Wednesday, June 11, 2014

ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ​ នាំ​យក​​ថវិកា​រាជ​រដ្ឋាភិបាល​​​ចំនួន​​ជាង ១ពាន់​​លាន​​រៀល​ជូន​ដល់​​កីឡាករ-​ការិនី​ និង​គ្រូ​​បង្វឹក​​ដែល​​មាន​​ស្នាដៃ ក្នុង​​ព្រឹត្តិ​ការណ៍​ប្រកួត​​កីឡា​អាស៊ាន​​ប៉ារ៉ា​​ហ្គេម​​លើក​ទី៧

នា​ព្រឹកថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រគល់​ថវិកា​រាជរដ្ឋាភិបាល​ចំនួន​ជាង ១០៤៦​លាន​​​រៀល​ ជូនដល់​កីឡាករ កីឡាការិនី គ្រូ​បង្វឹក និង​គ្រូ​ជំនួយដែល​មាន​​ស្នា​ដៃក្នុង​ការ​រក​មេដាយ​​ជូន​ជាតិ ​ក្នុងព្រឹទ្ធការណ៍​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម​លើក​ទី​៧ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី១១-២២ ខែមករា ឆ្នាំ​២០១៤ នៅទីក្រុង​ណៃពិដោរ ប្រទេស​ភូមា។

នៅ​វិមាន​មិត្ត​ភាព ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ជ័យលាភី និង​ប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ​បាន​មាន​ប្រសាសន៍ថា ក្នុង​នាម​សម្តេច​អគ្គ​មហា​សេនា​​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​ការ​កោត​សរ​សើរ និងអប​អរ​សាទរ​ដល់​ជ័យលាភី​ទាំង​អស់​ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់​​រហូត​​​ទទួល​បាន​ជ័យ​ជំនះដ៏​ធំ​ធេង​ជូន​ជាតិ​មាតុភូមិ​។ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ ក៏បាន​មាន​ប្រ​សា​សន៍​​វាយ​តម្លៃ​ខ្ពស់​​ដល់​ថ្នាក់​ដឹកនាំ​គណៈ​កម្មាធិការ​ជាតិ​ប៉ារ៉ា​អូឡាំពិកកម្ពុជា​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ ​ជា​ពិសេស​គ្រូ​បង្វឹក​​ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​សំរេច​បាន​នូវ​សមិទ្ធផល​ដ៏​ត្រចះ​ត្រ​ចង់​នេះ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ការ​ជួប​ជុំ​នៅ​ថ្ងៃ​នេះ គឺ​ជា​សក្ខីភាព​បញ្ជាក់​ និង​ការ​គាំទ្រ​​របស់​រាជរដ្ឋាភិបាល​ដល់​វិស័យ​កីឡា ជា​ពិសេស​កីឡាករ​ និង​កីឡាការិនី បង​ប្អូន​ជន​ពិការ​ទាំង​អស់​​ ដែល​បាន​ចូល​រួម​ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ានប៉ារ៉ា​​ហ្គេម​លើកទី​៧។ ការ​យក​ចិត្ត​ទុក និង​ការ​គាំទ្រ​ទាំង​នេះ​ ស្តែង​ចេញ​តាម​រយៈ​ការ​ចំណាយ​ថវិកា​រដ្ឋ​ដ៏​ច្រើន​សម្រាប់​វិស័យ​នេះ ក៏​ដូច​​ជាការ​ផ្តល់​ថវិកា​ផ្ទាល់​ខ្លួន​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ចំនួន ១២ម៉ឺន ៥០០​ដុល្លារ​​ ជូន​ដល់​​កីឡាករ-ការិនី​ ដែល​ជា​ជ័យលាភី គ្រូប​ង្វឹក គ្រូ​ជំនួយ កាល​ពី​ខែ​មីនាកន្លង​មក​នេះ​។

