នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ កាកបាទក្រហមកម្ពុជានៅក្រោមការជួយជ្រោមជ្រែងពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រមូលបានថវិកាចំនួនប្រមាណ ១៤ ៣៦០ ៩៩៧ ដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជនជាតិ និងអន្តរជាតិ ដែលបរិច្ចាគ ក្នុងឱកាសនៃការ រៀបចំមិទ្ទិញ អបអរសាទរ ខួបលើកទី១៥១ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។
ដោយអញ្ជើញជាអធិបតីក្នុងមិទ្ទិញ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកាកបាទក្រហមកម្ពុជាក្នុងរាជធានីភ្នំពេញ ទន្ទឹមនឹងការថ្លែងកោតសរសើរអំពីការរីកចម្រើនរបស់កាកបាទក្រហមកម្ពុជា ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ដូចជា មន្ត្រីកាកបាទក្រហមគ្រប់ជាន់ថ្នាក់ អ្នកស័្មគ្រចិត្តកាកបាទក្រហម ព្រះសង្ឃ និងអាជ្ញាធរថ្នាក់ក្រោមជាតិផងដែរ ដែលបានខិតខំរួមកម្លាំងសាមគ្គី ក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋរងគ្រោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសន្យាថា នឹងជួយធ្វើឲ្យកាកបាទក្រហមកម្ពុជា កាន់តែមានភាពឯករាជ្យក្នុងប្រតិបត្តិការជួយសង្គ្រោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ យើងបានជួបជុំគ្នានៅទីនេះ(ទីស្នាក់ការកាកបាទក្រហមកម្ពុជា) យើងបានរួមគ្នាដើម្បីធ្វើសកម្មភាពមនុស្សធម៌ ហើយកាកបាទក្រហមកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំង តាមរយៈការផ្តល់អំណាច និងលទ្ធភាពដល់សាខា និងអនុសាខាដើម្បីងាយស្រួលក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ក្រៅពីនោះកាកបាទក្រហមកម្ពុជា បានធ្វើជាសេនាធិការដ៏មានប្រសិទ្ធភាពខ្ពស់របស់អាជ្ញាធរសាធារណៈ និងបានឆ្លើយតបភ្លាមៗជាមួយគ្រោះមហន្តរាយផ្សេងៗ។
សម្តេចតេជោថ្លែងថា កាកបាទក្រហមកម្ពុជានៅតែរក្សាបាននូវឯករាជភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ ក្នុងនោះអាជ្ញាធរពាក់ព័ន្ធមិនអាចបង្គាប់បញ្ជាឲ្យកាកបាទក្រហមនោះទេ ព្រោះការធ្វើដូច្នេះ គឺធ្វើឲ្យកាកបាទក្រហមមិនអាចរក្សាបាននូវឯករាជភាពរបស់ខ្លួនបានឡើយ និងសូមឲ្យបន្តនូវទង្វើដ៏ល្អនេះជាបន្តទៅទៀត។
សម្តេចតេជោបានសម្តែងនូវការព្រួយបារម្ភចំពោះការប្រែប្រួលអាកាសធាតុ ដែលបានបណ្តាលឲ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន និងការចូលរួមពីសប្បុរសជនថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាគ្រោះធម្មជាតិផ្សេងៗនោះ។ សម្តេចតេជោបានបញ្ជាក់ មានបញ្ហាជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយក្នុងនោះមានបញ្ហាគ្រោះធម្មជាតិ និងការកាត់បន្ថយអត្រាស្លាប់រវាងមាតានិងទារក និងការប្រយុទ្ធនឹងជំងឺឆ្លងផ្សេងៗទៀត ដែលជាបញ្ហាត្រូវរួមគ្នាដោះស្រាយ ពីសំណាក់យុវជនទាំងអស់។
សម្តេចតេជោបានថ្លែងការកោតសរសើរចំពោះ ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម ដែលបានធ្វើ និងកំពុងធ្វើ និងបន្តធ្វើដើម្បីវឌ្ឍនភាពសង្គម ដោយប៉ុន្មានឆ្នាំចុងក្រោយនេះកាកបាទក្រហម កម្ពុជាផ្តោតសកម្មភាពទៅលើយុវជន ក្នុងនោះសកម្មភាពជាក់ស្តែងបានបង្ហាញនៅឆ្នាំកន្លងមក ដោយយុវជនបានធ្វើការងារសង្គមជាច្រើនក្នុងនោះមានការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការងារផ្តល់ឈាមដោយស្ម័គ្រចិត្ត មិត្តអប់រំមិត្ត និងការងារសង្គមជាច្រើនទៀត។
