នៅវេលាម៉ោង ១២ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស ដោយមានវត្តមានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀតធ្វើបដិសណ្ឋារកិច្ចទទួលនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ទស្សនកិច្ចរបស់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស គឺជាំទស្សនកិច្ចផ្លូវការជាលើកទីមួយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងការស្វែងរកទីផ្សារបន្ថែមទៀត សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា ពិសេសការនាំស្រូវ អង្ករចេញ។
ឯកឧត្ដម កៅ គឹមហួន បានមានប្រសាសន៍ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា-បង់ក្លាដែស) បានឯកភាពគ្នាបង្កើតគណៈកម្មការរួមគ្នាដើម្បីស្វែងរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឲ្យមានភាពកាន់តែទូលំទូលាយទៅលើគ្រប់វិស័យថែមទៀត។ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរក៏បានឯកភាពគ្នាបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរួម ដែលដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ជាពិសេសទៅទៀត គឺការជំរុញវិស័យឯកជន ក៏ដូចជាសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ីទៅវិញទៅមក។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពគ្នាផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវវិស័យវប្បធម៌ និងអប់រំហើយក្នុងនោះ នាយករដ្ឋមន្ត្រីបង់ក្លាដែសបានផ្ដល់អាហារូបករណ៍ចំនួន៥ កន្លែងសម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសបង់ក្លាដែសផងដែរ។ ជាងនេះទៀត នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការលើកស្ទួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងកម្រិតនយោបាយកម្រិតខ្ពស់ តាមរយៈការផ្លាស់ប្ដូរមន្ត្រីរដ្ឋាភិបាលប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ យុវជន និងប្រព័ន្ធផ្សព្វផ្សាយជាដើម។
សូមរម្លឹកដែរថា ក្នុងជំនួបទ្វេភាគី លោកជំទាវ សេក ហាស៊ីណា នាយករដ្ឋមន្ត្រីសាធារណរដ្ឋបង់ក្លាដែស បានចាត់ទុកទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសបង់ក្លាដែសថា បានផ្តល់សន្ទុះមួយថ្មីទៀត ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរដែលមានស្រាប់។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការធ្វើឲ្យស៊ីជម្រៅ នូវទំនាក់ទំនងផ្នែកវប្បធម៌ និងអប់រំ រវាងប្រទេសទាំងពីរ តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំ ដើម្បីធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរកាន់តែយល់គ្នាថែមទៀត។ ទន្ទឹមនឹងនេះភាគីទាំងពីរបានឯកភាពផងដែរ ក្នុងការលើក ទឹកចិត្តឲ្យមានទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីធ្វើឲ្យការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ កាន់តែប្រសើរឡើង ជាពិសេសមន្ត្រីនយោបាយជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏ដូចជារវាងបញ្ញវន្ត អ្នកសារព័ត៌មាន យុវជន កីឡាករ និងមន្ត្រីជំនាញវប្បធម៌ ។ ក្នុងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគោលបំណងរបស់បង់ក្លាដែស ក្នុងការរៀបចំពិព័រណ៍បង់ក្លាដែសនៅកម្ពុជាក្នុងឆ្នាំ២០១៥។
នាយករដ្ឋមន្ត្រីទាំងពីរ បានសំដែងនូវការពេញចិត្ត ចំពោះកម្រិតនៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ នៅក្នុងអង្គការតំបន់នានា រួមមានកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី និងគណៈកម្មការសង្គម និងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះតួនាទីស្ថាបនា និងគំនិតផ្តួចផ្តើមរបស់បង់ក្លាដែស ក្នុងការលើកកម្ពស់សន្តិភាពតំបន់ ស្ថិរភាព និងការរីកចម្រើនក្នុងតំបន់។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អះអាងសាជាថ្មីម្តងទៀត អំពីការប្តេជ្ញាក្នុងការលើកកម្ពស់និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការតំបន់ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ សម្តេចតេជោបានស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ និងការចូលរួមយ៉ាងជិតស្និទ្ធរបស់បង់ក្លាដែស ជាមួយរដ្ឋជាសមាជិកអាស៊ាន និង បានទទួលស្គាល់ ចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់បង់ក្លាដែស ក្នុងការបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូសន្ទនារបស់អាស៊ាន។ ប្រមុខដឹកនាំទាំងពីរ ក៏ពេញចិត្តចំពោះកម្រិតនៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ នៅលើវេទិកាអន្តរជាតិនានា និងបានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ លើបញ្ហាដែលជាផលប្រយោជន៍ទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ, ចលនាមិនចូលបក្សសម្ព័ន្ធ, អង្គការពាណិជ្ជកម្មពិភពលោក និងវេទិកា អន្តរជាតិដទៃទៀត។
ដោយសារតែដំណើរការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម កំពុងតែពង្រីកគម្លាតរវាងអ្នកមាន និងអ្នកក្រ នៅលើពិភពលោក ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវតែមានវិធានការបន្ទាន់មួយដើម្បីបង្រួមនូវគម្លាតនៃការអភិវឌ្ឍ តាមរយៈការអំពាវនាវរួមគ្នាទៅកាន់បណ្តាប្រទេសអភិវឌ្ឍន៍ឲ្យផ្តល់នូវការលើកលែងពន្ធ និងកំណត់កូតា ចំពោះការនាំចូលផលិតផល និងសេវាកម្មពីបណ្តាប្រទេសមានការអភិវឌ្ឍតិចតួចដើម្បី ធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