Tuesday, October 14, 2014

បេសកជន​​ពិសេស​​​នាយករដ្ឋ​​មន្ត្រី​អង់គ្លេស​​ចាប់​​អារម្មណ៍​​ពី​តួនាទី​​និម្មិត​សញ្ញា​​របស់​​កម្ពុជា​

ឯកឧត្តម ដាវីត ពុធណាំ (David Puttnam) បេសកជន​ពិសេស​របស់​នាយករដ្ឋមន្ត្រី​ចក្រ​ភព​អង់គ្លេស​ បាន​ថ្លែង​ជំរាប​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ក្នុង​ជំនួបសម្តែងការ​គួរ​សម​នា​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ​អំពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​អភិ​វឌ្ឍន៍​រីក​ចម្រើន​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ពិសេស​អំពី​តួនាទី​នៃ​ការ​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ដែល​កម្ពុជា​បាន​ដាក់​ចេញ។


ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​បេសកជន​ពិសេសនាយករដ្ឋមន្រ្តី​អង់គ្លេស​ក៏បាន​ថ្លែង​អំណរគុណ ​ជូន​ចំពោះ​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​បើក​សន្និសីទ​ស្តីពី​ម៉ាក​សញ្ញា​នៅ​កម្ពុជា កាល​ពី​ពេល កន្លងមក​នោះ។ ឯកឧត្តម​ដាវីត ពុធណាំ (David Puttnam) មាន​ប្រសាសន៍​បន្តថា ម៉ាក​សញ្ញា​គឺជា​រូបភាព​ដ៏ មាន​សារៈសំខាន់​សម្រាប់​កម្ពុជា ដែល​អាច​ជួយ​នាំ​មក​នូវ​តម្លៃប​ន្ថែម និង​ជួយ​ដោយ​ផ្ទាល់​ចំពោះ​វិស័យ​ទេស​ចរណ៍ និង​វិស័យ​ដទៃ​ទៀត។

ឯកឧត្តមបេសកជន​នាយករដ្ឋមន្ត្រី​អង់គ្លេស​មានប្រសាសន៍​បញ្ជាក់​ថា ម៉ាក​សញ្ញា​នឹង​ឆ្លុះ​បញ្ចាំង​នូវ​ស្មារតី នៃ​ការកែច្នៃ ក៏ដូច​ជា​​ការជំរុញ​នូវ​កំណើន ដែលជា​អត្តសញ្ញាណ​របស់​កម្ពុជា ផងដែរ​។


សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ពន្យល់​លើ​បញ្ហា​នេះ​ថា បញ្ហា​ម៉ាក​នេះ​គឺជា​រឿង ល្អ​សម្រាប់​កម្ពុជា ពោល​គឺ​ប្រសិនបើ​កម្ពុជា​អាចធ្វើ​ទៅបាន ដោយ​បច្ចុប្បន្ន​នេះ​ កម្ពុ​ជា​មាន​ម្រេច​កំពត ម្រេច​មេ​មត់​កម្ពុជា​មាន​អង្គរវត្ត។ តាមរយៈ​ការ​បង្កើត​ឡើង​នូវ​ម៉ាក​សញ្ញា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​ឯកឧត្តម បេសកជន​ពិសេស​របស់​ឯកឧត្តម​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ជួយ​ដល់​កម្ពុជា ដោយ​ធ្វើយ៉ាងណា​ឲ្យ​ចក្រ​ព​អង់គ្លេស​ទទួលយក​នូវ​ផលិតផល ដែល​ជា​ម៉ាក របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​របស់​អង់គ្លេស ព្រោះថា​នៅ​ពេលណា ដែល​ចក្រភព អង់គ្លេស​ទទួល​ស្គាល់​ពី​ម៉ាក​របស់​កម្ពុជា​ហើយ​នោះ ប្រទេស​ដទៃទៀត​ក៏​នឹង ទទួលស្គាល់​ផងដែរ តួយ៉ាង​ដូច​ជា​អង្ករ​កម្ពុជា​បានទទួល​ចំណាត់ថ្នាក់​លេខ​១ ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ជា​សក្ខីភាព​ស្រាប់។

ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ឯក ឧ​ត្ត​ម​បេសកជន​ពិសេស​ជួយ​ជំរុញឲ្យមាន​ការកើនឡើង នូវ​ការ​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ និង ស្នើ​សុំឲ្យ​ឯកឧត្តម​បេសកជន​ពិសេស ពិនិត្យមើល​អ្វីខ្លះ ដែល​អាច​ផលិត​បាននៅ​កម្ពុជា ដើម្បី​ផលិត​ជា​ផលិតផល​សម្រេច​សម្រាប់​នាំ​ចេញពី​កម្ពុជា​ទៅកាន់ទីផ្សារ​ខាងក្រៅ​នោះ។


សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​អំពី​កម្មវិធី​កំណែទម្រង់របស់​កម្ពុជា ពិសេស​កម្ម​វិធី​កំណែ​ទម្រ​ង​លើ​វិស័យ​អប់រំ ដែល​ក្នុង​នោះ​ម្ខាង​គឺ ដើម្បី​បង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ និង ម្ខាង​ទៀត​គឺ ដើម្បី​ត្រៀម ខ្លួន​ប្រកួតប្រជែង​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់។ សម្តេច​តេ​ជោ​ក៏បាន​ជម្រាបជូន អំពី​អាទិភាព​របស់​កម្ពុ​ជា​កាល​ពី​ឆ្នាំ​១៩៨៧ ដែល​បាន​ដាក់ចុះ​នោះ​គឺ​មាន​ទឹក ផ្លូវ ភ្លើង និង មនុស្ស ប៉ុន្តែ​នៅ​ពេល​នេះ​អាទិភាព​របស់​កម្ពុជា​គឺ​បាន​កែប្រែ​មក​មនុស្ស ទឹក ផ្លូវ ភ្លើង​វិញ ពោល​គឺ​ក្នុង​ន័យ​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍន៍​ប្រទេស កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត៕​