ទាក់ទងនឹងការបរិច្ចាគរបស់សប្បុរសជន ជួយដល់កាកបាទក្រហមកម្ពុជា សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា គ្មានអ្នកណាម្នាក់មកចូលរួមជាមួយកាកបាទក្រហមកម្ពុជា នៅពេលដែលយើងចាយប្រាក់កាសមិនចំទិសដៅគ្មានតម្លាភាព និងគណនេយ្យភាពនោះទេ។ កាកបាទក្រហមកម្ពុជាបានបង្កើតទំនុកចិត្តកាន់តែខ្លាំងមិនត្រឹមតែក្នុងប្រទេសទេ។
សម្តេចតេជោបានថ្លែងអំណរគុណចំពោះសប្បុរជននានា និងដៃគូសហការទោះក្នុងនិន្នាការនយោបាយបែបណានោះទេ ដែលបានចុះជួយប្រជាពលរដ្ឋនានា តាមមូលដ្ឋានដោយផ្ទាល់និងតាមរយៈកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា ឆ្នាំនេះក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០១៤ បានប្រារព្ធក្រោមប្រធានបទ «ខ្ញុំ និងកាកបាទក្រហម»។ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បានសម្រេចគោលដៅ និងសមិទ្ធផលធំៗជាច្រើន ក្នុងក្របខណ្ឌមនុស្សធម៌ដោយមិនប្រកាន់ពូជសាសនា ពណ៌សំបុរ និន្នាការនយោបាយ និងជំនឿសាសនាឡើយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបលើកទី ១៥១ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ នេះ ជាឱកាសមួយដែលចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមទាញយកចិត្តទុកដាក់ជាសកលទាំងមូល ជាពិសេសក្នុងមជ្ឈដ្ឋានថ្នាក់ដឹកនាំដោយបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួនចំពោះការខិតខំប្រឹងប្រែងរបស់យុវជន អ្នកស្ម័គ្រចិត្តវ័យក្មេងរបស់ចលនា ដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការពុះពារជម្នះរាល់ការលំបាក និងបញ្ហាប្រឈមជាសកលទាំងឡាយ ដែលបានបង្កឡើងដោយភាពក្រីក្រ ទំនាស់អំពើហិង្សា ចំណាកស្រុក ជំងឺឆ្លងរាតត្បាតនានា ការរើសអើង និងបំរែបំរួលអាកាសធាតុ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជំនួសមុខឲ្យគណៈកម្មាធិការកណ្តាលគណៈកម្មាធិការសាខាមន្រ្តី បុគ្គលិក សមាជិក សមាជិកា អ្នកស្ម័គ្រចិត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជាសូមថ្វាយក្រាបបង្គំទូលពីចម្ងាយនូវព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលតែងតែផ្តល់នូវព្រះរាជូបត្ថម្ភគាំទ្រយ៉ាងធំធេងដល់កាកបាទក្រហមកម្ពុជា ក្នុងនោះមានទាំងព្រះរាជូបត្ថម្ភព្រះរាជទ្រព្យប្រចាំខែចំនួន ១ ០០០ ដុល្លារ និងប្រចាំត្រីមាសចំនួន ៣ ០០០ ដុល្លាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ និងព្រះរាជូបត្ថម្ភជាច្រើនទៀតនៅក្នុងឱកាសសំខាន់ៗផ្សេងៗទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ថា ការដាក់ចេញនូវប្រធានបទ«ខ្ញុំ និងកាកបាទក្រហមកម្ពុជា» ក្នុងឱកាសខួបលើកទី ១៥១ នាឆ្នាំនេះ គឺជាសារមួយផ្ញើជូនដល់មនុស្សជាតិទាំងអស់ ដើម្បីរំលឹកឡើងវិញនូវការផ្សារភ្ជាប់រវាងពួកគេម្នាក់ៗ ទៅនឹងការងាររបស់កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមអន្តរជាតិ។ ជាមួយនឹងផ្លែផ្កានៃ«កម្លាំងមនុស្ស ធម៌» និង«វប្បធម៌នៃការចែករំលែក» ជាមួយនឹងការពង្រឹងបានមូលដ្ឋានគ្រឹះ នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលជាមគ្គុទេស ក៏សម្រាប់តម្រង់ផ្លូវក្នុងការអនុវត្តចក្ខុវិស័យស្នូលទាំង៤នៃយុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ កាកបាទក្រហមបានរីកដុះដាល និងសម្រេចបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។
