Thursday, March 13, 2014

សុន្ទ​រកថា ឯកឧត្តម បណ្ឌិត​សភា​ចារ្យ សុខ អាន, ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្នាក់​ការ​ថ្មីរបស់​​សហ​ភាព​សហ​ព័ន្ធ យុវជន​កម្ពុជា​ខេត្ត​តាកែវ

ខេត្តតាកែវ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤

-  សូមថ្វាយបង្គំព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
-  ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិកា​ រដ្ឋសភា និងរាជរដ្ឋាភិបាល
-  ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
-  ក្មួយៗកាយរឹទ្ធិ ក្មួយៗយុវជនកាកបាក្រហមកម្ពុជា និងសិស្សានុសិស្សទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និង​ភរិយា​មានសេចក្តីសោមនស្សរីករាយ ដោយបានមក​ចូលរួម​ជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និង​ក្មួយៗយុវជន​ទាំងអស់​​ក្នុងពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ស្នាក់ការថ្មីរបស់​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ នាពេល ​នេះ។ ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ខ្ញុំព្រះករុណាខ្ញុំ សូម​ពាំ​នាំ​នូវ​ការនឹក​រលឹក និង​ផ្តាំផ្ញើ​​សួរ​សុខ​ទុក្ខ​ពី​សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ចំ​ពោះ​​បងប្អូនប្រជាពលរដ្ឋទាំងអស់​​នៃ​ខេត្តតាកែវ​យើង ជាពិសេស​ក្មួយៗយុវជន​​។​​  ​​

​​​ ខ្ញុំសូមកោតសរសើរ និងវាយ​តម្លៃ​​ខ្ពស់​ចំពោះ​​​គំនិតផ្តួចផ្តើមនិងកិច្ចខិតខំ​ប្រឹង​ប្រែង​រប​ស់​ឯកឧត្តម​ ហ៊ុន ម៉ានី និង​ថ្នាក់​ដឹកនាំ​នៃ​សហ​ភាព​សហព័ន្ធយុវជន​កម្ពុជា​ទាំងអស់​  ដោយមាន​ការចូល​រួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​បណ្តាស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន សមាគម អង្គការមិនមែន​រដ្ឋាភិបាល និង​សប្បុរសជនទាំង​ឡាយ​​ បានធ្វើឱ្យ​សម្រេចឡើង​នូវ​សមិទ្ធផល​ជាច្រើនជាបន្តបន្ទាប់ ក្នុងបុព្វហេតុជាតិនិងមាតុភូមិយើង។ ជាក់ស្តែង ពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ស្នាក់ការនៅខេត្តតាកែវនាថ្ងៃនេះ គឺជា​សមិទ្ធផលថ្មីដ៏សំខាន់​​មួយទៀត​​របស់សហភាព​សហព័ន្ធ​យុវជនកម្ពុជា ជាពិសេស​សហភាពសហព័ន្ធ​​យុវជនកម្ពុជាខេត្តតាកែវ​ ដែល​មាន​ឯកឧត្តម​ សុខ ពុទ្ធិវុធ ជា​ប្រធាន​។ ខ្ញុំផ្ទាល់ ក៏ដូចជា​ប្រជាជន​​យើងទាំងអស់ មាន​សេចក្តីរំភើបរីករាយនៅពេលឃើញយុវជនកម្ពុជាយើងបំពេ​ញ ​សកម្មភាពសង្គមយ៉ាងផុលផុសប្រកបដោយថាមភាព ក្នុងបេសកកម្ម​ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីចូលរួមក្នុងការអភិវឌ្ឍ​ប្រទេស​ប្រកប​ដោយមោទនភាពជាតិ ជាមួយនឹងផ្លែផ្កា​គួរឱ្យ​កត់សម្គាល់។

សុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ឯកឧត្តម​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា និងឯកឧត្ដមប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្តតាកែវ បានបង្ហាញអំពី​សមិទ្ធផល​ការងា​រ​ ​សំខាន់ៗ​នាពេល​កន្លងមក ដោយភ្ជាប់ជាមួយនឹង​ចក្ខុវិស័យ​សម្រាប់អនាគត ជាអាទិ៍ការលើក​កម្ព​ស់​​ការយល់ដឹង​របស់​យុវជន​​អំពី​ប្រវត្តិសាស្រ្ត​ វប្បធម៌ និង​ប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ការជំរុញ​​ឱ្យ​ ​យុវជន​​​ចូលរួម​ក្នុង​ការងារ​សង្គម​និង​មនុស្សធម៌ និង​​​ការជួយ​ដល់​យុវជន​ក្នុង​ការអប់រំ បណ្តុះ​បណ្តាល​ ​វិជ្ជាជីវៈ កីឡា និង​ការទទួលបានព័ត៌មាន​អំពីទីផ្សារ​ការងារជាដើម។​ សកម្មភាពទាំងនេះ ពិតជាមា​ន ​​សារសំខាន់​​ណាស់ នៅ​ក្នុង​បរិបទ​នៃការអភិវឌ្ឍ​​ជាតិ​ដោយ​​ចីរភាព ដែលទាម​ទារ​ឱ្យមាន​តួនាទី​​និង​ការចូល​រួម​យ៉ាង​សកម្មរបស់​យុវជន ​​ក្នុង​​ការរួមចំណែក​ដោះស្រាយ​បញ្ហាប្រឈម​នានានៅក្នុង​ដំណើរ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម។

ដោយឡែក នៅខេត្តតាកែវយើងនេះ ​សហ​ភាព​សហព័ន្ធយុវជន​កម្ពុជាបានចូលរួមយ៉ាងសក​ម្ម ​​ក្នុងសកម្មភាពសង្គមជាច្រើនដូចជា៖ ការបរិច្ចាកឈាម ការពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយ​ ឥតគិតថ្លៃ ការចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ការចុះជួយសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះ ការជ្រើសរើសសិស្សពូកែ ការផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ការបញ្ចូនសិស្សនិស្សិតទៅចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការតម្រង់ទិសយុវជនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ការរៀបចំការប្រកួតកីឡា ការរៀបចំពិធីដាំកូនឈើ ទស្សនកិច្ចសិក្សាស្វែង​ យល់ពីសាលាក្តីខ្មែរក្រហមនិងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក  ជាដើម។

សមិទ្ធផលធំៗកន្លងមក​របស់​រាជ​រដ្ឋា​ភិបាល តែងតែមាន​ការ​រួម​ចំណែក​​យ៉ាងសំខាន់​របស់ក្មួយៗ យុវជនយុវនារី។ ការចូលរួម​របស់​ក្មួយៗ​មិនត្រឹមតែ​ជា​ការ​ចូល​រួម​ចំណែកជាមួយ​រាជរដ្ឋាភិបាលក្នុង​​ ការអភិវឌ្ឍ​ប្រទេស​ប៉ុណ្ណោះទេ ប៉ុន្តែ​​ថែម​ទាំង​ជាការ​ផ្តល់​ឱកាស​ដ៏ល្អសម្រាប់​ក្មួយៗក្នុងការពង្រឹង​សមត្ថភាពរបស់ខ្លួន​​ ​ដើម្បី​ក្លាយជា​សរសរ​ទ្រូង​របស់​ប្រទេសជាតិ និង​សក្តិសមជា «ទំពាំងស្នងឫស្សី» យ៉ាងពិតប្រាកដ​ថែមទៀត​ផង។ ក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច​អគ្គ​មហា​​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ តែងតែ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការលើក​កម្ពស់​តួនាទី​របស់​យុវជន ឱ្យបាន​ចូលរួម​ក្នុងការអភិវឌ្ឍ​សង្គម ការថែរក្សា ​​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ជាតិ និងការការពារ​ជាតិ​។ ​

