Tuesday, July 1, 2014

ទស្សនៈ៖ សេចក្តីប្រកាស​ព័ត៌មាន​របស់​សាស្ត្រាចារ្យ Surya P. Subedi «ឆ្កែព្រូស មនុស្សនៅតែដើរ»

 នៅពេលដែលសាស្ត្រាចារ្យ Surya P. Subedi និយាយអំពី «ការជាប់គាំង» នយោបាយនោះ លោកមិនមាន ន័យថាជាការជាប់គាំងក្នុងការបង្កើត និងដំណើរការនៃរាជរដ្ឋាភិបាលកម្ពុជានោះទេ។ គណបក្សប្រជាជន​កម្ពុជា​ដែល បានឈ្នះ៦៨អាសនៈទល់នឹង៥៥អាសនៈ ដែលគណបក្សសង្គ្រោះជាតិ (CNRP) ទទួល​បាន​នោះ បានបើកសម័យ ប្រជុំរដ្ឋសភាជាតិដោយមិនមានការចូលរួមពីតំណាងរាស្ត្រជាប់ឆ្នោតរបស់ CNRP ហើយបានប្រើប្រាស់មាត្រា៩២ថ្មី ដើម្បីបង្កើតរាជរដ្ឋាភិបាលដែលកំពុងដំណើរការជាប្រក្រតី។

លោក Subedi បាននិយាយអំពី «ការជាប់គាំងនយោបាយ» រវាងរដ្ឋាភិបាលរបស់គណបក្សប្រជាជន និង គណបក្សសង្គ្រោះជាតិ ដែលបានធ្វើពហិការមិនចូលរដ្ឋសភាជាតិ ចាប់តាំងពីការ​បើកសម័យ​ប្រជុំដំបូង​រហូត​ដល់ បច្ចុប្បន្ន។ លោកមើលឃើញការជាប់គាំងនយោបាយនេះជា «ការប៉ះពាល់ផ្ទាល់​ទៅលើការ​ទទួល​បាន​សិទ្ធិមនុស្ស ដោយប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជា»។ បេសកកម្ម​ស្វែង​រកការ​ពិតក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​លើកទី១១ របស់ លោកមកកាន់ប្រទេសកម្ពុជា បានបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ដោយមាន​សេចក្តី​ប្រកាសព័ត៌មានជា ភាសាអង់គ្លេស និងខ្មែរ។ លោកនឹង​ចេញ​របាយ​ការណ៍​មួយ​រួមមាន​ការ​សន្និដ្ឋាន​ចុងក្រោយ និងអនុសាសន៍របស់លោក ដែលលោកនឹង បង្ហាញជូន​ក្រុមប្រឹក្​សាសិទ្ធិ​មនុស្ស​នៃអង្គការ​សហប្រជាជាតិ (UNHRC) ក្នុងទីក្រុងហ្សើណែវ (Geneva) ក្នុងខែកញ្ញា ឆ្នាំនេះ។

សេចក្តីប្រកាសព័ត៌មានរបស់លោក បានលើកឡើងអំពី ផ្នែកជាច្រើនរួមមាន កំណែទម្រង់តុលាការកំណែ ទម្រង់​ការបោះឆ្នោត និងសភា កំណែទម្រង់ក្រុមប្រឹក្សាធម្មនុញ្ញ សិទ្ធិលើដីធ្លី សិទ្ធិការងារ ដែននៃ​ការ​ប្រើប្រាស់​ប្រជា ធិបតេយ្យ ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យមួយ និងស្ថានភាពកម្មករ​ចំណាកស្រុក​ដែលត្រឡប់​មកពី​ប្រទេស​ថៃវិញ។ ក្រៅពីអត្ថាធិប្បាយមួយចំនួនតូច ដែលបានធ្វើឡើងដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ដែលមាន​មូលដ្ឋាន​នៅបរទេស និង សារព័ត៌មានភាសាអង់គ្លេសក្នុងស្រុក មិនមានការធ្វើអត្ថាធិប្បាយ ឬប្រតិកម្មពីជន​ដែល​នៅក្នុងផ្នែកពាក់ព័ន្ធទាំងនោះ ទេ។ ឥឡូវនេះ វាហាក់ដូចជាសមរម្យណាស់ដែលត្រូវនិយាយថា ពេល​ដែល​លោក​ Subedi និយាយគ្មាននរណាស្តាប់ ទេ។ តើនេះនឹងរារាំងទឹកចិត្តដ៏ខ្នះខ្នែងស្ទុះស្ទាររបស់លោក Subedi ដែរឬទេ? វាមិនទំនងទៅជាដូច្នេះនោះទេ។

