Monday, March 3, 2014

សម្តេច​​តេជោ៖​ទិវា​​វប្បធម៌​​ជាតិ​​នឹង​​ក្លាយ​ជា​​ចលនា​​សកម្ម​​ក្នុង​​ការ​​បណ្តុះ​​គំនិត​​អប់រំ​​ផ្សព្វ​ផ្សាយ​



ដោយ​​ចាត់​ទុក​​ទិវា​វប្បធម៌​ជាតិ ៣មីនា ​​ជា​ចលនា​សកម្ម​មួយទៀត ក្នុង​ការ​បណ្តុះ​គំនិត​អប់រំ និង​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​តម្លៃ​វប្បធម៌​ជាតិ សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​​ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាព្រឹក​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ​២០១៤ បាន​មាន​ប្រសាសន៍​ជំរុញ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​យក​ចិត្ត​ទុក​ដាក់​ ប្រកាន់យក​វិធានការ​ច្បាប់​ឱ្យបាន​ហ្មឺ​ង​ម៉ាត់ ដើម្បី​លើកកម្ពស់​មោទនភាព និងកិ​ត្យានុ​ភាព​ជាតិ ដោយ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​លួច​ចម្លង​ស្នាដៃ​សិល្បៈ​បរទេស ក៏​ដូច​ជាយក​ចិត្ត​ទុក​ដាក់​បំផុស​​លើ​វប្បធម៌​ម្ហូប​ខ្មែរផង​ដែរ​។

ដោយ​មាន​វត្ត​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា ហ៊ុនសែន អម​ដំណើរ​ នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​១៦ ឆ្នាំ ២០១៤ ​​ក្រោម​ប្រធានបទ​៖ អ្វីៗ​ទាំងអស់​ដើម្បី​សុខដុមភាព​វប្បធម៌​ជាតិ​ នៅ​សាលសន្និសីទ​ចតុមុខ ​សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​នៅតែ​យល់ថា ទោះបីជា​ទិវា​នេះ​ត្រូវ​បាន​រំលឹក​ឡើង​តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​ស្មារតី​នៃ​ទិវា​វប្បធម៌​ជាតិ​នេះ​នឹង​មាន​អត្ថិភាព​គ្រប​ដណ្តប់​ ទៅលើ​ចិត្តគំនិត ឥរិយាបថ និង​សកម្មភាព​អនុវត្តន៍​របស់​ប្រជាជន​យើង​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការ​ ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​វប្បធម៌​ជាតិ​នៅក្នុង​គ្រប់ពេល វេលា ទាំង​បច្ចុប្បន្ន និង​តទៅ​អនាគត​។​

សម្តេច​តេ​ជោ​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី៣ ខែមី នា​ជា​រៀងរាល់​ឆ្នាំ​ដើម្បី ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​នេះ​នៅ​ទូទាំង​ប្រទេស​ក្នុង​គោលបំណង​បំផុស​ មនសិការ​ស្នេហា​ជាតិ ស្មារតី​ស្រឡាញ់​សម្បត្តិ​វប្បធម៌​ដ៏​សម្បូណ៌​បែប​របស់​ជាតិ​ដល់​ប្រជា​ ជាតិខ្មែរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​តាមរយៈ​ទិវា​នេះ​បាន​លើកទឹកចិត្ត​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប និង​អប់រំ​អំពី​វប្បធម៌ និង​សីលធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ អំពី​ផលិតផល​វប្បធម៌​ខ្មែរ ដ៏​សម្បូណ៌​បែប ដើ​ម្បើ​ឲ្យ​ស្រទាប់​យុវជន និង​ប្រជាជន​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌ ដែល​ជា​ដួង​ព្រលឹង​ជា​អត្តសញ្ញាណ​ជាតិប្រកប​ដោយ​កិត្យានុភាព និង​ភាព​ថ្លៃថ្នូរ​នោះ​។​

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​ថា ត្រូវខិតខំបង្កើតផលិតផលវប្បធម៌ថ្មី​ឲ្យ​បាន​ច្រើន ដែល​នឹងបម្រើ​ឲ្យផល​ប្រយោជន៍​ថែម​ទៀត ដល់​សង្គម​ជាតិ និង​ប្រជាជន ប៉ុន្តែ​ដាច់​ខាត​មិន​អាច​អភិវឌ្ឍ​វប្បធម៌សិល្បៈ ដែល​ប្រាស​ចាក​ពីទម្រង់ នៃ​វប្បធម៌​ជាតិ ប្រាស​ចាក​ពីសេចក្តី​ថ្លៃថ្នូរ និង​គុណធម៌​របស់មនុស្ស​ជាតិ​បាន​ឡើយ។

