Thursday, May 22, 2014

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធីបើក «ពិព័រណ៍​អប់​រំឧត្តម​សិក្សា​ប្រទេស​ចិន​លើក​ទី២»

រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤

- លោក លី ជាវគង់ ភារធារីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- លោកជំទាវ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- លោកស្រី លីវ ជីងហួយ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអាហារូបករណ៍របស់ប្រទេសចិន
- ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អស់លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួម​ជាមួយ ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អស់លោក លោកស្រី ក្មួយៗនិស្សិត ​ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ក្នុងពិធីបើក «ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២» ដ៏មានសារៈសំខាន់ នាពេលនេះ។ ឆ្លៀត​ឱកាស​នេះ ខ្ញុំសូមសម្តែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃ​​វិទ្យាស្ថាន​ខុងជឺនៃរាជបណ្ឌិត្យ​សភា​កម្ពុជា និង​សាកល​វិទ្យាល័​យអាស៊ីអឺរ៉ុប ដែលបានសហការរៀបចំពិព័រណ៍នេះឡើងសំដៅ​​​​​​​​​​​​​ចូលរួម​លើកកម្ពស់​គុណ​ភាព​​ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធាមនុស្ស​​នៅ​​​កម្ពុជា ខ្ញុំក៏សូមសម្តែង​នូវអំណរ​គុណ​​​ចំពោះស្ថានទូតនៃសាធាររដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រ​​​កម្ពុជា ក្រុម​ប្រឹក្សា​ជាតិ​អាហារូបករណ៍នៃសាធារណរដ្ឋប្រជា​មានិត​ចិន និង​​​បណ្តាគ្រឹះស្ថានឧត្តមសិក្សាចិន ដែល​បានចូលរួមឧបត្ថម្ភគាំទ្រដល់ការរៀបចំពិព័រណ៍នេះ​។
តាមរបាយការណ៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យ​​សភា​កម្ពុជា​បាន​បញ្ជាក់​ថា ពិព័រណ៍លើកទី១ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កាលពី ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០១៣ ដោយមានការចូលរួមពីសាកលវិទ្យាល័យល្បីៗរបស់ចិនចំនួន១៤ដោយ​ឡែក​ ពិព័រណ៍លើកទី២នេះ មានសាកលវិទ្យាល័យល្បីៗរបស់ចិនចំនួន ២២ បានមកចូលរួម ផង​ដែរ​
ការជួបជុំគ្នានៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍លើកទីនៃ «ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិន» ដែល​រៀបចំឡើងដោយ​វិទ្យាស្ថាន​ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ វិទ្យាស្ថាន​ខុងជឺ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បានបញ្ជាក់ថា ការតាំងពិព័រណ៍លើកទី១កន្លងទៅ បានទាក់ទាញនិស្សិត​​​កម្ពុជាជាង​៤ពាន់​នាក់ចូលមកទស្សនា ហើយក៏លើកទឹកចិត្តដល់និស្សិតរាប់រយនាក់ទៅ​​សិក្សា​នៅ​ប្រទេស​ចិន។
ជារៀងរាល់ឆ្នាំ សាធារណរដ្ឋ​ប្រជាមានិត​​ចិន បានផ្តល់អាហារូបករណ៍​ជាច្រើនដល់និស្សិត​​កម្ពុជា។ ដោយ​សារ​ធនធានមនុស្ស​ជាកត្តា​សំខាន់​​មិនអាច​ខ្វះបាន​ក្នុង​ការអភិវឌ្ឍ ខ្ញុំសង្ឃឹម​​​​យ៉ាងមុតមាំ​ថា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមប្រឹក្សាជាតិអាហារូបករណ៍របស់ប្រទេស​​​ចិន​នឹង​ពិចារ​ណា​ផ្តល់​អាហារូបករណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតដល់និស្សិត​កម្ពុជា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ នៅក្នុង​ពិធីបិទ​សន្និសីទ​អន្តរ​ជាតិ​លើក​ទី២​របស់​វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាម្ពុជា ស្តីពី​  «ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន» ខ្ញុំក៏បាន​រំឭកអំពី​ប្រវត្តិ​នៃទំនាក់​ទំនង​រវាង​ប្រទេស​យើងទាំងពីរដែល​មានតាំងពី​យូរលង់​ណាស់​​មកហើយ ហើយបច្ចុប្បន្ននេះ ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពនេះ កាន់តែមានភាពស្អិតរមួតថែមទៀត ដោយឈរលើគោលការណ៍គោរពអធិបតេយ្យ​ភាព និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រហូតសម្រេចបាន​នូវដំណាក់កាលថ្មីដ៏គួរឱ្យ​កត់​សម្គាល់​​ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាលទ្ធផល កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់វិស័យកាន់តែ​ត្រូវ​បាន​ពង្រឹង និងពង្រីក​ថែមទៀត​ ដែលជា​កត្តានាំមកនូវការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ។ ជាងនេះ​ទៅទៀត នៅក្នុងគោលនយោបាយការបរទេស រាជរដ្ឋាភិបាល​​​​កម្ពុជាជានិច្ចកាល​គាំទ្រ​គោល​នយោ​បាយ​ចិនតែមួយ និងជាដៃគូ​យុទ្ធសាស្ត្រ​ដ៏ស៊ីជម្រៅ​​ នេះគឺឆ្លុះបញ្ចាំង​ឱ្យ​ឃើញនូវ​ជំហរ​ឥតងាក​រេរបស់រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​គោល​​​​ន​យោបាយ​​​​ការបរទេសអព្យាក្រឹត សន្តិសហ​វិជ្ជមាន មិន​ចូល​បក្សសម្ព័ន្ធ កសាងទំនាក់ទំនងមិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​គ្រប់ប្រទេស​ ដោយ​ឈរ​លើ​គោលការណ៍​សមភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ​​និងមិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​​ផ្ទៃក្នុងគ្នា​។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
គ្រឹះស្ថានសិក្សា រួមទាំង​ស្ថាប័នដទៃទៀតទាំងអស់ត្រូវ​បាន​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​​​ដោយរបប​ប្រល័យ​​​ពូជសាសន៍ក្នុងរយៈពេលតែជាងបីឆ្នាំប៉ុណ្ណោះ។

បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩​​យើងបា​ន​ឆ្លង​កាត់ការ​លំបាក​គ្រប់​បែប​យ៉ាង ​ដោយដៃម្ខាងខិតខំប្រឹងប្រែងស្ដារ និងកសាង​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​ពីបាត​ដៃ​ទទេ និងដៃម្ខាងទៀតខិតខំការពារមិន​ឱ្យមានការវិល​ត្រឡប់​​មកវិញនៃរបប​ប្រល័យ​ពូជ​សាសន៍​។ លើសពីនេះទៀត តាមរយៈគោល​នយោបាយ​​ឈ្នះ-ឈ្នះរបស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី  ការផ្សះផ្សារ បង្រួបបង្រួម និង​ឯកភាព​​ជាតិ ត្រូវបាន​សម្រេច​ឡើង ​ដោយ​ពុំមាន​ការបង្ហូរឈាមគ្នាឡើយ ហើយកម្ពុជាទទួលបាន​សន្តិភាព​ពេញ​លេញ​ទូទាំងប្រទេស ដែលយើងពុំធ្លាប់ទទួលបានឡើយនៅ​ក្នុងរយៈកាល​ប្រមាណ​ ៥០០​ឆ្នាំ​ ចុងក្រោយនេះ

សុខសន្តិភាព និងស្ថិរភាពនយោបាយ​ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់​​ធានាបាននូវការ​​អភិវឌ្ឍ​​​លើគ្រប់វិស័យ សំដៅ​លើក​​​​​កម្ពស់​ជីវភាពរស់នៅ និងកាត់បន្ថយភាព​ក្រី​ក្រ​របស់​ប្រជាជ​ន​។ ជាក់​ស្តែង​ ក្នុងឆ្នាំ២០១២ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,ហើយកំណើននេះត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងរង្វង់ពី​ ទៅ ៨% ​នៅ​ឆ្នាំ​បន្ត​បន្ទាប់ ដោយរក្សា​បាន​​នូវអតិផ​រ​ណា​ទាប។ ផ្អែកលើកំណើន​ដ៏ខ្ពស់នេះ  កម្ពុជា​សម្រេច​បានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ ហើយ​នឹង​ក្លាយ​ជា​ប្រទេសដែលមាន​ប្រាក់​​ចំណូលមធ្យម​​កម្រិត​​​​ទាបក្នុងពេល​​អនាគត​​ដ៏ខ្លីខាងមុខនេះ និង​ឈាន​ទៅ​ជាប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​និង​កំពុង​​យកចិត្តទុក ដាក់​ខ្ពស់ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយ​ដ៏សំខាន់ ដោយ​ហេតុ​ថាវិស័យនេះ គឺជា​ឆ្អឹង​ខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ​ព្រមទាំង​ការ​អភិវឌ្ឍ​វិស័យដទៃៗទៀត។ ​វិស័យអប់រំ​ទាំងមូលមានការរីកចម្រើន​ជាបន្តបន្ទាប់គួរ​ឱ្យ​កត់​សម្គាល់ ទាំងបរិមាណនិងគុណភាព ជាក់ស្តែង ​សាលា​រៀន​ចំណេះ​​ទូទៅ​ គ្រឹះស្ថាន​ឧត្តមសិក្សា និងចំនួនសិស្ស និស្សិតចុះឈ្មោះចូលរៀន​នៅ​​គ្រប់ភូមិ​សិក្សា​​ទាំងផ្នែក​សាធារ​ណៈ និងផ្នែកឯកជន មានការរីកដុះដាល​យ៉ាង​ខ្លាំង ដែលនេះគឺ​ជាមូលដ្ឋាន​គ្រឹះដ៏ចាំបាច់​សម្រាប់​ឈាន​ទៅ​ពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង​ថែម​ទៀត​ ជោគជ័យទាំងនេះ គឺជាការ​រួម​ចំណែក​​​​យ៉ាងសំខាន់ដល់ការលើកកម្ពស់ ការ​អភិវឌ្ឍ​ធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ 

