Thursday, March 13, 2014

សុន្ទរកថា ​លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា ក្នុង​កម្ម​វិធី​សម្ពោធន៍​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូ​វ​ការ​ស្នាក់​ការ ស.ស.យ.ក​ ខេត្តតាកែវ

ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៤

-សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីគោរពសក្ការៈ!
-សូមគោរព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី!
-សូមគោរព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ!
លោក លោកស្រី ប្រធានសហព័ន្ធយុវជនខេត្ត អាន យ៉ាង និងខេត្តគៀនយ៉ានសាធារណរដ្ឋសង្គមនិយមវៀតណាម
- ឯកឧត្តម លោកជំទាវ លោក លោកស្រី​ និងសមាជិក សមាជិកា សហភាព​សហព័ន្ធ ​យុវជនកម្ពុជា ​ទាំងអស់ដែលមានវត្តមាននៅទីនេះ!

ថ្ងៃនេះ តាងនាមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង​នូវសេចក្តីសោមនស្សរីករាយឥតឧបមាជាមួយនឹងវត្ត​មានដ៍ខ្ពង់ខ្ពស់របស់ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អានព្រមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សមាជិក សមាជិកា​សហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ​ក្នុងកម្មវិ​ធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការនូវទីស្នាក់ការ ស.ស.យ.ក ខេត្តតាកែវនាវេលាព្រឹកនេះ។

មុននឹងធ្វើសេចក្តីរាយការណ៍ជារួមអំពីសមិទ្ធិផល​ការងារ​របស់​សហភាព​សហព័ន្ធ​យុវ​ជន​​កម្ពុជា ខ្ញុំបាទសូមអនុញ្ញាតឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី សម្តែងនូវ​ការកោតសរសើរ និង​ការវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងកិច្ចប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជន​កម្ពុជាខេត្តតាកែវនៅក្នុងការបំពេញ​ការងាររបស់ខ្លួនកន្លងមកក្នុងបុព្វហេតុជាតិមាតុភូមិ ។

ចាប់តាំងពីមហាសន្និបាតលើកទី៣ របស់សមាគមយុវជនកម្ពុជា នាថ្ងៃទី ២-៣ ខែ វិចិ្ឆកា ឆ្នាំ ២០១២ ដែលបានប្រែក្លាយមកជាសហភាពសហព័ន្ធយុវជនកម្ពុជារួចមក ស.ស​.យ​.ក​ ខេត្តតាកែវ នៅក្នុងចំណោមស.ស.យ.ក រាជធានី ខេត្តមួយចំនួនទៀត ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយមោះមុត និង​ជំនះ​ឧប​សគ្គទាំងឡាយដើម្បីពង្រឹង និងពង្រីកនូវ​អង្គការចាត់តាំងរបស់ខ្លួន ក៏ដូចជា​ការខិតខំបំពេញការងារដើម្បីជួយយុវជន​នៅក្នុង​ខេត្ត​របស់ខ្លួនឲ្យ​ទទួលបាននូវឱកាស​ផ្សេងៗ រួមទាំងឱកាស​បន្ត​ការសិក្សា តាមរយៈ​គម្រោងអាហារូបករណ៍ និង​ឱកាស​ចូលរួមនៅក្នុងកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗ​ ដូចដែលបាន​រៀបរាប់ជូននៅក្នុងរបាយការណ៍របស់​ឯកឧត្តមប្រធានគណៈ​កម្មាធិការ ស​.ស.យ.ក ​ខេត្ត អម្បាញ់មិញនេះ។

ជាក់ស្តែងនាថ្ងៃនេះ ក្នុងនាមគណៈកម្មាធិការកណ្តាល ស.ស.យ.ក ​ ខ្ញុំមាន​មោទនភាព​ក្រៃលែង ដែលស.ស.យ.ក តាកែវ ​បានរៀបចំដាក់​​សម្ពោធន៍ជាផ្លូវការនូវទីស្នាក់ការរបស់ខ្លួន ដែលនេះជាសមិទ្ធផលមួយដ៏ថ្លៃថ្លា និង​ជា​មូល​ដ្ឋាន​គ្រឹះដ៏សំខាន់ក្នុងការរៀបចំការងាររដ្ឋបាល និងសកម្មភាពប្រចាំថ្ងៃ ដើម្បីប​ង្កើននូវប្រសិទ្ធិភាពការងារ​របស់ខ្លួនឲ្យកាន់តែល្អប្រសើរ ។

ខ្ញុំ​មានភាព​ជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះនឹងក្លាយជាមជ្ឍមណ្ឌលមួយយ៉ាងសំខាន់សម្រាប់យុវជន​របស់យើងប្រចាំនៅខេត្តតាកែវ ដែល​នឹងក្លាយជាកន្លែងប្រមូលផ្តុំ     យុវជន បណ្តុះបណ្តាលយុវជន និងឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជនយើង សំដៅធ្វើយ៉ាងណាឲ្យកិត្យានុភាពរបស់ ស.ស.យ.ក ជ្រាបចូលដល់​បេះដូងនៃ​ស្រទាប់​យុវជនគ្រប់​លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំង​នៅក្នុងខេត្តតាកែវ និងបណ្តាខេត្តជុំ​វិញនេះផងដែរ ​។

ឯកឧត្តមបណ្ឌិតសភាចារ្យ ជាទីគោរព!
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរពរាប់អាន!   

