Tuesday, July 1, 2014

ផ្សារ​ទំនើប AEON ជប៉ុន​​ឆ្លុះ​​បញ្ចាំង ពី​កិច្ច​​សហ​​ប្រតិ​បត្តិ​ការ​​លើ​​វិស័យ​​ពាណិជ្ជ​​កម្ម​ជា​មួយ​​កម្ពុជា

ឯកឧត្តម គីហ្សី ដាហ៊្វូមីអូ (FumioKHISIDA) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន អំពី​មនោសញ្ចេតនា​សប្បាយ​រីករាយ ដែល​បាន​អញ្ជើញ​ចូល​រួមក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជាផ្លូវ​ការ​ផ្សារ​ទំនើប AEON ដែល​វា​ជា​ការវិនិយោគ​ដ៏ធំ​ពីសំណាក់​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​ និង​បាន​ចាត់​ទុក​ការវិនិយោគ​ផ្សារ​ទំនើប AEON ដ៏​ធំ​នោះ គឺ​ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​ធ្វើ​ទំនាក់​ទំនង​នៃ​ប្រទេសទាំងពីរ​កម្ពុជា-ជប៉ុន ពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ជា​មួយ​សម្តេច អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន កាល​ពី​រសៀល​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ឯកឧត្តម គីហ្សីដា ហ៊្វូមីអូ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ទំនាក់​ទំនង​ជាក់​ស្តែង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់ពី​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ជប៉ុន និង​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បាន​លើក​កម្ពស់​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រ​ទេស​ទាំង​ពីរ​ឈាន​ដល់​ទំនាក់​ទំនង ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​រួច​មក​នោះ។

ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ក្រប​ខណ្ឌ​កិច្ចសហ​ប្រតិ​បត្តិ​ការ និង​ការបង្កើត​សហគមន៍​អាស៊ាន-ជប៉ុន​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​នូវ​របៀង​សេដ្ឋកិច្ច​ខាង​ត្បូង។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា សន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា គឺ​មិន​អាចកាត់​ផ្តាច់​ចេញ​អំពី​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​ជប៉ុន​នោះ​ទេ ។​ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​ធ្លាប់​តែជា​ប្រទេស​មួយ ដែល​ទទួល​កង​ទ័ព​មួកខៀវ ​ប៉ុន្តែ​ឥឡូវ​នេះ កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួកខៀវ​របស់ខ្លួន​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ក្រៅ​ប្រទេស​ដើម្បី​បំពេញ​បេសកកម្ម​មនុស្ស​ធម៌។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បាន​មានប្រសាសន៍​ឲ្យដឹង​បន្ថែម​ថា ការ​បញ្ជូន​កងកម្លាំង​ថែ​រក្សា​សន្តិភាព​ទាំងអស់​របស់​កម្ពុជា មាន​ផ្នែក​ដោះមីន ដែល​ជប៉ុន​បាន​ជួយ​ក្នុង​ការហ្វឹកហ្វឺន និង​ជំនួយ​សម្ភារ​ហើយ​ដែល​ការហ្វឹកហ្វឺន និង​សម្ភារ​ទាំងអស់​នោះ កំពុង​តែ​បញ្ជូន​ទៅជួយ​អន្តរាគមន៍​មនុស្សធម៌​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ទំនាក់​ទំនង​នៃ​ប្រទេស​យើង​ទាំង​ពីរ (កម្ពុជា-ជប៉ុន) គឺ​មានវ័យ​ចំណាស់​មក​ហើយ ហើយ​នៅ​ពេល​នេះ​ប្រទេស​ទាំង​ពីរ​បាន​លើក​កម្ពស់​រហូត​ដល់​ទំនាក់ទំនង​ក្នុងភាពជាដៃ​គូ​យុទ្ធសាស្រ្ត។ ក្នុង​ន័យ​នេះ​ជប៉ុន​បាន​ចូល​រួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការស្វែងរក​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ជា​ពិសេស​ទៅ​ទៀត ប្រទេស​ជប៉ុន ក៏​ជាប្រទេស​មួយដែល​បាន​ផ្តល់​ជំនួយ​យ៉ាងច្រើន​ដល់​កម្ពុជា ហើយ​ការវិនិយោគ​ផ្សារ​ទំនើប​អ៊ីអន នៅ​កម្ពុជា គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវការ​រីក​ចម្រើន​មួយ​កម្រិត​ទៀត នៅ​ក្នុង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​លើការ​វិនិយោគ​ផ្ទាល់​តែ​ម្តង ប៉ុន្តែ​គប្បី​យើង​ធ្វើការពិនិត្យ​រួមគ្នា​លើចំណុច​ខ្វះ​ចន្លោះ​ដទៃ​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យកាន់​តែ​ជិតស្និទ្ធ​ទ្វេឡើង​ថែម​ទៀត។

