Wednesday, June 11, 2014

វត្ត​មាន​​សម្តេច​​តេជោនៅ​តា​កែន​កោះ​​ស្លា​​ បញ្ចប់​​ពាក្យ​​ចចាម​អារ៉ាម​​អកុស​ល​​បង្ករ​​ឡើង​​ដោយ​​ពួក​​អ្នក​​នយោបាយ​​ប្រឆាំង​

វត្ត​មាន​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​ភូមិ​តេជោ​អភិវឌ្ឍន៍​ ស្ថិត​នៅ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ​បាន​បញ្ចប់​នូវ​ពាក្យ​ចចាម​​អារ៉ាមដែល​បង្ក​ឡើង​ដោយ​ពួក​ក្រុម​ជ្រុល​និយម និង​អ្នកនយោបាយ​ប្រឆាំង បាន​​ប្រឌិតបំផុស​​ឡើង​​អំពី​សុខ​ភាព​របស់​សម្តេច។

នៅក្នុង​ពិធី​សំណេះ​សំ​ណាល ជាមួយ​យោធិន​ពិការ នៅក្នុង​មជ្ឈមណ្ឌល​យោធិន​ពិការ​ ៣១៧ កោះស្លា នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤ សម្តេច​តេជោ ហ៊ុន សែន ដែល​រួម​ដំណើរ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ខ្លាំងៗ​ថា «​ខ្ងុំ​អត់​ទាន់​ងាប់​ទេ ហើយ​កុំ​សង្ឃឹម​បន់​ឱ្យ​ខ្ញុំ​ងាប់​ឱ្យសោះ តែ​បើ​សិន​ជា​ខ្ញុំ​ងាប់​ពិតមែន ត្រៀម​បង្វិច​ឱ្យ​ហើយ​​ទៅ ​នេះ​ខ្ញុំ​និយាយ​ពិត​ក្រែងលោ​មិនដឹង!»។​ ​

សម្តេច​​តេ​ជោនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជាមនុស្ស​គួរ​តែ​មាន​ការចេះ​ដឹង​កុំ​បន់​ឲ្យ​គេ​ស្លាប់។ ​«​មនុស្ស​រស់​នៅ​​ឱ្យ​ជ្រងោៗ ចេះ​ឱ្យ​គេ​បោក​បាន​ធ្វើ​នយោបាយ​ អី​ក៏​យ៉ាប់​ម្ល៉េះ? ចាញ់ឆ្នោត​ឡាំប៉ា មិន​ដែល​ម្តង​​ណា​​ទទួល​ស្គាល់ ហើយ​ធ្វើ​អ្វី​គេ​មិនកើត បែរជា​មក​បន់​ឱ្យ​គេ​ងាប់, អស់លោក​ល្មមៗ​បាន​ហើយ ព្រោះ​ខ្ញុំ​បណ្តោយ​ឱ្យ​លោក​ឯង​ប៉ុន្មាន​រយៈ​ហើយ តែបើ​ចង់​ដឹង​តែ​៤៨​ម៉ោង គឺ​គ្រប់គ្រាន់! នេះ​មិនមែន​ជាការ​គំរាម តែ​ជា​ការនិយាយ​គ្នា ឱ្យដឹង​ស​ខ្មៅ ព្រោះ​លោក​ឯង​វា​ខូច​ពេក​ហើយ ប្រមាថ​​ជីវិត​ខ្ញុំ​សព្វ​គ្រប់បែបយ៉ាង ដែល​មិន​អាចទទួល​យក​បាន»​។​

សម្តេច​តេជោមាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ផ្តាំ​ក្នុង​ករណី​ដែល​ខ្ញុំដាច់​សរសៃ​ឈាម​អញ្ចឹង​មែន សូម​វេច​បង្វេច​ឲ្យ​ស្រួល ដើម្បី​រត់ ព្រោះ​អ្នក​ដែល​មាន​លទ្ធភាព​បញ្ជា​កម្លាំង​ប្រដាប់​សរុប គឺមាន​តែម្នាក់​ហ្នឹង​ឯង។ សម្តេច​តេជោ​ថ្លែង​ថា សូម​កុំបន់​ឲ្យ ហ៊ុន សែន ស្លាប់​ព្រោះ​គេ​កំពុង​ត្រូវ​ការ ហ៊ុន សែន ដើម្បី​គ្រប់​គ្រងស​ភាព​ការណ៍ សូម្បី​តែ​ជនបរទេស​មួយ​ចំនួន​ក៏ខ្សឹបខ្សៀវ​ជាមួយ​គ្នា​ថា «ពេល​នេះ​មិនទាន់​អត់ ហ៊ុន សែន បាន​ទេ»​។