ឆ្លៀតក្នុង​ឱកាសនេះ បន្ថែមទៅលើរបាយការណ៍ការងាររបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តតាកែវ ខ្ញុំសូមការអនុញ្ញាតរាយការណ៍ជូនអំពីការងារ​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់​ជាតិបាន និងកំពុងរៀបចំធ្វើនាពេលកន្លងមក ក្នុងគោល​ដៅលើកស្ទួយនូវវិស័យសេដ្ឋកិច្ច សង្គម មនុស្សធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលក្នុងនោះរួមមាន ៖

ការរៀបចំការប្រកួតបាល់ទាត់ Soccer League  គឺមិនត្រឹមតែបង្កើតឱកាសឲ្យ​យុវជន​​របស់យើងយក​ចិត្ត​ទុកដាក់លើសុខភាពរបស់ខ្លួន និងជៀសវាងអំពើអបាយមុខតែ​ប៉ុណ្ណោះទេ តែថែមទាំងផ្តល់​ឱកាស​ឲ្យយុវជនស្គាល់គ្នា ពង្រឹងចំណងមិត្តភាព និងស្មារតី​សាមគ្គីភាព។

យុវជន និងទីក្រុងស្អាត គឺដើម្បីឲ្យយុវជនយកចិត្តទុកដាក់ដល់បរិស្ថានស្អាត និង​សោភណភាពទីក្រុង និងទីប្រជុំជនរបស់យើង ដែលអាចបង្កើននូវភាពទាក់ទាញនៃវិស័យ​ទេសចរណ៍។

យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺរៀបចំឡើងក្នុងគោលបំណងឲ្យយុវជនអាចចូលរួមក្នុងការផ្សព្វផ្សាយ និងទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យក្នុងឋានៈជាប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំពេញអង្គនេះក្នុងការរៀបចំ ​កិច្ច​ប្រជុំ​ពេញអង្គនៃគណៈ​កម្មាធិការបេតិកភណ្ឌពិភពលោកគឺជាការផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយអាចស្របយកបទពិសោធន៍ជាមន្រ្តីសម្របសម្រួល និងអាចឲ្យពួកគេមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ។

ដូចគ្នាផងដែរ ការរៀបចំ វេទិកាយុវជនអាស៊ី គឺជាការអនុញ្ញាតឲ្យ​យុវជនកម្ពុជាអាចចូលរួម​លើក​ស្ទួយ​កិត្យានុភាពរបស់ប្រទេសជាតិ តាមរយៈ​ការ​បង្ហាញ​សក្តានុពល​របស់​យុវជន​យើង​​នៅលើឆាក​អន្តរជាតិផងដែរ​។

ការរៀបចំ កម្មវិធីប្រគំតន្ត្រីយុវជនក្នុងបុព្វហេតុមាតុភូមិ” អបអរសារទរខួប ៣៥ ឆ្នាំនៃសហភាពសហព័ន្ធយុវជនកម្ពុជា គឺធ្វើឡើងក្នុងការអនុញ្ញាតឲ្យយុវជនជំនាន់ក្រោយចងចាំនូវប្រវត្តិសាស្រ្ត និង​ចូល​រួម​ទាំង​អស់​គ្នា​រំលឹក​នូវវីរៈភាពរបស់អតីតយុវជនសម័យ ២ ធ្នូ ១៩៧៨ដោយចូលរួមការពារនូវសមិទ្ធផលដែលសម្រេចបាន និងបន្តអភិវឌ្ឍកម្ពុជា ក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ ។

