Thursday, March 6, 2014

បទវិភាគ៖ ទិដ្ឋ​ភាព​មួយ​នៃ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១៣ របស់​ក្រសួង​ការ​បរទេស សហ​រដ្ឋ​អាមេរិក​ជូន​ទៅ​សភា Congress៖ ​ការបោះ​ឆ្នោត​ ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣

របាយការណ៍ប្រចាំឆ្នាំ២០១៣របស់ក្រសួងការបរទេសអាមេរិកជូនទៅសភា Congress រាយការណ៍ អំពីគ្រប់បញ្ហាទាំងមូលនៃការអនុវត្តន៍សិទ្ធិមនុស្ស តាមទស្សនៈរបស់ក្រសួងការបរទេសអាមេរិក នៅក្នុង ប្រទេសនិងទឹកដីនានាជិត២០០ ដែលរួមទាំងកម្ពុជាផងដែរ ដោយផ្អែកលើការរាយការណ៍ពិតជាក់ស្តែងពី ស្ថានទូត និងស្ថានបេសកកម្មនានានៅបរទេស។

ទាក់ទងនឹងកម្ពុជាសាធារណជនមិនអាចមិនយកចិត្តទុកដាក់អំពីសារៈសំខាន់នៃរបាយការណ៍នេះទេ។

ម៉្យាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈផ្សេងពីនោះទៅលើបញ្ហាមួយចំនួនដែលត្រូវបាន ពន្យល់ប្រាប់យ៉ាងហ្មត់ចត់នៅក្នុង «សៀវភៅស» ចេញផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានបំភ្លឺអំពីជំហររបស់រាជរដ្ឋាភិបាលទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត ស្ថានភាពនយោបាយក្រោយការបោះឆ្នោត កលល្បិចដែលប្រើដោយគណបក្សសង្គ្រោះជាតិនៅមុនថ្ងៃបោះ ឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។ កលល្បិចដែលបានបញ្ជាក់ដោយអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័សថាត្រូវបានគ្រោង និងរៀបចំឡើងដោយមានកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទជាមួយអង្គការ NGO មួយចំនួន​ ជាសម្ព័ន្ធមិត្តរបស់គណបក្សសង្គ្រោះជាតិ ដែលបានទទួលការគាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និង នយោបាយពីក្រៅប្រទេស។ «សៀវភៅស»ដែលចេញផ្សាយដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ហើយ និង «សៀវភៅស» កន្លងទៅ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ហើយដែល​បានពន្យល់ និងបំភ្លឺអំពី នីតិវិធីបច្ចេកទេស និងតាមផ្លូវច្បាប់នៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា នោះ មិនត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះទេ។

ចំណុចសំខាន់មួយទៀតដែលមិនត្រូវមើលរំលងផងដែរគឺថា របាយការណ៍នេះរាយការណ៍​តែនៅក្នុង ឆ្នាំ២០១៣ប៉ុណ្ណោះ។ ក្រោយថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៤ នាដើមឆ្នាំនេះ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួង ការបរទេសអាមេរិកបានធ្វើទស្សនៈកិច្ចប្រទេសកម្ពុជា បានជួបជាមួយ​នឹងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៍បានពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងការទូតល្អ ដែល​ផ្អែកលើផលប្រយោជន៍ទៅវិញទៅមករវាង ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ចំពោះជំនួបជាផ្លូវការអ្វីៗទាំងអស់គឺ​ផ្ដុំ​ និងផ្ដោតទៅលើបញ្ហា ទំនាក់ទំនងការទូត ទោះបីវាជាបញ្ហាការបោះឆ្នោត ការតវ៉ារបស់កម្មករ ប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី ប្រព័ន្ធពន្ធ ធនាគារ ការដោះស្រាយនៃការតវ៉ា និងបញ្ហាផ្សេងៗទៀត ដែលត្រូវបានរៀបរាប់យ៉ាងពេញលេញនិងយ៉ាង ជាក់ស្ដែងនៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះក៍ដោយ។ ការគោរពគ្នាទៅវិញទៅមក រវាងរដ្ឋ និងរដ្ឋាភិបាលអធិបតេយ្យពីរបានរារាំងអាមេរិកមិនឱ្យប្រើពាក្យ និងឃ្លាឃ្លោង ដែលអាចនាំឱ្យមាន ការបកស្រាយនិងបំផ្លើសពាសវាលពាសកាលមិនសមហេតុផល​ថាជាការលូកដៃ​ចូលជ្រៀតជ្រែក កិច្ចការផ្ទៃ ក្នុងរបស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភរបស់ខ្លួនជាផ្លូវការ ក្នុងជំនួបទាំងនោះ។

