Thursday, June 19, 2014

បទវិចារណកថា៖ គុណសម្បត្តិអ្នកដែលធ្វើ និង​គ្រោះថ្នាក់នៃសម្តីរបស់អ្នកថា ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​មក​វិញ​របស់​ពល​ករពី​ប្រទេស​ថៃ​



ដោយៈ លី គាំ
         
ក្រោម​ចំ​ណាត់​ការ​ ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់បំ​ផុត​របស់​ប្រមុខរាជ​រដ្ឋាភិបាល ដឹក​នាំ​​ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​យ៉ាងម៉ឹងម៉ាត់​ដល់អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំងគ្រប់​គណៈអភិបាលខេត្ត ក្រុង អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ ក្នុង​ការ​ជួយ​សម្រួល​ ដោះ​ស្រាយការ​លំ​បាកចំ​ពោះ​មុខដល់​ពលករដែល​ទើប​នឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​នោះ​​ ក្រៅ​ពី​ការ​ផ្តល់រថយន្តយោធារាប់រយគ្រឿង​ដើម្បីដឹកជញ្ជូនពលករ​ និង​ការ​ប្រកាសជូន​ដំ​ណឹង​ដល់​បង​ប្អូន​ពលករអោយ​មក​ទទួល​សេវាការងារ​ថ្មី ក៏​ដូច​ជា​ទទួល​ចុះ​ឈ្មោះ ដើម្បី​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​មុខជំ​នាញផ្សេង​ៗ​។ 

 មិន​បញ្ចប់​បេសកកម្មត្រឹម​ប៉ុណ្នឹង​ទេ  ក្នុងពេលដែល​សម្តេចតេជោ កំ​ពុង​បំពេញ​ទស្សន​កិច្ច​​ការងារនៅក្នុង​ប្រទេស​បង់​ក្លាដេស​នោះ សម្តេច ក៏នៅ​តែ​តាម​ដានសភាពការណ៍ជាក់​ស្តែង​ដោយ​បាន​ទាក់​ទង​មក​ជា​ប្រចាំ​ជា​មួយ​ថ្នាក់​ដឹក​នាំ អាជ្ញាធរពាក់​ព័ន្ធទាំង​អស់​​នៅ​ក្នុង​ប្រទេស​ដោយ​យ៉ាងយកចិត្តទុកដាក់បំ​ផុត ដើម្បី​ឆ្លើយ​តប​ ង​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា សម្រួល​ដល់​ពលករអោយ​បាន​គេចផុត​ពី​ការ​ប្រឈម​នានា។

តាម​រយៈបទ​បញ្ជារបស់​ប្រមុខរាជ​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤ បាន​ប្រកាស​ដល់​អភិបាល នៃ​គណៈ​​​អភិបាល រាជធានី​ខេត្តទាំងអស់  ធ្វើកិច្ចសហការ និង​​​ការ​​សម្រប​​សម្រួល​ជាមួយអាជ្ញាធរខេត្ត​នៃប្រទេសថៃ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរខេត្តនៃប្រទេស​​​ថៃ​​ជួយ​សម្រួល​​ដល់​ការ​​ដឹកជញ្ជូន​ពលករខ្មែរឲ្យវិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ ដោយ​គិត​គូរ​អំពី​សុវត្ថិ​ភាព​លក្ខណៈ​មនុស្ស​​ធម៌ និងសិទ្ធិរស់រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ។ក្រៅ​ពី​នេះ ជម្រុញ​ត្រូវចាត់​មន្រ្តី​ប្រចាំការ​សម្រាប់​ទំនាក់​ទំនង​​គ្នាជា​មួយអាជ្ញាធរខេត្ត នៃ​ប្រទេសថៃ ដើម្បីក្តាប់​បាន​ច្បាស់​លាស់​នូវ​ស្ថិតិ និងស្ថាន​ភាព​ពលករខ្មែរ...»។

ក្រោយ​ពី​មាន​ចំ​ណាត់​ការ​នេះមក ពលករទាំង​អស់ត្រូវបានអាជ្ញាធរ​ និង​អង្គការមួយ​ចំនួន​បាន​សហ​ការណ៍​ជា​​មួយកាក​បាត​ក្រហម​​សាខា​ខេត្តក្រុង បានយកចិត្តទុកដាក់ផ្តល់​ស្បៀង​អាហារ និងដឹកជញ្ជូនបង​ប្អូន​ពល​ករយើងទៅតាម​ខេត្ត​​និងភូមិ​ដែលខ្លួនរស់​នៅ​ដោយសុវត្ថិ​ភាព។

