អំនួត
និងការបោកប្រាស់ប្រជាពលរដ្ឋ បានកើតឡើងជាថ្មីទៀត
បន្ទាប់ពីការបោះឆ្នោតរួចភ្លាមៗនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤
គឺនៅពេលលទ្ធផលផ្លូវការមិនទាន់បានប្រកាសនៅឡើយ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងក្នុងសន្និសីទកាសែត
ថា គណបក្សរបស់ខ្លួនឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។
ប៉ុន្តែ តាមការពិត លទ្ធផលបោះឆ្នោតនៅទូទាំងប្រទេសបានបង្ហាញថា
គណបក្សប្រជាជនកម្ពុជា (CPP)ជាអ្នកឈ្នះ។ សម្លេងឆ្នោតនៅថ្នាក់ខេត្តគណបក្សប្រជាជនកម្ពុជា
ទទួលបាន៨៤២១សម្លេង ស្មើនឹង៧៣,៥៩ភាគរយ
រីឯគណបក្សសង្គ្រោះជាតិបានទទួលឆ្នោតតែត្រឹម២៩៧២សម្លេង ស្មើនឹង២៥,៩៧ភាគរយប៉ុណ្ណោះ។បើគណនាសម្លេងឆ្នោតថ្នាក់ស្រុក
គឺគណបក្សប្រជាជនកម្ពុជា ទទួលសម្លេងគាំទ្របានចំនួន ៨៣៧៩ សម្លេង
ស្មើនឹង៧៣,២៨ភាគរយ ដែលគណបក្សសង្គ្រោះជាតិបានទទួលសម្លេងឆ្នោតត្រឹមតែ
២៩៥៩ ស្មើនឹង២៥,៨៨ភាគរយ។
យោងលើលទ្ធផលនេះ បើធៀបនឹងការគណនាតាមចំនួនសមាជិកឃុំ
គណបក្សប្រជាជនកម្ពុជាបានកើនចំនួន១៣អាសន: នៅថ្នាក់ស្រុក រឺឯគណបក្សសង្រ្គោះជាតិ(គណបក្សសម
រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស) បានបាត់បង់អាសន:របស់ខ្លួនអស់ចំនួន១០អាសនៈ។
របាយការណ៍ជាក់ស្តែងបង្ហាញថា
ការធ្លាក់ចុះសម្លេងឆ្នោតយ៉ាងគំហុករបស់គណបក្សប្រឆាំង
ត្រូវបានគេមើលឃើញថា ភាពជាអ្នកកាន់កាប់អាសនៈដ៏ច្រើនរបស់គណបក្សប្រជាជនកម្ពុជានៅតែរឹងមាំ
មិនរង្គើឡើយ។ ជាក់ស្តែង គ្រាន់តែនៅក្នុងខេត្តព្រៃវែងមួយប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជា បានកើនអាសនៈជាប្រធានក្រុមប្រឹក្សាថ្នាក់ស្រុកចំនួន៣។
យោងលើព័ត៌មានច្បាស់ការមួយបានបង្ហាញថា បន្ទាប់ពីទទួលបរាជ័យ
ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានស្តីបន្ទោសគ្នា និងគំរាមបង្ហោះរូបថត
ក្រុមប្រឹក្សា ស្រុក ឃុំ អ្នកដែលបានងាកមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
ចំនួន៥នាក់នៅខេត្តកំពង់ស្ពឺ ជាមួយនឹងការគំរាមបណ្តេញអ្នកទាំងនោះចេញពីបក្ស
ដោយចោទថា «ក្បត់បក្ស» ។ ទាំងអស់នេះ
គឺជាសញ្ញានៃការបែកបាក់ផ្ទៃក្នុងដ៏ជ្រាលជ្រៅរបស់ក្រុមបក្សប្រឆាំង។
បើទោះជាបាត់បង់អាសនៈអស់ចំនួន១០
ប៉ុណ្ណឹងហើយ ប៉ុន្តែលោកសម រង្ស៊ី
នៅតែបំពានដោយគឃ្លើនក្នុងការភូតកុហកដោយឥតអៀនខ្មាស ហើយខំប្រឹងបោកប្រាស់
បំភ័ន្តគេឯង ក្នុងកាយវិការដូចជាអរខិបរខុប។
អ្នកវិភាគនយោបាយគេមើលឃើញទៀតថា
ហេតុអ្វីក៏ លោក សម រង្ស៊ី បញ្ចេញនូវ អាប្បកិរិយាសប្បាយរីករាយខ្លាំងម្លេះ