ជាក់ស្តែង យុវជនត្រូវបាន​​រាជ​រដ្ឋាភិបា​លប្រគល់ភារកិច្ចយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុង​ក្រប​ខ័ណ្ឌនៃការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី ដើម្បីវាស់វែងដីធ្លីចែកជូន​បងប្អូន​ប្រជាពលរដ្ឋ។ ខ្ញុំ​សូម​កោត​សរសើរ​និងថ្លែងអំណរ​គុណដោយស្មោះចំពោះកិច្ច​ខិតខំ​ប្រឹងប្រែង និង​​ ឆន្ទៈដ៏មោះ​​មុត​របស់​​ក្មួយៗ​វីរៈយុវជន​ស្ម័គ្រចិត្តសម្តេចតេជោ ដែលបានលះបង់​កម្លាំង​កាយ កម្លាំង​​ចិត្ត និង​ពេលវេលា​ដ៏មានតម្លៃ​ ដើម្បី​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្តមរបស់ក្មួយៗ ប្រកប​ដោយ​លទ្ធផល​គួរជាទីមោទនៈ។

ទន្ទឹមនឹងនោះ កាលពីឆ្នាំ២០១៣កន្លងទៅ​ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំកិច្ចប្រជុំ​​​លើកទី៣៧ និង​ជា​ប្រធាន​​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ដែល​មាន​១៩០​រដ្ឋ​ភាគី​ជា​សមាជិក យុវជន​ក៏មានតួនាទីដ៏សំខាន់​នៅក្នុង​វិស័យ​បេតិកភណ្ឌ​ផងដែរ ដូច​ដែល​បានឆ្លុះបញ្ចាំងនៅក្នុងទស្សនាទានរួម​មួយ​ក្រោម​ពាក្យ​ស្លោក​ថា​ «​យុវជននិងបេតិកភណ្ឌ» ឬ «បេតិកភណ្ឌនៅក្នុងដៃយុវជន»។ នៅក្នុងឱកាសនោះ វេទិកា​យុវជន​បាន​រំលេច​ឡើងនូវប្រធានប​ទ ​ដ៏សំខាន់មួយ​គឺ «បេតិកភណ្ឌរស់៖ ប្រាសាទ បរិស្ថាន និងប្រជាជន»​ ក្នុងគោលដៅសំខាន់ដើម្បីបញ្ជ្រាប​​​ការយល់ដឹង​អំពី​ទំនាក់​ទំនង​ប្រកបដោយភាព​សុខុដុម​រមនា​នឹងគ្នារវាងវប្បធម៌ បរិស្ថានដែលរួមមានទឹក​និងព្រៃឈើ និង​សហគមន៍។ ក្នុង​ការ​អនុវត្ត​កិច្ចការ​​ដ៏​មាន​សារសំខាន់​នេះ​ ​យុវជន​កម្ពុជា​និង​យុវជន​អន្តរជាតិ ដែល​ស្ថិត​​ក្រោម​ការ​ដឹកនាំ​​​របស់​សហភាព​សហព័ន្ធ​​​យុវជន​កម្ពុជា​ បាន​សម្រេចនូវ​ជោគ​ជ័យ​ថ្មីៗ​ថែមទៀត​ ដើម្បី​​លើក​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ក្នុង​កិច្ច​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ​ជាតិ​និង​បេតិកភណ្ឌ​ពិភពលោក​។ អ្វីដែលជាមោទនភាពសម្រាប់យុវជនកម្ពុជាទាំងមូលផងដែរនោះ គឺថា ក្មួយៗ​យុវជនស្ម័គ្រ​ចិត្ត​ដែលធ្វើជាអ្នកសម្របសម្រួលកិច្ចទំនាក់ទំនងនៅក្នុងឱកាសនោះ ត្រូវ​បាន​​គណៈ​ប្រតិភូ​ទាំង​អស់កោតសរសើរ​ចំពោះ​​​ប្រសិទ្ធ​ភាព​ការងារ។

