Monday, September 1, 2014

ពិធីប្រកាសផ្សព្វផ្សាយ គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ដីពីការគាំពារនិងអភិវឌ្ឍកុមារតូច ឆ្នាំ ២០១៤-២០១៨

   ការផ្សព្វផ្សាយគោលនយោបាយជាតិ និងផែនការ​សកម្មភាពជាតិស្ដីពីការគាំពារនិងអភិវឌ្ឍកុមារតូច ឆ្នាំ​២០១៤-២០១៨ ត្រូវបានប្រកាសផ្សព្វផ្សាយ នាព្រឹក​ថ្ងៃចន្ទទី១ខែកញ្ញានេះ ក្រោមអធិបតីភាព សម្ដេច​អគ្គមហា សេ នាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យា​ស្ថាន​​ជាតិ​អប់រំស្ថិត ។

ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​និងកីឡា បានលើកឡើងថា ការគាំពារ និង អភិវឌ្ឍន៍កុមារតូច ជាបញ្ហាដែល​ត្រូវយក​ចិត្តទុក​ដាក់​បំផុត ព្រោះកុមារតូចងាយទទួលគ្រោះថ្នាក់ផ្សេងៗ ដែលត្រូវប្រឈម ។ កុមារតូចដែល ចាប់ពីកកំណើត រហូត​ដល់អាយុក្រោម៦ឆ្នាំតែងមានការអភិវឌ្ឍ លើ ផ្នែករាងកាយនិងស្មារតី ដែលជា​តម្រូវការ​ចាំបាច់​សម្រាប់​កុមារ ។ ផ្នែកទាំងនេះ​តែងលូតលាស់ទន្ទឹមគ្នា ហើយជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមក ។ កុមារ​តូចមាន​ការ​អភិវឌ្ឍ ឆាប់រហ័សផ្នែក ខួរក្បាល នៅឆ្នាំ ដំបូង នៃជីវិតរបស់គេ ។ បទពិសោធន៍ជាច្រើនបានបង្ហាញថា ជីវិតដំបូងរបស់កុមារ ត្រូវផ្ដោតទៅលើការថែទាំ ការជួយទំនុកបំរុងពីគ្រួសារនិងសង្គម ឱ្យទទួលបាននូវ សេវានានាដូចជា អាហារូបត្ថម្ភ ការថែទាំសុខភាព ការផ្ដល់ឱកាសរៀនសូត្រ ការការពារពីគ្រោះថ្នាក់ផ្សេងៗ។ ការងារទាំងនេះ អាចអនុវត្ត បានជោគជ័យ អាស្រ័យដោយមានគោលនយោបាយ និងការវិនិយោគ ដ៏សមស្របសម្រាប់កុមារតូចនិងគ្រួសារ ។

 រាជរដ្ឋាភិបាលកម្ពុជា តែងតែយល់អំពីសារៈ​សំខាន់​នៃការគាំពារនិងអភិវឌ្ឍន៍ កុមារតូចដែលជា គុណ​ប្រយោជន៍ ដល់អនាគតរបស់កុមារម្នាក់ៗ ក្នុងការ​ក្លាយ​ខ្លួនទៅជាសសរទ្រូងនៃប្រទេសជាតិ ។ ការ គាំពារ​ និងអភិវឌ្ឍន៍កុមារតូចជាការងារអាទិភាព ហើយ​ជាផ្នែកមួយខានមិនបាន នៃការអប់រំសម្រាប់ ទាំង អស់គ្នាហើយក៏ជាយុទ្ធសាស្ត្រ កាត់​បន្ថយ​ភាព​ក្រីក្រ របស់រាជរដ្ឋាភិបាលផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងរម្លឹកអំពីការ​យក​ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះមាតា និង​កុមារ ជាពិសេសកុមារតូច ហើយចំពោះមុខនេះ សម្ដេចតេជោបានអំពាវនាវ ដល់មន្ត្រីអនុវត្តការ ងារ ពាក់ព័ន្ធកុមារ អាជ្ញាធររាជធានីខេត្តក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ភូមិទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់ ឱ្យបានពិតប្រាកដ និងសកម្ម ផុលផុសទាំងអស់គ្នា លើវិស័យកុមារនេះឱ្យបានប្រកបដោយ មនសិការ និងឆន្ទៈអាណិត ស្រឡាញ់កុមារ ក្នុង​នាម​ជា​មនុស្ស​ជាតិដូចគ្នា និងក្នុងនាមជាអ្នកបន្តវេននៃ សង្គមជាតិ របស់យើង។ តាមរយៈពិធីនេះដែរ សម្តេចតេជោ ​ ក៏បាន​ថ្លែង​សរសើរ​ដល់​ការ​ខិត​ខំ​ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ក្នុងការធ្វើ​កំណែ​ទម្រង់ ដោយតាមរយៈ ការ ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ​សិស្សជាប់​បាន​តែ​ជាង២៥%ប៉ុណ្ណោះ ខុសពីឆ្នាំមុនៗ ដែល មានសិស្សជាប់ដល់ទៅជាង៨០%នោះ។ ក្នុង បញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ​ថ្លែងថា «កំណែទម្រង់ បានចាប់ផ្តើមហើយ»។ សម្តេចក៏សង្ឃឹមដែរថា កំណែទម្រង់នេះ មិនត្រឹមធ្វើតែធ្វើនៅមធ្យម សិក្សា ទុតិយភូមិទេ ប៉ុន្តែក៏នឹងធ្វើ​នៅមធ្យម​សិក្សា​បឋម​ភូមិផងដែរ ។
ដោយការប្រលង សញ្ញាបត្រ មធ្បមសិក្សា ទុតិយភូមិជាលើកទី២ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣ និង១៤តុលាខាងមុខ សម្តេចតេជោបានអំពាវនាវ ឱ្យ សិស្សានុសិស្ស ដែលធ្លាក់ពីការប្រលងលើកទី១ ​ខិតខំ​រៀនសូត្រ ដើម្បីមានឱកាសបានប្រលងជាប់។ សម្ដេចបញ្ជាក់ថា ប្រសិនបើមិនមានការខិតខំទេ ក្មួយៗ​សិស្សានុសិស្ស នឹងត្រូវរៀនត្រួតថ្នាក់ ហើយការ ប្រឡងនៅឆ្នាំក្រោយ ក្រសួងអប់រំ យុវជននិងកីឡា មិ​ន​ប្រាកដ​​ឱ្យមានការប្រលង ជាលើកទី២ ដូចនេះ ទៀតទេ ។  សម្តេចតេជោ ក៏បានអំ​ពាវ​នាវ​ដល់​មាតា​បិតា​ អាណាព្យាបាល និងសិស្សានុសិស្ស ទាំងអស់ ឱ្យយល់និងចូលរួមខិតខំទាំងអស់គ្នា ក្នុងកំណែទម្រង់នេះ ជាពិសេស មាតាបិតា អាណាព្យាបាល គប្បី ជំរុញកូនចៅ ឱ្យខិតខំរៀនសូត្រ ចាប់តាំងពីថ្នាក់បឋមសិក្សាឡើងទៅ ពីព្រោះមិនមាន ដោះ ស្រាយបញ្ហា ដោយការសូកប៉ាន់ ឬការបន្ធូរបន្ថយរបស់គ្រូបង្រៀនទៀតទេ ។ សម្ដេចតេជោ សង្កត់ធ្ងន់ថា បើមិនដូច្នេះ យើងមិនអាច រកឃើញធនធានមនុស្សដែលពូកែទេ ៕ s.thy