​​ទាក់​ទង​ទៅនឹង​ការ​​រៀប​ចំ​បង្កើត​អនុក្រឹត្យ​ថ្មី ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ កីឡាការិនី ដែល​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គឺ​រាជរដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ខ្លាំង​​ណាស់​ដល់​វិស័យ​កីឡា។ ក្នុង​នោះ​មេដាយ​មាស​ថ្នាក់​ពិភពលោក គឺ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាលក្នុង​មេដាយ​មាសមួយ ចំនួន ៣ម៉ឺន​ដុល្លារ ឬ​ស្មើ​នឹង​ ១២០លាន​រៀល​។ ថ្នាក់​ទ្វីប(អាស៊ី) មេដាយមាស ទទួល​ប្រាក់​ឧបត្ថម្ភ​ ចំនួន ២ម៉ឺន​ដុល្លារ​ ឬស្មើនឹង ៨០លាន​រៀល​ និង​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ចំនួន​ ១ម៉ឺន​ដុល្លារ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​បញ្ជាក់​ថា គ្រាន់​តែ​កីឡា​ប៉ារ៉ាអូឡាំពិក​កំរិត​អាស៊ាន​​មួយ​ប៉ុណ្ណោះ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ១ពាន់លាន​រៀល ឬជិត ៣០ម៉ឺន​ដុល្លារ និង​ប្រាក់​ឧបត្ថម្ភ​ផ្ទាល់​របស់​សម្តេច​តេជោ​ ចំនួន​ ១២ម៉ឺន​ដុល្លារ​​ទៀត សរុប​ជិត ៤០ម៉ឺន​ដុល្លារ។ ដែល​នេះ​គឺឆ្លុះ​បញ្ចាំង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលក្នុងការលើក​កំពស់​​វិស័យ​កីឡា​​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​លើក​ឡើង​​ថា វិស័យ​អប់រំ​កាយ​ និង​កីឡា​ គឺ​ជា​​សមាស​ភាព​ដ៏​សំខាន់ ​ដែល​រាជរដ្ឋាភិបាលបាន និង​​កំពុង​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​ធន​​ធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​កំពស់​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ប្រកប​ដោយ​​ចេរភាព និង​សមធម៌។ កីឡា​មិន​ត្រឹម​តែ​នាំ​មក​នូវ​សុខភាព​ល្អ ភាព​សប្បាយរីក​រាយ​ និង​ស្មារតី​សន្តិភាព សាមគ្គីភាព​ មិត្ត​ភាព ភារត​ភាព​ និង​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​ ទាំង​ក្នុង​ក្រប​ខណ្ឌ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កីឡា​ក៏​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កំពស់​កិត្យា​នុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ផងដែរ​។

