Thursday, June 5, 2014

ពិធី​គោរព​វិញ្ញាណ​ក្ខន័​ឧទ្ទិ​ស​កុសល​​ជូន ​ស្ថាបត្យករ​​បារាំង​​លោក Pascal Royère

ក្នុងឱកាសកិច្ច​ប្រជុំគណៈ​កម្មាធិការ​អន្តរជាតិ សម្រប​សម្រួលកិច្ច​គាំពារ ​និង​អភិវឌ្ឍន៍​​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​តំបន់អង្គរ ICC នៅក្រុងសៀមរាប​នារសៀល​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ  អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី  ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធានអាជ្ញាធរ​អប្សរា ព្រមទាំង​គណៈ​ប្រតិ​ភូ​គណៈ​ បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន​ដល់​ លោក​បណ្ឌិត Pascal Royère  ស្ថាបត្យករ​ជាតិ​បារាំង ដែលបាន ចំណាយ​ពេល​អស់​១៨ឆ្នាំ​ក្នុង​ការ​ជួស​ជុល​ស្តារ​ប្រាសាទ​បាពួន​​ឲ្យ​មាន​កិត្យានុភាពឡើងវិញ ។

ឯកឧត្តម ជុច  ភឿន  រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បះបាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖ លោកបណ្ឌិត Pascal Royère គឺ​ជាអ្នក​ធ្វើឲ្យ​ភាព​បាក់​បែក​នៃ​ប្រាសាទ​បាពួន​នេះ បាន​រៀប​​រយ​ឡើង​វិញ​ដូច​ដើម​ដោយ​លោក​បាន​លះបង់​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​​ការ​រស់ឡើង​វិញ​នៃ​ប្រាសាទ​មួយ​នេះ។​ ការមក​ជួប​ជុំគ្នា​នៅ​ប្រាសាទ​បាពួន​ថ្ងៃនេះ គឺ​យើង​​បាន​ចារិកផ្ទាំងសិលា​មួយ​ផ្ទាំង​នេះ​ដើម្បី សំដែងកា​រគោរព និងឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ័នរបស់លោក នៅ​ក្រោយ​​ពេល​ដែល​លោក​បាន​ទទួល​មរណៈ​ភាព​ទៅ​កាល​ពី​ខែកុម្ភៈ ដើមឆ្នាំ២០១៤ថ្មីៗនេះ ។

សូមបញ្ចាក់ថា​លោក​បណ្ឌិត Pascal Royère គឺជា​ស្ថាបត្យ​ករ​បារាំង​​មក​ពីសាលា​​បារាំង​​ចុង​​បូព៌ា ក្នុង​ជិវិត​របស់​លោក ជាង១៨ឆ្នាំ លោក​បាន​មក​ជួយ​ធ្វើការ ជួស​ជុល​ឡើង​វិញ​ប្រាសា​ទ​​បា​ពួន​នេះ។​​ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ធ្វើឲ្យ​ប្រាសាទ​បាពួន​រស់ឡើង​វិញ ហើយ​ថ្មីៗ នេះ​ លោកបណ្ឌិត Pascal Royère បាន​បន្ត​ចាប់​ផ្តើម​​គម្រោង​ជួស​ជុល​ប្រាសាទ​មេ​បុណ្យ​​ខាង​លិច​​មួយទៀត។  តែជា​អកុសល​លោក​បណ្ឌិត Pascal Royère ក៏បាន​លាចាក​លោក​បាត់​ទៅ ដោយបាន​បន្សល់​ទុក​នូវ​ការ​សោក​ស្តាយ​ដែល​យើង​បាន​បាត់​បង់​អ្នក​ជំនាញ​បច្ចេក​ទេស​ដ៏ល្អ​ឆ្នើម និងជា​អ្នក​ធ្វើឲ្យ​ប្រាសាទបាពួន​មាន​កិត្យានុភាព​ល្បីរន្ធឺ​ឡើងវិញ។

ដើម្បីចូលរួមសំដែងនូវ​ការ​គោរព​ដឹង​​គុណ​​តប​ចំពោះ​លោក​បណ្ឌិត Pascal Royère  ​អាជ្ញា​ធរអប្សរា រួមជា​មួយ​ ICC បានឯកភាពគ្នា កសាង​​ជា​ស្លាកសញ្ញា​និមិត្តរូប​មួយនេះ​ឡើង​ដើម្បី​ទុក​រំលឹក​ដល់គុណ​បំណាច​របស់ លោកបណ្ឌិត Pascal Royère ដែល​​បាន​ចំណាយ​អស់ ពី​កម្លាំង​កាយ​ចិត្ត​របស់​លោក​ដើម្បីបុព្វហេតុ​​ជួស​ជុលស្តារ​ប្រាសាទ​បាពួន​នេះឡើ​ង​វិញ​​រហូត​សម្រេច​ជោគ​ជ័យជាស្ថាពរ។

គួរបញ្ចាក់ថា គម្រោង​ការជួស​ជុលប្រាសា​ទ​ដ៏ធំសម្បើម​នេះមាន​រយៈ​ពេល​ជិត​២០​ឆ្នាំ​ គឺចាប់ពីឆ្នាំ​១៩៩៥ ហើយត្រូវបានបញ្ចប់នៅឆ្នាំ ២០១១ ដោយ​ប្រើថវិកា​ចំនួន​ជាង ១១លាន​អឺរ៉ូ ក្រោម​​ការ​ទទួល​​ខុស​​ត្រូវ​​របស់​​លោក​ប​ណ្ឌិត Pascal Royère សមាជិក​សាលា​ចារិក​​ចុងបូព៌ា ដែល​ជាស្ថាបត្យ​​ករ​បា​រាំង​ដ៏ល្បីល្បាញម្នាក់​។

គួកត់សំគាល់​ផងដែរ​ថា អ្នកជំនាញការ អន្តរ​ជាតិ ដែល​សុទ្ធ​សឹង​ជាស្ថាបត្យករ​ចំណានៗ​​បាន​មក​ចូល​​រួម​ជួយជួស​ជុល​ប្រាសាទនានា​របស់​ខ្មែរ​កន្លង​មក​នេះ បាន​ទទួល​មរណៈ​ភាព​បួនរូប​ហើយក្នុង​នោះមាន៖

-លោកបណ្ឌិត Pascal Royère ស្ថាបត្យករ​ជាតិបារាំង​បាន ចំណាយ​ពេល​ជិត២០​ឆ្នាំ​សម្រាប់គម្រោងជួសជុលប្រាសាទបាពួននេះ។
- លោកបណ្ឌិត Hyroyuki Suzuki អ្នក​ជំនាញ​អភិរក្ស​បេតិ​កភណ្ឌ​ជាតិជប៉ុន ជួយ​ការ​ងារ​អង្គរ​ប្រចាំICC ជាង១០ឆ្នាំ។
-លោក​បណ្ឌិត Tsuyoshi Narita អ្នក​ជំនាញ​អភិរក្ស បេតិ​កភណ្ឌ​​ជាតិជប៉ុន ជួយ​ការងារ​អង្គរប្រចាំអាស៊ីស៊ីជាង១០ឆ្នាំ។
- និងអ្នកជំនាញការអន្តរជាតិជនជាតិចិន លោក Wen Yuqing ជាស្ថាបត្យករ​ជួស ជុល​ប្រាសាទ តាកែវ ក៏ទើ​បទទួល​បានដំ​ណឹងថា  លោក​បានទទួលមរណៈភាព​​ផង​ដែរ​កាល​ពីថ្ងៃអង្ការ៍ដើម​សប្តាហ៏នេះ។