Wednesday, March 19, 2014

សម្តេច​​តេជោ​​អនុញ្ញាត​​ឲ្យ​​ឯក​​អគ្គ​​ទូត​​ថ្មី​​ចក្រ​​ភព​​អង់គ្លេស និង​​​​ឥណ្ឌា​​ចូល​​ជួប​​សម្តែង​​​ការ​​គួរ​​សម​

សម្តេច ​អគ្គ​មហាសេនា​បតី​តេ​ជោ ​ហ៊ុន​ សែន ​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ព្រឹក​​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤ បានអនុញ្ញាត​ឲ្យ​ ឯកឧត្តម វីលៀម ចេស​ស៊ី (William Jesse) ឯក​​អគ្គ​រាជទូត​ថ្មីចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុ​ជា ចូល​ជួប​សម្តែង​ការ​គួរ​​សម ​នៅ​វិមាន​​សន្តិភាព ទីស្តីការ​​គណៈរដ្ឋមន្ត្រី។

ឯកឧត្តម ​ អ៊ាង ​សុផល្លែត ​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ឯ​កឧត្តម​វីលៀម ចេស​ស៊ី អគ្គរាជទូតចក្រ​ភព​អង់គ្លេស ​បាន​ជំរាប​ជូន​សម្តេចតេជោ​​ថា នេះ​ជា​ពេល​វេលា​​​ដ៏​ល្អ​បំផុត​សម្រាប់ឯ​កឧ​ត្ត​ម​មក​បំពេញបេសកកម្ម​ការទូត ​នៅ​កម្ពុជា​។

ឯកឧត្តម ​ វីលៀម ចេស​ស៊ី បាន​​​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងចំពោះកំណើន​​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ទេស​​ចរណ៍​របស់​ចក្រ​ភព​អង់គ្លេស​មកកាន់​កម្ពុជាមាន​ការ​​កើន​ឡើង​ ហើយទំហំ​ពាណិជ្ជកម្មវិនិ​យោគ​​របស់​អង់​គ្លេស​នៅ​កម្ពុ​ជា ​ក៏​កំពុងមាន​ការ​កើន​ឡើង​​ផង​ដែរ។ ឯកឧត្តម​​បញ្ជាក់​ថា​ អ្វីដែលឯកឧត្តម​​នឹងធ្វើ​នោះ គឺ​បន្ត​ការ​គាំទ្រ​ដល់​កម្ពុជា ពិសេស​លើ​វិស័យ​ដោះ​មីន​ជាដើម​។

សម្តេច ​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា-អង់គ្លេស​)​ កំពុង​​មាន​​ការកើន​ឡើង​ជា​រៀងរាល់ថ្ងៃ ហើយ​អ្វី​ដែល​កម្ពុជាសប្បាយចិត្ត និង​​​មាន​មោទនភាព​នោះ គឺកំណើន​នៃ​អ្នកវិនិយោគ​មកពី​ចក្រភព​អង់គ្លេស​មាន​កើន​ឡើង ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​ទេស​ចរណ៍ជាដើម​។ ទេសចរណ៍​ចក្រភព​អង់គ្លេស​មកកាន់​កម្ពុជា មាន​ចំនួន​ប្រមាណ​១២​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។

សម្តេច ​តេ​ជោបាន​មាន​ប្រសាសន៍​បញ្ជាក់ថា ​ការប្រឹងប្រែង​របស់​ក​ម្ពុ​ជា​ គឺ​បន្ត​ជំរុញ​កម្ពុជា ចេញ​ពី​ប្រទេស​​ទទួលជំនួយ ឲ្យ​ទៅជា​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ​ទៀត​ ក៏​ដូចជា ​ប្រទេស​ក្នុងតំបន់ផងដែរ​។ ​

សម្តេច ​តេ​ជោនាយករដ្ឋមន្ត្រី​ក៏​បានមាន​ប្រសាសន៍​​ថ្លែង​អំណរ​គុណ​ ​ចំពោះ​ជំនួយ​ទាំងឡាយ​ដែលចក្រភព​អង់គ្លេស​ផ្តល់​ជូន​កម្ពុជា​ រួមទាំង​ជំនួយ​ដែល​ផ្តល់​ដល់​​សាលាក្តី​ខ្មែរក្រហម​ផងដែរ​។

បន្ទាប់ ​ពីទទួល​ជួប​សម្តែង​ការ​គួរ​សម ​ជាមួយ​ឯកអគ្គ​រាជទូត​ថ្មី​ចក្រ​ភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ដដែល​នោះ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ​ហ៊ុន សែន ​ក៏បាន​អនុញ្ញាត​ឲ្យ ឯក​ឧត្តម DINESH  K.PATNAIK ឯកអគ្គរដ្ឋទូត​ថ្មី​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជាចូល​ជួប​សម្តែង​ការ​គួរ​សម​ផង​ ដែរ។

នៅ ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​នោះ ឯកឧត្តម DINESH  K.PATNAIK ឯកអគ្គរដ្ឋទូត​ថ្មី​ឥណ្ឌា​ក៏បាន​នាំមក​នូវ​វត្ថុ​សក្តិ​សិទ្ធិ​មួយ​ចំនួន ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក្នុង​នោះ​រួមមាន៖ ស្លឹក​ពោធិ និង​​ដី​ដែល​​នាំ​មកពី​តំបន់ដ៏​ពិសិទ្ធិ​ចំនួន ​៣​កន្លែង​ផ្សេងគ្នា គឺ​តំបន់​ពុទ្ធ​គ​យា ​តំបន់​សារ​នាថ​ និង​តំបន់​កុសិនារា ដែល​ជាទី​ស្ថាន​មាន​ប្រវត្តិ​ទាក់ទង​នឹង​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​។

ឯកឧត្តម ​ DINESH  K.PATNAIK បាន​មាន​ប្រសាសន៍​​ជំរាប​ជូន​សម្តេច​តេ​ជោ​ថា ពុទ្ធ​គ​យា គឺ​មាន​ន័យ​ថា ជាទី​កន្លែង​ដែល​ព្រះ​សម្មាសម្ពុទ្ធបាន​ត្រាស់ដឹង ​សារ​នាថជាទី​កន្លែង​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សំដែង​ព្រះធម៌​, និង​កុសិនារាជាទី​កន្លែងដែល​ព្រះសម្មាសម្ពុទ្ធ ចូល​ព្រះ​បរិនិ​ព្វាន​។ ឯកឧត្តម DINESH  K.PATNAIK ក៏បាន​ជំរាបជូន​សម្តេច​ដែរ​ថា វត្ថុ​សក្តិ​សិទ្ធិ​នេះ គឺ​ជូន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន និង​ក្រុម​គ្រួសារ​ ដើម្បី​បាន​ទទួល​នូវ​សិរី​មង្គល វិបុល​​សុខ និង​សំណាងល្អ​។

​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថ្លែង​អំណ​រគុណ​ ចំពោះ​ឯកឧត្តម DINESH  K.PATNAIK ដែល​បាន​នាំមក​នូវ​វត្ថុ​ដ៏​មានតម្លៃ ជាទី​សក្ការៈ បូជា​នេះ មក​ជូន​ចំពោះ​សម្តេច៕