Monday, June 23, 2014

សម្តេច​​តេជោ​​ស្វាគមន៍​​កិច្ច​​សហ​ប្រតិ​បត្តិ​​ស្ថាប័ន​​អយ្យ​ការ​​កម្ពុជា-​ឡាវ

សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​សម្ដែង​នូវ​ការ​អបអ​សាទរ ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​ពិភាក្សា​រវាង​ស្ថាប័ន​អយ្យការ​នៃ​ប្រ​ទេ​​ស​ទាំង​ពីរ (កម្ពុជា-ឡាវ) ដែល​បាន​ឈាន​ទៅ​ដល់​ការ​ចុះ​អនុស្សរណៈ​ជាមួយគ្នា ហើយក៏​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័ន ទាំង​ពីរ​បន្ត​សហការ​ជាមួយគ្នា​បន្ត​ទៀត។

ប្រសាសន៍​ស្វាគមន៍​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ ក្នុង​ឱកាស​ទទួល​ជួប​សវ​នា​​ការ​ជាមួយ​ ឯកឧត្តម​ ​Khamsane Souvong អគ្គ​រដ្ឋអាជ្ញានៃ​អយ្យការ​ប្រជាជន​កំពូល​ នៃ​សា​ធា​រ​ណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នារសៀល​ថ្ងៃទី​២០ ខែ​មិថុ​នា​​ឆ្នាំ​២០១៤ ​នៅ​វិមាន​សន្តិ​ភាព​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បានឲ្យ​ដឹង​ថា ឯកឧត្តម​ Khamsane បាន​ជម្រាប​សម្ដេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម មកកាន់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នេះ​ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ហើយក៏​ជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិ​សាស្ត្រ ដែល​បើក​ឲ្យ​ទូលាយ​នូវ​ទំនាក់ទំនង​រវាង​ស្ថាប័ន​រដ្ឋអាជ្ញា នៃ​អយ្យការ​ប្រជាជន​កំពូលនៃ​សា​​ធា​រ​ណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​មហាអយ្យការ​កំពូល​អម​តុលាការ​កំពូល​កម្ពុជា។

ឯកឧត្តម​ Khamsane ឲ្យ​ដឹង​ពី​ទំនាក់​ទំនង​រវាង​ស្ថាប័ន​អយ្យការ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ថា កាល​ពី​ម្សិលមិញ (១៩មិថុនា) ស្ថាប័ន​ទាំងពីរ​បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​ល្អ ហើ​យ​ក៏បាន​ឈាន​​ទៅ​ដល់​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ ​ដែល​ក្នុង​នោះ​មាន​អត្ថន័យ​ ដោ​យ​មាន​ការ​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច ​បទពិសោធន៍​ ក៏ដូចជា​ផ្លាស់ប្ដូរ​នូវ​ការ បណ្ដុះ​បណ្ដា​ល​មន្ត្រី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ល្អ និង​បាន​ព្រមព្រៀងគ្នា​ធ្វើការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ ដែល​មាន​ស្រាប់​នៅ​តាម​ព្រំប្រទល់​របស់​ប្រទេស​ទាំងពីរ​ ដែល​អ្វីៗ​ទាំងនេះ គឺ​ធ្វើ​យ៉ាង​ណា​​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ រវាង​ប្រទេស​ទាំងពីរ​៕