នេះជាលើកទី១ហើយ ដែលប្រទេសមួយមានចំណូលនិងធនធានមានកម្រិត បាន​ទទួល​ខុសត្រូវ​​និង​មាន​កិត្តិយស ​ក្នុង​ការ​ទទួល​ស្វាគមន៍គណៈប្រតិភូយ៉ាងច្រើន​ បានយ៉ាងល្អ​ប្រកប​ដោ​យ ​​ជោគជ័យដ៏ធំធេង និង​ទទួល​បាន​នូវ​ការ​កោតសរសើរនិងវាយតម្លៃខ្ពស់ពី​សហ​គមន៍​​អន្តរជាតិ។ ជា​ការពិត កិច្ចប្រជុំនោះមិនត្រឹមតែជាសន្និសីទអន្តរជាតិធំ​បំផុត​​​ប្រារព្ធ​នៅ​កម្ពុជា ដែលមានប្រតិភូចូលរួមចំនួន ១៤៦៥នាក់ មកពីបណ្តាប្រទេសចំនួន១២៨នៅលើ​ពិភព​​លោ​ក និង​​​អ្នកសារព័ត៌មាន ចំនួន ៦៧៣នាក់​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាកិច្ចប្រជុំ​ធំជាងគេ​បំផុត ប្រៀបធៀបទៅនឹងសម័យប្រជុំផ្សេងៗ​ ដែល​រៀបចំដោយគណៈកម្មាធិការ​បេតិក​ភ​ណ្ឌ​ពិភព​លោក ហើយ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅប្រទេសចំនួន​២៥ផ្សេង​គ្នា​លើពិភពលោកនាពេល​កន្លង​មក។ ជារួម គណៈប្រតិភូមិនត្រឹមតែ​សម្តែង​ការ​ពេញចិត្ត​ចំពោះ​​ការរៀបចំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្តែងនូវសេចក្តីសប្បាយរីករាយ​ដោយ​​​បាន​ស្នាក់​នៅ​ក្នុង​​ប្រទេស​កម្ពុជា ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមផ្នែកបេតិកភណ្ឌ​ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ហើយថែមទាំងបាន​យល់ជ្រួតជ្រាបពីវប្បធម៌ អរិយ​​ធម៌​​ និងបេតិកភណ្ឌជាតិខ្មែរ ដែលមាន​ការថែ​រក្សា​អភិ​រក្ស​បាន​យ៉ាង​ល្អទៀតផង។