លោកស្រី អាន ឡឺក្លែរ ប្រធានសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍បានឲ្យដឹងថា ប្រធានឆ្នាំនេះគឺបានបង្ហាញពីស្មារតីប្រជាពលរដ្ឋ និងសប្បុរសជនទាំងឡាយជាកាកបាទក្រហមកម្ពុជា។ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក៏ដូចជាកាលានុវត្តភាពដ៏ថ្លៃថ្លាមួយ ដើម្បីអបអរសាទរអ្វីដែលយើងទាំងអស់គ្នាបាន ធ្វើក្នុងនាម កាកបាទក្រហម អឌ្ឍចន្ទក្រហមនៅទូទាំងពិភពលោក ។ ក្រោមប្រធានបទ«ខ្ញុំ និងកាកបាទក្រហម» សម្រាប់ឆ្នាំនេះ យើងទាំងអស់គ្នាទទួលស្គាល់ពីអនុភាពនៃការជួយគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពអាសន្ន និងជួយគាំទ្រគ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកស្រីបន្តថា ជារៀងរាល់ ថ្ងៃនៅជុំវិញពិភពលោកទាំងមូលមានជីវិតរស់នៅរបស់មនុស្សជាច្រើននាក់ ដែលទទួលបានក្តីរំភើបរីករាយតាមរយៈកាកបាទក្រហម អឌ្ឍចន្ទក្រហម។ អ្នកស្ម័គ្រចិត្តជាង ១៧ លាននាក់ទូទាំង ពិភពលោកដែលធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិ គ្រួសារ និងសាច់ញាតិរបស់ពួកគេ តាមរយៈ សកម្មភាពនានាដូចជា ការផ្តល់ឈាមការចុះសួរសុខទុក្ខតាមផ្ទះ ការស្តារទំនាក់ទំនងគ្រួសារ និងការចែកជំនួយសង្រ្គោះនានា។
នៅកម្ពុជាមានអ្នកស្ម័គ្រចិត្តកាកបាទក្រហមប្រមាណ ១៩.៤០០ នាក់ និងយុវជនកាកបាទក្រហមប្រមាណ ២៨.៦៧៦ នាក់ ដែលប្រជាពលរដ្ឋកម្ពុជាពឹងអាស្រ័យសម្រាប់សេវាមនុស្សធម៌នានា។ ការរួមចំណែករបស់ពួកគេតាមរយៈទីស្នាក់ការកណ្តាល និងសាខាទូទាំង២៤ រាជធានី ខេត្តមានឥទ្ធិពលជាវិជ្ជមានមកលើជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។ ទាំងអស់នេះនឹងមិនអាចធ្វើបានឡើយបើមិនមានការគាំទ្រ និងការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក បេអាត ហ្វៃហ្សឺ ប្រធានគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំភូមិភាគ នៅទីក្រុងបាងកក ប្រទេសថៃ បានឲ្យដឹងថា ដូចរៀងរាល់ឆ្នាំដែរ ទិវាដ៏មហាមានសារសំខាន់ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់សមាជិក និងអ្នកគាំទ្រទាំងអស់នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីប្រមូលផ្តុំបណ្តាប្រទេសទាំងអស់នៅលើ ពិភពលោកមកអបអរសាទរ សមិទ្ធផលនៃឆ្នាំកន្លងទៅ និងត្រៀមខ្លួនជំនៈរាល់បញ្ហានាពេលអនាគត។ លោកបន្តថា កាលពីឆ្នាំមុនយើងបានប្រារព្ធខួបលោកលើកទី ១៥០ នៃសកម្មភាពមនុស្សធម៌ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ហើយថ្ងៃនេះយើងប្រារព្ធទិវានេះម្តងទៀត ដែលក្នុងរយៈពេល ១ឆ្នាំកន្លងមក មានអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងបុគ្គលិករាប់លាននាក់បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋ ដែលរងប៉ះពាល់ដោយសង្រ្គាមគ្រោះមហន្តរាយធម្មជាតិ និងភាពក្រីក្រ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិមានប្រវត្តិយូរលង់នៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំមានមោទនភាពណាស់ ដែលបានចូលរួមផ្នែកតូចមួយនៃប្រវត្តិនេះ៕