លោក Subedi  បានដឹងអំពីររបៀបកេងយកចំណេញពីស្ថានភាពដែលវិវត្តន៍ក្នុងប្រទេសកម្ពុជា។ សូមអានអ្វី ដែលលោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោក៖
«ខ្ញុំសប្បាយ​រីករាយណាស់ដែលអនុសាសន៍ដែលខ្ញុំបានលើកឡើងអំពីកំណែទម្រង់ការបោះឆ្នោត ឥឡូវត្រូវ​បាន​ក្លាយ ជាផ្នែកមួយនៃរបៀបវារៈជាតិ...»។ លោកបានឆ្លៀត ប្រើប្រាស់ការយល់​ឃើញផ្ទាល់​ខ្លួននៃ​ភាពជោគជ័យ​របស់លោក ដើម្បីបើកការវាយប្រហារបន្តទៀតទៅលើកំណែទម្រង់ក្រុមប្រឹក្សាធម្មនុញ្ញ «ដើម្បី​ធ្វើឱ្យ​ក្រុមប្រឹក្សានេះឯករាជ្យពិត ប្រាកដ និងគ្មានបក្សពួកជាជាងចូលរួមដោយបក្សទាំងអស់ ឬពីរបក្ស» និងវាយប្រហារលើកំណែទម្រង់សភា «ដើម្បី ឱ្យតំណាងរាស្ត្រអាច​ជួបទំនាក់ទំនងដោយ​ងាយស្រួល​ជាមួយនឹង​អ្នក​បោះឆ្នោតឱ្យពួកគេ និងអាចមានលទ្ធភាពលើក កំពស់ផលប្រយោជន៍អ្នកបោះឆ្នោតទាំងនោះទៀតផង»។ ពាក្យពេជន៍នៃការផ្តល់ហេតុផលរបស់លោក គឺគួរឱ្យខ្លាច និងជាការបំរើផលប្រយោជន៍ឱ្យខ្លួនឯង។ លោកបាន​បន្ទោស​ចំៗទៅលើ «ការបរាជ័យនៃស្ថាប័នរដ្ឋក្នុងការលើកកំពស់ សិទ្ធិប្រជាជន» ដោយអះអាងថា «វាគឺជាមូល​ហេតុដែលប្រជាជនមកជួបលោកដើម្បីបញ្ជាក់អំពីស្ថានភាពលំបាករបស់ ពួកគេ និងសុំឱ្យលោកជួយ»។

​នៅក្នុងគ្រាមភាសានយោបាយកម្ពុជា ឃ្លាមួយត្រូវបានគេនិយមប្រើដើម្បីមិនអើពើចំពោះការរិះគន់ និងបន្ត ការងារ ដើម្បីសម្រេចបានកំណែទម្រង់ជាតិ និងគោលដៅអភិវឌ្ឍន៍ជាតិ។ ឃ្លានោះនិយាយថា៖ «ឆ្កែព្រូស មនុស្សនៅ តែដើរ»។ លោក Subedi មានអភ័យឯកសិទ្ធិនិយាយអ្វីដែលគាត់រីករាយនឹងនិយាយ។ ក៍ប៉ុន្តែ ថាតើអ្នកដែលទទួល ខុសត្រូវក្នុងស្ថាប័នរដ្ឋទាំងនោះស្តាប់លោកឬអត់ គឺជាបញ្ហាមួយផ្សេងទៀត។ ប៉ុន្តែ គួរកត់​សម្គាល់ថារាជរដ្ឋាភិបាល កម្ពុជា ក្នុងអំឡុងពេល នៃកិច្ចប្រជុំ​លើកទី១​នៃសមាជិក​រាជរដ្ឋាភិបាល​កាលពីខែកញ្ញា ឆ្នាំ២០១៣ បានប្រកាសយ៉ាង ច្បាស់នូវកំណែទម្រង់ ស៊ីជម្រៅ​ក្នុងផ្នែក​ទាំងអស់​នៃសកម្មភាព​របស់រាជរដ្ឋាភិបាល និងជីវភាពរបស់ប្រជាជន ដើម្បី អនុវត្តក្នុងរយៈ​ពេលប្រាំ​ឆ្នាំបន្ត​បន្ទាប់​ទៅមុខទៀត​ដោយ​រាជរដ្ឋាភិបាល។

​លោក Subedi បានផ្ដល់សេចក្ដីសនិ្នដ្ឋានជាទីបញ្ចប់ ថាលោកបានចែករំលែកទស្សនៈរបស់លោក ដោយ សាមញ្ញធម្មតាទៅជាមួយនឹងសមាជិកជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា។ សួរថាតើ​សមាជិក​ជាន់​ខ្ពស់​​ទាំង នោះមានទស្សនៈដូចលោកឬទេ? សួរថាតើសមាជិកជាន់ខ្ពស់ទាំងនោះ បានតទល់​ជាមួយ​លោក​ដោយ​និយាយអំពី ទស្សនៈផ្ទាល់ខ្លួនរបស់អស់លោក ឬទស្សនៈរបស់រាជរដ្ឋាភិបាលដែរឬទេ? ជាការ​ពិត​សេចក្តីប្រកាសព័ត៌មាននោះ មិន បានបង្ហាញអ្វីផ្សេងទៀតទេ ក្រៅតែពីទស្សនៈរបស់លោក Subedi​។

ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា