Saturday, July 12, 2014

ឯកឧត្តម ផៃ ប៊ុនឈឿន និងលោកជំទាវ នាំទៀនព្រះវស្សា និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ​ វត្តក្រពើហារ

រសៀលថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៤ ត្រូវនឹងថ្ងៃ ១៥ កើត ពេញបូរមី ខែ អាសាធ ឆស័ក ព.ស ២៥៥៨ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃ​គណៈអភិបាល​ខេត្តកណ្តាល និងលោកជំទាវ ឯកឧត្តម ជាវ តាយ ឯកឧត្តម នូ សាខន អភិបាលរងខេត្ត និង​លោក​ជំទាវ​រួមជា​មួយពុទ្ធបរិស័ទ ប្រធាន អនុប្រធាន​មន្ទីរនានា​ជុំវិញ​ខេត្តបានអញ្ជើញនាំទៀនព្រះវស្សា និងទេយ្យវត្ថុ​ជាច្រើនមុខ និង​បច្ច័យ​ទៅវេ​រប្រ​គេន​ព្រះសង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា​ក្នុងពុទ្ធសីមាវត្តប្រជុំនទី ហៅ​វត្ត​ក្រពើហារ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លុះព្រឹកឡើងថ្ងៃទី ១២ ខែ ឆ្នាំ ដដែល ឯកឧត្តម លោកជំទាវ រួមជាមួយពុទ្ធបរិស័ទ​ជិតឆ្ងាយបាន​និមន្ត​ព្រះ​សង្ឃ​ចំនួន ១៤៥ អង្គ រាប់បាត្រប្រគេន​ភោជ​នាហារ​ និងបង្សុ​កូល​ដើម្បីឧទ្ទិសដល់​ដួងព្រះវិញ្ញាណ​ក្ខន្ធ​ព្រះអដ្ឋិ​ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានយាងសោយទីវង្គត់ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ ក្នុងព្រះជន្ម ៩០ ព្រះវស្សា និងក្នុងពេលដែលព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះម​ហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និង​ប្រជា​ពល​រដ្ឋជាកូនចៅ ចៅទួតរបស់ព្រះអង្គកំពុង​ប្រារព្ធព្រះរាជពិធីដង្ហែ​ព្រះបរមអដ្ឋិស្តេច​យាងចូល​ឧបោស​ថរតនារាម និងព្រះរាជពិធីបញ្ចុះព្រះបរមអដ្ឋិក្នុងព្រះចេតិយដែលមានទីតាំងក្នុងព្រះបរមរាជវាំង ។