Tuesday, October 14, 2014

ការប្រឡង​​សញ្ញាប័ត្រ​​មធ្យម​​សិក្សា​​ទុតិយ​ភូមិ លើក​ទី២ នៅ​ខេត្ត​កណ្តាល ប្រព្រឹត្ត​​ទៅ​​ដោយ​​តឹង​រឹង​

ការប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើកទី២ គឺបាន​ធ្វើ​ឡើង​ដោយ​​តឹងរ៉ឹងដូច​លើកទី១ ដូច្នោះដែរ  នេះ​បើ​តាម​ចំ​ណាប់​អារម្មណ៍​របស់​ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល​  នៃ​គណៈអភិបាល​ខេត្តកណ្តាល ដែល​​​បានអញ្ជើញចូលរួម​បើកវិញ្ញាសារ​ ព្រឹកថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ២០១៤​ នៅវិទ្យាល័យ​ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។
តាមរបាយការណ៍​របស់​មន្ទីរ​អប់រំ​យុវជន និងកីឡា​ ខេត្តកណ្តាល​បានឲ្យដឹង​ថា ​ជាលទ្ធផល​​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិលើកទី១ ខេត្តកណ្តាល ​មានបេក្ខ​ជន​ប្រឡងជាប់ចំនួន​ ១៨៤៨​នាក់ ក្នុងនោះ​មានស្រី ៩៩៧នាក់ គិតជាភាគរយ​បានតែ ១៩,៣៧ប៉ុណ្ណោះ ក្នុង​ចំណោម​បេក្ខ​ជនសរុប​ចំនួន ១០១១៩ នាក់​។


សំរាប់ការ​ប្រឡង​លើកទី២នេះ​ មានតែ​១៣មណ្ឌលប៉ុណ្ណោះ​ ក្នុងនោះ​មាន​ក្រុងតាខ្មៅ​១១​មណ្ឌល វិទ្យាល័យ​ ហ៊ុន សែន ស្អាង១មណ្ឌលក្នុងស្រុកស្អាង និងវិទ្យាល័យកំពងកន្ទួត​ស្រុក​កណ្តាលស្ទឹង​មាន ១មណ្ឌល ត្រូវជា៣២៤​បន្ទប់ ដែលមានសិស្ស​ប្រឡងចំនួន ៨០៨០​នាក់ ក្នុង​នោះ​សិស្សស្រី​ចំនួន ៣០៧៣​នាក់ ។

ការប្រឡង​លើកទី២នេះ​ខេត្តកណ្តាល​ យកថ្នាក់​វិទ្យាសាស្រ្ត ហើយ​ការប្រឡង​មានតែ​ ៧​វិញ្ញាសារ​គឺ មុខវិទ្យាគីមីវិទ្យា ជីវវិទ្យា រូបវិទ្យា អក្ស​រសាស្ត្រ គណិតវិទ្យា ប្រវត្ត​វិទ្យា និងភាសារ​បរទេស (មានបារាំង និងអង់គ្លេស) ការប្រឡងមានរយៈពេល​តែ២ ថ្ងៃប៉ុណ្ណោះ។

ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃ​គណៈអភិបាល​ខេត្តកណ្តាល បានមានប្រសាសន៍​ថា ការប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើកទី២ នេះ​នឹង​តឹងរ៉ឹង​ដូចលើកទី១ដែរ​។​ នេះ​ជាវិធាន​ការ​រឹតបន្តឹង​នៅពេល​ប្រឡង​ដើម្បីពង្រឹង​ចំណេះ​ដឹង​របស់សិស្ស​ដ៍ពិតប្រាកដ។ ​មួយ​វិញទៀត​ក៍​ជាការ​លើក​ទឹកចិត្ត​គ្រូបង្រៀនឲ្យយកចិត្តទុកដាក់បង្រៀន​សិស្ស​ក្នុងបំណង​ឲ្យ​សិស្ស​​​ខិតខំ​ប្រឹងប្រែង​រៀនសូត្រដើម្បី​ទទួល​បាន​អនាគត​ល្អ។


ឯកឧត្តម​បានបន្តទៀតថា​ ក្នុងករណី​បេក្ខជន​ណាដែលធ្វើឲ្យខូចរបៀបរៀបរយ​ក្នុងពេល​ប្រឡង​ ដូចជា​នាំសំណៅ​ ប្រធានវិញ្ញាសារ​ចេញ នាំ​សំណៅ​ចំលើយ​ចូលគ្រប់រូបភាព​ ទូរសព្ទ័​​ឬលួច​ចំលង​គ្នា​ត្រូវ​បណ្តេញចេញ​ពីការ​ប្រឡង​ដោយ​សំរេច​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរ​ដល់​ក្មួយៗ​ជាសិស្សានុសិស្ស​ទាំងអស់​ត្រូវ​ប្រឹងឲ្យអស់​សមត្ថភាព​ និងចំណេះ​ដឹង​​របស់ខ្លួន​ ក្នុង​ការ​ប្រឡង​លើកទី២នេះ នឹងរួម​គ្នាលុបបំបាត់​អំពើពុក​រលួយ​ និង​បង្កើតបាន​ទម្លាប់​ថ្មី នាពេលខាងមុខ​សំរាប់បេក្ខជនក្រោយៗទៀត។

គួររំលឹកផងដែរថានៅសម័យប្រឡងសញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើកទី១ ខេត្ត​កណ្តា​ល​ មានសិស្ស​ប្រឡងជាប់​ និទ្ទេស​ A ចំនួន​២នាក់ នៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព​ ក្រុងតាខ្មៅ​ និងវិទ្យាល័យ​ ហ៊ុន សែន ខ្សាច់កណ្តាល​ ស្រុកខ្សាច់កណ្តាល​៕

អត្ថបទដោយ៖ ក្រុមការងាររបស់​សាលាខេត្ត​កណ្តាល​