ជាងនេះទៅទៀត យើងនៅចាំបានថា​ ព្រឹត្តិការណ៍ដ៏សំខាន់មួយ​ដែល​សហភាព​សហព័ន្ធ​​​​យុវជន​ កម្ពុជា​បានផ្តួចផ្តើមគំនិតនិងបានរៀបចំដោយផ្ទាល់ ប្រកបដោយជោគជ័យ​យ៉ាងធំ​ធេង​​នោះ គឺ​អង្គរ​សង្រ្កាន្តឆ្នាំ២០១៣ ដើម្បី​អប​អរ​សាទរពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធ​សក​រាជ​​​២៥៥​៧ ស្របតាមប្រពៃណីជាតិខ្មែរ នៅលើ​ទឹក​ដី​អង្គរដ៏បវរនៃយើង។ នោះគឺជា​ព្រឹត្តិការណ៍​នៃការប្រារព្ធសង្រ្កាន្តដ៏ធំ និង​ដ៏មាន​អត្ថន័យយ៉ាងជ្រាលជ្រៅ ដែលពុំ​ធ្លាប់​​មាន​​ពី​មុន​មកនៅ​តំបន់​​​រមណីយ​ដ្ឋាន​​អង្គរ ហើយក៏ជា​ឱកាស​​​ដ៏​ប្រពៃសម្រាប់​បើកទំព័រ​សករាជ​ថ្មី ឱ្យ​យុវជនបាន​ចូលរួម​កាន់តែខ្លាំងក្លា​ថែម​ទៀតនៅក្នុងកិច្ចការ​វប្បធម៌ សេដ្ឋកិច្ច និង​សង្គម ដែល​ជាបេសកកម្ម​ដ៏ឧត្តុង្គឧត្តម និង​ជា​ការ​ងារ​ ​បន្ត​វេនរបស់​យុវជន​ពី​ជំនាន់មួយ​ទៅ​ជំនាន់​មួយ ដើម្បី​បុព្វហេតុ​ជាតិមាតុភូមិជាទីស្នេហា​នៃ​យើង។ ការជួបជុំគ្នា​ដ៏ធំ​បែបនោះ មិន​ត្រឹម​តែ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​គំនិត​ច្នៃ​ប្រឌិត​​ដ៏​ឈ្លាស​វៃ និង​សមិទ្ធផ​ល ​​គួរជា​ទីមោទនៈ​ជា​បន្ត​បន្ទាប់​របស់សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជា​សក្ខី​ភាព​បញ្ជាក់​​​ពី​ស្មារតី​រួបរួម​សាមគ្គីគ្នាពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម ទាំងស្ថាប័នរដ្ឋ និង​សហគ្រាស​​​ឯកជន ព្រមទាំង​​សហគមន៍​មូលដ្ឋាន ដើម្បី​រួម​ចំណែកលើកកម្ពស់វប្បធម៌ អរិយ​ធម៌ និង​ថែរក្សា​កេរ​ដំណែល ទំនៀមទម្លាប់ និងប្រពៃណីជាតិយើងទៀតផង។ នៅឆ្នាំនេះ សហភាព​សហព័ន្ធ​​​យុវជន​ កម្ពុជា​មានផែនការនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឱ្យកាន់តែ​ធំ​ជាងឆ្នាំ​មុន​ទៅ​ទៀត​។​ ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តចំពោះសហភាព​សហ​ព័ន្ធ​​​យុវជន​កម្ពុជា ​ដែល​មាន​​គម្រោងរៀបចំកម្មវិធី អង្គរសង្រ្កាន្ត ឆ្នាំ២០១៤ ដែលនេះគឺជា​ការ​ចូលរួម​​ចំណែកថ្មី​ថែម​ទៀត​​​ដល់​ការលើក​ស្ទួយ​ និង​ថែរក្សា អភិរក្ស ទំនៀមទម្លាប់ វប្បធម៌​របស់​ជាតិ​យើង​។ ការរៀបចំកម្មវិធីនេះ មិនត្រឹមតែចូលរួម​ផ្សព្វផ្សាយ​​​​និងលើកកម្ពស់​វប្បធម៌ ប្រពៃណី និង​​អរិយធម៌ខ្មែរដល់មហាជននិងយុវជន​ ឱ្យបាន​ជ្រួតជ្រាប​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​ចំណែក​ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌និង​បេតិកភណ្ឌនៅកម្ពុជា ដែលជា​ប្រភព​បង្កើតការងារដ៏ចម្បង​សម្រាប់​ប្រជាជន​និងយុវជន និងចូលរួមក្នុង​ការកាត់​បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​​។

