងផលដំណាំ​យ៉ាងដំណំកាល​ពី​ឆ្នាំ​២០០៩។ ឯកឧត្តម​បណ្ឌិត​សភាចារ្យឧបនាយករដ្ឋមន្ត្រី ប្រទេសជប៉ុនគឺជាប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេស​ជាមិត្ត​ដទៃ​ទៀត ដែល​បាន​ផ្ដល់​ជំនួយ​ភ្លាមៗ​មក​កម្ពុជា ទាំងស្មារតីនិងហិរញ្ញវត្ថុ។ នេះ​គឺ​ជា​កាយ​វិការ​ដ៏ឧត្តុង្គឧត្តម​ឆ្លុះបញ្ចាំងឱ្យ​ឃើ​ញ​​នូវ​ការ​ជួយគ្នា​ទៅ​វិញ​ទៅ​មក មិត្តភាព​ និង​សាមគ្គី​ភាពជា​អន្តរជាតិ។​

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម Yuji Kumamaru ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅកម្ពុជា​ បាន​រំលឹក​ដល់​មនោសញ្ចេតនា​របស់​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិ​បាល​កម្ពុជា ដែល​បាន​ចូ​ល​រួម​រំលែក​ទុក្ខ​ជា​មួយ​ប្រជាជនជប៉ុន ក្នុង​ពេល​មាន​ឧបទវហេតុរញ្ជួយ​ដី និង​រលក​យក្សស៊ូណាមិ កាល​ពី​ឆ្នាំ​២០១១កន្លង​មក​នេះ​នៅ​តំបន់ Tohuku និ​ងអរគុណ​ចំពោះ​ភ្ញៀវ​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​សមោសរតន្ត្រី​សប្បុរសធម៌ ជួយ​ដល់​តំបន់​ Tohuku ផង​ដែរ។

សូម​បញ្ជាក់​ថា ក្នុង​ពិធី​សម្តែង​សិល្បៈ​នេះ  មាន​កុមារាកុមារីកម្ពុជាជាច្រើនបាន​ច្រៀង​ចម្រៀង​ជាភាសា​​ជប៉ុន​ដែល​និពន្ធឡើង​ជាពិសេស​​ដើម្បីផ្តល់​​ជា​កម្លាំង​ចិត្តដល់ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ពី​ការ​រញ្ជួយដី និង​រលក​យក្សស៊ូណាមី។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ចាត់​ទុក​​ចម្រៀង​ដ៏មាន​អត្ថន័យ​របស់ក្មួយៗសិល្បៈករ សិល្បៈការិនី​កម្ពុជា​បាន​ច្រៀង និង​សម្តែង​ប្រាកដជា​នឹងបាន​ឮ​ដោយ​​ប្រជាជនជប៉ុន ហើយ​នឹងអាច​ជួយបន្ធូរ​បន្ថយ​អារម្មណ៍​តានតឹង​របស់​ជនរងគ្រោះ​ និង​ក្រុម​គ្រួសារ​៕