ក្នុងការស្រែកទទួលអបអរសាទរលទ្ធផល នៃគ.ជ.ប. ដែលបាន ខិតខំរៀបចំឲ្យមានការបោះឆ្នោតប្រព្រឹត្ដទៅតាំងពីដើម
រហូតដល់ចប់ចុងចប់ដើម។ អ្វីដែលគេ មិនយល់នោះ គឺថា តាំងពីដើមទីមកម្លេះ លោកសម
រង្ស៊ី និងថ្នាក់ដឹកនាំរបស់គាត់បានប្រមាថមាក់ងាយ
គ.ជ.ប មិនទទួលស្គាល់ គ.ជ.ប. ទាមទារឲ្យមានការផ្លាស់ប្ដូរ គ.ជ.ប ក្រោមលេសថា មិនឯករាជ្យ និងជាចោរ។ល។ តែទង្វើក្អេងក្អាងប្រកបដោយភាពអំនួតរបស់បក្សប្រឆាំងនាពេលនេះ
ហាក់កំពុងចាត់ទុកនូវការដឹកនាំរបស់ គ.ជ.ប.ប្រៀបបានជា
អាទិទេពរបស់ខ្លួនទៅវិញ។ ក្នុងន័យនេះអ្នកវិភាគនយោបាយគេ គិតថា លោកសម
រង្ស៊ី និងក្រុមគូកនរបស់គណបក្សនេះ មិនកំពុងតែវង្វេងវង្វាន់ទេឬអ្វី?។
ព្រឹត្ដិការណ៍ថ្មីៗ
ក៏បានឆ្លុះបញ្ចំងពីនយោបាយក្រៅប្រទេសរបស់លោក សម រង្ស៊ី ដែល កំពុងដើរទ្បាំប៉ា
គ្រប់ទីកន្លែងដើម្បីផ្លុំត្រចៀក ពួកអ្នកនយោបាយមួយចំនួនដែលងាយក្នុងការ
អូសទាញថា បក្សខ្លួនជាអ្នកឈ្នះឆ្នោត នាការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ កន្លងមកនេះ ក្រោមលេសធ្វើជាទាត់ចោលលទ្ធផលបោះឆោ្នត ក្រោយពីដឹងថា
ការតវ៉ាតាម ផ្លូវច្បាប់ត្រូវទទួលបរាជ័យ ដោយចាប់យកដងផ្លូវ និងប្រជាពលរដ្ឋមួយចំនួនជាចំណាប់ខ្មំាង
ក្នុងការដើរក្បួនតវ៉ាតាមការស្រមើស្រមៃចង់បានអំណាចផ្ទាល់ខ្លួន។ ជាក់ស្ដែងពួកគេ
បានងាក មកចរចា ទាមទារយកតំណែងប្រធានរដ្ឋសភាក្រោមការលាក់បាំងថា ធ្វើឲ្យមានតុល្យភាព
អំណាចជាមួយគណបក្សប្រជាជន។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី តែងតែធ្វើការវាយ
ប្រហារទៅនយោបាយអព្យាក្រឹត្យរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល ក្នុងន័យកេងចំណេញផ្នែកនយោបាយថា
បានទៅចាប់ដៃជាមួយចិន បោះបង់អាមេរិក។ ផ្ទុយទៅវិញនៅក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនគេឃើញ
លោក សម រង្ស៊ី បែរជាធ្វើរណេបរណប ជាមួយចិន ដោយបានប្រាប់ស្ថានីយ៍ទូរទស្សន៍ចិនមួយថា
បក្សប្រឆាំងគាំទ្រការទាមទារទឹកដីរបស់ចិន ដោយប្រឆាំង វៀតណាមនៅសមុទ្រចិនខាងត្បូង។
លោក សម រង្ស៊ី បានប្រាប់ទូរទស្សន៍Phoenixថា«
ចំណុចនេះបង្ហាញថា យើងមានគំនិតមិនស្របជាមួយអាមេរិកទេ
ព្រោះអាមេរិកគាំទ្រវៀតណាម។ បក្សសង្រ្គោះជាតិឈរខាងចិន » ។ ការគាំទ្រចិន មានន័យថា
លោក សម រង្ស៊ី កំពុងតែដើរផ្ទុយពីនយោបាយអាមេរិក និងបានប្រឆាំងយ៉ាងចេញមុខជាមួយរដ្ឋាភិបាលអាមេរិក។
ត្រង់ចំណុចនេះធ្វើឲ្យអ្នកវិភាគនយោបាយក្នុងស្រុកគេឆ្ងល់ថា
ក្រុមលោក សម រង្ស៊ី ដែល ជានិច្ចកាល តែងលើកតម្កើងនយោបាយអាមេរិកជាគ្រូបាធ្យាយ
