Monday, March 3, 2014

សម្ដេចតេជោរំលឹកឲ្យ​រួម​គ្នា​​បញ្ចប់អាជីវកម្ម​ស៊ីសាដែល​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន​

នៅក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិធីបិទសន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងទេស​ចរណ៍ នៅ​មជ្ឈ​មណ្ឌលសន្និបាទ និង​ពិព័រណ៍​កោះ​ពេជ្រ​ ក្នុងរាជធានីភ្នំពេញ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​មានប្រសាសន៍រំលឹក​សារជាថ្មី​ ដោយ​បានអំពាវនាវ​ឲ្យប្រជាជាតិ​ទាំងមូល​រួមគ្នា​បញ្ចប់​អាជីវកម្ម «ស៊ីសា» ដែលត្រូវ​បាន​រក​ឃើញថា មានជាតិគ្រឿងញៀនកម្រិតខ្ពស់។

​ទាក់​ទង​នឹង​អាជីវកម្ម​ស៊ី​សា​នេះ សម្តេច​តេជោបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​ការបញ្ជាក់ពី​អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស៊ី​សា​នេះ មាន​សារជាតិញៀន​ខ្ពស់​ដូច​កញ្ជា​ដែរ ហើយ​ថា​អាជីវកម្ម​នេះ បានធ្វើឱ្យយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ចំនួន​៩១​នាក់​ជក់ ប្រើប្រាស់​ស៊ី​សា​នេះ ដោយ​គ្រាន់តែ ២​កន្លែង ប៉ុណ្ណោះ​នៅ​រាជធានី​ភ្នំពេញ ។ 

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍​ថា «យើងត្រូវបិទ​ក្រោល​សេះ មុនពេល​ដែល​សេះ​ចេញផុត ឬ​ក៏សេះ​ដែល​ទើបនឹង​ចេញ​ពីក្រោល យើងត្រូវ​ចាប់​ចូល​ក្រោលវិញ ព្រោះ​វា​មិន​ទាន់​យឺត ពេល​ពេក​ទេ យើងត្រូវធ្វើ​សកម្មភាព​បន្ទាន់បំផុ​ត​អំពី​បញ្ហា​ស៊ីសា»។ សម្តេចតេជោ​ថ្លែងថា ស៊ីសា មិនមាន​នៅក្នុងបម្រាម​ហាមឃាត់​ទេ ប៉ុន្តែតាម​ការពិ​សោធន៍រួច​ហើយ គឺវា​មាន​ជាតិ​គ្រឿងញៀន​កម្រិត​ខ្ពស់​តែម្តង ដែល​យើងត្រូវដោះ​ស្រាយ​រួ​ម​គ្នាក្នុងកម្រិត​ជាតិ​របស់​យើង ព្រោះ​វា បាន​ក្លាយជាប្រធាន​បទ​ក្តៅ​គគុក ដែល​ត្រូវចាត់​ការជា​បន្ទាន់។ ​“ ខ្ញុំសូមអំពាវ​នាវ​ដល់​អាជ្ញាធរ​គ្រប់ទី កន្លែង​ទាំងអស់​ត្រូវ​គ្រប់គ្រង​ឲ្យបានល្អបញ្ចប់​អាជីវ​កម្ម​ជក់​ស៊ីសា​នេះ

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា យើងបញ្ចប់​ការធ្វើ អាជីវកម្មស៊ីសា ហើយក្នុង​ករណី​​មិន​រាងចាល​ថ្ងៃក្រោយ​យើង​បិទ​ទីតាំង​តែម្តង។ ខ្ញុំ​សូមអំពាវនាវ​ដល់​អ្នកធ្វើអាជីវ​កម្ម​ស៊ីសា សូម​បញ្ចប់​ជា​បន្ទាន់ សូមមេត្តា​យោគយល់​ទៅដល់សង្គមជាតិ​របស់​យើង សូម​មេត្តា​យោគ​យល់​ដល់អនាគត​របស់​កូន​ខ្មែរ សូម​មេត្តាកុំចង់​បាន​ផលចំណេញ ហើយ​បង្កើត​នូវ​ទុក្ខ​សោក​សម្រាប់​យុវជន និង​វ័យជំទង់​របស់ខ្មែរ ។ សូម​មាតាបិតា ឬអ្នក អាណា​ព្យា​បាល​ជួយ​អប់​រំ​កូន​ចៅ ដែលមានសាច់​ញាតិរបស់​យើងដែល​បាន​ជ្រុលជ្រួស ដោយ​ត្រូវទាញ​ពួក​គេ​ត្រឡប់​មកវិញ ហើយ​យុវជន​ដែលជាអ្នកជក់​ខ្លួនឯងក៏ត្រូវ​តែភ្ញាក់​រលឹក​ថា ស៊ីសា​នេះជាប្រភេទ​គ្រឿង​ញៀន ដែល​ត្រូវ​តែបញ្ឈប់​ខ្លួន​ឯង​ជា​បន្ទាន់។