បន្ថែម​ពី​លើនេះ​ ក៏​មាន​សកម្មភាព​ជួយ​យ៉ាង​ផុល​ផុស ពី​ក្រុម​ការងារ​របស់​យុវជន​ ក្រុម​ការងារ​​របស់​រាជ​រដ្ឋាភិបាល​គ្រប់​ផ្នែក​ ទាំង​ដោះ​ស្រាយ​បាយទឹក ថ្នាំ​សង្កូវ​  ការ​ដឹក​ជញ្ជូន​ ផ្សព្វ​ផ្សា​យ​​​ព័ត៌មាន​អំពី​ការតម្រូវ​ការ​ផ្តល់​ជូន​កម្មករ ដើម្បី​បាន​ទទួល​ការងារ​ថ្មី​ ។

ចំណែក ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០១៤ បាន​ជូន​ដំ​ណឹងតាមរយៈមជ្ឈមណ្ឌលការងារ ​និងវិទ្យាស្ថានបច្ចេកទេស​ក្នុងរាជធានី ខេត្ត​ទូទាំង​ប្រទេស  ដោយ​បញ្ជាក់​ ថា ក្រសួង​​បានរៀបចំស្តង់ព័ត៌មានចល័ត​របស់ទីភ្នាក់ជាតិមុខរបរ​និង​ការងារ​ និងស្តង់ព័ត៌របស់អគ្គនាយកដ្ឋានអប់​រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅ​ក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យសម្រាប់ផ្តល់​​ឱកាសការងារ និងព័ត៌មានស្តីពីវគ្គបណ្តុះបណ្តាល​បច្ចេកទេស​​ និងវិជ្ជាជីវៈ ជូនដល់បងប្អូន ដែលមានបំណងស្វែងរកការងារនៅក្នុងប្រទេស​ សូម​មេត្តា​អញ្ជើញទៅសាកសួរព័ត៌មាននៅស្តង់ចល័តទីភ្នាក់ងារជាតិមុខរបរ និងការងារ​មុខរបរ និង​ការងារ ឬទំនាក់ទំនងទៅកាន់មន្ទីរការងារ​នៅតាមបណ្តារាជធានី ខេត្តដែលនៅក្បែរ​ទី​លំ​នៅ​ឋាន​​របស់បងប្អូន ។

លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាន​បានលើក​ឡើង​ដែរ​ថា «មន្រ្តីក្រសួងការងារ តាមរយៈទីភ្នាក់ងារ ជាតិមុខរបរ និងការងារ កំពុងផ្សព្វផ្សាយ​ដល់​ពលករដោយផ្ទាល់ និងនៅតាមភូមិ ឃុំ ហើយមន្រ្តីមន្ទីរការងារក៏រង់ចាំទទួល​ពាក្យ​ធ្វើ​ការ​ពី​ប្រ​ជា​ពល​ ករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃពេលនេះនៅគ្រប់រាជធានីខេត្តទូទាំងប្រទេស។