ក្នុង​គោលដៅ​បន្តផ្សព្វផ្សាយ​អំពី​វប្បធម៌ ប្រពៃណី សិល្បៈ​ដ៏ល្អផូរផង់​របស់​កម្ពុជា និង​ការ​លើក​កម្ពស់​ជីវភាព​របស់​សិល្បៈករ សម្តេច​តេជោ​បានមាន​ប្រសាសន៍​បញ្ជាក់ថា ខ្ញុំគាំទ្រចំពោះ​កម្មវិធី​ទៅសម្តែង​នៅតាម​បណ្តា​ប្រទេស​នានា (របស់​សិល្បៈករ​ខ្មែរ​) ប៉ុន្តែ​ត្រូវ​មាន​យន្តការ​គ្រប់​គ្រង​ឲ្យបាន​ហ្មត់​ចត់បំផុត។ ព្រម​ជាមួយ​គ្នានេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ក៏បាន​អំពាវ​នាវ​ឲ្យ​បណ្តា​ផលិតកម្ម​នៅ​កម្ពុជា លុប​បំបាត់​ចោល​នូវ​វប្បធម៌ លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា ក៏ដូច​ជា ការ​លួច​ចម្លង​ពីបរទេស​ផងដែរ។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា សូមកាត់​បន្ថយ និង​ចៀសវាង​ការ​លួច​ចម្លងទាំង​ដុល​នូវ ស្នាដៃ​សិល្បៈរបស់​បរទេស។

សម្តេច​តេជោ​បាន​មាន​ប្រាសន៍​បញ្ជាក់​ថា កុំភ្លេច​ថា ការ​លួច​ចម្លង គឺ​ជាទោស​កំហុស​មួយ ហើយ​លើស​ពីនេះ​ទៅទៀត ជាភាព​អាបឱន​មួយ​របស់​ជាតិ ហើយ​ជា​ទង្វើមួយ​ដែលប្រឆាំង​នឹង កម្ពុជាព្រះរាជាណា​ចក្រ​នៃវប្បធម៌និង កម្ពុជា​ព្រះរាជាណា​ចក្រអច្ឆរិយៈដូច្នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​ប្រកាន់​យកវិធាន​ការ​ច្បាប់ឲ្យ​បាន​ហ្មឹងម៉ាត់ ដើម្បី​លើក​កម្ពស់​មោទនភាព និង​កិត្យានុភាព​ជាតិ។​

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​ការ​ណែនាំ​ថា ​ដើម្បីមាន​ស្នាដៃល្អ ត្រូវមានជំនាញ និង​ចំណេះ​ដឹង​ច្បាស់​លាស់ ប្រកប​ដោយ​គុណភាព ដូច្នេះ​ក្រសួង​វប្បធម៌ត្រូវបង្កើត​វគ្គ​បណ្តុះ​បណ្តាល វគ្គ​បំប៉ន ឬ​វគ្គវិក្រឹត្យការ​ឲ្យ​បាន​ច្រើន ទាំង​នៅថ្នាក់​កណ្តាល និង​ថ្នាក់​មូលដ្ឋាន រាជ​ធានី-ខេត្ត ពិសេស​ខេត្តណា ដែល​មានសក្តានុពល​វប្បធម៌ និង​ទេសចរណ៍។

ក្រៅ​ពី​ជំរុញ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​អនុវត្ត​ច្បាប់​កម្ម​សិទ្ធ​បញ្ញា ដើម្បី​លើកស្ទួយ​កិត្យា​​នុភាព​វប្បធម៌​ និង​គំនិត​ច្នៃ​ប្រឌិតរបស់​ខ្មែរ សម្តេច​​តេជោនាយករដ្ឋមន្ត្រី ​បាន​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​វប្បធម៌​ម្ហូប​ខ្មែរ ដូចជា ត្រសក់ចាវ ម៉ាំ​ល្ហុង និង ត្រីឆ្អើរ ជាដើម ដែល​ត្រូវធ្វើ​ឲ្យ​វា​ក្លាយទៅជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ ដែល​អាច​ពង្រីក​ទៅជា​ឧស្សាហកម្ម​ម្ហូប​ខ្មែរ ដែល​ត្រូវបានធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស និង​ពិភពលោក​ផងដែរ។