រដ្ឋមន្ត្រីការបរទេសលោក John F. Kerry នៅក្នុងអារម្ភកថារបស់ខ្លួន បានលើកឡើងអំពីទស្សនៈវិជ្ជា នយោបាយរបស់អាមេរិកដោយនិយាយក្នុងលក្ខណៈដូច្នេះថា៖ «រដ្ឋាភិបាលដែលការពារសិទ្ធិមនុស្ស និង ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន គឺទទួលបានសុវត្ថិភាពជាង គឺបានពង្រឹងសន្តិភាព និងសន្តិសុខ អន្តរជាតិ និងទទួលបានវិបុលភាពរួមជាមួយនឹងប្រទេសប្រជាធិបតេយ្យដែលមានស្ថិរភាពទាំងឡាយនៅជុំវិញ ពិភពលោក។ ប្រទេសដែលខកខានមិនបានលើកស្ទួយសិទ្ធិមនុស្ស អាចប្រឈមមុខនឹងភាពខ្សត់ខ្សោយ សេដ្ឋកិច្ច និងភាពឯកោឃ្លាតចេញពីអន្តរជាតិ»។ ដឹងថាតើរាជរដ្ឋាភិបាលកម្ពុជាយល់ស្របទៅ នឹងទស្សនៈ​វិជ្ជានយោបាយរបស់អាមេរិកនេះដែរឬអត់ នោះគឺមិនមែនជាការងាយស្រួលនោះទេ។

ចុះប្រជាជនកម្ពុជាវិញ? ប្រជាជនកម្ពុជាភាគខ្លះ អាចនឹងយល់ស្របជាមួយនឹងរដ្ឋមន្ត្រីការបរទេស អាមេរិកនេះ ហើយខ្លះទៀតអាចនឹងមិនយល់ស្របជាមួយទេ។ ក្នុងបរិយាកាសធម្មតានៃអវត្តមានការពិភាក្សា បើកចំហរនិងដោយស្ម័គ្រចិត្តស្តីពីនយោបាយនៃរដ្ឋាភិបាលនោះមិនមានអ្វីជាការលើកទឹកចិត្តដល់នរណាម្នាក់ និយាយឱ្យមនុស្សផ្សេងទៀតដឹងអំពី​ទស្សនៈរបស់ខ្លួននោះទេ។​ក៍ប៉ុន្តែនៅមានក្រុមមនុស្សផ្សេងទៀត ដែល ទទួលបានផលប្រយោជន៍​ពីការអនុវត្ត​របស់រដ្ឋាភិបាល។ អ្នកទាំងនេះអាចនឹងមិនខ្វល់ខ្វាយពីកិច្ចការនយោបាយ នោះទេ ហើយគេនឹងផ្តោតប្រាជ្ញាស្មារតី ទៅលើការរកលុយទទួលទានឆ្ងាញ់ រស់នៅសុខស្រួល និងមានពេល វេលាកំសាន្តសប្បាយរីករាយថែមទៀត។

ទាក់ទងនឹងការបោះឆ្នោតចុងក្រោយនេះដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែ កក្កដា ទស្សនៈឥតផ្លាស់ ប្ដូរប្រែប្រួល ដែលបានសម្តែងចេញដោយរដ្ឋាភិបាលអាមេរិក គឺផ្ទុយគ្នាទាំងស្រុងទៅនឹងទស្សនៈឥតផ្លាស់ប្ដូរ ប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជាផ្អែកទៅលើអ្នកសង្កេតការណ៍ មកពី «រដ្ឋាភិបាលបរទេសនានា អង្គការអន្តរជាតិនានា គណបក្សនយោបាយនានា» ហើយទស្សនៈរបស់ រដ្ឋាភិបាលអាមេរិកផ្អែកទៅលើ«អ្នកសង្កេតការណ៍របស់NGOsក្នុងស្រុក និងអន្តរជាតិ»។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានរៀបចំឡើងភ្លាមៗក្រោយពេលដែលប្រកាសអំពីលទ្ធផលបណ្ណោះអាសន្ននោះ អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានអញ្ជើញមកដោយ គ.ជ.ប បានថ្លែងថា ការ បោះឆ្នោតបានត្រូវធ្វើឡើងនៅក្នុងលក្ខណៈប្រកួតប្រជែង សេរី យុត្តិធម៌ និងប្រកបដោយតម្លាភាព ដោយ មានការចូលរួមពីគណបក្សនយោបាយប្រាំបី ដែលរួមទាំងគណបក្សសង្គ្រោះជាតិផងដែរ។ អ្នកសង្កេត ការណ៍ទាំងនោះ ក៏បានអបអរសាទរចំពោះប្រជាជនកម្ពុជាដែលបានទទួលជោគជ័យដ៏ធំធេងក្នុងការបោះ ឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលត្រូវបានព័ណ៌នាថាមានលក្ខណៈអហិង្សា រស់ រវើក និងប្រកួត ប្រជែង ហើយបង្ហាញនូវការគោរពសេរីភាពជាមូលដ្ឋានដ៏ពិតប្រាកដ។