​សម្ដេច​តេជោ​ពន្យល់ថា «​រដ្ឋមន្ត្រី​ការពារជាតិ​មិន​អាច​បញ្ជា​កម្លាំង​ប៉ូលិស ឬ​រដ្ឋបាល​ស៊ីវិល​បាន , រដ្ឋមន្ត្រី​មហាផ្ទៃ​មិន​អាច​បញ្ជា​លើ​ទាហាន​កើត មិន​អាច​បញ្ជា​លើ PM បាន អ៊ីចឹង​ខ្ញុំ​សុំ​ផ្ដាំ​បើ​សិនជា​ករណី​មាន​អ៊ីចឹង​មែន គួរតែ​វេច​បង្វិច​ត្រៀម​ឱ្យ​ស្រួល ក្រែងលោ​វា​មាន​យថាហេតុ​អី​កើតឡើង ងាប់​ខ្លួនឯង​ទេ!​។

ទាក់​ទង​នឹង​ការ​ឃោស​នា​របស់​គណបក្ស​នយោបាយ​ប្រឆាំង ខុស​រដូវ​នៃការឃោស​​បោះ​ឆ្នោត​​​សម្តេចតេជោ​បាន​មាន​ប្រសាសន៍ពន្យល់​​​ថា ការ​បោះ​ឆ្នោត១ ឆ្នាំ​ហើយ សូម​កុំបន្ត​ឃោស​នា​​តទៅ​ទៀត​ ចាំដ​ល់​ឆ្នាំ​២០១៨ ចាំ​ឃោសនា។ ខ្ញុំ​សូម​បញ្ជាក់​ចុងក្រោយ​ថា អ្វី​ដែលខ្ញុំ​និយាយ​នេះ​ជារឿងពិត ហើយ​កុំប្រថុយ​ហ្នឹង​ធ្វើ។ ​សូម​កុំឃើញ​នៅប្រទេស​អេហ៊្សីប​គេធ្វើបាន​ទុយ​ណេស៊ី លីប៊ី គេ​ធ្វើ​បាន ប៉ុន្តែ​នេះ​នៅ​កម្ពុជា។ កុំថា​នៅ​បាងកក​គេធ្វើ​បាន នៅ​កម្ពុជា​ចង់​ធ្វើដែរ មួយ​ថៃ មួយ ​កម្ពុជា មួយ យីង​ឡាក់ មួយ ហ៊ុន សែន ខុសគ្នា។ ខ្ញុំ​សូម​ប្រដៅ​ឲ្យច្បាស់​ប្រាប់​ឲ្យចំ ហើយ​អស់​លោក​បរទេស​សូម​នៅ​ឲ្យ​ស្ងៀម កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ទុក​ឲ្យ​កម្ពុជា​ដោះ​ស្រាយ លើក​ទឹក​ចិត្ត​ទទួល​បាន ប៉ុន្តែ​ជ្រៀត​ជ្រែក​មិនអាច​ទទួល​យកបាន​ទេ ត្រូវ​គោរពច្បាប់​របស់​កម្ពុជា។ សម្តេច​តេជោ​​​បញ្ជាក់​ថា ប្រទេស​ជិត​ខាង​យើង​យោធា​កាន់​អំណាច ចាប់​ខ្លួន​អ្នក​​កើតចេញពី​ការបោះ​ឆ្នោត ម៉េច​ក៏គេ​ធ្វើបាន។ នៅ​ប្រទេស​អេហ៊្សីប គេចាប់​ខ្លួន​ប្រធា​នា​ធិប​តី​​ចេញពីការ​បោះឆ្នោត ឥឡូវ​អ្នក​ចាប់​ប្រធានា​ធិបតី​ឡើង​ធ្វើជា​ប្រធានាធិបតី។ ចំណែក​យើង​​ឈ្នះ​ឆ្នោត​ឆ្លងកាត់​សភា ព្រះមហាក្សត្រ​តែង​តាំង ដូច​ម្តេច​ដោះ​ស្រាយ​បញ្ហា​មិនបាន។

សម្តេចតេជោនាយក​រដ្ឋមន្រ្តី​ក៏បាន​ព្រមានដែរ​ថា ល្មមៗ​បានហើយ​ប្រយ័ត្ន​គេ​មិន​ខន្តី ខ្លួន​ឯង មាន​ស្អី​ពិត​ប្រាកដ ឯ​បញ្ហាញុះ​ញង់ ឯកសារ​មាន​គ្រប់​គ្រាន់ ហើយ​ផ្ញើ​ឲ្យ​ស្ថានទូត​នានា ពេល ចាំ​បាច់​លោក​ឯងស្ទុះ​អត់​រួច​ទេ ហើយ​អត់​មានអភ័យ​ឯកសិទ្ធិ​ទេ ដីកា​តុលាការ​ចាប់ខ្លួន​តែម្តង ហើយ​សូម​កុំ​និយាយថា កំពុង​រៀបចំ​ចរចា គំរាម​ចាប់​ខ្លួន គេ​មិន​ចាប់ គេ​ទុក​ឲ្យខ្លួន​មក​ចរចា យូរៗ​ទៅ​ព្រហើន​ទៅៗ។

