Tuesday, April 1, 2014

សម្តេច​​តេជោ​​មាន​​បំណង​ចង់ឃើញ​​កិច្ច​​សហ​ប្រតិ​បត្តិការ​​សេដ្ឋកិច្ច​​ពាណិជ្ជ​កម្ម​​កម្ពុជា-ព្រុយ​ណេ​​កើន​​ឡើង​

សម្តេច ​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ បាន​ថ្លែងប្រាប់  ឯកឧត្តម​ Sheikh ​Fadilah Shaikh ​Ahmad ​ឯកអគ្គរាជទូតព្រុយ​ណេ​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ការ​ទូត​ពី​ព្រះ​រាជា​ណា​ ចក្រ​កម្ពុជា​​ នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ ថា​ សម្តេច​ចង់​ឃើញ​ជាក់ស្តែង​ថែមទៀត​នូវ​កំណើន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៃ​ ប្រទេ​ស​​ទាំង​ពីរ ជា​ពិសេស​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ព្រុយ​ណេក្លាយ​ជា​ទី​ផ្សារ​អង្គរ​របស់ ​ប្រទេស​កម្ពុ​ជា​។

ឯកឧត្តម ​ កៅ​ គឹមហួន ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម និង​ជម្រាបលា​នៅ​វិមាន​សន្តិភាព ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ​សម្តេច​តេ​ជោ ​និង​ឯកឧត្តម​Sheikh ​Fadilah ​Shaikh​ Ahmad ​បាន​ពិភាក្សា​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​២ គឺ​​ទី​១​បញ្ហា​ទ្វេ​ភាគី និង​ទី​២​បញ្ហា​អាស៊ាន​។ ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​នេះ​បាន​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​​ទំនាក់​ ទំនងទ្វេភាគី​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ ​និង​ប្រជាពលរដ្ឋ​ស្គាល់​គ្នា​តាម​រយៈ​ការ​បណ្តុះបណ្តាល​ថ្នាក់​ឧ​ត្ត​ម​ សិក្សា​នៅ​ប្រទេស​ព្រុយ​ណេ ​ឬ​ក៏​បញ្ជូន​គ្រូ​ឲ្យ​មក​បង្រៀ​ន​​នៅ​កម្ពុជា។ ​ឯកឧត្តម​ឯកអគ្គ​រាជទូត​ព្រុយ​ណេក៏​បាន​លើក ​និង​បាន​មានប្រសាសន៍​អំពី​ការ​ជំរុញ​​ការ​នាំ​អង្ករ​ចេញពី​កម្ពុជា​ទៅ​ ប្រទេស​ព្រុយ​ណេ​ផង​ដែរ​។

សម្តេច ​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ព្រុយ​ណេ ​ដែល​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា ​ដោយ​សម្តេច​ចង់​ឲ្យ​មានការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ទៅលើ​វិស័យ​ថាមពល ​ជា​ពិសេស​គឺ​ឧស្ម័ន និង​ប្រេង​។

សម្តេចតេជោ ​ក៏បាន​កោតសរសើរ​ចំពោះ​ការប្រជុំ​កំពូល​អាស៊ាន​ ដែល​ប្រទេស​ព្រុយ​ណេ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​កាល​ពី​ឆ្នាំ​២០១៣ ​កន្លង​ទៅ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ​និង​បាន​ពិភាក្សា​អំពី​ការជំរុញ​ការ​ធ្វើ​សមាហរណកម្ម ​ក៏​ដូច​ជា​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ដែល​ជា​ទិស​ដៅ​មួយ​យ៉ាង​ សំខាន់​​របស់​ប្រទេសជា​សមាជិក​៕​