ប៉ុន្តែផ្ទុយទៅវិញ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានសរសេរថា៖ «ដំណើរការ បោះឆ្នោតមានបញ្ហាពេញទៅដោយភាពមិនប្រក្រតីផ្សេងៗ»។ របាយការណ៍បន្តទៀតថា «តាមការគណនា របស់រដ្ឋាភិបាលខ្លួនឯងផ្ទាល់ អ្នកមានសិទ្ធិបោះឆ្នោតជាង៩% មិនអាចបោះឆ្នោតបានដោយសារមានបញ្ហា ជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោត។ នៅពេលដែលបញ្ហានៃអ្នកបោះឆ្នោតដែលត្រូវបានគេដកសិទ្ធិត្រូវបានរក ឃើញច្បាស់ដោយអង្គការសង្គមស៊ីវិលមួយចំនួននៅមុនការបោះឆ្នោតនោះ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត មិនបានចាត់វិធានការកែតម្រូវជាដុំកំភួននោះទេ។ អ្នកសង្កេតការណ៍បានបង្ហាញថាកម្រិតនៃភាព មិនប្រក្រតីនៃការបោះឆ្នោត តម្រូវជាចាំបាច់ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ក៍ប៉ុន្តែការស៊ើបអង្កេតពេញ លេញ និងមានតម្លាភាពនោះមិនបានកើតមានឡើងទេ»។

ជម្លោះលើការបោះឆ្នោតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបន្តរហូត មកដល់បច្ចុប្បន្ន ទោះបីជាមានការអំពាវនាវដ៍សន្ដោសប្រណី ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ដល់គណបក្សទាំងពីរនេះឱ្យបន្តកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហានៅសេសសល់ និងជម្លោះនានា ដោយសន្តិវិធីក៏ដោយ។ គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរដ្ឋសភា នៅពេលរដ្ឋសភាកោះប្រជុំ ដំបូងនៅថ្ងៃទី ២៣ ខែ កញ្ញា។ គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះសម្លេងភាគច្រើននៃអសនៈសភា ១២៣ បានជុំរុញដំណើរការទៅមុខដោយតែងតាំងរដ្ឋាភិបាលនៃរដ្ឋសភាអណត្តិទី៥។ យោងទៅតាម សមាជិករដ្ឋសភាគណបក្សប្រជាជន មិនមានការជាប់គាំង ឧបសគ្គ និងកាលៈទេសៈមិនប្រក្រតីនោះទេ។ សមាជិករដ្ឋសភាជាប់ឆ្នោត៥៥រូបរបស់គណបក្សសង្គ្រោះជាតិ បានបដិសេធមិនចូលរដ្ឋសភារហូតមកដល់ ពេលនេះ ហើយបានបន្តទាមទារឱ្យមានការស៊ើបអង្កេត​ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣ ការបោះឆ្នោតថ្មីមួយមុនឆ្នាំ២០១៨ និងកំណែទម្រង់ការបោះឆ្នោត ដោយមានការចូលរួមពាក់ព័ន្ធទូលំទូលាយ ជាងមុន។ ដោយផ្អែកទៅលើមាត្រានៃរដ្ឋធម្មនុញ្ញ និងច្បាប់នានា គណបក្សប្រជាជនកម្ពុជា មិនបានផ្លាស់ប្តូរ គោលជំហរទេ ដែលជាការ​មិនបានបន្សល់ ជម្រើសអ្វីដល់គណបក្សសង្គ្រោះជាតិ ក្រៅតែពីការដឹកនាំធ្វើ បាតុកម្មនៅឯ «ទីលានប្រជាធិបតេយ្យ» និងនៅតាមដងផ្លូវនានា ដើម្បីថ្កោលទោសគណបក្សប្រជាជនកម្ពុជា គ.ជ.ប និងរាជរដ្ឋាភិបាលកម្ពុជា។