ពាក់​ព័ន្ធ​នឹង​ការទាមទារ​របស់​គណបក្ស​សង្រ្គោះជាតិ ចង់​ឲ្យគណៈ​កម្មាធិការ​ជាតិរៀបចំកា​រ​បោះ​ឆ្នោត (គ.ជ.ប) ក្លាយ​ជាស្ថាប័ន​នោះ សម្តេច​តេជោ​ថ្លែងថា ភាសា​ពាក្យ​ថា គ.ជ.ប ជា ស្ថាប័ន​ធម្មនុញ្ញ ខ្ញុំ​មិន​ដែល​ឮទេ បើ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ខ្ញុំឮ ខ្ញុំ​ចេះ ប៉ុន្តែ​ស្ថាប័ន​ធម្មនុញ្ញ​វា អត់​មាន។ ឥឡូវ​ខ្ញុំ​ប្រាប់​ទៅ ខ្ញុំ​បាន​ឯកភាព ហើយ​ខាង​គណបក្ស​ប្រជាជនកម្ពុជា​បាន​ឯកភាព​ដាក់ គ.ជ.ប ទៅ​ក្នុង​ជំពូក​ទី១៥ ថែម​មួយ​ជំពូក​ទៀត​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ រដ្ឋ​ធម្មនុញ្ញ​ជំពូ​ក​ទី ១៥ ចែង​ពីស្ថាប័នរៀប​ចំការបោះ​ឆ្នោត តួនាទី ភារកិច្ច និង​របៀប​ជ្រើស​តាំង។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​ធំ​របស់​ខ្ញុំគឺ​ប្រជាពលរដ្ឋ​បានសេច​ក្តីសុខ ​ឬ អត់មាន​ទឹក​ធ្វើស្រែទេ មន្រ្តីរាជការ កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​បើក​ប្រាក់​ខែទាន់​ពេលទេ រកវិធី​ដំឡើង​ប្រាក់ខែកម្មករ​យ៉ាងដូច​ម្តេច ជំរុញការ​នាំចេញ​កសាង​ប្រទេស ត្រង់​ក្រុម​ប្រឆាំង​ទៅណាក៏​ទៅៗ​ ហើយ​ខ្ញុំការពារ​រដ្ឋធម្មនុញ្ញ ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ។

