Tuesday, April 29, 2014

ឯកឧត្តម យឹម ណុលឡា អញ្ជើញ​​ជា​អធិបតី​បើក​សន្និសីទ្ធ​​អន្តរជាតិ​ស្តីពី​ការ​​អភិវឌ្ឍន៍​វិស័យ​​អប់រំ​អ៊ីស្លាម និង​​សេដ្ឋកិច្ច

នៅ ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ឯកឧត្តម យឹម ណុលឡា ទេស​រដ្ឋមន្ត្រី​ទទួល​​បន្ទុក​បេសកកម្ម​ពិសេស តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ្ធ​អន្តរជាតិ​ស្តីពីការ​ អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច និង​ពិធី​ចុះ​ហត្ថលេខា​សាង​សង់​មហាវិទ្យាល័យ​សិក្សា​​អ៊ីស្លាម​មួយ​នៅ​ក្នុង ​ខេត្ត​ត្បូង​ឃ្មុំ។

លោក មូហាំម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​អ៊ីស្លាម​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​អ្នក​រៀប​ចំ​សន្និសីទ្ធ​បាន​ឲ្យ​ដឹង​ថា សន្និសីទ្ធ​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ​ អភិវឌ្ឍន៍ ​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ដែល​មាន​ភ្ញៀវ​ចំនួន ២០០នាក់​ចូល​រួម ក្នុងនោះ​ភ្ញៀវ​អន្តរជាតិចំនួន​៥០រូប រួម​មាន តំណាង​ទូត​គុយវែត និង​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​​តំណាង​អង្គការ​អ៊ីស្លាមអន្តរជាតិ​ផ្សេងទៀតផងនោះ មានគោល​បំណង​សំខាន់​៣ចំណុច គឺ៖

ទី១, ធ្វើការ​សិក្សា​ពី​កត្តាដែល​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍន៍​ សហគមន៍​ខ្មែរ​អ៊ីស្លាម ទាំង​ផ្នែក​អប់រំ​អ៊ីស្លាម និង​សេដ្ឋ​កិច្ច។

ទី២, ពិគ្រោះ​រក​យុទ្ធ​សាស្ត្រ​ដើម្បី​កំណត់​នូវ​ភាព​ខ្លាំង និង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​សហគមន៍​ខ្មែរ​អ៊ីស្លាម​ប្រកប​ដោយ​ស្ថិរ​ភាព និង​និរន្តរភាព។

ទី៣, បង្កើត​នូវ​បណ្តាញ​ទំនាក់​ទំនង​ជាមួយ​អង្គការ​អន្តរជាតិ​ជាដៃគូ ក្នុង​ការ​ស្វែង​រក​យុត្តិសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​អ៊ីស្លាម និង​ប្រទេស​ជាតិ​ទាំង​មូលដោយ ​ ​ចាត់​ទុកសន្និសិទ្ធអន្តរជាតិ​ស្តីពីការ​អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ជា​វេទិការសម្រាប់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អៗដើម្បី​ធ្វើ​ឲ្យកាន់​តែ​ប្រសើរ​នូវ​ប្រសិទ្ធ​ភាព​នៃ​ ការ​អប់រំ​ផ្នែក​សាសនា​អ៊ីស្លាម ក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ​ធានាឲ្យ​មាន​សុខ​សន្តិភាព សុខដុមរមនា និង​វិបុល​ភាព ឯកឧត្តម យឹម ណុលឡា បាន​រំលឹក​ឡើង​វិញ​អំពី​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​កំណើន​សេដ្ឋកិច្ច​គួរឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​ទស្សវត្សរ៍ចុងក្រោយ ​នេះ​។

ឯកឧត្តម យឹម ណុលឡា ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាសេដ្ឋកិច្ច​ សង្គមកិច្ច និង​វប្បធម៌ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច ៧,២ភាគរយ ហើយ​អត្រា​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា ស្ថិត​នៅ​ក្នុង​រង្វង់ ៧ទៅ៨ ភាគ​រយ នៅ​ឆ្នាំ​បន្ត​បន្ទាប់​ជាមួយ​នឹង​អត្រា​អតិផរណា​ទាប។ ផ្នែក​លើ​កំណើន​ដ៏​ខ្ពស់​នេះ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១១ ក្នុង​ចំណោម​ប្រទេស​ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់លើ​ពិភព​លោក ក្នុង​រយៈ​ពេល​១០ឆ្នាំកន្លង​មក​នេះ​ និង​ជាប់​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ចំណោម​ប្រទេសកំពុង​អភិវឌ្ឍន៍​ដែល​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ សហសវត្សរ៍។