កំណើនសេដ្ឋកិច្ច​ ការអភិវឌ្ឍ​ និង​សមិទ្ធផលធំៗ​ទាំងឡាយ​នាពេល​បច្ចុប្បន្ន​ ពិតជាមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញ​នូវគោល​នយោបាយ​បើក​ចំហរ​ជើង​មេឃ​។  សំខាន់ជាងនេះទៀត តាមរយៈនយោបាយ​ឈ្នះ​- ​ឈ្នះរបស់​សម្តេចតេជោ ហ៊ុន សែន កម្ពុជា​​ទទួល​បាន​​សុខសន្តិភាពយ៉ាង​ពេញលេញនៅទូទាំងប្រទេ​ស ដែល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈ​កាលប្រមាណ ៥០០ឆ្នាំ​ចុង​ក្រោយ​នេះ​។ សុខសន្តិភាព និង​ស្ថេរ​ភាព​នយោបាយ​ គឺ​ជាមូលដ្ឋានគ្រឹះ​ដ៏ចាំបាច់​សម្រាប់​​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែង ចំនួនទេសចរបរទេស​ចូល​មក​​ទស្សនាកម្ពុជា បានកើន​ឡើង​​ជាលំដាប់​ពីប្រមា​ណ តែ ១២ម៉ឺននាក់ប៉ុណ្ណោះនៅឆ្នាំ១៩៩៣ រហូតដល់ជាង ៤,២លាន​នាក់ នៅឆ្នាំ២០១៣ ជាមួយនឹងចំណូលហូរចូលក្នុងសសៃ​ឈាម​សេដ្ឋ​កិច្ចជាតិប្រមាណ ២.៥៤៧លាន​​ដុល្លារ ដោយផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ប្រមាណ ៤០ម៉ឺននាក់ និងដោយ​ប្រយោល​​រាប់ម៉ឺននាក់។ បើក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ យើងរំពឹងថានឹងអាចទទួលបាន​ភ្ញៀវ​ទេសចរ​បរទេស​រហូតដល់ប្រមាណ៦,៥លាននាក់ នៅឆ្នាំ២០១៨ ជាមួយនឹងចំណូលក្នុង​សសៃ​ឈាម​​​សេដ្ឋកិច្ចជាតិប្រមាណ ៤.១០០​ លានដុល្លារ ដោយផ្តល់ការងារ​ជូន​ប្រជាជន​ដោយ​ផ្ទាល់​​ប្រមាណ ៦៥ម៉ឺននាក់ ។

-      ព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
-      ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី
-      ក្មួយៗយុវជនជាទីស្រឡាញ់

ឆ្លៀតក្នុង​ឱកាសដ៏ឧត្តុង្គឧត្តមនេះ ​ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការគោរពដឹងគុណ​ដ៏ខ្ពង់​ខ្ពស់ និង​ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន​​ បានយកអស់​កម្លាំងកាយចិត្ត និង​បញ្ញាញាណ បំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម និង វិសេ​ស វិសាល​បំផុត ដោយធ្វើឲ្យមានការផ្សះផ្សានិងបង្រួបបង្រួមជាតិ មានសុខសន្តិភាព ស្ថិរភាព​នយោ​បា​យ លទ្ធិប្រជាធិតេយ្យ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រម​ទាំងបាន​ធ្វើសមា​ហរណកម្ម​​​​កម្ពុជា​ទៅ​ក្នុង​តំបន់​និងពិភពលោក។ សម្តេច​តេជោ និងសម្តេច​​​​​​​​​​​កិត្តិព្រឹទ្ធ​បណ្ឌិត តែង​តែ​យក​ចិត្ត​ទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពមនុស្សធម៌ សុខទុក្ខ​របស់​ប្រជា​ជន ​ដោយស្ថិតនៅជាប់ជាមួយ ប្រជាជន និង​ជួយប្រជាជនគ្រប់កាលៈ​ទេសៈ រួមទាំងបានជួយឲ្យកុមារនិងយុវជន​​​កម្ពុជាទទួល​បាននូវសិទ្ធិគ្រប់បែបយ៉ាង រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទិ្ធទទួលបានការការពារ និងសិទ្ធិទទួលបានការអប់រំ ប្រកប​ដោយ​សមធម៌ដើម្បីសម្រេចឱ្យបាននូវចំណេះដឹង ចំណេះ​ធ្វើ មានសីលធម៌ល្អ និង​ចេះ​រស់​នៅ​រួម​គ្នា​ក្នុង​ស្មារតី​សន្តិ​សហវិជ្ផមាន និងមានវិធានការ ទប់​ស្កាត់អំពើ អសកម្មនានា ដូចជា ការសេពគ្រឿងញៀន ការសេពគ្រឿងស្រវឹង ការលេងល្បែងស៊ីសង សកម្ម​ភា​ព ​ក្មេង​​​ទំនើង ការលួច ឆក់ ប្លន់ ជាដើម។ល។ 