​ទាក់​ទង​ទៅនឹង​ការ​សុំ​បង្កើត​ស្ថានីយ៍​ទូរ​ទស្សន៍​របស់​គណបក្ស​ប្រឆាំង ​សម្ដេច​តេជោ​នាយ​ក​រដ្ឋ​មន្ត្រី​​មាន​ប្រ​សាសន៍ឲ្យ​ដឹង​​ថា ចង់​បង្កើត​ទូរទស្សន៍​ ខ្ញុំ​ឲ្យ តាមរយៈក្រុមហ៊ុន​មួយ​សរសេរ​សំបុត្រដើម្បីស្នើ​សុំ​បង្កើត​​ទូរទស្សន៍ ខ្ញុំ​ឲ្យ ខ្ញុំ​ប្រាប់​ទៅ​ទៀត ​តាំង​ពី​មុន​ឃោសនា​បោះឆ្នោត​ជ្រើស​​រើស​​​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខ្ញុំ​បាន​ប្រាប់​តាមរយៈ​ភ្នាក់ងារ ព្រោះ​បាន​សួរ​ខ្ញុំពីរឿង​នេះ នៅ​ថ្ងៃ​ទី៩ ពិភាក្សា​គ្នា​តាម​ទូរ​ស័ព្ទ ប៉ុន្តែ​ក្រោយ​មក​បញ្ជូន​តាម​ភ្នាក់ងារ ខ្ញុំ​ថា​ ឲ្យ​គណបក្ស​បង្កើត​អត់​បាន​ទេ ព្រោះ​ស្រុក​ខ្មែរ ៥០ ទៅ ៦០ គណបក្ស បើ​គណបក្ស​មួយ​មាន​​ទូរទស្សន៍​មួយវា​មិនងាប់​បាត់​ទៅ​ហើយ។ សម្តេច​តេជោ​បញ្ជាក់​ថា សុំ​ឲ្យ​បង្កើត​ក្រុមហ៊ុន​ទៅ​ហើយ​ណែនាំ​ទៀត​ថា ក្រុម​ហ៊ុន​​នោះ​ត្រូវចុះ​បញ្ជីពាណិជ្ជកម្មឲ្យ​បាន​ត្រឹម​ត្រូវ។ សន្យាថា​ធ្វើ ហើយ​ខ្ញុំក៏បានសួរ​ទៅ​ឯក​ឧត្តម ខៀវ កាញារីទ្ធ ដែរ អាច​ចែក​១ កាណាល់​ចេញ​ពីទូរទស្សន៍​ជាតិ​​យក​មកឲ្យគាត់​បង្កើត​ទូរទស្សន៍ ហើយ​ឲ្យ​គាត់ចារ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​វា​ក្បត់​គាត់​ទៅ​ថ្ងៃ​ក្រោយ គិត​ឲ្យគាត់​អីញ្ចឹង​ទៀត ក្រែង​លោ​ក្រុមហ៊ុន​នោះ ថ្ងៃក្រោយ​វាយក​អាជ្ញា​ប័ណ្ណ​នោះ​ទៅ​ធ្វើស្អីក្បត់​គាត់​ទៅ​ទៀត ឲ្យ​គាត់​ចារ​តិច​ទៅ រួច​បាន​ខ្ញុំ​ចារ​ពី​លើឲ្យ​១ កាណាល់​បង្កើត​ទូរទស្សន៍។ តែ​មក​ដល់ម៉ោង​នេះ ដោយ​​សារ​តែចង់​បំបិទ​ចោល​លទ្ធផល​ចរចា ខ្លួនបែ​រ​ជា​អត់​ធ្វើការងារ​នេះ​ទេ ខ្ញុំ​សូមផ្ដាំ​ទៅ​អ្នក​គាំទ្រ​​​បក្ស​ប្រឆាំង​ផង​ថា ខ្ញុំ​ឲ្យបង្កើត​ទូរទស្សន៍។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ប៉ុន្តែ​មនុស្ស​នេះ​វាខូច រួច​លោក​ទូតអាមេរិក​បាន​ប្រាប់​ឯកឧត្ដម ស ខេង ថា បើ​សិន​ឲ្យបង្កើត​ទូរទស្សន៍​ គឺហ្នឹង​ដោះស្រាយ​ភ្លាម​ឲ្យ​បង្កើត​តែ​គាត់​មិន​ព្រម​សរសេរ​សំបុត្រ​មក​ឲ្យ​ធ្វើ​ម៉េច​បាន។ បាន​សេចក្ដី​ថា គ្មាន​ចេតនា​ដោះ​ស្រាយ​បញ្ហា​ទេ ហើយ​​បើ​ដោះ ក៏ដោះ​បើមិនដោះ​ក៏ហី​ទៅ។

សម្តេច​តេជោក៏បាន​ព្រ​មាន​ ឲ្យគណបក្ស​ប្រឆាំង​កុំព្យាយាម​ធ្វើបាតុកម្ម​ឲ្យសោះ បើសិន​ជា​ធ្វើ​បាតុ​កម្ម​ណាមួយ​ខុស​នឹង​ច្បាប់ ​គឺរដ្ឋាភិបាល​មិនអត់​ឱន​ឲ្យ​ទេ។ “នៅ​មានទោស​នៅ​ឡើយ​ទេ ពាក់ព័ន្ធ​ទៅ​នឹងប​ទញុះ​ញង់​បង្កឲ្យមានចលា​ចល មាន​មនុស្ស​ស្លាប់ និង​ខូចខាត​ទ្រព្យ​សម្បត្តិ។ គេ​នៅ​ខន្តី​ យើង​ចេះ​តែ​តម្លើង​ឫទ្ធ”។ សម្តេច​តេជោ​សង្កត់​ធ្ងន់​​ថា បើ​សិន​ជា​រាជរដ្ឋាភិ​បាល លែង​ខន្តី គឺ​អ្នកឯង​នឹងជាប់​ខ្នោះ​ហើយ។ បើ​សិន​ជា​រាជរដ្ឋាភិបាល​ចង់​ធ្វើ គឺ​រយៈ​ពេលតែ ៤៨ ម៉ោង​ទេ ហើយ​កុំព្យាយាម​រត់ចូល​ស្ថានទូត។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍​ថា សម្តេច​បាន​ទូលថ្វាយ​ព្រះមហាក្សត្រ​ថា បើសិន​ជា​គណ​បក្ស​ប្រឆាំង​ចូល​ប្រជុំរដ្ឋសភា នោះ​បញ្ហាល្អ​នឹង​ត្រូវដោះ​ស្រាយ​បាន ប៉ុន្តែ​បើសិន​ជា​មិន​ចូល​​រដ្ឋសភាទេ នោះ​រាជរដ្ឋាភិ​បាល និងរដ្ឋសភា​នឹង​បន្តដំណើរ​រហូត​ដល់ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨៕