Friday, September 5, 2014

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ លើកទឹកចិត្តសិស្ស ប្រលងជាប់និទ្ទេស A នូវអាហារូបករណ៍បន្ថែម ប្រាក់ឧបត្ថម្ភ រួមជាមួយនឹងសំភារៈសិក្សាជាច្រើនទៀត

នៅ​វិមាន​សន្តិភាព នា​រសៀល​ម៉ោង ៤ ថ្ងៃទី​៥​ ខែកញ្ញា​ នេះ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតិ ឲ្យ​ក្រុម​សិស្ស​ឆ្នើម ដែល​បាន​​ប្រលង​​ជាប់​បាក់​ឌុប (សញ្ញាបត្រទុតិយភូមិ)  ទទួល​បាន​​និទ្ទេស A ទាំង​១១ នាក់ បាន​ចូលជួប​​ ។ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានសំដែង​​នូវការ​កោតសរសើរ​​ដល់​បេក្ខជន​ដែល​បាន ប្រលង​ជាប់​និទ្ទេស​ល្អប្រសើរ ហើយ​សម្តេច​ចា​ត់​ទុកថា ជាលទ្ធផល​​ដ៍ត្រចះ​ត្រចង់ បង្ហាញ​ពី​សមត្ថ​ភាព ពិត​របស់​សិស្សទាំ​ង​១១​រូបនេះ​ផ្ទាល់ ដោយបានផ្តល់កិត្តិយស​ដល់ខ្លួនឯង គ្រួសារ និង សង្គមជាតិទាំងមូល។ សម្តេចបាន​កើត​សរសើរថា អ្នកទាំង​១១រូប ដែលជាប់​និទ្ទេស​ A ប្រៀប​បាន​​ទៅនឹង​តារា​​ដែលរះ​នៅក្នុង​ចំណោម​បេក្ខជន ជាង៩ម៉ឺននាក់។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យ​ក្មួយៗ ទាំង​១១​រូប​​ ឲ្យ​​​បន្តការ​ប្រឹង​ប្រែង​​សិក្សា​​បន្តទៀត ព្រោះ​ថាការ​បញ្ចប់​ កំរិត​មធ្យម​​សិក្សា​ទុតិយ​ភូមិ​នេះ ជា​ជំហាន​​មួយ ​ប៉ុន្តែ​ជំហាន​​​បន្ទាប់​​សិស្ស​ទាំង​អស់​ត្រូវ​ខិត​ខំ​ប្រែង​រៀន​សូត្រ​ដើម្បី​ធានា​ថា ពួកគាត់​ជា​​សិស្ស​​ពូកែ​ ទាំងនៅ​មធ្យមសិក្សា ក៏ដូច​ជា​ឧត្តម​សិក្សា ពិសេស​ការ​រៀប​ចំនូវ​អត្ត​ចរិត​ឲ្យបាន​ល្អ ជាពលរដ្ឋ​ល្អក្នុង​សង្គម ដើម្បីធ្វើ​យ៉ាង​​​ណាឲ្យក្លាយ​ជា​​សិស្ស និង​ពលរដ្ឋ​ល្អ​មួយ​ក្នុង​សង្គម​។ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗទាំង១១​រូប​​ និង​គ្រួសារ​ផងនោះ សម្តេចតេជោ យល់​ព្រម​តាម​សំណើរ​របស់​សាកលវិទ្យាល័យ​នានា ដែល​ផ្តល់​អាហា​រូបករណ៍​ដល់​​សិស្ស​​ទាំង​នោះ ១០០% ផងដែរ ។ ក្នុង​នោះ សិស្ស៥នាក់ សុំ​ទៅរៀន​​​សាកលវិទ្យាល័យ​​​វិទ្យា​សាស្ត្រ​​​សុខាភិបាល ៣នាក់ ​សុំទៅ​រៀ​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាកម្ពុជា(តិចណូ) ២នាក់​ទៀត​ចង់​​បន្តការ​សិក្សា​វិទ្យា​សាស្ត្រ សេដ្ឋកិច្ច និង​១នាក់​​ទៀត​ចង់​បន្ត​ការ​សិក្សាផ្នែក​ស្ថាបត្យកម្ម រឺ​វិស្វករ​​ ។ ជាការ​លើក​ទឹកចិត្ត សម្តេចតេជោ បាន​ឲ្យ​រដ្ឋមន្ត្រី ក្រសួង​អប់រំយុវជន និងកីឡា រៀប​ចំ​​អន្តេវាសិកដ្ឋាន សំរាប់​សិស្សទាំង ០៩រូប ដែលមកពីតាមបណ្តាខេត្តស្នាក់នៅ ។
ក្រៅពី​អាហា​រូបករណ៍​ ដែល​ត្រូវបាន​ផ្តល់ដោយក្រសួងនោះ សម្តេចតេជោ ក៍បានសំរេចផ្តល់​អាហា​រូប​ករណ៍​ដល់​សិស្ស​ទាំង១១​រូបនោះ​ដែរ ហើយ​ចំពោះសិស្ស​​រៀនផ្នែក​​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច និង​វិស្វកម្ម សម្តេច​ជួយ​ឧបត្ថម​  រយៈពេល​០៥ឆ្នាំ ក្នុង​មួយ​ឆ្នាំៗ ​ទទួល​បាន​ ១៥០០​ដុល្លារ សហរដ្ឋ​អាមេរិក ចំណែក​ឯ​សិស្ស​រៀន នៅ​វិទ្យាស្ថាន​​​វិទ្យា​សាស្ត្រ​​សុខាភិបាល ចំនួន​៨ឆ្នាំ ក្នុងទឹក​ប្រាក់​ដូចគ្នា ដោយ​បង្កើត​​គណនី​​ផ្ទាល់ និង​បញ្ចូល​ទឹក​ប្រាក់​នោះ​ចូល​ក្នុង​គណនី ជារៀងរាល់​មួយឆ្នាំម្តងៗ ​។ ដោយ​ឡែក​​ជា​រៀង​រាល់​ឆ្នាំ សិស្ស​ទាំង​១១នាក់នេះ នឹង​​ទទួល​​បាន​​ប្រាក់​ឧបត្ថម្ភ បន្ថែម​ចំនួន ១៥០០​ដុល្លារ ស​.រ.អា ក្នុងម្នាក់ៗ ។ សម្តេច​បាន​ផ្តល់​រង្វាន់​​លើក​ទឹក​ចិត្តនូវ ម៉ូតូចំនួន១គ្រឿងម្នាក់ សំរាប់ការ​ធ្វើដំណើរ​ទៅសិក្សា កុំព្យូទ័រ Laptop ចំនួន មួយគ្រឿងម្នាក់ និងIPad មួយគ្រឿងម្នាក់ ថែមទៀតផងដែរ ។

សំរាប់ប្រាក់​​អាហា​​រូបកណ៍នេះ ប្អូន​ៗនឹង​​ត្រូវ​ទទួល​​​​បាន​​ចាប់​​ពីខែ​កញ្ញា​នេះត​ទៅ ហើយ​សំរាប់​​​អន្តេវាសិកដ្ឋាន​ ក្រសួង​អប់រំ​នឹងធ្វើការ​​សំរប​​​សំរួល ។ 

សម្តេច​តេជោ បាន​ផ្តាំផ្ញើរ ឲ្យក្មួយៗ​បន្តការ​ប្រឹង​ប្រែង​សិក្សា​ប​ន្ត​ទៀត នៅ​កំរិត​ឧត្តម​សិក្សា ឲ្យ​បាន​ពូកែ ពោល​ ពូកែ​​នូវ​​មុខ​​ជំនាញ និង​ពូកែ​​ក្នុង​កា​រ​ធ្វើការ​​អភិវឌ្ឍ​ខ្លួន ដើម្បី​ក្លាយ​​​ជា​ពល​​រដ្ឋ​ល្អ និង សិស្សល្អ។

គួរបញ្ជាក់ថា សិស្ស​ឆ្នើម​ទាំង​១១​រូប ​ដែល​ទទួលបាន​និទ្ទេស A មកពី​បណ្ដា​ខេត្ត​-​រាជធានី ​ទាំង​៧ ក៏បាន​ទទួល​​អាហា​រូបករណ៍​​តាម​​បណ្ដា​​សាលា​​ផ្សេងៗ បញ្ជី​​ឈ្មោះ​​សិស្ស​​ឆ្នើម​​ប្រឡង​​ជាប់​​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឆ្នាំ​២០១៤ ​ទទួល​បាន​​និទ្ទេស A ទាំង​​១១​​រូប​​នេះ​​ មាន​​ដូច​ជា ៖ ឈ្មោះ​ចាន់ ពិចិត្រ មកពី​ខេត្ត​កំពង់​ឆ្នាំង​ ឈ្មោះ វណ្ណ លីដា មកពី​​ខេត្ត​សៀមរាប​ ឈ្មោះ ផាង វេ​ង​អាន មកពី​ក្រុងភ្នំពេញ​ ឈ្មោះ អិត ស្រី​ពៅ មកពី​​ខេត្ត​កំពង់​ចាម​​ឈ្មោះ​​សម្បត្តិ វិបុល​រ័ត្ន មកពី​​រាជ​ធានី​​ភ្នំពេញ​ ឈ្មោះ​​ឈី​វ ស៊ី​លាង មកពី​​ខេត្តកណ្តាល​  ឈ្មោះ​​យាន ​សោភា មកពី​​ខេត្ត​ព្រៃវែង ឈ្មោះ​ ចាន់ កិ​ត្យា​ភា​រ៉ា មកពី​​ខេត្តកំពង់ស្ពឺ​ ឈ្មោះ​ រ៉ែ​ន សុខ​ពេជ្រ មកពី​​ខេត្ត​កណ្ដាល​ ឈ្មោះ​ អិន សុខ​ផល្គុន មកពី ​ខេត្តសៀមរាប​ ឈ្មោះ នាង បូ​រា មកពី​រាជ​ធានី​ភ្នំពេញ​។
S.Thy..