នៅក្នុងឆ្នាំ២០១​១កន្លងទៅ រាជរដ្ឋាភិ​បាល ​ដែលមាន​សម្តេចតេជោ​ជាប្រមុខបានអនុម័ត​គោល​ន​​យោ​បាយជាតិស្តី​ពីការអភិវឌ្ឍ​យុវជ​ន​​​ក​ម្ពុជា ក្នុងគោលបំណងជំរុញឲ្យ​គ្រប់ ក្រសួង ស្ថាប័ន​​សាធារណៈ ផ្នែកឯកជន អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និងអន្តរជាតិ យក​ចិត្តទុកដាក់ លើក​កម្ពស់​ការអភិវឌ្ឍយុវជនដើម្បីឲ្យយុវជនគ្រប់រូប ជាពិ​សេស​ យុវ​​ជ​នដែល​បាត់​បង់ឱកាសទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​សមត្ថភាព និងជំ​នាញ សម្រាប់រួម​ចំ​​ណែក​ក្នុង​ដំណើរ​ការ​ អភិវ​ឌ្ឍប្រទេសជាតិ។

ទន្ទឹមនឹងនេះ សម្តេចបានឧបត្ថម្ភ និងគាំទ្រជានិច្ច​ដល់ដំណើរការនៃ​ចលនាយុវជនកម្ពុជា​ ជាពិសេស សហភាពសហព័ន្ធ​យុវជនកម្ពុជា​ ​ក្នុងការពង្រឹងនិង​ពង្រីកតួនាទីគំរូរបស់ខ្លួននៅក្នុងសង្គមជាតិ ​ដោយ​ធ្វើឲ្យ​មាន​ការ​ប្រែប្រួល​ឥរិយា​បថរបស់យុវជន ឆ្ពោះទៅរកភាពជឿនលឿនប្រក​ប​​​​​​ ដោយ​ភាពក្លាហាន ដើម្បីផ្សាភ្ផាប់ខ្លួនទៅនឹងភារកិច្ចអភិវឌ្ឍខ្លួនឯង ជួយអ្នកដទៃ និង​ភារកិច្ច​ចំពោះ​ ជាតិមាតុភូមិជាទីស្នេហារបស់យើង​។

ទោះជាយ៉ាងណា ជោគជ័យនៃសកម្មភាពទាំងឡាយរបស់សហភាពសហព័ន្ធ​យុវជន​កម្ពុជា ពិតជា​មិន​អាច​​​កាត់​ផ្តាច់ពី​ការចូលរួម​គាំទ្រ​​យ៉ាងផុលផុសពីគ្រប់មជ្ឈដ្ឋានទាំងអស់​បាន​ឡើយ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម​រាជ​រដ្ឋា​ភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​កោត​សរសើរ​និង​ថ្លែង​អំណរ​គុណ​​ចំពោះការចូលរួមវិភាគទាន​ដ៏ថ្លៃថ្លាពីបណ្តា​ក្រុមហ៊ុន សហគ្រាស អង្គការ សមាគម ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី និង​សប្បុរសជន​ទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ​គាំទ្រដល់សហភាពសហព័ន្ធ​យុវជន​កម្ពុជា ហើយខ្ញុំសង្ឃឹមថា​សកម្មភាព​ដ៏សប្បុរសនេះនឹងបន្តជារៀងរហូត ដើម្បីបុព្វហេតុជាតិ​និង​មាតុភូមិដ៏បវរនៃយើង​​។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នូវពុទ្ធពរទាំងបួនប្រការ និងសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋ និង​ក្មួយៗ​យុវជនទាំង​អស់ សូមមាន​សុខភាព​​​​​​​ល្អ ទទួល​បាន​ជោគជ័យ​គ្រប់​​ភារកិច្ច និងមាន​​សុភមង្គលក្នុងក្រុមគ្រួសារ។

ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ស្នាក់ការថ្មីរបស់​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ ចាប់ពីពេលនេះតទៅ។
សូមអរគុណ!