Monday, September 1, 2014

ប្រតិភូក្រុម​ត្រួតពិនិត្យ​ការប្រឆាំង​ការលាង​សម្អាត​ប្រាក់​ និងអំពីហិ​រញ្ញប្បទាន​​ភេរវកម្ម​នៅកម្ពុជា


ប្រតិភូក្រុមត្រួតពិនិត្យការប្រឆាំងការលាងសម្អាតប្រាក់​ និងអំពីហិរញ្ញប្បទាន​ភេរវកម្ម​ប្រចាំ​តំបន់​​អា​ស៊ី​ប៉ាស៊ីហ្វិច​កោតសសើរដល់ការងារស្តីពីការប្រឆាំងការលាងសម្អាតប្រាក់​ និងអំពី​ហិរញ្ញ​ប្ប​ទាន​ភេរវកម្មនៅកម្ពុជា ។ ការកោតសសើរបែបនេះ ធ្វើឡើងក្នុងជំនួប រវាងឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជាមួយឯកឧត្តម Yogpal Singh និង លោកស្រី Julia Bacay Abad សហប្រធាន​ ក្រុមត្រួតពិនិត្យ ការប្រឆាំងការ​លាងសម្អាត​ប្រាក់​ និងអំពីហិរញ្ញប្បទាន​ភេរវកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ​នាព្រឹកថ្ងៃទី០១​ ខែ​កញ្ញា​ ឆ្នាំ ២០១៤នៅទីស្តីការគណៈរដ្ឋមន្រ្តី ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន បានមានប្រសាសន៍ថា​ ប្រទេសកម្ពុជា​បានធ្វើ​វិសោធន៍​កម្មច្បាប់ស្តីពីការប្រឆាំងការ​លាងសម្អាត​ប្រាក់​ និងអំពីហិរញ្ញប្បទាន​ភេរវកម្ម ដូចជា​កាល​ពី​​ថ្ងៃទី​២១​​ខែមិថុនា​ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការប្តេជ្ញាចិត្ត ក្នុងការអនុវត្តផែនការ ការ​សម្រប​សម្រួល​ផ្ទៃក្នុង និងយុទ្ធសាស្ត្រថ្នាក់ជាតិ ប្រឆាំងការលាងសម្អាតប្រាក់​ និងអំពី​ហិរញ្ញ​ប្ប​ទាន​ភេរវកម្ម ហើយកម្ពុជាក៏បានធ្វើវិសោធន៍កម្មច្បាប់មួយចំនួន ​ដើម្បីផ្តន្ទាទោសដល់​ជនល្មើស​ក្នុងការលាង​សម្អាតប្រាក់​ និងអំពីហិរញ្ញប្បទាន​ភេរវកម្មនេះ ឲ្យស្របទៅតាមស្តង់ដាអន្តរជាតិ។ លើសពីនេះ កម្ពុជា​ក៏បាន​បង្កើតឲ្យមាន អង្គភាព​សហប្រតិបត្តិការ ​សម្រាប់ស៊ើបការ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​​ផងដែរ។ ក្នុងនោះ   នៅ​ឆ្នាំ២០១២​ រាជរដ្ឋាភិបាលបាន​ការបង្កើតគណៈកម្មការថ្នាក់ជាតិមួយ​ស្តីពីការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទាន​ភេរវកម្ម ។ នៅឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានកសាង​ផែន​ការយុត្តិសាស្ត្រជាតិ​ ស្តីពីការ​ប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទាន​ភេរវកម្ម ។ នៅឆ្នាំ​២០១៣-​២០១៧ កម្ពុជាមានផែនការ ​នឹងបន្តយក​ចិត្តទុកដាក់​បន្ថែមទៀតលើការងារដែលមានស្រាប់។ ក្នុងឆ្នាំ២០១៣ផងដែរ រាជរដ្ឋាភិបាល​បានដាក់ឲ្យ​ប្រើប្រាស់​ច្បាប់ ស្តីពី​វិសោធន៍កម្ម មាត្រា៣,២៩ និងមាត្រា៣០​នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទាន​ភេរវកម្ម ។ ឯកឧត្តម សុខ អាន​បានស្នើឲ្យគណៈប្រតិភូ ទៅពិភាក្សាជា​មួយនឹងអភិបាល​ធនា​គារជាតិកម្ពុជា ​ទៅតាមផ្លូវ​ច្បាប់ ​ដើម្បី​ឲ្យ​ការងារកាន់​តែរលូនថែមទៀត ។


ជាការឆ្លើយតប  ឯកឧត្តម Yogpal Singh បានបញ្ជាក់ថា ឯកឧត្តម មកកម្ពុជានៅពេលនេះ គឺ​ដើម្បីត្រួត​ពិនិត្យ​ការអនុវត្ត​ផ្នែក​ច្បាប់ និងស្វែងយល់អំពីការងារ លើការ​ប្រឆាំង​ការលាង​សម្អាត​ប្រាក់​​ និង​អំពី​ហិរញ្ញ​ប្បទាន​ភេរវកម្មរបស់ប្រទេសកម្ពុជា ។


ឯកឧត្តម Yogpal Singh  មានប្រសាសន៏ថា ដោយសារ​តែ​កម្ពុជា​បាន​ធ្វើ​ការ​ល្អ​កន្លងមក ទើបក្រុមការងារប្រឆាំងការលាងសម្អាតប្រាក់​ និងអំពីហិរញ្ញប្បទាន​ភេរវកម្មថ្នាក់អន្តរជាតិ គេបាន​ដកកម្ពុជា​ចេញពីបញ្ជី​ពណ៌ប្រផេះ​កាលពី​ខែមិថុនា​ឆ្នាំ២០១៤៕S…thy