បន្ថែមពីសកម្មភាពធំៗដែលបានរៀបរាប់បញ្ជាក់ខាងលើ និងការងារប្រចំាថ្ងៃទាក់ទង នឹងការងារអប់រំ សង្គម វប្បធម៌ សប្បុរធម៌ ដែលមិនអនុញ្ញាតឲ្យរូបខ្ញុំបាទអាចពិព័រណ៌នាឲ្យបានក្បោះក្បាយនាពេលនេះ ខ្ញុំបាទ​សូម​បញ្ជាក់​ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់មេត្តាជ្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជាកំពុងនឹងរៀបចំកម្មវិធី អង្គរសង្ក្រាន្ត ២០១៤ ដែល​ជា​កម្ម​វិធី​ដ៏ធំ​មួយ​ដែល​ផ្តូច​ផ្តើម​ឡើង​ក្នុង​គោលបំណងលើកស្ទួយ និងជំរុញនូវវប្បធម៌ជាតិ។ ព្រឹត្តិការណ៍នេះក៏់ជាឱកាសឲ្យយុវជន​ស្វែង​យល់​បន្ថែ​ម​អំពី​របាំ​ប្រពៃណី​ខ្មែរ និង​ល្បែង​​ប្រជាប្រិយ ដែលអាចធ្វើឲ្យពួកគាត់មានមោ​ទន​ភាព​ចំពោះវប្បធម៌ អរិយធម៌ជាតិ ដែល​ជា​កេរមរតកដូនតាបន្សល់ទុកឲ្យ។ បន្ថែមពីលើកត្តាអំណោយផលដែលកម្មវិធីនឹងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាអង្គរសង្ក្រាន្ត" ក៏ជា​ឱកាស​ឲ្យយុវជន ក៏ដូច​ជា​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​បាន​ចូល​រួម​អប​អរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងអនុញ្ញាតឲ្យយើងចូលរួបរួម សាមគ្គី ដើម្បីថែរក្សា និងលើក​ស្ទួយ​វប្បធម៌ជាតិបន្ថែមទៀតនៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ     ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលតែងតែជួយគាំទ្រដល់គ្រប់សកម្មភាពរបស់សហភាពសហព័ន្ធ ​យុវជនកម្ពុជានាពេលកន្លងមក ជាពិសេស វត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ ២០១៣  និងការឯកភាពយល់ព្រមជាថ្មីម្តងទៀតក្នុងការចូលរួមជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៤ នេះគឺជាកត្តារួមចំណែកជាសត្យានុម័តក្នុងការធ្វើឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០១៤ កាន់តែទទួលបាននូវភាពជោគជ័យ និងអធិកអធម​ជាងឆ្នាំកន្លងមក។

មុននឹងបញ្ចប់ តាងនាមគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា យើងខ្ញុំសូមគោរព​កោតសរសើរជាថ្មីម្តងទៀតចំពោះសមិទ្ធផលទាំងឡាយរបស់ ស.ស.យ.ក ខេត្តតាកែវនាពេលកន្លងមក ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម សុខ ពុទ្ធិវុធ ជាពិសេសគឺគំនិតផ្តួចផ្តើមក្នុងការជួសជុលទីស្នាក់ការថ្មីរបស់ខ្លួន ព្រមទាំងការបំពាក់នូវគ្រឿងបរិក្ខារ និង​សម្ភារៈ​ចាំបាច់​នានា​ដើម្បី​ដំណើរ​ការងារ​រដ្ឋបាល​រហូត​បាន​លេចចេញ​ជារូប​រាង​នាពេលនេះ។ សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល គ្មានអ្វីក្រៅពីការគាំទ្រនូវសកម្មភាព និងគំនិតផ្តួចផ្តើមទាំងនេះ និងសូមសំណូមពរដល់ សមាជិក សមាជិកា ទាំងអស់ឲ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងអស់នេះ។

ជាការពិតណាស់ សហភាពសហព័ន្ធយុវជនកម្ពុជាមិនអាចនឹងសម្រេចនូវក្តីសង្ឃឹម និង​តម្រូវការរបស់​យុវជនយើងគ្រប់ចំនុចនោះទេ ប៉ុន្តែក្នុងនាមជាអង្គការ មហាជន ប្រមូល ផ្តុំដោយ មិន ប្រកាន់ នូវ និន្នាការ នយោបាយផ្សេងៗ សហភាពសហព័ន្ធយុវជនកម្ពុជានឹងខិតខំឲ្យអស់​លទ្ធភាព​រួបរួមជាមហាគ្រួសារធំមួយនៅទូទាំងប្រទេស ដើម្បីចូលរួមចំនែកតាមលទ្ធភាពរបស់ខ្លួន ជាមួយ​​នឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងផ្តល់​ឱកាស​ឲ្យ​យុវជនយើង អាច​រីកចម្រើន និងមានភាពរឹងមាំ សាកសមជាកម្លាំងបន្តវេនរបស់ប្រទេសជាតិ។ ​សកម្មភាពរបស់សមាជិក សមាជិកា ស.ស.យ.ក រាជធានីខេត្តទាំងអស់ គួបផ្សំនឹងសកម្មភាព​របស់ស.ស.យ.ក ថ្នាក់​កណ្តាល នឹងបង្ហាញជាគម្រូ​មួយក្នុងនាមជាយុវជនជំនាន់ក្រោយ ក្នុងការទទួលស្គាល់នូវកាតព្វកិច្ចរបស់យើងទាំងអស់គ្នាចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ឆន្ទៈ​ដ៏មុះមុត​ទាំង​នេះ​គឺស្តែង​ឡើង​ក្នុង​ស្មារតី​តែមួយគត់គឺ យើងទាំងអស់គ្នាជាខ្មែរតែមួយ មានអនាគតមួយរួមគ្នា គឺអនាគតរបស់យើងទាំងអស់គ្នា។

ជាទីបញ្ចប់ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរថ្វាយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមា​ជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។