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
ការរៀបចំ «ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិន» នេះ គឺជាការរួមចំណែកដ៏សំខាន់ ឆ្លើយតបទៅនឹងតម្រូវការ​​​ថ្មីៗ​​នៃការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព​ខ្ពស់​ទាំង​ចំណេះ​ដឹង ចំណេះធ្វើ គុណធម៌ និងសីលធម៌។ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រឱ្យមានការងារ​ពិព័រណ៍​នេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ពុទ្ធិនិងបទពិសោធន៍បន្ថែមដល់សិស្ស-និស្សិតកម្ពុជា អំពីស្ថាន​ភាពសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន។ ពិព័រណ៍នេះក៏ជាការរួមចំណែកជាមួយ​រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់វិស័យអប់រំឱ្យ​កាន់​​តែស៊ី​ជម្រៅ​ថែម​ទៀត​។ លើសពីនេះទៀត ពិព័រណ៍នេះក៏រួមចំណែកផងដែរដល់បេសកកម្ម​ពង្រឹងនិង​ពង្រីក​ចំណង​ការទូត​រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ​​ ទំនាក់ទំនង​នៃវិស័យ​អប់រំនៃប្រទេសយើងទាំងពីរ
ជាថ្មីម្តងទៀតខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិង​​​ប្រជាជន​​​​​នៃ​​​សាធារ​ណរដ្ឋប្រជាមានិតចិន ក្រុមប្រឹក្សាជាតិអាហារូបករណ៍នៃប្រទេសចិន និងបណ្តា​គ្រឹះស្ថាន​ឧត្តម​សិក្សាចិន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍អប់រំ​​​ថ្នាក់ឧត្តម​សិក្សា​របស់ប្រទេសចិន និងសូម​សម្តែងនូវការ​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹក​នាំនិង​មន្រ្តីរាជ​ការ​ទាំង​អស់​របស់រាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និង​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប ដែលបានបញ្ចេញអស់នូវកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុង​ការ​ធ្វើ​ឱ្យពិព័រណ៍​នេះដំណើរ​ការបានយ៉ាងល្អ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អស់លោក លោកស្រី ក្មួយៗនិស្សិត ​ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ សូមទទួលបានជោគជ័យ​គ្រប់​ភារ​កិច្ច មានសុខភាពល្អ និងសុភមង្គលក្នុងក្រុមគ្រួសារ និងសូម​ឱ្យចំណង​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរកម្ពុជា-ចិន ស្ថិតស្ថេរអមតៈ រុងរឿង​ជាភិយ្យោភាព តរៀងទៅ។
ខ្ញុំសូមប្រកាសបើក «ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២» នាពេលនេះ។
     សូមអរគុណ!