បន្ទាប់​ពីសវនាការ​រួច​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​បាន​អញ្ជើញ​ជាអធិបតី ក្នុង​ពិធី​ចុះហត្ថ​លេខា​ប្រគល់ និង​ទទួល​ជំនួយ​ដែល​ឯកឧត្តម គីហ្សី ដាហ៊្វូមីអូ (Fumio KHISIDA) និង​ឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋ​មន្រ្តីក្រ​សួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរសារ​ស្តី​អំពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង ដែល​មាន​ទឹក​បា្រក់​ចំនួន ៨៥១ លាន​យ៉េន (៨,៣​លាន​ដុល្លារ) សម្រាប់​ពង្រីក​សាលា​អនុវិទ្យាល័យ នៅ​រាជធានី​ភ្នំពេញ និង​ឥណទាន​សម្បទាន ដែល​មាន​ទឹក​បា្រក់ ១៣ ៧៨៥ លាន​យ៉េន (១៣៥លានដុល្លារ) សម្រាប់​អនុវត្តន៍​លើ​គម្រោង​ចំនួន ០៣ ទី១-ពង្រីក​ប្រព័ន្ឋ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ។ ទី​២-ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​ជាតិ​លេខ៥ (កំណាត់​ផ្លូវ​ពី​ព្រែកក្តាម-ធ្លាម្អម) និងទី៣-កែលម្អ និង​ស្តារ​ឡើង​វិញ​ប្រព័ន្ឋ​ធារាសាស្រ្ត និងប្រព័ន្ឋ​ដោះទឹក​នៅ​ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា ទំហំ​វិនិយោគ​នៃ​ជប៉ុន​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ពី​ចំនួន​ប្រមាណ ៤០០ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១១ ដល់​ចំនួន​ប្រមាណ ៥១៣​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៣ កន្លង​មក​នេះ។ បើគិត​ពី​ឆ្នាំ១៩៩៤ មក ត្រឹម​បំណាច់​ខែឧសភា​ឆ្នាំ​២០១៤ គម្រោង​វិនិ​យោគ​ជប៉ុន​នៅ​កម្ពុជា ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ចំនួន ៨៦​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ជិត ៦២០​លានដុល្លារ​អាមេរិក ក្នុង​នោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ផ្សារ​អ៊ីអន ជា​គម្រោង​ដែល​មានទុន​វិនិយោគ​ធំជាង​គេ​បង្អស់ រហូត​ដល់​ប្រ​មាណ ២៥០​លាន​ដុល្លារ​អាមេរិក។ វិនិយោគិន​ជប៉ុន​បាន​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​ជា​ច្រើន ជា​ពិសេស​វិស័យ​ឧស្សាហកម្ម ដែល​មិនមែន​ជាកម្មន្ត​សាល ដូច​ជា ការ​ផលិត​ម៉ូទ័រ​ខ្នាត​តូច គ្រឿង​បង្គុំ​រថយន្ត និង​គ្រឿង​អេឡិច​ត្រូនិក ដែល​ការ​វិនិយោគ​ទាំង​នោះ​បាន​រួម​ចំណែក​ដល់ ការ​ធ្វើពិពិធកម្ម​ឧស្សាហកម្ម និង​ពិពិធកម្ម​នៃ​ប្រភពទុន​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ៕