ដោយ: សៅ សុភៈ
ថ្វីបើកម្ពុជាមានឧបសគ្គជាច្រើនលើដំណើរការប្រជាធិបតេយ្យយ៉ាងណាក៏ដោយ
ក៏កម្ពុជាកំពុងតែបោះជំហានយ៉ាងស្វាហាប់លើការពង្រឹងនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា
ប្រជាធិបតេយ្យសេរីនៃព្រះរាជាណាចក្រកម្ពុជា
ជាប្រជាបធិបតេយ្យមានការធានាយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលគឺជាតំណាងយ៉ាងពិតប្រាកដរបស់ពលរដ្ឋ
ហើយអាណត្តិនៃសមាជិកអង្គការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ
ត្រូវបានកំណត់ពីការជ្រើសតាំងទ្បើងវិញ ឬត្រូវជំនួសតាមពេលវេលាទៀងទាត់។
បើបែបនេះ
តើកម្ពុជាកំពុងមានឱនភាពនៃលទ្ធិប្រជាធិបតេយ្យ ដូចការអះអាងរបស់ក្រុមអ្នកវិភាគមួយចំនួនបានលើកទ្បើង
ឬយ៉ាងណា?
ចាប់តាំងពីថ្ងៃកំណើតទី
២ នៃរដ្ឋធម្មនុញ្ញ (ថ្ងៃទី ២៤ កញ្ញា ១៩៩៣) ព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតសកលចំនួន
៥ លើក មកហើយ គឺនៅឆ្នាំ ១៩៩៨, ២០០៣, ២០០៨ និងចុងក្រោយនេះ
នៅថ្ងៃទី ២៨ កក្កដា ២០១៣ កន្លងមកនេះ។ តាមរយៈការបោះឆ្នោតជាច្រើនលើកមកនេះ
ដោយរួមទាំងការបោះឆ្នោតដែលរៀបចំដោយ អ.ស.ប នាឆ្នាំ ១៩៩៣ ផងនោះ កម្ពុជាបានក្រេបជញ្ជក់
និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានសម្ដែងឆន្ទៈ ដោយបានធ្វើសេចក្ដីសម្រេចជ្រើសតំណាងរបស់ខ្លួន ដើម្បី
ដឹកនាំប្រទេសតាមរយៈរដ្ឋសភា និងរាជរដ្ឋាភិបាល។
តាមគន្លងប្រជាធិបតេយ្យពេញលេញលើគោលការណ៍សំខាន់ៗ
ដែលរួមមាន៖ ប្រពន្ធ័ពហុបក្ស ការបោះឆ្នោតសេរី ត្រឹមត្រូវ និងទៀងទាត់
ការទទួលស្គាល់លទ្ធផលឆ្នោត ការចូលរួមរបស់ប្រេជាពលរដ្ឋ ភាពស្មើគ្នា ការអត់ឱនខាងនយោបាយ
ការទទួលខុសត្រូវ តម្លាភាព ការត្រួតពិនិត្យការរំលោភអំណាច ការការពារសិទ្ធិមនុស្ស នីតិរដ្ឋ
សេដ្ឋកិច្ចទីផ្សារសេរី។
ការអនុវត្តយ៉ាងខ្ជាប់របស់រាជរដ្ឋាភិបាលលើប្រព័ន្ធប្រជាធិបតេយ្យទាំងនេះហើយ
ទើបកម្ពុជាមានគណបក្សទាំងអស់អាចប្រកួតប្រជែងគ្នានៅក្នុងរង្វង់ច្បាប់
តាមរយៈការបង្កឲ្យ មានការបោះឆ្នោតទៀងទាត់ ដើម្បីជ្រើសរើសតំណាងរាស្រ្ត
ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ឃុំ-សង្កាត់ ដោយមានការបោះឆ្នោតទូលំទូលាយ
ដោយសេរី និងយុត្តិធម៌ អាចទទួលយកបានពីគ្រប់ភាគី។ លទ្ធផលនៃការបោះឆ្នោតម្តងៗ
ក៏ត្រូវបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ
និងអន្តរជាតិ។ ជាងនេះទៅទៀត នៅកម្ពុជាមានការបែងចែកអំណាច ច្បាស់លាស់ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺអំណាចនីតិបញ្ញត្តិ
អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានស្ថាប័នឯករាជ្យមួយចំនួន ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ
អាជ្ញាធរសវនកម្មជាតិ ស្ថាប័នប្រឆាំងអំពើពុករលួយជាដើម។ រាល់កិច្ចការនយោបាយ
និងកិច្ចការធំៗរបស់ជាតិ ត្រូវបានសម្រេចដោយមតិភាគច្រើន គឺ ៥០ បូក ១ ដែលកម្ពុជា
បាន និងកំពុងអនុវត្តកិច្ចការនេះ
នៅក្នុងរដ្ឋសភាបច្ចុប្បន្ន។
ការពង្រឹងខ្លួនលើមាគ៌ាប្រជាធិបតេយ្យ
រាជរដ្ឋាភិបាលបានប្រែក្លាយខ្លួនពីតំណាក់កាល ប្រទេសមួយស្ងាត់ជ្រងំមានតែបាតដៃទទេ
រហូតដល់ក្លាយទៅជាប្រទេសមួយមានសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច
ទទួលបាននូវទំនុកទុកចិត្ដពីបណ្ដាប្រទេសអ្នកផ្ដល់ជំនួយ
អ្នកវិនិយោគទុន សហគ្រាស ក្រុមហ៊ុនធំៗនានា ទាំងក្នុងស្រុក ក្រៅស្រុក បាននាំគ្នាចូលមករកស៊ីយ៉ាងច្រើន។ ផលិតផលក្នុងស្រុកបានកើនយ៉ាងសន្ធឹកសន្ធាប់
ផលិតផលនាំចេញ ក៏បានកើនជាលំដាប់។ កម្ពុជាត្រូវបានអន្ដរជាតិវាយតម្លៃថា
មានកំណើនសេដ្ឋកិច្ចខ្ពស់ ៧,៥ ភាគរយ នៃផល GDP ចំពោះចំណូលកើនជាង ១,០០០ ដុល្លារ ក្នុងមនុស្សម្នាក់ៗ ដែលទាំងនេះ មិនមែនជារឿងសាមញ្ញដែលប្រទេសដទៃអាចធ្វើបានដោយងាយៗនោះទេ។
ទោះជាមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា
កម្ពុជាស្ថិតក្នុងឱនភាពនៃលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាដែលប្រសូតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រាកដជាមានកាតព្វកិច្ចការពារជាតិ
ហើយនឹងប្រកាន់យកគ្រប់វិធានការច្បាប់ទាំងអស់ ដើម្បីការពាររដ្ឋធម្មនុញ្ញ
ការពារបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងជាពិសេសការពារលទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្ស ក៏ដូចជាធានានូវប្រក្រតីភាពនៃដំណើរការសង្គម និងសេដ្ឋកិច្ច
ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហើយនឹងមិនបណ្តោយឲ្យក្រុមបក្សប្រឆាំង ឬអ្នកវិភាគដែលមាននិន្នាការប្រឆាំងមួយចំនួន
បង្កចលាចលសង្គម បំផ្លាញផលប្រយោជន៍រួមរបស់ជាតិនោះទេ។
ម្យ៉ាងវិញទៀត
ប្រជាពលរដ្ឋកម្ពុជា
ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូលបានមើលឃើញយ៉ាងច្បាស់ណាស់ថា កម្ពុជាកំពុងស្ថិតលើ
(អតិរេកប្រជាធិបតេយ្យ) យ៉ាងពិតប្រាកដ ហើយក៏កំពុងក្លាយជាគំរូនៃការបង្រួបបង្រួមជាតិ
សុខសន្តិភាពសម្រាប់តំបន់
និងពិភពលោកទាំងមូលផងដែរ៕