បើទោះ​ជា​រាជ​រដ្ឋាភិបាល​ប្រឹង​ប្រែង​ដោះ​ស្រាយ​ជូន​ពលករទាំង​នោះ​ក្តី​ ប៉ុន្តែ ជាអកុសល​ណាស់​ដែលជនអគតិមួយក្រុម​​ក្នុងនោះមានមេបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ មិនត្រឹមតែគ្រាន់តែមិនបានជួយជ្រោមជ្រែង ជួយសម្រួលដល់ជីវភាព សុវត្ថិភាពដល់​ពលករ​ទាំងនោះទេ    ​ ថែមទាំងរិះគន់ រាជរដ្ឋាភិបាលកម្ពុជា ថា មិន​បាន​ខិតខំប្រឹងប្រែងលើ​បញ្ហា​នេះ​ទេ  ​​​​មិន​​តែប៉ុណ្ណោះ​ មេបក្ស​ប្រឆាំង​ថែម​ទាំង​គេចវេស ទៅកៀងគរ អ្នក​នយោបាយ​នៅ​ឯបរទេស​ដើម្បី​ដាក់​​ទម្ងន់​កៀបសង្កត់​កាន់​តែ​ខ្លាំង​ វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល ដោយ​មិន​ឈរលើ​ការ​ពិត​ជាក់​ស្តែង​ថែម​ទៀត។​ អ្វីដែល​ជា​ឥ​រិយាបថ មិន​សម​រម្យ​ថែម​ទៀត​នោះ គឺ​ លោក កឹម សុខា បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះ​តំ​បន់​ប៉ោយ​ប៉ែត ក្នុង​បំ​ណង​បង្ក​ភាព​ចលាចល ញុះ​ញង់​ពលករ អោយ​ស្អប់​ខ្ពើម​រាជ​រដ្ឋាភិបាលខ្លួន​ឯង នៅ​ពេល​ដែល​ភាគី​ថៃ​ដឹក​បញ្ជូន​ត្រឡប់​មក​មាតុប្រទេស​វិញ​ ក្រោម​លេសគេថា គណបក្ស​ប្រឆាំង​ក៏​ចង់​ជួប​ជា​មួយ​ពលករទាំង​នោះ​ដែរ។

ប៉ុន្ត ដោយ​សកម្មភាព​របស់​បក្ស​ប្រឆាំង​ នឹងអាច​បង្ក​ភាព​រញ៉េរញ៉ៃ​ ខូចសណ្តាប់​ធ្នាប់ ទើប​ពួក​គាត់​មិន​មាន​ឱកាសបាន​ជួប​ជា​មួយ​ពលករ បែរជា​ត្រូវ​បាន​លោក កឹម សុខា ស្តី​បន្ទោស​មក​អាជ្ញាធរថា រើសអ៊ើង ពួក​គាត់ និង​មិន​បាន​ជួយ​អន្តរាគមន៍​សម្រួល​ដល់​ក្រុម​ពួក​គាត់ ក្នុង​ខណៈ​ពេល​ដែល​អាជ្ញាធរនៅ​ទី​នោះ​កំ​ពុង​រវល់​យ៉ាង​មមាញឹកជាមួយ​​ការ​ដោះ​ស្រាយ​សម្រួល​មធ្យោ​បាយ​នានាជូន​ដល់​ពលករ ដើម្បី​បាន​ទទួល​នូវ​ភាព​រីក​រាយ ផុត​ពី​ទុក្ខ​កង្វល់ចំ​ពោះ​មុខ។

ដូច្នេះ ការរិះ​គន់​១លាន​ម៉ាត់​របស់​ក្រុម​គណបក្ស​ប្រឆាំង តែ​ក្រុម​របស់​ពួក​ខ្លួន​មិន​បាន​រួម​ចំ​ណែក​ដោះ​ស្រាយ​ដោយ​ផ្ទាល់​នូវ​ទុក្ខលំ​បាក​របស់​ពលករខ្មែរ និង​ថែម​ទាំង​ប៉ុនប៉ង​កៀង​គ ញុះ​ញង់​អុចអាល​ អោយ​ពលករ​ងើប​ឡើង​ប្រឆាំង​ជា​មួយ​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ការ​ចោទ​ប្រកាន់​នានា​មកលើ​អាជ្ញាធរមាន​សមត្ថកិច្ច ក្នុង​ពេល​ដែល​ពួក​គាត់​កំ​ពុង​ដោះ​ស្រាយ​សម្រួល​ដល់​ពលករ បែរជា​ត្រូវ​បក្ស​ប្រឆាំង​ប៉ុនប៉ង​បង្ក​ចលាចល​ថែម​ទៀត ទង្វើនេះ មិន​ខុសអ្វី​ពី​ពាក្យ​ចាស់​ពោល​ថា «បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យក​ជើង​រាទឹក» ​ ។ ដូច្នេះ តម្លៃ​នៃ​អ្នក​ជួយ​ គឺ​ខ្ពស់​ត្រដែត​ខ្លាំង​ណាស់​ កប់​បាត់​ទៅ​លើ ឥរិយាបទ​របស់​ក្រុម​មនុស្ស​ដែល​បាន​តែ​ថា និង​បង្ក​ចលាចល។