ឯកឧត្តមបណ្ឌិត​សភាចារ្យ​បន្ត​ថា ​រាជរដ្ឋាភិបាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់ និង​ផ្តល់​អាទិភាព​​ខ្ពស់​លើ​វិស័យ​​ពិការ​ភាព​ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​យុទ្ធ​សាស្ត្រ​ចតុកោណ បាន​អុម័តច្បាប់​ស្តីពីកិច្ច​ការ​ពារ​ និង​​លើក​កំពស់​សិទ្ធិ​ជន​ពិការ​​ និង​បាន​ផ្តល់​​សញ្ចាប័នលើ​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​​ស្តីពី​សិទ្ធិ​ជន​ពិការ​ជា​ដើម​។ ដើម្បី​ប្រសិទ្ធភាព​ការ​ងារ​ក្នុង​ការ​អនុវត្ត​ និងជួយបង​ប្អូន​ជន​ពិការ​ទាំង​អស់​ យន្តការ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ ជា​អាទ៌ អគ្គលេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ មូល​និធិ​ជន​​ពិការ​ រដ្ឋបាល​សិទ្ធិ​ជន​ពិការ​។ ជាមួយ​គ្នា​នេះ សម្តេច​អគ្គមហាសេនា​បតី​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​​បង​ប្អូន​ជន​ពិការ ដែល​ស្តែង​ចេញ​ពីការជួប​​សំណេះ​សំណាល​​សួរ​សុខ​ទុក្ខ​នៅ​តាកែន​កោះ​ស្លា ស្រុក​ឈូក ខេត្ត​កំពតម្សិល​មិញ​នេះ​។ ការ​ផ្តល់​អំណោយ​ជា​សម្ភារ​និង​ថវិកា ការ​សាង​សង់​មជ្ឈមណ្ឌល​ជន​ពិការ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស និងការ​សាង​សង់​លំ​នៅ​ដ្ឋាន​​ជូន​បង​ប្អូន​ពិការ​របស់​យើង​អាច​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជាលទ្ធផល​បង​ប្អូន​ជន​ពិការ​យើង​នៅ​ទូទាំង​ប្រទេស​បាន​ប្រើ​ប្រាស់​សក្តា​នុពល​របស់​ខ្លួន រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​គ្រប់​វិស័យ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​ប្រកប​ដោយ​ឆន្ទៈខ្ពស់​ ស្រប​តាម​ពាក្យ​ស្លោក​ថា “ពិការ​តែកាយ តែ​ចិត្ត​មិន​ពិការ​ឡើយ​”។ “ជាក់​ស្តែង​ការ​ប្រកួត​កីឡា​ប៉ារ៉ា​ហ្គេមលើកទី៧ កីឡាករ កីឡាការិនីជន​ពិការ​របស់​យើង ២៣រូប​ប៉ុណ្ណោះទៅ​ចូល​រួម​ប្រកួត តែ​ជា​ទីមោទនអាច​ទទួល​មេដាយ​បាន​រហូត​ដល់​ទៅ ៣២គ្រឿង។ ក្នុង​នោះ​មាន​មេដាយមាស ៤គ្រឿង ប្រាក់១១គ្រឿង និង​សំរឹទ្ធិ ១៧គ្រឿង​”។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​បដិសន្ធិ​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​ប៉ារ៉ា​អូឡាពិកកម្ពុជា​នៅ​ឆ្នាំ​១៩៩៧ មក​ដល់​ពេល​បច្ចុប្បន្ននេះ កីឡាករ និង​កីឡាការិនី​ជន​ពិការ​យើង​បាន​ធ្វើ​ឲ្យ​កិត្តិនាម និង​កិត្តិ​ស័ព្ទ​កម្ពុជា​កាន់​តែ​ត្រូវ​បាន​ទទួល​ស្គាល់ និង​កោត​សរសើរ​ថែមទៀត​លើ​ឆាក​អន្តរជាតិ ដែល​បាន​នាំ​មក​មេដាយ​ជូន​ជាតិ សរុប ១២០គ្រឿង​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគីពាក់​ព័ន្ធ​ទាំង​អស់​​ ជា​ពិសេស​វិស័យ​ឯក​ជន ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរស​ជន​ទាំង​អស់​​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​អភិវឌ្ឍន​វិស័យ​អប់រំកាយ និង​កីឡា​ ដល់​ជន​ពិការ​កម្ពុជា។

ទាក់​ទង​ទៅនឹងការ​ជ្រើស​រើស​កីឡាករ កីឡាការិនី ចូល​រួម​ហ្វឹក​ហាត់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​ក៏​បាន​ណែនាំ​ឲ្យ​គ្រប់​សហព័ន្ធ​កីឡា គួរ​ពិនិត្យ​ពិច្ឆ័យ​ក្នុង​ការ​ជ្រើស​រើស​កីឡាករ កីឡាការិនី ឲ្យ​បាន​ត្រឹម​ត្រូវ​ តម្លាភាព យុត្តិធម៌ ទើប​យើង​រើស​បាន​កីឡាករ​ពូកែ​ពិត​ប្រាកដ​៕