ដោយ​បាន​លើក​ឧទាហរណ៍​ពីគីម​ជី ដែល​ជា​ម្ហូប​ប្រពៃណី​របស់​ប្រជា​ជន​កូរ៉េ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍អំពី​ម្ហូប​ខ្មែរ​​ថា ចំណុច​នេះ​យើង​មិនត្រូវ​មើលរំលង​ទេ​បណ្តា​ប្រទេស​និ​មួយៗ គេ​បាន​ខិតខំ​ណាស់ នៅពេលដែល​យើង​បាន​ទៅដល់​ប្រទេស​គេៗ ក៏​ចាប់ផ្តើម​ដាក់​ម្ហូប​ជា​ប្រពៃណី​របស់គេ​មក ទទួល​យើង។ សម្តេច​តេ​ជោ​បាន​បន្តថា ​ដូចនេះ​ពេល​ជប់លៀង​ម្តងៗ​យើង​ក៏​អាច​បង្ហាញ​ ម្ហូប​របស់​យើង​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ពី​ម្ហូប​របស់​យើង ដែលមាន​ត្រសក់ចាវ ម៉ាំ​ល្ហុង និង​ត្រីឆ្អើរ​។

ជាមួយ​នឹង​ការ​លើក​ឡើង​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ​កម្ពុជា​សម្រេច​បាន​ចំនួន​ភ្ញៀវ​ទេសចរ អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ប្រមាណ​ជាង ៤លាន​នាក់ ក្នុង​អត្រាកំណើន ១៧,% ធៀប នឹង​ឆ្នាំ ២០១២ ហើយ​នៅ​ក្នុង​ ក្នុង​ឆ្នាំ ២០១៣ កន្លងទៅ​កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច ៧,% ក៏​ដូច​ជា​រំពឹងទុក​​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​អាច​រក្សា​បាន​ក្នុង​អត្រាកំណើន​លើស​ពី ៧% សម្រាប់ ​ឆ្នាំនេះ និង​ក្នុង​រយៈពេល​មធ្យម​ទៅ​មុខ​ទៀត សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​កត់​សំគាល់​ថា "ទាំងអស់​នេះ​ជា​ទិដ្ឋ​ភាព​​ដែល​យើង អាច​មើល​ឃើញ​អំពី​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​វិស័យ​វប្បធម៌ ទេស​ចរណ៍ និង​ស​ដ្ឋ​កិច្ច ។ ដូច្នេះ​គឺជា​ការចាំបាច់​ណាស់​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ផ្តោត​ការ​យក​ ចិត្ត​ទុក​ដាក់ ដោយ​មិន​ត្រឹម​តែ​លើ​ការ​ថែរក្សា ការពារ និង​អភិរក្ស​ឲ្យ​បាន​គង់វង្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​រួមគ្នា​បន្ត អភិវឌ្ឍន៍​សម្បត្តិ​វប្បធម៌​ទាំងអស់​នោះ​ឲ្យ​កាន់​តែ​មានជីវិត​រស់រ​វើក​ថែម ​ទៀត​ផង"​។


សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន សូម​ចូលរួម​ធ្វើ​សកម្មភាព​បំផុសស្មារតី​ទិវា​វប្បធម៌​នេះ​ឲ្យ​បាន​សកម្ម​ ផុលផុស​ទាំង​ក្នុង និង​ក្រៅប្រទេស និង​បាន​ឧទ្ទិស​ទិវា​វប្បធម៌​ជាតិ​៣ មីនា​លើក​ទី១៦ ជា​ថ្ងៃ​រំលឹក​ដល់​គុណូបការៈ​បុព្វបុរស និង​ដូនតា​ខ្មែរ និង​សូម​ឲ្យ​ទិវា​នេះ ស្ថិតនៅ​ជា​អមតៈ​​ក្នុង​ដួងចិត្ត​ប្រជាជន​គ្រប់រូប​ប្រកប​ដោយ​មនសិការ​ចូលរួម ​ថែរក្សាការពារ និង​លើក​ស្ទួយ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​មាន​វឌ្ឍនភាព​ជានិច្ច​និរន្តរ៍៕