ឯកឧត្តម យឹម ណុលឡា​ បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ទាប​ក្នុង​ ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ ហើយ​នឹង​ឈាន​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០។

ទាក់ ​ទង​នឹង​វិស័យ​ជំនឿ​សាសនា ឯកឧត្តម​ យឹម ណុលឡា បាន​មាន​ប្រសាសន៍​ថា កម្ពុជាមានសេរី​ភាព​ខាង​សាសនា និង​គ្មាន​ជម្លោះខាងសាសនា​ទេ។ បង​ប្អូន​ខ្មែរ​អ៊ី​ស្លាម​ទាំង​អស់ សុទ្ធ​តែ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​គោរព​ប្រតិបត្តិ​តាម​ជំនឿ​សាសនា​ របស់​ខ្លួន ដូច​ជា​សិទ្ធិហ៊ីចាប់ (កន្សែង​គ្របក្បាល) តាម​ប្រពៃណី​សាសនា​អ៊ីស្លាម នៅ​តាម​ទី​សាធារណៈ សិទ្ធិ​សំពះយ៉ាំង(ថ្វាយ​បង្គំ) សិទ្ធិ​ប្រារព្ធ​ពិធី​សូត្រ​គម្ពីរគូរអាន​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ និង​សិទ្ធិ​ប្រារព្ធ​ពិធី​បុណ្យ​ទាន​ផ្សេងៗ​តាម​ប្រពៃណី​សាសនា​អ៊ីស្លាម។

ក្នុងសន្និសីទ្ធ ​អន្តរជាតិ​ស្តីពីការ​អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ឯកឧត្តម យឹម ណុលឡា ក៏​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ ស្តីពីការ​ផ្តល់​ជំនួយ​កសាង​មហាវិទ្យាល័យ​អ៊ីស្លាម មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​តម្លៃ​ជាង ២លាន​ដុល្លារ​អាមេរិក​រវាង​លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិក្រុម​ប្រឹក្សាអ៊ីស្លាម​អភិវឌ្ឍន៍កម្ពុជា និង​លោក អ៊ីព្រឹហីម អាច់ឌុលឡោះ​ អាល់​ខូហ្សៃ​យឹម នាយក​ប្រតិបត្តិ​មូល​និធិ Islamic Solidarity, Fund (ISF-OIC) ដែល​ជា​ម្ចាស់​ជំនួយ​ផង​ដែរ។

បច្ចុប្បន្ននេះ ​នៅកម្ពុជា មាន​វិហារ​អ៊ីស្លាម​ប្រមាណ​៤០០ ស៊ូរ៉ាវចំនួនជាង ៤០០ និង​សាលារៀន​មាន​ចំនួន ២០០ ហើយ​ចំនួន​ទួន (គ្រូបង្រៀន​សាសនា) ក៏បាន​កើន​ឡើង​ច្រើន​ផង​ដែរ។ លើ​ស​ពី​នេះ​ទៀត​និស្សិត​ខ្មែរ​អ៊ីស្លាម​ជា​ច្រើន​នាក់ បាន​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ឯកឧត្តម យឹម ណុលឡា។

លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិក្រុម​ប្រឹក្សាអ៊ីស្លាម​អភិវឌ្ឍន៍កម្ពុជាបាន​ឲ្យ​ដឹង​ថា មុន​របប​ខ្មែរក្រហម​នៅ​កម្ពុជា មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាង ៧០០ពាន់នាក់។ ក្នុង​របប​ប៉ុលពត​អ្នក​កាន់​សាសនា​អ៊ីស្លាម​ប្រហែល ៥០០ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ ដែល​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​អ៊ីស្លាម​បាត់​បង់​ធន​ធាន​មនុស្ស​ជា​ច្រើន​។ លោក មូហាម៉ាត់ ហ្វារឹតហូសេន ​បាន​បញ្ជាក់​ថា ក្រោយ​ថ្ងៃ​ ៧មករា ឆ្នាំ​១៩៧៩ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​ទាំង​បី និង​សហគមន៍​ខ្មែរ​អ៊ីស្លាម​បាន​បញ្ជូន​កូន​ចៅ​ទៅ​សិក្សា​នៅ​បរទេស​ ដើម្បី​យក​ចំណេះដឹង​ត្រឡប់​មក​ជួយ​កិច្ចការ​ក្នុង​សហគមន៍​វិញ៕