Thursday, July 24, 2014

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការ​ប្រឆាំង​មន្ត្រី​របស់ខ្លួន​ដែល​មិន​មក​ធ្វើការ

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​ទើប​ឡើងកាន់​តំណែង​​ថ្មី លោក សាយ សំ​អាល់ បាន​អះអាង​ថា នាពេល​បច្ចុប្បន្ន មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​របស់លោក​មួយចំនួន មិនដែល​មក​ធ្វើការ​នោះទេ ពោលគឺ​ចាំតែ​បើក​ប្រាក់ខែ​តែប៉ុណ្ណោះ។  លោក​រដ្ឋមន្ត្រី​វ័យក្មេង បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ទាំងនោះ។ 

ទើបតែ​មាន​អាយុ ៣៤ ឆ្នាំ និង​ឡើងកាន់តំណែង​មិនទាន់បាន​មួយឆ្នាំ​ត្រឹមត្រូវ​ផង​នោះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​មន្ត្រី​ទាំងឡាយណា ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួងបរិស្ថាន ហើយ​មិន​មក​ធ្វើការ។ បើតាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន​មន្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​នេះ​ទាំងអស់​មាន​ចំនួន​តែ ៥០០ នាក់​ប៉ុណ្ណោះ ហើយ​ក្រសួង​កំពុងតែ​ត្រូវការ​បុគ្គលិក​បន្ថែម។ 

នៅក្នុង​សន្និសីទ​ការ​សែត​លើក​ទី ១ ជាមួយ​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក សាយ សំ​អាល់ បានបញ្ជាក់​ដូច្នេះ​ថា៖« មន្ត្រី​របស់​យើង​មិន​មក​ធ្វើការ ក៏មាន​ច្រើន​ដែរ តែ​ឥឡូវ​យើង​កំពុងធ្វើការ​ជាមួយ​គាត់។ ពេលខ្លះ​យើង​មិនទាន់បាន​ផ្ទេរ​ភារកិច្ច​ដល់​គាត់ តែ​មន្ត្រី​ខ្លះ​ក៏​គាត់​ខ្ជិល គាត់​មិន​មក​ធ្វើការ។ បន្តិចទៀត​យើង​នឹងមាន​វិធានការ​ចំពោះ​គាត់»។

លោក​រដ្ឋមន្ត្រី ដែលជា​កូនប្រុស​លោក សាយ ឈុំ រូបនេះ បាន​អះអាងថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​ក្រោម​ការដឹកនាំ​របស់លោក កំពុង​ធ្វើ​ទំនើបកម្ម​ថ្មី។ ទំនើបកម្ម ដែល​លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់ថា ចាប់ផ្តើម​ពី​ការ​និត្យ​លើ​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ​ដែល​បម្រើកា​រងារ​នៅក្នុង​ស្ថាប័ន​នេះ តាមរយៈ​ការផ្តល់ប្រាក់​បេសកម្ម ការគ្រប់គ្រង​ចំណូល​របស់​ក្រសួង ផ្តល់ប្រាក់​លើកទឹកចិត្ត និង​តម្លើង​ប្រាក់ខែ​តាមរយៈ​ពេលវេលា​នៃ​ការធ្វើការ។ 
តែ​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ដដែល បាន​និយាយថា ការធ្វើ​ទំនើបកម្ម​ក្រសួងបរិស្ថាន​នេះ មិនមែន​មានន័យថា រដ្ឋមន្ត្រី​ដែល​គ្រប់គ្រង​ក្រសួង​នេះ​មុន មិនបាន​គិតគូរ​ពី​បញ្ហា​នេះឡើយ ឬ​ធ្វើ​មិនបាន​ល្អ​ឡើយ។ លោក​ថា អ្វីដែល​លោក​ធ្វើ​ពេលនេះ គ្រាន់តែ​ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​តែប៉ុណ្ណោះ។

សូម​រម្លឹកថា កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ លោក សាយ សំ​អាល់ កូនប្រុស​របស់លោក សាយ ឈុំ អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​នីតិកាល​ទី ៥ តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជំនួស​លោក ម៉ុក ម៉ារ៉េត។ លោក សាយ សំ​អាល់ ដែល​ពេលនេះ មាន​អាយុ ៣៤ ឆ្នាំ គឺជា​រដ្ឋមន្ត្រី​ក្មេង​ជាងគេ​នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​នេះ។

តាមពិត​ទៅក្នុង​អាណត្តិ​ទី ៥ នេះ លោក សាយ សំ​អាល់ ក៏បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​កំពង់ចាម​ផងដែរ តែ​លោក​មិនបាន​ជាប់ឆ្នោត​នោះទេ។ លោក​រដ្ឋមន្ត្រី កើត​នៅ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៨០ បានទទួល​ការអប់រំ​ផ្នែក​បរិស្ថាន នៅក្នុង​ប្រទេស​អូ​ស្រា្ត​លី៕

ដោយ ជា ធីរិទ្ធ, thmeythmey