នៅក្នុង​សុន្ទរកថា បិទអង្គ​​សន្និបាត​ក្រសួង​ទេសចរណ៍​សម្ដេច តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​ជា​អនុសាសន៍​ណែនាំ​ថា​៖ សម្រាប់​កម្ពុជា​ចំពោះ​មុខ​នៃ​ការធ្វើ​សមាហរណកម្ម​វិស័យ​ទេស​ចរណ៍​ ក្នុង​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន យើង​ចាំបាច់​ត្រូវ​ក្ដាប់​ឱ្យបាន​នូវ​ជីពចរ​សំខាន់ៗ ដោយ​ឈរលើ​ទស្សនៈ «សមាហរណកម្ម​បម្រើឱ្យវិស័យទេសចរណ៍ វិស័យ​ទេសចរណ៍​បម្រើឱ្យ សមាហរណកម្ម​» ដែល​កិច្ចការ​នេះ ទាមទារ​ឱ្យ​យើងទាំងអស់គ្នា ផ្ដោត​ការយកចិត្ដ​ទុកដាក់ ជា​​សំខាន់​លើ​ដង្ហើម​នៃ​វិស័យទេសចរណ៍​។ សម្ដេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ មូល​ដ្ឋាន​ពីរ សំខាន់ដែល​ត្រូវ​ដើរ​ទន្ទឹម​គ្នា គឺ​ការបង្កើនភាព​ប្រកួតប្រជែង និង​ការធានា​ឱ្យបានចីរភាព​ដែល​កើតចេញ​ការអភិវឌ្ឍវិស័យទេសចរណ៍​។ ​ក្នុងន័យនេះ យើង​ចាំបាច់​ត្រូវ​ចាប់​យក​ឱ្យបាន​នូវ​កាលានុវត្ដភាព​ថ្មីៗ ក្នុង​ការវិវត្ដនៃ​វិស័យ​ទេសចរណ៍ក្នុង​តំបន់ និងសកលលោក និង​ចាប់​ឱ្យ​បាន​​ជា​អតិបរមា​នូវ​ឧត្ដមភាព​ប្រៀបធៀប​របស់​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍​គាំទ្រ និងវាយតម្លៃ​ខ្ពស់​ចំពោះកិច្ចខំប្រឹ​ង​ប្រែងរបស់​ក្រសួង​ទេសចរណ៍ ក្នុងការរៀបចំផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ទេសចរណ៍ ២០១២-២០២០ ដែល​ចង្អុលបង្ហាញ​អំពី​ចក្ខុវិស័យ, ទិសដៅ​ជា​យុទ្ធសាស្ដ្រ និង ការដាក់ចេញ នូវ​វិធាន​ការ, ផែនការច្បាស់ ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ស្របតាម​ផែនការយុទ្ធសាស្ដ្រ អភិ​វឌ្ឍ​ទេសចរណ៍​អាស៊ាន (ATSP–2012-2015) និងស្រប​តាម​ទស្សនាទាននៃ​ការធ្វើសមា​ហរ​ណ​កម្ម​អាស៊ាន ដែល​បណ្ដា ប្រទេស​សមាជិក​នីមួយៗ បាន​នឹង​កំពុង រួម​គ្នា​អភិវឌ្ឍ​ដោយ​ឈរ​លើ​ទស្សនាទាន ​«គិត​ជា​សកល ធ្វើ​ផែនការ​ថ្នាក់​តំបន់ និងប្រតិ​ប​ត្ដិ​ថ្នាក់ជាតិ​»

ដោយឡែកក្នុង​ការ​ជំរុញ​ការធ្វើសមាហរណកម្ម​វិស័យ​ទេសចរណ៍កម្ពុជា ទៅក្នុង​សហគមន៍​អាស៊ាន​សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជាអនុសាសន៍​ចំនួន ​៣ចំណុច​សំខាន់ៗ​ រួម​មាន​៖ ​(១).​ជំរុញ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​អភិវឌ្ឍ​ផលិតផល ទេសចរណ៍ប្រកប ដោយ​ភាព​ច្នៃប្រឌិត និង​ផ្ដល់​ភាព​ចងចាំ ដល់​ភ្ញៀវ​ទេសចរ ព្រមទាំង​បង្កើន​ការសិក្សា ទីផ្សារ និង​ការផ្សព្វផ្សាយ (២).​ពង្រឹង គុណភាព​ផលិតផល​ទេសចរណ៍ និង​អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ (៣). ជំរុញ​ការតភ្ជាប់ និង​សម្រួល​ការធ្វើដំណើរ​។
នៅ​ក្នុង​ការ​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត សម្តេចតេជោមានប្រសាន៍​កោតសរសើរអំពីវឌ្ឍនភាព និង លទ្ធផល​នៃការ​វាយតម្លៃ​ដំណាក់កាល​បឋម ​ចំពោះ​ក្រុងបាត់​ដំបង ដែល​បានពិន្ទុ​ល្អឈាន​មុខគេ បន្ទាប់​មកក្រុង​សៀមរាប ក្រុង​កែប និងក្រុង​ពោធិ៍សាត់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើឲ្យរដ្ឋបាលថ្នាក់​ក្រោម​ជាតិ គ្រប់ក្រុង ខណ្ឌបេក្ខភាព បន្តខិតខំថែមទៀតអនុ​វត្ត​តាម​សៀវ​ភៅកា​រងារ អនុវត្តកម្មវិធី​ការ​ងារជា​យុទ្ធសាស្រ្ត ដើម្បីឈានទៅទទួលជ័យលាភីផ្ការំដួល ២ ឬ ៣ទង នៅឆ្នាំ២០១៥ ដើម្បី​ឲ្យ​គ្រប់​ក្រុង ខណ្ឌ​ទាំងអស់​អាចទទួល​ជ័យលាភី ជាទីក្រុង​ស្អាត​ទាំង​អស់ ដែល​ធ្វើកម្ពុជា​ក្លាយជាគោលដៅ​ទេសចរណ៍​ប្រកប​ភាព​ទាក់ទាញ និងផ្តល់​ភាព​កក់ក្តៅ​ដល់ភ្ញៀវ​ទេសចរ ស្រប​តាម​ពាក្យស្លោក​អាស៊ាន «អាស៊ានៈមានអារម្មណ៍​កក់​ក្តៅ» ដែល​ជាកត្តា​គន្លឹះ​ពន្លឿន​ការធ្វើ​សមាហរ​ណកម្ម នៃ​វិស័យ​ទេសចរណ៍​កម្ពុជាក្នុង​សហគម​ន៍​អាស៊ាន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានមាន​ប្រសាសន៍​ព្យាករណ៍​ថា ​ឆ្នាំ​២០១៤​នេះ​កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ ជាតិប្រមាណ ៤​លាន​៧​សែន​នាក់ ហើយ​នៅ​ឆ្នាំ ២០១៥ ប្រមាណ​៥​លាន​នាក់ និង​នៅ​ឆ្នាំ ២០១៨ ប្រមាណ​៦​លាន ១​សែន​នាក់ ហើយ​រំពឹង ថា​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​អាច​ទទួល ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​៧​លាន ៥​សែន​ទៅ​៨​លាន​នាក់​ជាមួយ​នឹង​ចំណូល​ជាតិ​សរុប​ប្រមាណ ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់ ប្រមាណ ៨៥​លាន​នាក់​៕