ដែលម៉ាត់ណាក៏ប្រកាសក្ដែងៗ ថា « បក្សខ្លួនដើរតាមមាគ៌ាអាមេរិកដោយឥតងាករេ
» ព្រមទាំងអួតអាងថា អាមេរិកក្ដី អាណិកជនខ្មែរនៅអាមេរិកក្ដី
គាំទ្របក្សខ្លួនមិនចាញ់មេដឹកនាំអាមេរិកទេ។ មិនតែប៉ុណ្ណោះពួកគេ ស្ទើរតែហ៊ានស្បថសច្ចាថា
សូមជ្រកក្រោមទង់អាមេរិកលុះអវសាន្ដ។
បើហេតុនេះគេសួរថា តើលោក សម រង្ស៊ី
ពិតជាអ្នកនយោបាយតថភាពនិយម ឬទេ? បើខ្លួនបានដឹកនាំប្រទេស មិនមានជំហរជាក់លាក់នោះ
ក្នុងការថ្លឹងថ្លែងប្រទេសណាជាមិត្ដ ប្រទេសណាជាសត្រូវ ឬក៏មិនមានជំហរឯករាជ្យ
ឬមានជំហរមិនលំអៀងខាងណា ដើម្បីឲ្យប្រទេសមហាអំណាចគាំទ្រកម្ពុជា ទោះក្នុងកាលៈទេស: ណាក៏ដោយ។
អស់រយ:ពេល៥អាណត្ដិកន្លងមកនេះ
ចាប់តាំងពីកាលបោះឆ្នោតអាណត្ដិទី១ក្រោមការ រៀបចំដោយ UNTAC សម្ដេច ហ៊ុន
សែន
បានខិតខំដឹកនាំនាវាកម្ពុជាហែលឆ្លងកាត់ ព្យុះភ្លៀង ដែលបោកបក់មកពីគ្រប់ទិសទី
កម្លាំងនយោបាយមកពីប៉ូលខាងកើត និងកម្លាំងនយោបាយមក ពីប៉ូលខាងលិច
ព្រមទាំងការបង្កដោយក្រុមអគតិទាំងនៅកម្ពុជា និងនៅបរទេស ដែលមាននិន្នាការប្រឆាំងជាពិសេស
« NGOs » ។ ប្រទេសកម្ពុជាដែលបានរួចផុតពីគ្រោះមហន្ដរាយរបបខ្មែរក្រហមពីបាតដៃទទេ
សេដ្ឋកិច្ចប្រទេសដែលស្ថិតក្រោមសូន្យ បានឆ្លងកាត់មកដល់ស្ថានភាពបច្ចុប្បន្នដែលពិភពលោកចាត់ទុកកម្ពុជាថា
មានកំណើនសេដ្ឋកិច្ចយ៉ាងលឿន មិនមែនជាការធម្មតាទេ។
អ្នកវិភាគគេនំាគ្នាចោទសួរថា
តើលោកសម រង្ស៊ី និងថា្នក់ដឹកនាំរបស់ខ្លួនល្មមដល់ពេល
ទទួលស្គាល់ពីចំណុចខ្សោយរបស់ខ្លួនពីការភូតកុហក
ដែលបច្ចុប្បន្នត្រូវបានគេមើលឃើញនៅលើគោគអស់ទៅហើយ ដោយត្រូវហ៊ានទទួលស្គាល់ថា ការរស់រានមានជីវិត
ការកើនឥទ្ធិពលរបស់បក្សខ្លួនដែលកើនរហូតដល់៥៥អាសន: គឺដោយសារសិល្បៈនៃការភូតភររបស់ខ្លួន
មិនចេះចប់ មិនចេះហើយ ដោយសារការបោកបញ្ឆោតប្រជាពលរដ្ឋដែលគេមិនបានដឹងអំពី
ស្ថានភាពពិតប្រាកដរបស់ស្រុកទេស និងពិភពលោក។
បើយ៉ាងនេះ តើលោក សម រង្ស៊ី
និងថ្នាក់ដឹកនាំ របស់ខ្លួនហ៊ានទទួលស្គាល់ការពិតថា ខ្លួនជាអ្នកចាញ់ឆ្នោតហើយឬនៅ?
តើគណបក្សសង្រ្គោះជាតិហ៊ានប្រកាសថា គណបក្សប្រជាជនឈ្នះឆ្នោតបាន៦៨អាសន:
ហើយបក្សខ្លួនបានទទួល ៥៥អាសន:ហើយឬនៅ?
បើបច្ចុប្បន្នខ្លួនបានទទួលស្គាល់ការពិតនូវឯករាជ្យភាពនៃស្ថាប័ន
គ.ជ.ប.ក្នុងការគ្រប់
គ្រងដំណើរការទូទៅនៃការបោះឆ្នោតក្រុមប្រឹក្សាខេត្ដ
រាជធានី ស្រុក ខណ្ឌ ដែលខ្លួនបាននិងកំពុងអបអរសាទរ យ៉ាងកក់ក្ដៅនោះ។
បើមិនអីចឹងទេតើយន្ដការឯករាជ្យភាពនៃស្ថាប័នមួយស្ថិតលើការអនុវត្ដច្បាប់
ឬ ស្ថិតនៅលើយន្ដការបុគ្គលបក្សប្រឆាំងជាអ្នកកំណត់!។
អត្ថបទដោយ៖
រត្ន័ សណ្ដាប់