Saturday, July 12, 2014

ព្រះរាជបូជនីយកិច្ចព្រះករុណា«ព្រះបរមរតនកោដ្ឋ» ក្នុងការទាមទារឯករាជ្យជូនជាតិមាតុភូមិ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤

ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះ​បរមរតនកោដ្ឋ» គឺជាឥស្សរជន​លេចធ្លោ​បំផុត​ក្នុងឆាក នយោបាយកម្ពុជាក្នុងរយៈកាលប្រមាណជា៧ ទសវត្សរ៍កន្លងទៅ។«ព្រះបរមរតនកោដ្ឋ» ឡើងគ្រង រាជបល្ល័ង្កជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ ២ លើក ហើយបានដាក់រាជ្យ២លើក ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង គឺជាតួអង្គ និងជាសាក្សី​ដ៏ចម្បងបំផុតនៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើបរាប់ចាប់ តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំងសម័យរុងរឿង ក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់យុគ សម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបប​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។
ព្រះរាជបូជនីយកិច្ច ៖ ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរម រតនកោដ្ឋ» ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ប្រគល់មក ឲ្យព្រះរាជាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានសង្គ្រាមលោកលើក ទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹង ត្រែង។
ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅ ឆ្នាំ១៩៤៩ ដដែលព្រះអង្គបាន ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវ ច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញា ឆ្នាំ១៩៤៩ នេះលុបចោលនូវសន្ធិ សញ្ញាអាណាព្យាបាល ឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
ឆ្នាំ១៩៥២ ដល់ ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតន ភណ្ឌឯករាជ្យ១០០ភាគរយ ជូនជាតិមាតុភូមិ។ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះបាទនរោត្តម សីហនុ ទ្រង់បានថ្លែងជាឧឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូណ៌ជូនជាតិមាតុភូមិ ឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះដោយមានសហការីជួយគាំទ្រផង ព្រះ អង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ ឆ្នាំ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារ លិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងចំនួន៣ លើក៖ លើកទី ១ ថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល។ លើកទី២ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូលដដែល និងលើកទី៣ ថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៥៣។
ពីទីក្រុងផុងតែណឺប្លូ ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គ ទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេស​កាណាដា និង សហរដ្ឋអាមេរិកទៀត។ នៅកាណាដាក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌ មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទង​នឹងព្រះរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែល ជាតំណាងប្រទេសលោកសេរីក្នុងឥណ្ឌូចិន៖ ទី១. គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស្ត ទី២. គឺបញ្ហាឯករាជ្យបរិបូណ៌សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានបន្សល់ទុកនូវស្នាព្រះហស្ថយ៉ាងច្រើនជូនជាតិមាតុភូមិ ជាពិសេសបានបំពេញព្រះ រាជកិច្ចជាឧត្តមប្រយោជន៍ជូនប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជាដោយព្រះអង្គបាន ទាមទារឯករាជ្យពីអាណានិគមនិយម​បារាំងជូនប្រជាជននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែល ប្រជាជាតិទាំងមូលមានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានប្រសិទ្ធនាមព្រះអង្គជា «ព្រះ មហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។
ការគ្រងរាជ្យសម្បត្តិលើកទី១ នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្កបាន ជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយ បានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ នៅរាជធានីភ្នំពេញ។ ការគ្រងរាជ្យ សម្បត្តិលើកទី២ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស២៣ ខែតុលា ឆ្នាំ១៩៩១ ព្រះអង្គបានធ្វើព្រះរាជមាតុភូមិនិវត្តន៍ ហើយក្រុមប្រឹក្សាព្រះរាជបល័្លង្កបានសម្រេចថ្វាយការ គ្រប់គ្រងរាជសម្បត្តិនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ«ព្រះបរមរតនកោដ្ឋ» ទ្រង់បានយាងសោយព្រះទិវង្គតក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធនៅទីក្រុង ប៉េកំាង ប្រទេសចិន កាលពីវេលាម៉ោង១ និង ២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដែលជាថ្ងៃភ្ជុំបិណ្ឌធំនៅកម្ពុជា។ ព្រះបរមសពសម្តេចឪត្រូវបានដង្ហែពីទី ក្រុងប៉េកំាង មកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដោយមាន ប្រជានុរាស្រ្ត របស់ព្រះអង្គរាប់លាននាក់មកពីគ្រប់ទិសទីចូលរួមទទួលដង្ហែ ព្រះបរមសព និងសម្តែងមរណទុក្ខដ៏ក្រៀមក្រំ និងនាំគ្នាបង្ហូរទឹកភ្នែក ដោយសារការនឹកស្តាយស្រណោះ អង្សម្តេចឪ ដែលបានលាចាកឆ្ងាយពីកូនចៅគ្មានថ្ងៃវិលវិញនោះ។
«ព្រះបរមរតនកោដ្ឋ» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតម្កល់ព្រះរាជសពទុករយៈពេល ៣ខែ និងបានប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងដល់ «ព្រះបរមរតនកោដ្ឋ» នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលពិធីថ្វាយព្រះភ្លើងជាផ្លូវការបានប្រព្រឹត្តទៅនៅវេលាម៉ោង៦ ល្ងាចថ្ងៃដដែលនោះ។ ព្រះរាជពិធីរើសព្រះអដ្ឋិធាតុ បានចាប់ផ្តើមនៅវេលាម៉ោង៧ និង២០ នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅវាលព្រះមេរុ ស្ថិតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជវង្សានុវង្ស ព្រមទាំងមានការចូលរួមពី សំណាក់សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត។
ក្រោយពីព្រះរាជពិធីរើសព្រះអដ្ឋិធាតុត្រូវបានបញ្ចប់នោះ ព្រះបរមអដ្ឋិ «ព្រះបរមរត កោដ្ឋ» បានដង្ហែយាងទៅកាន់ព្រះគង្គានៃទន្លេ៤មុខ នៅវេលាម៉ោង៨ និង៥០ នាទី។ ព្រះ បរមអដ្ឋិរបស់សម្តេច «ព្រះបរមរតកោដ្ឋ» ត្រូវបានដង្ហែទៅតម្កល់នៅក្នុងទីនាំងព្រះទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង តាមព្រះរាជបណ្តាំរបស់ព្រះអង្គ កាលពីព្រះអង្គនៅមានព្រះជន្មនៅឡើយ ហើយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមអដ្ឋិរបស់សម្តេចតា ត្រូវបានសម្តេចយាយ និងព្រះមហាក្សត្រ ដង្ហែចូលព្រះបរមរាជវាំង៕
ដោយ ជ័យ ភូមិពល