ថ្មីៗនេះ មានសកម្មភាពនានាដែលឈានទៅរកការចរចាររវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ហាក់បីដូចជាមានការប្រុងប្រយ័ត្នខ្លាំង ដោយភ័យខ្លាចថា ទង្វើខុសឆ្គងណាមួយអាចមានគ្រោះថ្នាក់ដល់ជីវិតនយោបាយរបស់ខ្លួន ខណៈដែលគណបក្សប្រជាជន កម្ពុជាហាក់ដូចជាមានអារម្មណ៍ធូរស្រាល និងមានទំនុកចិត្តនិងការជឿជាក់យ៉ាងខ្លាំង។

របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ គឺបានធ្វើឡើងជាប្រពៃណីសម្រាប់សភា Congress របស់អាមេរិក ដែលជាអំណាចមួយនៃអំណាចទាំងបីនៃរដ្ឋាភិបាលអាមេរិក ដែលមានអំណាចពិនិត្យ និងធ្វើ ឱ្យមានតុល្យភាពជាមួយនឹងរដ្ឋបាលអាមេរិក និងតុលាការកំពូល។ របាយការណ៍នេះ នឹងត្រូវបានប្រើប្រាស់ ដោយសភា Congress នេះ «នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តជុំវិញជំនួយផ្នែកសន្តិសុខ​ ការបរទេស និងជំនួយសេដ្ឋកិច្ច»។ របាយការណ៍នេះនឹងត្រូវបានប្រើប្រាស់ ដោយក្រសួងការបរទេស និងទីភ្នាក់ងាររដ្ឋា ភិបាលអាមេរិកផ្សេងទៀតក្នុង «ការរចនាគោលនយោបាយការបរទេសអាមេរិក» វាក៏នឹងត្រូវបានប្រើប្រាស់ ផងដែរដោយប្រជាពលរដ្ឋអាមេរិក NGOអន្តរជាតិនានា​ រដ្ឋាភិបាលបរទេស អ្នកការពារសិទ្ធិមនុស្ស អ្នកច្បាប់ អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ និងអ្នកផ្សេងៗទៀត «ក្នុងការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីលើកកំពស់ សេចក្តីថ្លៃថ្នូររបស់សមុស្សជាតិ»។

ការអានរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ មិនបានផ្តល់នូវអត្ថន័យមួយនៃភាពចាំ បន្ទាន់ទាក់ទងទៅនឹងស្ថានភាពបច្ចុប្បន្នក្នុងប្រទេសកម្ពុជាទេ ពីព្រោះទីកន្លែងជាច្រើននៅលើពិភពលោក កំពុងត្រូវបានញាំញីទៅដោយអស្ថិរភាព និងអសន្តិសុខ  ដែលទាមទារឱ្យមានការយកចិត្ត​ទុកដាក់ពីអាមេរិក ភ្លាមៗ។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជារីករាយជាមួយនឹងស្ថានភាពបច្ចុប្បន្ន ហើយក៍កំពុងតែប្រឹងប្រែង ធ្វើការ «កែទម្រង់ដ៏ស៊ីជម្រៅ» តាំងតែពីថ្ងៃដំបូងមក។គណបក្សប្រជាជន​កម្ពុជានៅតែជាគណបក្ស នយោបាយដែលមានសក្ដានុពល  និងមានទេពកោសល្យថែមទៀត។

ទោះបីជាទទួលបានប្រជាប្រីយភាពខ្លាំងជាងមុន និងទទួលបានកំណើនអសនៈក្នុងការ​បោះឆ្នោត ចុងក្រោយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះក៏ដោយ ក៏មិនមានការធានាថា គណបក្សសង្គ្រោះជាតិ នឹង មានដំណើរដ៏រលូនទៅមុខដើម្បីសម្រេចបានគោលដៅរបស់ខ្លួននោះទេ ទោះជាគោលដៅនោះជាអ្វីក៏ដោយ។

ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា
pngoeun@puthisastra.edu.kh